អាណិកជនខ្មែរដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏មានសិទ្ធិបញ្ចេញសំឡេងស្មើគ្នាដូចនឹងអ្នកប្រឆំាងដែរ។
នៅថ្ងៃទី ២៣ ខែកុម្ភៈ ទស្សនាវដ្តី The Diplomat បានចេញផ្សាយអត្ថបទសរសេរដោយលោក David Whitehouse ក្រោមចំណងជើងថា “អូស្ត្រាលីចាត់វិធានការតឹងរ៉ឹងចំពោះការគំរាមកំហែងរបស់រដ្ឋាភិបាលបរទេសទៅលើអាណិកជនកម្ពុជា និងរ្វ៉ាន់ដា” (“Australia Gets Tough on Foreign Government Intimidation of Cambodian, Rwandan Diasporas.”)។
អត្ថបទនេះបានចោទរាជរដ្ឋាភិបាលកម្ពុជាថា បានគំរាមកំហែងសហគមន៍អាណិកជនខ្មែរ ដើម្បីបិទខ្ទប់សំឡេងប្រឆាំង និងការរៃអង្គាសលុយដើម្បីចលនាប្រឆាំង។
ប៉ុន្តែការអះអាងបែបនេះ គឺខ្វះភាពសត្យានុម័ត និងមិនយុត្តិធម៌ចំពោះស្ថានភាពជាក់ស្តែងនៃនយោបាយកម្ពុជា។
អ្នកនិពន្ធបានតាំងខ្លួនថា ជាអ្នកចូលរួមតាក់តែងសៀវភៅជីវប្រវត្តិរបស់មេដឹកនាំចលនាប្រឆាំងគឺលោកសម រង្ស៊ី ដែលជាបុគ្គលនយោបាយដ៏ចម្រូងចម្រាស១រូប។
ស្ទីលនយោបាយ និងវិធីសាស្ត្រទាក់ទាញចំណាប់អារម្មណ៍របស់លោក សម រង្ស៊ី គឺតែងតែផ្អែកលើការកេងប្រវ័ញ្ចលើព្រំដែននៃសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
ថ្មីៗនេះ បន្ថែមលើករណីដែលមានកន្លងមក គាត់បានធ្វើការវាយប្រហារដោយប្រមាថសាជាថ្មី ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបុគ្គលសាធារណៈដែលមិនអាចរំលោភបំពានបានឡើយនៅក្រោមរដ្ឋធម្មនុញ្ញ។
បើប្រៀបធៀបទៅ នេះគឺដូចជាការដែលអ្នកនយោបាយអូស្ត្រាលីម្នាក់ បានធ្វើការវាយប្រហារជាសាធារណៈប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មហាក្សត្រី អេលីហ្សាប៊ែត ទី២ អ៊ីចឹង (សូមបញ្ជាក់ថា អតីតមហាក្សត្រី អេលីហ្សាប៊ែត ក៏មានតួនាទីជាប្រមុខរដ្ឋរបស់អូស្ត្រាលីផងដែរ)។
លោក សម រង្ស៊ី ក៏បានធ្វើការចោទប្រកាន់ជាច្រើនថា សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពីក្រោយករណីធ្វើឃាតផ្សេងៗ។ ជាថ្មីម្តងទៀត ការចោទប្រកាន់បែបនេះ គឺប្រៀបបីដូចជាការដែលអ្នកនយោបាយអូស្ត្រាលីចោទថា មហាក្សត្រី អេលីហ្សាប៊ែត នៅពីក្រោយការធ្វើឃាតព្រះនាងដៃអាណា (Diana) អ៊ីចឹងដែរ។
ដូច្នេះ ស្ទីលនយោបាយរបស់លោក សម រង្ស៊ី មានលក្ខណៈចម្រូងចម្រាសខ្លាំងណាស់ ហើយគាត់តែងតែលាក់ខ្លួនពួនអាត្មានៅពីក្រោយលេសនៃសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិ។
ដូច្នេះសាធារណជនគួរតែអាចថ្លឹងថ្លែងបានអំពីកង្វះខាតភាពសត្យានុម័តនៃអត្ថបទរបស់លោកWhitehouse នៅពេលដែលស្មេររូបនេះ បានភ្ជាប់ខ្លួនទៅនឹងបុគ្គលនយោបាយដ៏ចម្រូងចម្រាសនិងជ្រុលនិយមបែបនេះ។
ទី២អត្ថបទនេះបានលើកទឹកចិត្តដល់វប្បធម៌នយោបាយជ្រុលនិយមដែលអាចបង្កគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ និងទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ។
យោងតាមគោលការណ៍ប្រជាធិបតេយ្យ ប្រសិនបើគេទទួលស្គាល់សិទ្ធិរបស់អាណិកជនខ្មែរ ក្នុងការគាំទ្រក្រុមប្រឆាំងវាក៏ជាការត្រឹមត្រូវនិងយុត្តិធម៌ផងដែរសម្រាប់អាណិកជនខ្មែរ ក្នុងការអនុវត្តសិទ្ធិគាំទ្ររាជរដ្ឋាភិបាលជាប់ឆ្នោតរបស់កម្ពុជា។
ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានបំភិតបំភ័យសហគមន៍អាណិកជនខ្មែរគឺមិនត្រឹមត្រូវនោះឡើយ។
តាមពិតអាណិកជនដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទៅវិញទេ ដែលបានទទួលរងការគាបសង្កត់ប្រមាថមាក់ងាយ និងរើសអើង។
ការគំរាមកំហែងចុងក្រោយនេះ គឺធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយគំរាមថា អ្នកដែលគាំទ្រគណបក្សប្រជាជន អាចនឹងត្រូវដកហូតសញ្ជាតិអាមេរិក ដកសិទ្ធិស្នាក់នៅ ហើយអាចនឹងត្រូវគេបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។
ទិដ្ឋភាពប្រឆាំងរបស់អាណិកជនបានថមថយហើយ។ ថ្មីៗនេះអាណិកជនខ្មែរកាន់តែមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈ និងបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះរាជរដ្ឋាភិបាលកម្ពុជា។
វាបានក្លាយជារឿងធម្មតាទៅហើយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែជួបប្រជុំសំណេះសំណាល ដោយមានការចូលរួម និងស្វាគមន៍ពីសំណាក់អាណិកជនខ្មែររាប់ពាន់នាក់ នៅក្រៅប្រទេស តួយ៉ាងដូចជានៅទីក្រុងហ្សឺណែវ ក្នុងខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងទីក្រុងហ្ស៊ូរិច (Zurich) ក្នុងខែឧសភា ឆ្នាំ ២០២២ និងចុងក្រោយបំផុតនៅទីក្រុងប្រ៊ុចសែលក្នុងខែធ្នូ ឆ្នាំ ២០២២។
ការកើនឡើងនៃការបញ្ចេញមតិជាសាធារណៈរបស់អាណិកជនខ្មែរសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា គឺជាទិដ្ឋភាពទូទៅនៃលទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋអាចអនុវត្តសេរីភាពនយោបាយរបស់ខ្លួន។
ការអះអាងថា អាណិកជនខ្មែរទាំងអស់សុទ្ធតែមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល គឺជាការនិយាយហួសហេតុ ដោយគ្មានភាពសត្យានុម័ត។
បើពិនិត្យលើទិដ្ឋភាពទំនាក់ទំនងអន្តររដ្ឋវិញ ការលើកទឹកចិត្តឱ្យមានចលនានយោបាយប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសមួយផ្សេងទៀត គឺមានលក្ខណៈរសើបខ្លាំងណាស់។ ប្រការនេះអនុញ្ញាតឱ្យមានការបំពាននិងលូកដៃជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋមួយផ្សេងទៀត ដោយប្រើលេសលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនយោបាយ។
យើងបានដឹងឮនូវរឿងរ៉ាវជាច្រើន នៅពេលដែលសហរដ្ឋអាមេរិកបានសង្ស័យថា មានឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងទម្រង់នយោបាយខ្ពស់បំផុតរបស់ខ្លួន ពោលគឺនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ប្រទេសអូស្ត្រាលីក៏បានចាត់វិធានការផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានឥទ្ធិពលរបស់ចិននៅក្នុងនយោបាយក្នុងស្រុករបស់ខ្លួនដែរ។
យោងតាមសន្ធិសញ្ញា Westphalia ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនៀមទម្លាប់និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិរដ្ឋទាំងឡាយត្រូវគោរពតាមគោលការណ៍សំខាន់ៗចំនួន៤ គឺសិទ្ធិស្វ័យសម្រេចរបស់ជាតិសាសន៍នីមួយៗ,ការប្រើប្រាស់ការទូតក្នុងការដោះស្រាយជម្លោះ,ការរួមរស់ដោយសន្តិភាពក្នុងចំណោមរដ្ឋអធិបតេយ្យ,និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យដទៃទៀត។
ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែងគឺមិនដូចទ្រឹស្តីទាំងស្រុងនោះទេ។ បើគិតទៅ វាហាក់ដូចជាការពោលរបស់កវីនិពន្ធអក្សរសិល្ប៍បែបនយោបាយរបស់អង់គ្លេសលោក George Orwell នៅក្នុងរឿង “កសិដ្ឋានសត្វ” (Animal Farm) ចេញផ្សាយក្នុងឆ្នាំ១៩៤៥ ដែលបានពោលថា "សត្វទាំងអស់គឺស្មើគ្នា ប៉ុន្តែសត្វខ្លះគឺវាស្មើគ្នាលើសពីសត្វដទៃ"។
យើងសង្កេតឃើញមានករណីជាច្រើននៃការអនុវត្តក្រៅដែនយុត្តាធិការ និងក្រៅដែនអធិបតេយ្យរបស់រដ្ឋមួយចំនួន ដែលបំពានដល់កិច្ចការផ្ទៃក្នុងរបស់រដ្ឋផ្សេងទៀត។ ប្រទេសខ្លះប្រើអំណាចសភានិងនីតិប្រតិបត្តិដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតដើម្បីជ្រៀតជ្រែកចូលក្នុងនយោបាយក្នុងស្រុករបស់រដ្ឋដទៃទៀតដែលភាគច្រើនជារដ្ឋទន់ខ្សោយ។
រដ្ឋទាំងអស់គួរតែប្រុងប្រយ័ត្នក្នុងការបែងចែកឱ្យដាច់រវាងការលើកទឹកចិត្តសេរីភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យពីការលើកទឹកចិត្តវប្បធម៌នយោបាយជ្រុលនិយម។
ទោះបីជាគេយល់ថា ខ្លួនឯងជាអ្នកនយោបាយល្អប៉ុនណាក៏ដោយ គ្មានអ្នកនយោបាយក្នុងប្រទេសណាមួយ អាចរួចខ្លួនពីការស្អប់ពីសំណាក់បុគ្គល ដែលមានគំនិតនយោបាយផ្សេងគ្នានោះឡើយ។ យ៉ាងណាក៏ដោយ ការបញ្ចេញមតិ និងសេរីភាពនយោបាយទាំងអស់ ត្រូវធ្វើឡើងស្របតាមច្បាប់ និងដោយគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល។
គ្មាននរណាម្នាក់អាចបញ្ឈប់អាណិកជនខ្មែរ ដែលមាននិន្នាការប្រឆាំង មិនឱ្យពួកគាត់សម្តែងទស្សនៈផ្ទុយពីរាជរដ្ឋាភិបាល និងការមិនគាំទ្រចំពោះថ្នាក់ដឹកនាំកម្ពុជាបានឡើយ។ ដូចគ្នាដែរអាណិកជនខ្មែរដែលមានទស្សនៈនយោបាយខុសពីក្រុមប្រឆាំង ក៏មិនត្រូវទទួលរងការរារាំងណាមួយ ចំពោះការអនុវត្តសិទ្ធិនយោបាយ និងការបញ្ចេញមតិរបស់ខ្លួនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែរ។
នេះ គឺជាគោលការណ៍ស្នូលនៃលទ្ធិប្រជាធិបតេយ្យដែលត្រូវតែគោរពប្រតិបត្តិដោយយុត្តិធម៌ និងស្មើភាពដោយគ្មានការរើសអើង៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
(អត្ថបទនេះចេញផ្សាយដំបូងជាភាសាអង់គ្លេសនៅលើកាសែត Asia Times: https://asiatimes.com/2023/03/cambodian-diasporas-opposition-consensus-misrepresented/)