
យុវនារីពីកម្មវិធីជំនាន់ថ្មីរបស់អង្គការយូនីសេហ្វ។ រូបថត UN in Cambodia\Ratha SOY
នៅជុំវិញពិភពលោកវឌ្ឍនភាពលើសិទ្ធិស្ត្រីកំពុងតែបាត់បង់នៅចំពោះក្រសែភ្នែកយើង។ ការព្យាករចុងក្រោយបំផុតបានប៉ាន់ស្មានថា នៅលើដំណើរបច្ចុប្បន្នរបស់យើង យើងត្រូវការពេល ៣០០ ឆ្នាំទៀត ដើម្បីសម្រេចឱ្យបានសមភាពយេនឌ័រពេញលេញ។
វិបត្តិជាបន្តបន្ទាប់ក្នុងពេលបច្ចុប្បន្ននេះ រាប់តាំងពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន រហូតដល់គ្រោះអាសន្នអាកាសធាតុបានធ្វើឱ្យប៉ះពាល់ដល់ស្ត្រី និងកុមារីមុនគេនិងខ្លាំងជាងគេបំផុត។
បន្ថែមពីលើនេះ ជាផ្នែកមួយនៃការដើរថយក្រោយជាសកលក្នុងទិសដៅផ្ទុយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិស្ត្រីចំពោះរាងកាយ និងស្វ័យភាពលើជីវិតរបស់ពួកគេកំពុងត្រូវបានគេចោទសួរ និងបដិសេធ។
បរាជ័យរបស់យើងត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈស្ថិតិចំនួន ២៖ រៀងរាល់ ១០ នាទី ស្ត្រី ឬកុមារីម្នាក់ ត្រូវបានសម្លាប់ដោយសមាជិកគ្រួសារ ឬដៃគូស្និទ្ធស្នាលរបស់ពួកគេ ហើយស្ត្រីម្នាក់ស្លាប់រៀងរាល់ ២ នាទី ក្នុងអំឡុងពេលមានផ្ទៃពោះ ឬពេលសម្រាលកូន។ ភាគច្រើននៃការស្លាប់ទាំងនោះ គឺអាចបង្ការបានទាំងស្រុង។
ក្នុងឱកាសទិវានារីអន្តរជាតិ យើងត្រូវតែតាំងចិត្តធ្វើឱ្យកាន់តែប្រសើរជាងមុន។ យើងត្រូវតែបញ្ច្រាសនិន្នាការដ៏អាក្រក់ទាំងនេះហើយក្រោកឈរឡើងដើម្បីជីវិត និងសិទ្ធិរបស់ស្ត្រី និងកុមារីនៅគ្រប់ទីកន្លែង។ នេះ គឺជាអាទិភាពស្នូល ១ របស់ខ្ញុំ និងជាចំណុចកណ្តាល ១ នៃការងាររបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ ពីប្រទេសស៊ូដង់ខាងត្បូង ដល់ប្រទេសមីយ៉ាន់ម៉ា យើងកំពុងតែគាំទ្រស្ត្រី និងកុមារីដែលមានវិបត្តិហើយធានាថា សំឡេងរបស់ពួកគេត្រូវបានគេយកចិត្តទុកដាក់នៅក្នុងដំណើរការសន្តិភាព។
ថ្មីៗនេះលោកស្រី អាមីណា ម៉ូហាមម៉េដ (Amina Mohammed) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដោយបានផ្ញើសារ ១ ដល់អាជ្ញាធរនៅទីនោះថា៖ ស្ត្រី និងក្មេងស្រីមានសិទ្ធិមនុស្សជាមូលដ្ឋាន ហើយយើងមិនត្រូវបោះបង់ការតស៊ូដើម្បីពួកគេនោះឡើយ។
ឆ្នាំនេះ ទិវានារីអន្តរជាតិផ្តោតលើការបិទគម្លាតយេនឌ័រនៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ នៅទូទាំងពិភពលោក បុរសទំនងជាចំណាយពេលប្រើអ៊ីនធឺណិតដល់ទៅ ២១ ភាគរយច្រើនជាងស្ត្រី ហើយបុរសក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ទំនងជាប្រើអ៊ីនធឺណិតច្រើនជាងស្ត្រីដល់ទៅ ៥០ ភាគរយ។
ប៉ុន្តែសូម្បីតែប្រទេសអ្នកមានបំផុត ក៏មិនទាន់ល្អប្រសើរដែរ ដោយសារផ្នត់គំនិតយេនឌ័រ និងភាពលម្អៀងជាប្រវត្តិសាស្ត្រកន្លងមក។ ក្នុងឧស្សាហកម្មបច្ចេកវិទ្យា បុរសមានចំនួនច្រើនជាងស្ត្រីក្នុងសមាមាត្រ ២ ទល់នឹង ១។ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)បុរសមានចំនួន ៥ នាក់ ទល់នឹងស្ត្រី ១ នាក់។
ទិន្នន័យធំ (Big Data) ត្រូវបានគេចាត់ទុកថា ជាមាសថ្មី និងជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តផ្នែកនយោបាយ និងធុរកិច្ចនាពេលបច្ចុប្បន្ន។ ប៉ុន្តែជារឿយៗ ទិន្នន័យទាំងនេះមិនបានផ្តោតលើភាពខុសគ្នានៃយេនឌ័រនោះទេ ឬមិនយកចិត្តទុកដាក់ចំពោះស្ត្រីតែម្តង។ យើងទាំងអស់គ្នាគួរតែដាស់ស្មារតីចំពោះផលិតផល និងសេវាកម្មដែលបង្កប់នូវវិសមភាពយេនឌ័រតាំងពីការចាប់ផ្តើមបង្កើតផលិតផល និងសេវាកម្មនោះមក និងឌីជីថលភាវូនីយកម្មដែលផ្តល់អាទិភាពលើតែបុរស និងដែលមិនសមប្រកបសម្រាប់ស្ត្រី។
យើងមិនត្រូវឱ្យតំបន់ជ្រលងស៊ីលីកូន (Silicon Valleys) ឬវិស័យបច្ចេកវិទ្យានៃពិភពលោកយើងនេះក្លាយជាជ្រលងមរណៈសម្រាប់សិទ្ធិស្ត្រីនោះទេ។
ការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើតែទិន្នន័យពីរាងកាយរបស់បុរសមិនត្រឹមតែអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្កឱ្យមានការស្លាប់បាត់បង់ជីវិតផងដែរ។ ការរើសអើងប្រឆាំងនឹងស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាលទ្ធផលនៃប្រព័ន្ធបិតាធិបតេយ្យការរើសអើង និងផ្នត់គំនិតដែលមានលក្ខណៈបំផ្លាញដែលកើតមានអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។
ចាប់តាំងពីឆ្នាំ ១៩០១ មកស្ត្រីមានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះនៃបុគ្គលដែលទទួលបានពានរង្វាន់ណូបែលនៅក្នុងវិស័យវិទ្យាសាស្ត្រ ហើយស្ត្រីដែលមានវត្តមានតាមប្រព័ន្ធអនឡាញ រួមទាំងអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មានជារឿយៗ គឺជាគោលដៅនៃការនិយាយដែលមានលក្ខណៈស្អប់ខ្ពើម ដោយសារតែពួកគាត់ជាស្ត្រី និងការបំពានដែលមានចេតនាបំបិទមាត់ និងធ្វើឱ្យពួកគេរងភាពអាម៉ាស់។ ប៉ុន្តែស្ត្រីនឹងមិនត្រូវបានគេបំបិទមាត់នោះឡើយ។ ស្ត្រី និងកុមារី នៅគ្រប់ទីកន្លែងកំពុងតែទាមទារសិទ្ធិរបស់ពួកគេហើយសំឡេងរបស់ពួកគេកំពុងតែកងរំពងជុំវិញពិភពលោក។ យើងត្រូវធ្វើសកម្មភាពក្នុងវិស័យមួយចំនួន ដើម្បីធ្វើឱ្យប្រាកដថា ស្ត្រី និងកុមារី អាចធ្វើការរួមចំណែកពេញលេញចំពោះចំណេះដឹងនានាជាសកលតាមរយៈវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
យើងត្រូវតែទម្លុះឧបសគ្គ រាប់ចាប់ពីទិន្នន័យដែលមានភាពរើសអើងរហូតដល់ផ្នត់គំនិតដែលរុញច្រានក្មេងស្រីឱ្យចាកឆ្ងាយពីការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រតាំងពីបឋមវ័យមក។ សម្រាប់អ្នកដែលមានតួនាទីក្នុងការធ្វើការសម្រេចចិត្តគ្រប់ប្រភេទពួកគេត្រូវតែបង្កើនការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមរយៈការកំណត់កូតាប្រសិនបើចាំបាច់។
ពួកគេគួរតែមានភាពច្នៃប្រឌិតពង្រីកបណ្តាញជ្រើសរើសបុគ្គលិកដោយផ្អែកលើជំនាញហើយត្រូវតែបន្តធ្វើបែបនេះក្នុងរយៈពេលវែង។ សមភាពយេនឌ័រនឹងមិនកើតឡើងដោយខ្លួនឯងនោះឡើយ។ ពួកគេត្រូវតែផ្តល់អាទិភាព និងទាមទារសម្រាប់សមភាពយេនឌ័រ។ កិច្ចខិតខំប្រឹងប្រែងនេះ កំពុងតែទទួលបានលទ្ធផលនៅឯអង្គការសហប្រជាជាតិ ដែលយើងមានយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់យើងសម្រាប់សមភាពយេនឌ័រក្នុងចំណោមបុគ្គលិករបស់យើង។
យើងក៏ត្រូវការសកម្មភាពដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពសម្រាប់ស្ត្រី និងទាមទារឱ្យមានការទទួលខុសត្រូវទាំងពីសំណាក់ជនល្មើសនៃការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងវេទិកាឌីជីថលនានាដែលបង្កលក្ខណៈងាយស្រួលដល់ពួកគេប្រព្រឹត្តអំពើទាំងនេះ។
អង្គការសហប្រជាជាតិកំពុងតែធ្វើការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងតួអង្គដទៃទៀតទាក់ទងនឹងក្រមប្រតិបត្តិដែលមានគោលដៅកាត់បន្ថយគ្រោះថ្នាក់ និងបង្កើនគណនេយ្យភាពចំពោះវេទិកាឌីជីថលនានា ព្រមពេលជាមួយគ្នានឹងកិច្ចការពារសេរីភាពនៃការបញ្ចេញមតិផងដែរ។ សិទ្ធិរបស់ស្ត្រីមិនមែនជាវត្ថុប្រណីតដែលអាចរង់ចាំរហូតទាល់តែយើងបានដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ បញ្ចប់ភាពក្រីក្រ និងបង្កើតពិភពលោកដែលប្រសើរជាងមុននោះឡើយ។ ការវិនិយោគលើស្ត្រី និងកុមារី គឺជាវិធីជាក់លាក់បំផុត ១ ក្នុងការជួយលើកស្ទួយប្រជាសហគមន៍ និងប្រទេសទាំងអស់ព្រមទាំងដើម្បីសម្រេចឱ្យបានរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ចូរធ្វើការរួមគ្នាដើម្បីសម្រេចឱ្យបានពិភពលោកមួយដែលមានលក្ខណៈកាន់តែមានបរិយាប័ន្ន យុត្តិធម៌ និងវិបុលសុខបន្ថែមទៀតសម្រាប់ស្ត្រី និងកុមារី បុរស និងកុមារីនៅគ្រប់ទីកន្លែងទាំងអស់៕
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ