កម្ពុជា​បានធ្វើការ​សម្រេចចិត្ត​សំខាន់​ ២​ លើ​មាគ៌ា​ជាតិ​របស់ខ្លួន​ទាក់ទង​នឹង​ការផ្តន្ទាទោស​លោក ​កឹម សុខា ដាក់ពន្ធនាគារ​រយៈ​ពេល​ ២៧​ ឆ្នាំ ដោយ​ឃុំខ្លួន​ក្នុងផ្ទះ ពីបទ​ក្បត់ជាតិ និង​សមគំនិត​ជាមួយ​បរទេស​។​

​ទី​១​ កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រជាជាតិ​នេះ​បាន​ជ្រើស​​រើសយក​ការកសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​សន្តិវិធី​ជា​ជម្រើស​របស់ខ្លួន​នៅក្នុង​កិច្ចខិតខំ​ប្រឹង​​ប្រែង​ប្រកបដោយ​សង្គតិភាព​ ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។​

​សម្រាប់​មជ្ឈដ្ឋាន​ខ្លះ​គេ​អាច​ពិចារណា​ថា ការកាត់ទោស​នេះ ​គឺជា​ការបញ្ចប់​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ បើ​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​នៃ​ការកសាង​ជាតិ​របស់​កម្ពុជា​ព្រឹត្តិការណ៍​នេះ​ គឺ​គ្រាន់តែ​ជា​ចំណុច​មួយ​នៃ​ពេល​​វេលា ដែល​កម្ពុជា​បាន​គូសបញ្ជាក់​ពី​សិទ្ធិ​ស្វ័យ​សម្រេច និង​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន អំពី​ជម្រើស​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​ខ្លួន​ចង់​កសាង​នៅ​កម្ពុជា​។

ប្រាកដ​ណាស់​កម្ពុជា​មិន​ជ្រើស​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​រំជើបរំជួល​ប្រថុចប្រថំ​ភ្លាមៗ ហិង្សា និង​លទ្ធិ​ប្រជា​​ធិបតេយ្យ​បែប​អាត្មានិយម​ដែល​សេរីភាព​បុគ្គល​ត្រូវបាន​គោរព​​បូជា និង​លើកតម្កើង​ខ្ពស់​ហួស​​ហេតុ​លើសពី​សន្តិភាព ស្ថិរភាព​ និង​ភាព​សុខដុម​ក្នុងសង្គម​នោះឡើយ​។ នេះ​ គឺជា​បរិបទ​ចម្លែក​ខ្លាំងណាស់​នៅពេលដែល​សិទ្ធិ​បុគ្គល​ក្នុងការ​កាន់កាប់​កាំភ្លើង បែរ​ជាមាន​សារៈសំខាន់​ជាង​ការការពារ​អាយុជីវិត របស់​កុមារ​ទៅទៀត​នោះ​។ បរិបទ​បែបនេះ​ គឺ​ពិបាករ​កយល់​មិនបាន នៅពេលដែល​សេរីភាព​បុគ្គល និង​លទ្ធិ​ប្រជា​​ធិបតេយ្យ​ត្រូវបាន​គេ​ផ្តល់​អាទិ​​ភាព​ខ្ពស់​ហួស​សន្តិភាព​ដោយ​មិន​គិតគូរ​សូម្បី​ដល់​សិទ្ធិ​រស់រានមានជីវិត​របស់​ប្រជាជន​។​

​តើ​លទ្ធិប្រជាធិបតេយ្យ​មានន័យ​អ្វី​ទៅ​សម្រាប់​ប្រទេស​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ដែល​គ្មាន​ទីបញ្ចប់​? ជីវិត​របស់​ប្រជាជន​គឺជា​សិទ្ធិ​ដ៏​​ពិសិដ្ឋ​បំផុត​នៃ​សិទ្ធិមនុស្ស​។​

​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ការ​​បំផ្លិចបំផ្លាញ​រដ្ឋាភិបាល និង​សន្តិ​​សុខ​សាធារណៈ​ គឺ​សុទ្ធតែ​ទទួល​​បានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​នៅ​គ្រប់​ប្រទេស​។ ជា​ឧទាហរណ៍​ក្នុង​ខែធ្នូ ឆ្នាំ ​២០២២​ ប្រទេស​​អាល្លឺម៉ង់ ​បាន​បង្ក្រាប​ផែន​ការធ្វើ​រដ្ឋប្រហារ​ដោយ​បើក​ការ​វាយឆ្មក់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ទូទាំងប្រទេស​ផង ហើយ​ថែមទាំង​នៅក្នុង​ប្រទេស​អូទ្រីស និង​អ៊ី​តា​លី​ទៀត​។ អាល្លឺម៉ង់​បាន​ប្រើប្រាស់​មន្ត្រី​អនុវត្ត​ច្បាប់​ជាង ​៣ ​ពាន់​នាក់ ​ដើម្បី​ធ្វើ​ការងារ​នេះ ហើយ​បាន​ឆែកឆេរ​ជាង​ ១៥០ ​កន្លែង និង​បាន​ចាប់ខ្លួន​មនុស្ស ​២៥ ​នាក់​។​

​ក្នុង​ខែកក្កដា ឆ្នាំ​ ២០១៦​ ជា​លទ្ធផល​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រ​​ហារ​ក្នុងពេល​តែ​ ១​ យប់ មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​តួ​ក​គី និង​មាន​ជាង ​១ ៤០០ ​នាក់​បាន​រងរបួស​។ ទន្ទឹមនឹងនេះ​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ ៦ ០០០ ​នាក់ រួមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ចៅ​​ក្រម​ផងដែរ​។ បើ​ធៀប​នឹង​ករណី​ខាងលើ​ចំណាត់ការ​របស់​អាជ្ញាធ​រ​​កម្ពុជា​ក្នុងការ​ទប់ស្កាត់​បដិវត្ត​ន៍​​ពណ៌​ដែល​បានគ្រោង​ទុកជាមុន ហាក់​មាន​ភាពស្ងប់ស្ងាត់​ជាង​។ ​ពោល គឺ​គ្មាន​អំពើហិង្សា គ្មាន​ការ​ធ្វើ​ទារុណកម្ម និង​គ្មាន​ការបង្ហូរ​ឈាម​។ គ្រប់​ទិដ្ឋភាព​សិទ្ធិមនុស្ស​ត្រូវបាន​គេ​គោរព​យ៉ាង​តឹងរ៉ឹង​។​

ជា​ឧទាហរណ៍​ សិទ្ធិ​របស់​ជន​ត្រូវ​​ចោទ​ត្រូវបាន​ធានា​យ៉ាង​ពេញ​​លេញ​រួមទាំង​សិទ្ធិ​ទទួលបាន​មេ​​ធា​វី ការអនុញ្ញាតឱ្យ​មានកា​រ​​សង្កេតការណ៍​ក្នុងការ​កាត់ក្តី និង​ការពិចារណា​លើ​ការថែទាំ​សុខ​​ភាព​។ នៅ​កម្ពុជា​អ្នកការទូត​បរ​​ទេស​ថែមទាំង​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​សង្កេត​សវនាការ​ដែលមាន​សរុប​ចំនួន​ ៦៦​ លើក ចាប់ពី​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ ​២០២០ ​រហូតដល់​ថ្ងៃទី ​២១ ខែធ្នូ ឆ្នាំ ​២០២២​។​

​បើ​នៅ​ប្រទេស​ថៃ​វិញ នៅ​ខែ​មេសា ​ឆ្នាំ ​២០១៩ ​ក្រសួង​ការ​បរ​ទេស​ថៃ​បាន​តវ៉ា​ចំពោះ​ស្ថានទូត​បស្ចិមប្រទេស​ដោយ​ចោទប្រកាន់​ពួកគេ​ពីបទ​រំលោភច្បាប់​ការទូត នៅពេលដែល​ពួកគេ​បាន​ចូលរួម​ស្តាប់​សវនាការ​តុលាការ​ទាក់ទង​នឹង​អ្នកនយោបាយ​ថៃ​ ១ ​រូប ដែល​រង​បទ​ចោទ​ពី​ការបះបោរ​។​

​ឧក្រិដ្ឋកម្ម​ក្បត់ជាតិ ការឃុបឃិត​ជាមួយ​អំណាច​បរទេស ការបំផ្លិច​​បំផ្លាញ​រដ្ឋាភិបាល និង​សន្តិសុខ​​សាធារណៈ​ស្ថិត​ក្នុងចំណោម​ប្រភេទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​មួយ​។ ប្រទេស​កម្ពុជា ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​របស់ខ្លួន​ក្នុងការ​ការពារ​សណ្តាប់​ធ្នាប់​នៃ​រដ្ឋធម្មនុញ្ញ ហើយ​នៅក្នុង​ដំណើរ​​ការ​ទាំងនេះ កម្ពុជា​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​កាតព្វកិច្ច និង​នីតិ​​វិធី​សិទ្ធិមនុស្ស​។ សកម្មភាព​ទាំង​​នេះ​បាន​ប្រាប់​បញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​បានជ្រើសរើស​យក​លទ្ធិប្រជាធិបតេយ្យ​ដែល​ផ្អែកលើ​គោលការណ៍​នីតិរដ្ឋ​។ គណ​បក្ស និង​តួអង្គ​នយោបាយ​ទាំងអស់​ត្រូវ​ក្រើនរំឭក​ខ្លួនឯង​ជានិច្ច អំពី​កាតព្វកិច្ច​ក្នុងការ​ការពារ​សន្តិភាព​ស្ថិរភាព និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម នៅពេលដែល​ពួកគេ​ចង់​លើកស្ទួយ​លទ្ធិ​ប្រជា​​ធិបតេយ្យ​សេរី​ពហុបក្ស​ក្រោម​រដ្ឋ​​ធម្មនុញ្ញ​របស់​កម្ពុជា​។ នេះ​គឺជា​ជម្រើស​របស់​កម្ពុជា​។​

​ទី​២ កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​បដិសេធ​ដាច់ខាត​ចំពោះ​អន្តរាគមន៍ និង​ការ​ជ្រៀត​​ជ្រែក​ពី​បរទេស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ក្នុង​ឆ្នាំ ​១៩៩៤​ សិង្ហ​បុរី​បាន​កាត់ទោស Michael Fay ដែលជា​ក្មេង​ជំទង់​ជនជាតិ​​អាមេរិក​ឱ្យ​ជាប់គុក និង​វាយ​ដោយ​រំពាត់​ពីបទ​បំផ្លិចបំផ្លាញ និង​ចោរ​​កម្ម​។ ប្រធានាធិបតី​នៅពេលនោះ លោក Bill Clinton បានស្នើ​សុំឱ្យ​មានការ​លើក​លែង​ទោស​ធ្វើឱ្យ​សិង្ហ​បុរី​ពិបាក​សម្រេចចិត្ត​។​

«​ម្យ៉ាង​យើង​ត្រូវតែ​ឈរលើ​គោលការណ៍​នីតិរដ្ឋ​។ ...​ហើយ​ម្យ៉ាងវិញទៀត ប្រសិនបើ​យើង​បានផ្តល់​ការលើកលែងទោស​យើង​នឹងមិន​ធ្វើឱ្យ​ទំនាក់ទំនង​​របស់​យើង​ជាមួយ​សហរដ្ឋ​អា​មេ​​រិ​ក​ប្រសើរឡើង​នោះទេ ពីព្រោះ​យើង​នឹងត្រូវ​បាន​គេ​មើលឃើញថា រដ្ឋ​រណប​របស់​អាមេរិក​»​ អតីត​​នាយករដ្ឋមន្ត្រី Goh Chok Tong បាន​និយាយ​បែបនេះ នៅពេលដែល​គាត់​រំឭក​ពី​ព្រឹត្តិការណ៍​ដែល​បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២​ ស្ថិតក្នុង​ភាព​តាន​​តឹង​។

អតីត​នាយករដ្ឋមន្ត្រី Lee Kuan Yew បាន​និយាយ​ចំៗ​ថា «​សង្គម​អាមេរិក គឺជា​អ្នកមាន​បំផុត​និង​រីកចម្រើន​បំផុត​នៅក្នុង​ពិភព​​លោក ប៉ុន្តែ​ប្រទេស​នេះ​គ្មាន​សុវត្ថិ​​ភាព និង​សន្តិភាព​ទេ​។ ប្រសិន​​បើ​អ្នក​ចូលចិត្ត​បែបនេះ នោះ​គឺជា​រឿង​របស់​អ្នក ប៉ុន្តែ​នេះ​មិនមែនជា​មាគ៌ា​ដែល​យើង​ជ្រើស​យក​នោះទេ​។ ពួកគេ​តែងតែ​និយាយ​អំពី​សិទ្ធិមនុស្ស​។ ខ្ញុំ​គិតថា ​វា​គ្រាន់តែ​ជា​ពាក្យស្លោក​ដ៏​ងាយស្រួល​មួយ​ប៉ុណ្ណោះ​»​។ យោងតាម​លោក​ Goh Chok Tong ក្នុង​ឆ្នាំ​ ២០០២ ​លោក​ប្រធានាធិបតី Clinton បាន​និយាយ​ទៅកាន់​គាត់​ថា «​អ្នក​គួរតែ​វាយ​គាត់ (Michael Fay) ឱ្យបាន​ច្រើនជាង​នេះ​» ហើយ​បាន​បន្ថែមថា ឪពុក​របស់ ​Fay គួរ​​តែ​វាយ​ប្រដៅ​កូន​គាត់​តាំង​ពីមុន​យូរ​មកហើយ​។ នេះ​គឺជា​ការ​​សម្រេចចិត្ត​ដ៏​លំបាក​មួយ​សម្រាប់​សិង្ហ​បុរី​នៅពេលដែល​ប្រទេស​​មួយ​ត្រូវបដិសេធ​ការជ្រៀតជ្រែក​ពី​បរទេស​ក្នុងការ​ប្រតិបត្តិ​នីតិរដ្ឋ​​របស់ខ្លួន​។​

​ប៉ុន្តែ​ករណី​លោក ​កឹម សុខា​ គឺ​ពិបាក​ជាង​នេះ​ឆ្ងាយ​ណាស់​។ នេះ​មិនមែនជា​ករណី​ដែល​ក្មេង​អា​មេ​រិ​កមក​រញ៉េរញ៉ៃ​បំផ្លាញ​សួនច្បារ​សិង្ហ​បុរី​នោះទេ ប៉ុន្តែ​វា​ជា​ករណី​ដែល​អ្នកនយោបាយ​ខ្មែរ​បានមក​កកូរកកាយ​នយោបាយ​កម្ពុជា​ដោយមាន​ការគាំទ្រ​ពី​អំណាច​

​បរទេស​។ លោក កឹម សុខា​ ជា​អ្នក​និយាយ​ខ្លួនឯង​ប្រកបដោយ​មោទនភាព​។ គាត់​បាន​រំឭក​ពី​សកម្មភាព​ទាំងឡាយ​របស់គាត់ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ផ្នែក​នយោបាយ​បន្ថែមទៀត​ពី​អ្នកគាំទ្រ​របស់​គាត់ ប៉ុន្តែអ្វីដែល​គាត់​និយាយបាន​ក្លាយជា​ភ័ស្តុតាង​ដាក់បន្ទុក​ទៅលើ​រូបគាត់​ពីបទ​ក្បត់ជាតិ និង​ការឃុបឃិត​ជាមួយ​បរទេស​។​ គ្មាន​នរណាម្នាក់​បានធ្វើ​ទារុណ​​កម្ម​គាត់​ឱ្យ​សារភាព​ទេ ហើយក៏​គ្មាន​នរណាម្នាក់​បាន​បង្ខំ​គាត់​ឱ្យ​និយាយ​អំពី​ផែនការ​រយៈពេល​វែងរ​បស់​គាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​បដិវត្តន៍​ពណ៌​ដោយមាន​ការគាំទ្រ​ពី​អំណាច​​បរទេស​នោះដែរ​។​

​ករណីនេះ ប្រៀបដូចជា​ករណី​ដែលមាន​អ្នកនយោបាយ​អាមេរិក​មាន​សញ្ជាតិ​រុស្ស៊ី​ម្នាក់ បាននិងកំពុង​ព្យាយាម​ឈរឈ្មោះ​ធ្វើជា​ប្រធានាធិបតី​នៅ​អាមេរិក​ដោយ​អះអាងថា គាត់​មាន​រូបមន្ត​ល្អ​ក្នុង​ការជួសជុល​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​។ តើ​អាមេរិក​នឹង​ដោះស្រាយ​ដោយ​របៀប​ណា​ចំពោះ​អ្នកនយោបាយ​ដែល​គ្រប់គ្រង​ដោយ​បរទេស​បែបនេះ​នៅក្នុង​ប្រទេស​របស់ខ្លួន​? ការបដិសេធ​ការជ្រៀតជ្រែក​ពី​បរទេស​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​សម្រាប់​រដ្ឋ​តូចៗ​។ ការគំរាមកំហែង ការ​​បង្ខិតបង្ខំ ការបំភិតបំភ័យ និង​ការ​ដាក់ទណ្ឌកម្ម​ឯកតោភាគី គឺជា​ផលវិបាក​ដែល​អាច​ព្យាករ​បាន​។​

​ប៉ុន្តែ​កម្ពុជា​នៅតែ​និយាយថា​ទេ ​ចំពោះ​ការជ្រៀតជ្រែក​ពី​បរទេស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ហើយ​ជ្រើសរើស​ការអនុវត្ត​ច្បាប់​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​។ ប្រសិនបើ​ការ​​ដាក់ទណ្ឌកម្ម​ពី​បរទេស​កើតចេញពី​ការខិតខំ​រក្សាសុខ​សន្តិភាព​ក្នុងស្រុក ហើយ​ពានរង្វាន់​សិទ្ធិមនុស្ស​ត្រូវបាន​គេ​ផ្តល់ឱ្យ​ពី​បរទេស ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុងស្រុក កម្ពុជា​នឹង​ជ្រើស​​រើសយក​សន្តិភាព​ក្នុងស្រុក និង​អធិបតេយ្យភាព​របស់ខ្លួន​។​

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​បាន​ស្តាប់​ស៊ាំ​ត្រចៀក​ទៅហើយ​ពី​ការ​​ដាក់ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ដោយសារតែ​ពួកគាត់​ធ្លាប់​ឆ្លង​កាត់​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏​អ​យុ​ត្តិ​ធម៌​រយៈពេល​ ១២​ ឆ្នាំ​ ពី​ឆ្នាំ​ ១៩៧៩​ ដល់​ឆ្នាំ ​១៩៩៣​ នៅពេលដែល​​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​រស់រានមានជីវិត​ទាំងអស់​ទើបតែ​ងើប​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល​​ពត​។ ពួកគាត់ ​គឺជា​មនុស្ស​ដែល​ធន់ និង​ប្រកបដោយ​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ដឹកនាំ​ប្រទេស​ប្រែក្លាយ​ប្រទេស​ពី​សង្គ្រាម​ទៅជា​សន្តិភាព និង​ពី​សន្តិភាព​ទៅរក​ភាព​រីកចម្រើន​រុងរឿង​។​

​ពួកគាត់​ គឺជា​ជំនាន់​ដែល​មានជំនឿថា​ អន្តរាគមន៍​ពី​បរទេស​គឺជា​មូលហេតុ​ចម្បង​មួយ​សម្រាប់​សោកនាដកម្ម​របស់​កម្ពុ​ជា​ដែល​បាន​បន្សល់ទុក​ស្លាក​ស្នាមរបួស​ដែល​អាច​មើលឃើញ​រហូតមកដល់​សព្វថ្ងៃនេះ​ដូចជា​គ្រាប់មីន​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​សំណល់​ឥទ្ធិពល​ពី​សារធាតុពុល​គីមី​ពណ៌​ទឹកក្រូច (Agent Orange)​។ បទពិសោធន៍​របស់​ពួក​​គាត់​បាន​ប្រាប់​ពួកគាត់​ថា កុំឱ្យ​ព្រលែង​បាត់​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យភាព​ឱ្យសោះ​។ កម្ពុជា​នឹង​ក្តាប់​ជោគវាសនា​របស់ខ្លួន​ដោយ​ដៃ​របស់ខ្លួន​។ កម្ពុជា​ជ្រើស​រើស​លទ្ធិប្រជាធិបតេយ្យ​ដោយ​សន្តិវិធី ឈរលើ​គោលការណ៍​នីតិ​​រដ្ឋ និង​ដោយ​ការគោរព​ពេញលេញ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​។ សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុ​ជា ត្រូវតែ​ទទួលបាន​ការគោរព​។​

​ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)