ក្នុង​ទិវា​មនុស្សធម៌​ពិភពលោក​ឆ្នាំនេះ យើង​រំឭក​ខួប​លើក​ទី​​២០ ចាប់តាំងពី​ថ្ងៃ​ដែលមាន​មនុស្ស​ជាច្រើន​នាក់​បាត់​បង់ជីវិត​នៅពេលដែល​ភេរវ​ករ​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្រៅ​ទីស្នាក់ការ​អង្គ​ការ​សហប្រជាជាតិ​ក្នុង​ស​ណ្ឋា​​គា​រកា​ណា​ល់​នៅ​ទីក្រុង​បា​កដាដ​ប្រទេស​អ៊ី​រ៉ា​ក់ នៅ​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ ​២០០៣​។ ដូច​ប្រសាសន៍​របស់​អតីត​អគ្គលេខាធិការ​អង្គ​ការ​ប្រជាជាតិ​លោក កូហ្វី​អាណាន់ កាលពី​ពេលនោះ វា​គឺជា​ថ្ងៃ​អន្ធ​ការ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អង្គ​ការ​សហប្រជាជាតិ​។ រហូតមកដល់​ពេលនេះ ថ្ងៃនោះ​នៅតែ​ជា​ស្រមោល​អន្ធការ​។​

​សម្រាប់​ខ្ញុំ​ទិវា​មនុស្សធម៌​ពិភពលោក​តែងតែ​ជា​ឱកាស​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ច្រើន​ចម្រុះ ប៉ុន្តែ​ជា​អារម្មណ៍​ពិត​។​ ក្នុងចំណោម​អ្នក​ដែល​បាន​បាត់​បង់ជីវិត​នៅថ្ងៃនោះ គឺ Sergio Vieira de Mello ដែល​បំពេញភារកិច្ច​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេសអ៊ី​រ៉ា​ក់។​គាត់​គឺជា​មិត្ត​របស់ខ្ញុំ​និង​ជា​ឪពុកធម៌​កូនស្រី​របស់ខ្ញុំ​។​

Sergio បូជាជីវិត ដើម្បី​អង្គ​ការ​សហប្រជាជាតិ​។ គាត់​ចូល​បម្រើ​ការងារ​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​នៅក្នុង​ឆ្នាំ ​១៩៦៩ មិនយូរប៉ុន្មាន​ក្រោយ​ពេលដែល​គាត់​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ហើយ​គាត់​បាន​ចំណាយពេល​ក្នុង​ជីវិត​ដែល​ត្រូវ​បញ្ចប់​ដោយ​សោកនាដកម្ម​របស់គាត់​ជាមួយ​អង្គការ​សហ​​ប្រជាជាតិ តាមរយៈ​ការ​កាន់​មុខ​​តំណែង​ជាន់ខ្ពស់​ជា​បន្តបន្ទាប់​។

​ខ្ញុំ​ធ្វើការ​ជាមួយ​គាត់​ដំបូង​បំផុត​ក្នុង​ឆ្នាំ ​១៩៩៦ ​នៅពេលដែល​គាត់​កាន់​ការងារ​មួយរយៈ​ខ្លី​ជា​អ្នកសម្របសម្រួល​ការងា​រ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់ Great Lakes Region ដែល​ពេលនោះ ខ្ញុំ​គឺជា​អនុប្រធាន​របស់គាត់ មុន​ពេលដែល​ខ្ញុំ​កាន់​មុខតំណែង​របស់គាត់​។ ប៉ុន្តែ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​នៅពេលដែល​យើង​ផ្លាស់​ទៅ​ទីក្រុង​ញូវយ៉ក​ជាមួយគ្នា​ក្នុង​ឆ្នាំ ​១៩៩៨ ដើម្បី​បង្កើត​កា​រិ​យា​​ល័យ​ថ្មី​មួយ​ដើម្បី​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ ​(OCHA)​។​

​គាត់​គឺជា​អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ ហើយ​ដូច​មុន​ដែរ ខ្ញុំ​គឺជា​អនុប្រធាន​របស់គាត់​។​ចំណងមិត្តភាព​របស់​យើង​កាន់តែ​ជិតស្និទ្ធ ដោយសារតែ​យើង​មាន​ក្តី​ប្រាថ្នា​ដូចគ្នា​គឺ​ចង់ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​វិបត្តិ​មនុស្សធម៌ និង​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ទាំងនោះ​។ ដូចគ្នា​នឹង​មិត្ត​រួម​ការងារ​ដែលមាន​សម​ត្ថ​ភាព​បំផុត​របស់​យើង​ដែរ ក្តី​ប្រាថ្នា​របស់​ Sergio ត្រូវបាន​ស្តែងចេញ​តាមរយៈ​ការប្តេជ្ញាចិត្ត​អនុវត្តតាម​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ​ដែល​គាត់​តែង​យកតាម​ខ្លួន​ជានិច្ច​។ គាត់​ដឹង​ច្បាស់​ពី​តថភាព​នៃ​ពិភពលោក​ដែល​ធ្វើឱ្យ​ការតស៊ូ​មតិ​និង​ជំនាញ​និយាយ​របស់គាត់​កាន់​តែមាន​ប្រសិទ្ធភាព​។ យើង​ក៏​ក្លាយជា​មិត្ត​ជិតស្និទ្ធ​នៅក្រៅ​ការងារ​ផងដែរ ហើយ​ខ្ញុំ​នៅតែមាន​មោទនភាព​ដែល​កូនស្រី​របស់ខ្ញុំ​គឺជា​កូនធម៌​របស់គាត់​។

​ដោយសារតែ​ការជឿទុកចិត្ត​ផ្ទាល់ខ្លួន និង​ភាពជា​ដៃគូ​ក្នុងការ​ងារ​វិជ្ជាជីវៈ​ជាមួយ Sergio នេះហើយ​ដែល​ធ្វើឱ្យ​ការបាត់​បង់ជីវិត​រប​ស់​គាត់​បាន​បង្ក​ស្នាមរបួស​ផ្លូវចិត្ត ក៏ដូចជា បន្សល់​ស្លាក​ស្នាម​ជាច្រើន​សម្រាប់​ខ្ញុំ ក៏ដូចជា​មនុស្ស​ជាច្រើន​នាក់​ទៀត​។ ភាព​គំរូ​របស់គាត់​បានផ្តល់​កម្លាំង​ជំរុញ​ចិត្ត​ខ្ញុំ ដ្បិត​ពេលនេះ​ខ្ញុំ​គឺជា​អ្នក​កាន់​តួនាទី​ដែល​គាត់​បាន​បំពេញ​រាប់​ឆ្នាំកន្លងមក​។​

​ការបាត់​បង់ជីវិត​ Sergio មួយប៉ប្រិចភ្នែក​បានធ្វើ​ឱ្យ​ខ្ញុំ​រន្ធត់ចិត្ត​ដ៏​ជ្រាលជ្រៅ​បំផុត​។ ការបាត់​បង់ជីវិត​របស់គាត់​ធ្វើឱ្យ​ខ្ញុំ​ដឹង​កាន់តែច្បាស់​ថា សេចក្តីស្លាប់​អាច​កើតឡើង​តែមួយ​ប៉ប្រិចភ្នែក ទោះជា​ខ្ញុំ​ធ្វើ​ការងារ​នៅក្នុង​តំបន់​ដែលមាន​សង្គ្រាម​ជាច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ​។ ខ្ញុំ​កាន់ទុក្ខ​គាត់​រហូតមកដល់​ថ្ងៃនេះ​។​

​សរុបមក​មាន​មនុស្ស​ចំនួន​ ២២​ នាក់​បាន​បាត់​បង់ជីវិត​នៅថ្ងៃនោះ​និង​មាន​មនុស្ស​ជាង ​១០០​ នាក់​បាន​រងរបួស​។ ពួកគេ​ជាច្រើន​នាក់​គឺជា​បុគ្គលិក​អង្គការសហប្រជាជាតិ​ដែលជា​ជនជាតិអ៊ី​រ៉ា​ក់​។​ប៉ុន្តែ​អ្វីដែល​បង្រួបបង្រួម​ពួកគេ​គឺ​បេសកកម្ម​ដើម្បី​ជួយ​ស្តារ និង​ស្ថាបនា​ប្រទេស​អ៊ី​រ៉ា​ក់​ឡើងវិញ​។

​ខ្ញុំ​ដឹងថា ការ​រំឭក​ខួប​នៃ​ព្រឹត្តិ​ការណ៍​នេះ​ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រួសារ មិត្តភក្ដិ​និង​សហការី​របស់​មនុស្ស​ដែល​បាត់​បង់ជីវិត អ្នក​រង​ផលប៉ះពាល់​ដោយសារ​ព្រឹត្តិការណ៍​នោះ និង​អ្នក​បាត់បង់​ជីវិត​ទទួលរង​របួស​ឬ​ត្រូវបាន​ចាប់ជំរិត​ក្នុងពេលដែល​ពួកគេ​ធ្វើ​ការងារ​ដើម្បី​បុព្វហេតុ​មនុស្សធម៌​ចាប់តាំងពី​ពេលនោះ​មក ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ពី​អត្ថន័យ​ចំពោះ​សហគមន៍​មនុស្សធម៌ និង​សហគមន៍​អង្គការ​សហ​​ប្រជាជាតិ​ទាំងមូល​។ ការបាត់​បង់ជីវិត​គ្នា​យើង​ណា​ម្នាក់ គឺជា​ការបាត់បង់​សម្រាប់​យើង​ទាំង​អស់​គ្នា​។ ខ្ញុំ​ដឹង​ពី​ទុក្ខសោក និង​ការឈឺចាប់​របស់​អ្នក​។​

​ខ្ញុំ​ក៏មាន​កំហឹង​ផងដែរ​ពីព្រោះថា​អ្នក​ដែល​ទទួលខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សណ្ឋាគារ​កា​ណា​ល់​និង​អ្នក​ដែល​ទទួលខុសត្រូវ​លើ​ការវាយ ប្រហារ​ភាគ ច្រើន​លើ​បុគ្គលិក​មនុស្សធម៌​ចាប់តាំងពី​ពេលនោះ ក៏ដូចជា​ការវាយប្រហា​រលើ​បុគ្គលិក​សុខា​ភិ​បាល​និង​ជន​ស៊ីវិល​ក្នុងស្ថានភាព​ដែលមាន​ជម្លោះ ហើយ​មិន​ធ្លាប់​ត្រូវបាន​គេ​នាំមក​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់​ពួកគេ​ឡើយ​។

​កំហឹង​ដែល​ពី​ ១​ ឆ្នាំទៅ​ ១ ​ឆ្នាំ​បុគ្គលិក​មនុស្សធម៌​នៅតែ​ជា​មុខសញ្ញា​នៃ​ការវាយប្រហារ​ដោយ​ចេតនា​និង​ត្រូវបាន​គេ​សម្លាប់ រងរបួស ឬ​ត្រូវបាន​គេ​ចាប់ជំរិត​ក្នុងអំឡុង​ពេលដែល​ពួកគេ​បំពេញការងារ​។​បុគ្គលិក​ផ្តល់ជំនួយ ជាង ៤០០ នាក់​បាន​ក្លាយជា​ជនរងគ្រោះ​កាលពី​ឆ្នាំមុន​ដែល​ពួកគេ​ភាគច្រើន​គឺជា​បុគ្គលិក​នៅក្នុង​ប្រទេស​ផ្ទាល់​។

​និទ្ទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងនេះ​បន្សល់​នូវ​ស្លាកស្នាម​ដ៏​សែន​អាក្រក់​មកលើ​មនសិការ​ជា​សមូហភាព​របស់​យើង​។ ពាក្យ​ពេចន៍​ពិសិដ្ឋ​មិនអាច​នាំមក​នូវ​ការផ្លាស់ប្តូរ​ឡើយ តែ​ការធ្វើសកម្មភាព​ទៅវិញ​ទេ​ដែល​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​។ នេះ​គឺជា​ពេលដែល​យើង​ត្រូវធ្វើ​ទៅតាម​អ្វីដែល​យើង​បាន​សន្យាថា នឹង​ជំរុញ​ការអនុវត្ត​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ឆ្លើយតប​ចំពោះ​និទ្ទណ្ឌភាព​។​

​ប៉ុន្តែ​អារម្មណ៍​ដ៏​សែន​លើស​​លប់​របស់ខ្ញុំ នៅពេលនេះ ក៏​ដូច​ជា​នៅ​គ្រប់​ទិវា​មនុស្សធម៌​ពិភព​លោក​គឺ​ការ​មាន​មោទនភាព​បំផុត​។​ជា​មោទនភាព​ដែល​បានធ្វើការ​ជាមួយនឹង​មនុស្ស​ដូចជា Sergio និង​មោទនភាព​ដែល​បាន​ចូលរួម​បំពេញការងារ​ជា​​មួយអង្គ​ការ​និង​សហគមន៍​ដែល​បន្ត​បូជាជីវិត​ដើម្បី​ជួយ​មនុស្ស​កាន់តែច្រើន​នាក់​ជាង​ពេលណាៗ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ក្នុងអំឡុង​ពេលដែល​ពួក​គេ​ត្រូវការ​ជំនួយ​នេះ​បំផុត បើ​ទោះ​​ជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ និង​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​។​

​ក្នុង​ទិវា​មនុស្សធម៌​ពិភពលោក​នេះ ខ្ញុំ​សូម​រំឭក​វិញ្ញាណក្ខន្ធ និង​ថ្លែងអំណរគុណ​ចំពោះ​មនុស្ស​ទាំងអស់​ដែល​បាន​បូជាជីវិត​និង​រងរបួស​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​សណ្ឋាគារ​កា​ណា​ល់​កាលពី ​២០​ ឆ្នាំមុន​។ ខ្ញុំ​ក៏​សូម​សម្ដែង​ការដឹងគុណ​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ត្រូវបាន​សម្លាប់ រងរបួស និង​ត្រូវបាន​គេ​ចាប់ជំរិត​ក្នុងអំឡុង​ពេលដែល​ពួកគេ​បំពេញការងារ​ដើម្បី​បុព្វហេតុ​មនុស្សធម៌​។​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​បុគ្គល​ទាំងអស់​ដែល​បន្ត​ផ្តល់​សេវា​ដល់​មនុស្ស​រាប់លាន​នាក់​ដែល​កំពុង​ជួប​ការខ្វះខាត​នៅ​ជុំវិញ​ពិភពលោក មិន​ថា​ពួកគេ​ជា​នរណា​នៅ​ទីកន្លែង​ណា​និង​មាន​អ្វី​កើតឡើង​ក៏ដោយ​។​

​ក្នុងនាម​ជា​អ្នកសម្របសម្រួល​ជំនួយ​សង្គ្រោះ​ក្នុងស្ថានភាព​​អាសន្ន​និង​ជា​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​អ្វីដែល​ខ្ញុំ​សន្យា​ចំពោះ​អ្នក​ដែល​ធ្វើការ​​ងារ​ពាក់ព័ន្ធ​នឹង​វិស័យ​មនុស្សធម៌​ក្នុង​ទិវា​មនុស្សធម៌​ពិភពលោក​នេះ គឺ​៖ យើង​នឹង​បន្ត​តស៊ូ​មតិ ដើម្បី​សុវត្ថិភាព និង​សន្តិសុខ​របស់​អ្នក ដរាបណា​អ្នក​បន្តធ្វើ​កិច្ចការ​ដ៏​សំខាន់​របស់​អ្នក យើង​នឹង​ផ្តល់​ភាពជា​អ្នកដឹកនាំ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​គេ​អាច​ព្យាករ​ដឹង​មុន ដើម្បីឱ្យ​អ្នកទទួលបាន​សុវត្ថិភាព​ក្នុងពេល​បំពេញការងារ​មនុស្សធម៌​,​យើង​នឹង​បន្ត​អំពាវនាវ​ឱ្យ​មានការ​ទទួលខុស​ត្រូវ​លើ​ការបំពានច្បាប់​មនុស្ស​​ធម៌​អន្តរជាតិ ហើយ​យើង​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​មើលថែ​អ្នក​នៅពេលដែល​អ្នកត្រូវកា​រ​ការគាំទ្រ​។​

​យើង​មិនអាច​នាំយក​មនុស្ស​ដែល​ត្រូវបាន​គេ​ឆក់យក​ចេញពី​យើង​នោះឡើយ ប៉ុន្តែ​យើង​នៅតែ​បន្ត​ផ្តល់​កិត្តិយស​ដល់​អនុ​​ស្សាវ​រី​យ៍​របស់​ពួកគេ​តាមរយៈ​ការធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​គាំទ្រ​ដល់​អ្នក​ដែល​កំពុង​បន្ត​បំពេញការងារ​ដែល​អ្នក​ទាំងនោះ​បានធ្វើ​កន្លងមក​៕

​ដោយ Martin Griffiths អគ្គ​​លេខាធិការ​រង​ទទួលបន្ទុក​កិច្ច​ការ​មនុស្សធម៌​និង​ជា​អ្នក​សម្រប​សម្រួល​ជំនួយ​សង្គ្រោះ​ក្នុង​ស្ថាន​​ភាពអាសន្ន​ក្នុង​ទិវា​មនុស្សធម៌​ពិភពលោក ​(​ថ្ងៃទី​ ១៩ សីហា​)