ពេញ ១ ឆ្នាំនេះ រដ្ឋសមាជិកអាស៊ាននឹងរៀបចំកិច្ចប្រជុំផ្សេងៗ ដោយមានគោលបំណងចម្បងក្នុងការឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដើម្បីប្រែក្លាយអាស៊ានជាតំបន់ដែលមានសន្តិភាព ស្ថិរភាព ភាពធន់ មានការតភ្ជាប់គ្នា និងមានភាពអង់អាចព្រមជាមួយនឹងសេដ្ឋកិច្ចរស់រវើកមាននិរន្តរភាព និងមានសមាហរណកម្មខ្ពស់។
ប្រធានបទនៅឆ្នាំនេះ គឺ “អាស៊ានដើរតួនាទីសំខាន់៖ចំណុចកណ្តាលនៃកំណើន” ដែលមានរដ្ឋាភិបាលឥណ្ឌូនេស៊ី ជាប្រធានអាស៊ានដូច្នេះគេរំពឹងថា អាស៊ាននឹងផ្តោតលើការពង្រឹងការស្តារសេដ្ឋកិច្ចឡើងវិញពីហេតុប៉ះពាល់ដោយសារជំងឺកូវីដ ១៩។
ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសេដ្ឋកិច្ចមានលក្ខណៈសមាហរណកម្ម តំបន់អាស៊ានក៏កំពុងបញ្ចូល «ការយកចិត្តទុកដាក់ និងគិតគូរដល់ការថែទាំទៅក្នុងគោលនយោបាយស្តីពីសមភាពយេនឌ័រថ្នាក់ជាតិ និងថ្នាក់តំបន់»។ នៅឆ្នាំ ២០២១ អំឡុងពេលរាលដាលខ្លាំងនៃជំងឺកូវីដ ថ្នាក់ដឹកនាំអាស៊ានបានព្រមព្រៀងរៀបចំនិងបង្កើតឡើងនូវ«ក្របខ័ណ្ឌគោលនយោបាយដ៏ទូលំទូលាយមួយស្តីពីសេដ្ឋកិច្ចការថែទាំ»។
អង្គការពលកម្មអន្តរជាតិបានប៉ាន់ប្រមាណថា នៅអាស៊ី និងប៉ាស៊ីហ្វិកប្រជាជនចំនួន ១,១ ពាន់លាននាក់ចំណាយពេល ៨ ម៉ោង ក្នុង ១ ថ្ងៃ ដើម្បីធ្វើការងារថែទាំដែលគ្មានប្រាក់ឈ្នួល ទៅលើការថែទាំអ្នកនៅក្នុងបន្ទុក ក៏ដូចជា ការងារថែទាំដោយប្រយោលដូចជា ការចម្អិនអាហារ ការងារសម្អាតអនាម័យ ការងាររៀបចំផ្ទះសំបែង និងការប្រមូលអុស និងទឹកប្រើប្រាស់។ ស្ត្រីជាអ្នកបំពេញការងារថែទាំទំហំ ៨០ ភាគរយ នៃម៉ោងការងារថែទាំសរុប ហើយចំណាយពេលវេលាច្រើនជាងបុរសរហូតដល់ទៅ ៤,១ ដងធ្វើការងារទាំងអស់នេះដោយឥតគិតថ្លៃ។
ក្របខ័ណ្ឌគោលនយោបាយនេះ គឺជាការបោះជំហានដំបូងដ៏សំខាន់ក្នុងការសម្រេចបានសមភាពយេនឌ័រកាន់តែខ្លាំងជាងមុន ដោយទទួលស្គាល់នូវការងារថែទាំ និងការងារផ្ទះសំបែងដែលគ្មានប្រាក់ឈ្នួល និងការរួមចំណែកមិនអាចកាត់ថ្លៃបាននៃការងារនេះ ចំពោះដំណើរការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់យើង។ ក្របខ័ណ្ឌគោលនយោបាយនេះផ្តោតលើយុទ្ធសាស្ត្រទូលំទូលាយចំនួន ៦ ដែលដោះស្រាយចំពោះតម្រូវការសង្គមនាពេលបច្ចុប្បន្ន និងអនាគតដែលកើតចេញពីការវិវឌ្ឍផ្នែកប្រជាសាស្ត្រ វិសមភាពសង្គម និងបញ្ហាប្រឈមចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានរៀបចំកាលពីខែឧសភា ឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) បានស្នើឱ្យមានការដោះស្រាយកង្វល់ពាក់ព័ន្ធនឹងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ក្នុងតំបន់។
លោកបានមានប្រសាសន៍ថា៖«ស្របតាមទំនៀមទម្លាប់របស់អាស៊ី ដែលឱ្យតម្លៃមនុស្សវ័យចាស់ ដូច្នេះយើងត្រូវចាត់ទុកថា នេះជាឱកាសផង និងជាបញ្ហាប្រឈមផង ជាពិសេសទាក់ទងនឹងការធានាអត្ថប្រយោជន៍ផ្នែកសង្គមពេញលេញក៏ដូចការផ្ដល់ភាពអង់អាចក្នុងសង្គម»។
នេះជាសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ ពីព្រោះការវិវឌ្ឍផ្នែកប្រជាសាស្ត្រនៅក្នុងតំបន់នឹងបង្កើនការងារឱ្យស្ត្រីក្នុងការថែទាំនៅពេលអនាគត។ ការងារថែទាំ និងការវិនិយោគនាពេលបច្ចុប្បន្ននៅក្នុងតំបន់អាស៊ានផ្តោតខ្លាំងលើតួនាទីជាមាតា និងការថែទាំកុមារថា ជាការងាររបស់ស្ត្រីដោយមើលរំលងលើការវិវឌ្ឍប្រជាសាស្ត្រនាពេលខាងមុខ។
ក្របខ័ណ្ឌគោលនយោបាយនេះ ទទួលស្គាល់ថា អត្រាមានកូនកម្រិតទាបនៅប្រទេសមួយចំនួនក្នុងតំបន់ និងការកើនឡើងនូវការចូលរួមកម្លាំងពលកម្មរបស់ស្ត្រីអាចប៉ះពាល់ដល់ប្រព័ន្ធប្រពៃណីគ្រួសារក្នុងការមើលថែទាំមនុស្សវ័យចំណាស់។ ក្របខ័ណ្ឌនេះ រៀបរាប់អំពីភាពចាំបាច់ក្នុងការ «បង្កើតការឆ្លើយតប និងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពទាំងការបង្កើតគោលនយោបាយដែលមានភាពឆ្លាតវៃ និងដំណោះស្រាយជាក់ស្តែងដើម្បីជួយសង្គមនិងត្រៀមលក្ខណៈចំពោះបញ្ហាប្រឈមលើការថែទាំជាលក្ខណៈស្ថាប័នការថែទាំតាមសហគមន៍ ការបណ្តុះបណ្តាល និងការគាំទ្រដល់អ្នកថែទាំ»។
សម្ទុះការងារនេះ ចាប់ផ្ដើមកើតមាននៅក្នុងតំបន់ ហើយប្រទេសនានាដូចជាកម្ពុជា និងឥណ្ឌូនេស៊ីជាដើម កំពុងរៀបចំផែនការសកម្មភាពថ្នាក់ជាតិសម្រាប់សេដ្ឋកិច្ច ការថែទាំ ហើយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ វិសមភាពយេនឌ័រទាក់ទងនឹងការងារថែទាំដែលគ្មានប្រាក់ឈ្នួលបានថយចុះតិចតួចត្រឹមតែ ៧ នាទីប៉ុណ្ណោះ (ពី ១ ម៉ោង និង ៤៩ នាទី មកនៅ ១ ម៉ោង និង ៤២ នាទី)។ តាមរយៈការផ្លាស់ប្តូរក្នុងអត្រាដ៏តិចតួចនេះ ការងារលុបបំបាត់គម្លាតនេះអាចត្រូវចំណាយពេលស្ទើរតែ ៣០០ ឆ្នាំ!
រដ្ឋសមាជិកអាស៊ានភាគច្រើនប្រឈមនឹងការខ្វះស្ថិតិដើម្បីវាស់វែងវឌ្ឍនភាពនៃការងាររបស់ស្ត្រីលើការថែទាំ និងការងារផ្ទះសំបែងដែលគ្មានប្រាក់ឈ្នួល។ ក្រៅពីប្រទេសកម្ពុជា និងប្រទេសថៃ រដ្ឋជាសមាជិកផ្សេងទៀតមិនមានទិន្នន័យអង្កេតគំរូថ្នាក់ជាតិអំពីចំនួនម៉ោងដែលចំណាយលើការងារមានប្រាក់ឈ្នួល និងគ្មានប្រាក់ឈ្នួលឡើយ។ ការដាក់បញ្ចូលការអង្កេតអំពីការប្រើប្រាស់ពេលវេលា និងការអង្កេតគ្រួសារ និងកម្លាំងពលកម្មផ្សេងទៀតទៅក្នុងប្រព័ន្ធស្ថិតិជាតិអាចជួយបង្កើនឥទ្ធិពលផ្នែកសេដ្ឋកិច្ចដែលកើតចេញពីគោលនយោបាយនានាដោយផ្ដោតលើការកាត់បន្ថយបន្ទុករបស់ស្ត្រីលើការងារដែលគ្មានប្រាក់ឈ្នួល និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្ម។
កំណើនសេដ្ឋកិច្ចក្នុងតំបន់បានផ្តល់លទ្ធភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាទឹកស្អាត អនាម័យ ការដឹកជញ្ជូន និងចំណីអាហារក្នុងទីក្រុងជាដើម។ ទោះជាយ៉ាងណា ការដោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលផ្ដល់លទ្ធភាពឱ្យស្ត្រី និងជួយកាត់បន្ថយការចំណាយពេលលើការងារដែលមានផលិតភាពទាប នៅមិនទាន់ទៅដល់ស្ត្រី ដែលរស់នៅតាមទីជនបទនៅឡើយទេ។
អង្គការពលកម្មអន្តរជាតិ (ILO) ប៉ាន់ប្រមាណថា មានកម្មករក្រៅប្រព័ន្ធចំនួន ២៤៤ លាននាក់នៅក្នុងតំបន់អាស៊ាន។ តំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាតំបន់ដែលមានស្ត្រីធ្វើការតាមផ្ទះច្រើនជាងគេបំផុតក្នុងពិភពលោក រហូតដល់ទៅ ៥២,១ ភាគរយ។ អ្នកធ្វើការតាមផ្ទះសរុបចំនួន ៦៧ ភាគរយ ស្ថិតក្រោមច្បាប់ការងាររបស់ប្រទេស ឬបទប្បញ្ញត្តិជាក់លាក់សម្រាប់អ្នកធ្វើការតាមផ្ទះ។
ការបង្កើនការវិនិយោគលើគម្រោងគាំពារសង្គមជាសកល រួមទាំងរបបគាំពារសង្គម និងកម្មវិធីដែលផ្ដោតគោលដៅលើស្ត្រី និងកុមារីអាចពង្រឹងប្រសិទ្ធភាពកម្មវិធីសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គមដែលមានស្រាប់ដែលអនុវត្តដោយរដ្ឋសមាជិកអាស៊ាន។ ការមានតំណាងរបស់អ្នកថែទាំ ការមានសំឡេងក្នុងកិច្ចសន្ទនាសង្គម និងសមត្ថភាពក្នុងការចរចារួមគ្នាដើម្បីបានអត្ថប្រយោជន៍ និងលក្ខខណ្ឌការងារកាន់តែប្រសើរគឺជាមធ្យោបាយ និងវិធានការមួយចំនួនដែលធ្វើឱ្យមានការទទួលស្គាល់ និងដាក់បញ្ចូលស្ត្រី និងការងារថែទាំចូលទៅក្នុងដំណើរការកសាងគោលនយោបាយ។
ការបែងចែកឡើងវិញនូវការងារថែទាំគ្មានប្រាក់ឈ្នួលតម្រូវឱ្យមានការដោះស្រាយផ្នែកបរិបទសង្គម និងទំនាក់ទំនងផ្នែកយេនឌ័រ រវាងស្ត្រី និងបុរស។ នៅក្នុងការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីឆ្នាំ ២០២០ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរកឃើញថា បុរសចង់ឱ្យស្ត្រីចាប់យកការងារដែលមានប្រាក់ឈ្នួលឱ្យបានច្រើនជាងមុន ប៉ុន្តែមិនមានការទទួលស្គាល់ឡើយថា ការផ្លាស់ប្តូរបែបនេះអាចតម្រូវឱ្យមានការថ្លឹងថ្លែងឡើងវិញពីតួនាទីយេនឌ័រនៅក្នុងគ្រួសារ។
ផ្ទុយទៅវិញ បុរសយល់ថា ការងារថែទាំ និងការងារផ្ទះធ្វើឱ្យខាតពេលវេលា ហើយពួកគេមិនមានបំណងចូលរួមក្នុងការងារថែទាំឬការងារផ្ទះឡើយ ។ ការសិក្សានោះបានលើកឡើងបន្ថែមទៀតថា ទោះបីជាស្ត្រី និងបុរសយល់ឃើញថា ការងារថែទាំដែលគ្មានប្រាក់ឈ្នួលគួរត្រូវកាត់បន្ថយក្ដី តែនៅពុំមានការពិភាក្សាទូលំទូលាយនៅក្នុងកិច្ចសន្ទនាគោលនយោបាយ ការផ្លាស់ប្តូរ បរិបទ និងទម្លាប់នៅក្នុងសហគមន៍ ឬការអនុវត្តជាក់ស្ដែងនៅក្នុងគ្រួសារស្តីពីការបែងចែកការងារនេះឡើងវិញនៅឡើយ។
ផ្លូវឆ្ពោះទៅមុខសម្រាប់អាស៊ានគឺត្រូវជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែប្រសើរជាងមុន បង្កើនការរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយផ្តល់ចំណេះដឹងដ៏មានតម្លៃនៅតំបន់។ អាស៊ានមានឱកាសដែលអាចធ្វើឱ្យខ្លួនឯងក្លាយជាអ្នកដឹកនាំគោលនយោបាយលើការថែទាំនៅអាស៊ី ដោយទទួលស្គាល់ថា ការចំណាយលើការថែទាំគឺជា«ការវិនិយោគ»លើអនាគតរបស់ខ្លួន៕
ដោយ លោកស្រី Myrah Butt ប្រធានគោលនយោបាយនិងតស៊ូមតិយុត្តិធម៌យេនឌ័រនៃអង្គការអុកស្វាមអន្តរជាតិ និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា