សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងវ័យ ៤៥ ឆ្នាំ លោកបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាមេដឹកនាំក្មេងជាងគេ ក្នុងចំណោមមេដឹកនាំអាស៊ានទាំង ១០។
ប្រវត្តិសាស្ត្រសាឡើងវិញ? ត្រឹមត្រូវហើយពីព្រោះថា អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ក៏បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងរបស់គាត់នៅឆ្នាំ ១៩៩៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងនាមជាមេដឹកនាំអាស៊ានក្មេងជាងគេដែរ កាលដែលគាត់មានអាយុ ៤៧ ឆ្នាំ។
ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន កម្ពុជាបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឥឡូវនេះ មានរយៈកាល ២៤ ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការតំបន់មួយនេះ ដែលក្នុងរយៈកាលចុងក្រោយនេះ ត្រូវបានគេទទួលស្គាល់ថា ជាតំបន់មួយដែលមានអំណាចការទូត និងសេដ្ឋកិច្ចខ្លាំង តាមរយៈអំណាចកោះប្រជុំ និងប្រមូលផ្តុំមេដឹកនាំនៃប្រទេសសំខាន់ៗជាច្រើននៅលើពិភពលោក ជាពិសេស ក្នុងអំឡុងពេលនៃការកើនឡើងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
ថ្វីដ្បិតតែមានវ័យក្មេងជាងគេក៏ដោយ យើងមិនឃើញមានភាពរដិបរដុប ក្នុងការបំពេញតួនាទីរបស់គាត់ឡើយ នៅក្នុងរដូវកាលនៃកិច្ចប្រជុំកំពូលដំបូងរបស់គាត់ ហើយយើងក៏មិនឃើញមានការវាយតម្លៃស្រាល ពីសំណាក់ដៃគូសន្ទនារបស់គាត់ ដោយសារតែអាយុក្មេងរបស់គាត់ដែរ។ ផ្ទុយទៅវិញ បើវិនិច្ឆ័យលើភាពម៉ឺងម៉ាត់ ហ្មត់ចត់របស់គាត់ និងលទ្ធផលក្រោយពីការប្រជុំនីមួយៗ យើងគួរតែអាចនិយាយបានថា គាត់ពិតជាបានបំពេញតួនាទីបានយ៉ាងល្អ រលូន និងពិតជាគួរឱ្យចាប់អារម្មណ៍។
គាត់អង្គុយដោយមានទំនុកចិត្តក្នុងអំឡុងពេលកិច្ចប្រជុំអាហារពេលព្រឹកជាមួយមេដឹកនាំវៀតណាម និងឡាវ។ រូបថតពីកិច្ចប្រជុំទ្វេភាគីទាំងអស់បានបង្ហាញពីភាពរួសរាយ និងញញឹមញញែមរបស់អ្នកចូលរួមទាំងអស់ ដែលឆ្លុះបញ្ចាំងពីបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់។ ប្រៀបបីដូចជាការជួបគ្នារវាងមិត្តចាស់។ នៅក្នុងជំនួបរបស់គាត់ជាមួយមេដឹកនាំដែលមានវ័យចំណាស់ជាងគាត់ ដូចជាព្រះចៅស៊ុលតង់របស់ប្រ៊ុយណេ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាដើម គាត់បានបង្ហាញពីចរិតសុភាពរាបសា និងគួរសម ប៉ុន្តែម៉ឺងម៉ាត់ និងថ្លៃថ្នូរ។ នេះគឺជាគុណធម៌របស់ខ្មែរក្នុងការបង្ហាញការគោរពចំពោះបុគ្គលដែលមានវ័យចណាស់ជាងយើង ប៉ុន្តែលោកនៅតែរក្សាសមភាពក្នុងចំណោមមេដឹកនាំប្រទេស និងក្នុងចំណោមគ្រួសារអាស៊ាន។
គាត់បានបង្ហាញពីរបៀបរបបការងារបែបសាច់ការ និងផ្តោតលើលទ្ធផលជាចម្បង។ ជាក់ស្តែង គាត់បានឈានដល់ការសម្រេចកិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ីក្នុងការនាំចេញអង្ករចំនួន ២៥ ម៉ឺនតោន ក្នុង ១ ឆ្នាំនៅក្នុងជំនួបលើកដំបូងរបស់គាត់ជាមួយប្រធានាធិបតី ចូកូ វីដូដូ។
ដូចគ្នានេះដែរ អនុស្រណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូរវាងកម្ពុជា-ហ្វីលីពីនក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំលើកដំបូងរបស់គាត់ជាមួយប្រធានាធិបតីហ្វេីឌីណាន់ ម៉ាកូស ជូនៀរ ដែរ។
នៅក្នុងកិច្ចប្រជុំសំខាន់ៗដូចជាកិច្ចប្រជុំកំពូលពេញអង្គ និងកិច្ចប្រជុំចង្អៀត សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងអំពីការវិវឌ្ឍសំខាន់ៗនៅក្នុងតំបន់ ដោយសង្កត់ធ្ងន់លើប្រធានបទរបស់ឥណ្ឌូនេស៊ី៖ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។
យ៉ាងណាមិញ គាត់មិនមែនថ្មីថ្មោងសុទ្ធសាធ ក្នុងកិច្ចការការទូតនោះទេ។ គាត់បានប្រឡូកក្នុងវិស័យនេះ មិនមែនក្រោមស្រមោលនៃឪពុករបស់គាត់ទេ គឺគាត់បានប្រឡូកវិស័យការទូត តាមបែបផែនការងារយោធា។ គាត់បានទៅបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តជាច្រើន ដូចជា ចិន ឥណ្ឌា ជប៉ុន សិង្ហបុរី ថៃ និងវៀតណាមជាដើម ហើយត្រូវបានទទួលដោយកងកិត្តិយស និងមេដឹកនាំនៃប្រទេសជាមិត្ត តាំងពីមុនពេលដែលគាត់ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ គាត់មានជំនាញក្នុងកិច្ចការអន្តរជាតិ កិច្ចការយោធា និងសេដ្ឋកិច្ច ដោយផ្អែកលើសាវតារដ៏រឹងមាំនៃការអប់រំ និងការងាររបស់គាត់។
កិច្ចប្រជុំទាំងអស់នេះ គួរតែសមល្មមសម្រាប់អ្នកសង្កេតការណ៍បរទេស ក្នុងការបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត គឺជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាព និងមានភាពចាស់ទុំជាងអាយុរបស់គាត់។
ប៉ុន្តែនៅមានឥស្សរជនដែលមានស្រមោលឥទ្ធិពលធំម្នាក់ទៀត នៅក្នុងកិច្ចប្រជុំអាស៊ាននោះគឺ អតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន។ នៅក្នុងកិច្ចប្រជុំនោះ គ្រប់គ្នាបាននិយាយអំពីឈ្មោះរបស់គាត់ និងរំឭកពីការណ៍ដែលគាត់បានបន្សល់ទុកកេរដំណែលនានាទាក់ទងនឹងការអភិវឌ្ឍស្ថាប័នរបស់អាស៊ាន ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់សមាហរណកម្មក្នុងតំបន់។
មានភាសិតខ្មែរមួយពោលថា «ទូកទៅ កំពង់នៅ»។ កេរដំណែលរបស់អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន នឹងត្រូវចងចាំក្នុងអាស៊ាន។
ទោះបីជាមានការរិះគន់ប្រឆាំងនឹងរូបលោកដោយផ្អែកលើទស្សនៈរបស់លោកខាងលិចអំពីលទ្ធិប្រជាធិបតេយ្យឥតខ្ចោះក៏ដោយ ក៏សម្តេច ហ៊ុន សែន ទទួលបាននូវការគោរពកោតសរសើរ ពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បើពិចារណាលើទិដ្ឋភាពនៃការកសាងសន្តិភាព ការកសាងប្រទេស ការអភិវឌ្ឍ និងវិស័យការទូត។ នេះគឺជាការកម្រណាស់ដែលប្រទេសតូចមួយដូចជាកម្ពុជា អាចបញ្ចេញឥទ្ធិពលរបស់ខ្លួនលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ន ដូចជា បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងអ៊ុយក្រែនជាដើម។
នេះមិនមែនដោយសារសមត្ថភាពដ៏អស្ចារ្យរបស់អតីតនាយករដ្ឋមន្ត្រីតែម្នាក់ឯងនោះដែរ ប៉ុន្តែក៏ដោយសារថា អាស៊ានបានផ្តល់នូវវេទិកាដែលជាក្របខ័ណ្ឌស្ថាប័នប្រទាក់ក្រឡាដ៏ស្មុគស្មាញ ដើម្បីឱ្យគាត់បានបញ្ចេញឥទ្ធិពលលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម។
ពិតណាស់ ប្រទេសនានានឹងមិនគោរពតាមគាត់ទេ ប្រសិនបើគាត់កេងប្រវ័ញ្ចក្របខ័ណ្ឌនេះ ប៉ុន្តែសម្តេច ហ៊ុន សែន តែងតែព្យាយាមប្រើប្រាស់ក្របខ័ណ្ឌពហុភាគីរបស់អាស៊ាន មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទេ ប៉ុន្តែដើម្បីសន្តិភាព និងស្ថិរភាព។ គាត់មានភាពដាច់ណាត់ ឱ្យតែទាក់ទងនឹងបញ្ហាសន្តិភាព ហើយគាត់តែងតែតស៊ូមតិជំរុញឱ្យមានការសន្ទនាជានិច្ចបើទោះបីជាឱកាសសម្រាប់ការសន្ទនារវាងភាគីជម្លោះ មានតិចតួចបំផុតក៏ដោយ។
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកថា «ខ្ញុំចងចាំនៅពេលដែលការចរចាជាច្រើនលើក បានបរាជ័យ ហើយភាគីទាំងអស់ចេញមកវិញដោយដៃទទេ ប៉ុន្តែ ឆន្ទៈ និងការតាំងចិត្តដ៏មុតមាំដើម្បីសម្រេចសន្តិភាពសម្រាប់ប្រជាជនកម្ពុជាតែងតែនាំពួកយើងឱ្យត្រឡប់ចូលតុចរចាវិញជានិច្ច»។
នៅពេលដែលមេដឹកនាំកម្ពុជាចែករំលែកបទពិសោធន៍នេះជាមួយប្រទេសមីយ៉ាន់ម៉ា គាត់ត្រូវបានគេប្រាប់ថា មីយ៉ាន់ម៉ាមិនអាចចរចាបានទេព្រោះភាគីទាំងសងខាងចាត់ទុកគ្នាជាភេរវករ។ ប៉ុន្តែមេដឹកនាំកម្ពុជាបានរៀបរាប់ពីបទពិសោធន៍របស់គាត់ថា គាត់ត្រូវចូលតុចរចាទោះបីត្រូវចរចាជាមួយខ្មែរក្រហមដែលគេស្គាល់ថាជាមេឃាតករបាតដៃប្រឡាក់ឈាមក៏ដោយ។
តទៅមុខ សម្តេច ហ៊ុន ម៉ាណែត ត្រូវបន្តនូវមរតកដែលសម្តេច ហ៊ុន សែន បន្សល់ទុកក្នុងវិស័យការទូតអាស៊ាន។ នេះជាទំនៀមទម្លាប់ការទូតដ៏យូរអង្វែងរបស់កម្ពុជាដែលផ្តល់តម្លៃដល់សន្តិភាព និងស្ថិរភាពលើសពីអ្វីទាំងអស់ ដោយផ្អែកលើប្រវត្តិសាស្ត្រដោយឡែករបស់កម្ពុជា ដែលបានចារឆ្លាក់នូវចរិតលក្ខណៈនៃវប្បធម៌នយោបាយ និងការទូតរបស់កម្ពុជា៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)