ខ្ញុំនៅចាំបានថាជិត ៣០ ឆ្នាំកន្លងទៅ ក្នុងឱកាសរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងមហោឡារិកអធិកអធមបំផុត ទទួលស្វាគមន៍ព្រះរាជដំណើរមាតុភូមិនិវត្តន៍លើកដំបូងរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ មកកាន់រាជធានីភ្នំពេញនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីដំណោះស្រាយបញ្ហាកម្ពុជាថ្ងៃ ២៣ ខែតុលា ឆ្នាំ ១៩៩១ ដោយមានបដាពាក្យស្លោកជាច្រើនត្រូវបានតាំងជាសាធារណៈឧទ្ទិសដល់ទិវាជាប្រវត្តិសាស្ត្រនេះ។
ក្នុងចំណោមខ្លឹមសារនៃបដាពាក្យស្លោកទាំងនោះខ្ញុំមានការចាប់អារម្មណ៍លើខ្លឹមសារថ្មី ២ ដែលមិនធ្លាប់មានពីមុនមកគឺ៖ ជយោ!សន្តិភាព និងការបង្រួបបង្រួមជាតិនិងជយោ!លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចំពោះខ្លឹមសារនៃពាក្យស្លោក «ជយោ!លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នៅពេលនោះ (ឆ្នាំ ១៩៩១) អាចឱ្យគេបកស្រាយតាមន័យ ២ យ៉ាងខុសគ្នា៖ ម្យ៉ាងអាចមានន័យថាលទ្ធិប្រជាធិបតេយ្យបានកើតមានរួចមកហើយនៅប្រទេសកម្ពុជា។
តែម្យ៉ាងទៀតក៏អាចមានន័យថាលទ្ធិប្រជាធិបតេយ្យនឹងចូលមកដល់កម្ពុជានៅពេលខាងមុខ។ តាមការបកស្រាយទី២ នេះ ក៏មានន័យផងដែរថា លទ្ប្រជាធិបតេយ្យត្រូវបាននាំចូលពីខាងក្រៅមកកាន់ប្រទេសកម្ពុជាតាមរយៈការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលាដែលបានចុះហត្ថលេខាដោយភាគីខ្មែរក្នុងជម្លោះប្រដាប់អាវុធនៅកម្ពុជានិងដោយមានការគាំទ្រពីសហគមន៍អន្តរជាតិពិសេសប្រទេសមហាអំណាចទាំង ៥ ជាសមាជិកអចិន្រៃ្តយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំដឹងក្តីក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ពេលសង្គ្រាមស៊ីវិលផ្ទុះឡើង និងបានរស់រានជីវិតពីទីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ខ្លួនខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតនៅជំនាន់នោះដែលជាសាក្សីរស់នៃការចងចាំរាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទឹកដីកម្ពុជាពីអតីតកាលរួមទាំងរឿងរ៉ាវជាក់ស្តែងខ្លះនៃប្រជាធិបតេយ្យយើងទាំងអស់គ្នាសុទ្ធតែបានទទួលស្គាល់ការពិតមួយមិនអាចបដិសេធបានដែលថា មកទល់បច្ចុប្បន្ននេះ លទ្ធិប្រជាធិបតេយ្យបាននិងកំពុងវិវដ្តប្រែប្រួលជាវិជ្ជមាននៅកម្ពុជា។
ប៉ុន្តែមានមជ្ឈដ្ឋានខ្លះនៅតែប្រកាន់និន្នាការមិនប្រាកដនិយម (Unrealism) មើលមិនឃើញតថភាពសង្គមដោយទម្លាក់កំហុសពីបញ្ហាប្រឈមខ្លះដែលកំពុងកើតឡើងក្នុងសង្គមទៅលើដំណើរការប្រជាធិបតេយ្យ ម្ល៉ោះហើយ ធ្វើឱ្យលទ្ធ ធិប្រជាធិប តេយ្យកំពុងក្លាយជាប្រធានបទនៃការតស៊ូសាធារណមតិយ៉ាងស្រួចស្រាល់នៅក្នុងប្រទេសយើងនាពេលសព្វថ្ងៃនេះ។
សំណួរនៅតែចោទឡើងថា តើកម្ពុជាសព្វថ្ងៃជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែរឬទេ?
ដើម្បីឆ្លើយសំណួរនេះបានគេតោងតែយល់ដឹងឱ្យបានច្បាស់ពីលទ្ធិប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋាននៃភាពប្រាកដនិយមនិងក្នុងបរិបទជាក់ស្តែងនៃប្រទេសនីមួយៗព្រោះថាពុំមានកុងសង់ស៊ុសទេសម្រាប់ការផ្តល់និយមន័យប្រជាធិបតេយ្យ (No consensus exists on how to define democracy)។
និយាយបែបនេះក៏មានន័យថា គេពិតជាពិបាកនឹងកំណត់វិធីសាស្ត្រវាស់កម្រិត «ស្តង់ដាប្រជាធិបតេយ្យ» បានណាស់ ទោះបីជាតាមបែបបស្ចិមប្រទេស ក៏ដោយ។ ជាទូទៅ គេឱ្យនិយមន័យនៃពាក្យ«ប្រជាធិបតេយ្យ (Democracy) ប្រែពីពាក្យដើមជាភាសា ក្រិកបុរាណ «demokratia» ដែលផ្សំមកពីពាក្យថា «demos» មានន័យថា «people ប្រជាជន» និងពាក្យ «kratos» មានន័យថា «rule គ្រប់គ្រង» ពោលគឺដូចអ្វីដែលយើងធ្លាប់ដឹងទាំងអស់គ្នាថា «គ្រប់គ្រងដោយប្រជាជន ឬប្រជាជនជាអធិបតី (ជាធំ)» (rule by the people)។
ឆ្លងកាត់ការវិវឌ្ឍរបស់សង្គមមនុស្សជាតិពីបុរាណមកដល់សម័យទំនើប (Modern era) ដែលចាប់ផ្តើមតាំងពីសតវត្សរ៍ទី ១៧ មកទល់បច្ចុប្បន្នពួកសង្គមវិទូបានសន្មតជាទូទៅថាប្រព័ន្ធគ្រប់គ្រងមួយតាមបែបប្រជាធិបតេយ្យអាចបង្កើតឡើងបានដោយការអនុវត្តសិទ្ធិអំណាចរបស់ពលរដ្ឋតាមរយៈការបោះឆ្នោត( A system of government where the citizens exercise power by voting)។
ក្រៅពីលក្ខខណ្ឌចាំបាច់នានាដើម្បីធានាឱ្យមានលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតហើយដើម្បីឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌កត្តាកំណត់មួយដែលមិនអាចខ្វះបានគឺសន្តិភាពនិងស្ថិរភាព។
ច្បាស់ណាស់ថា តើសិទ្ធិសេរីភាពប្រជាធិបតេយ្យត្រូវបានធានាយ៉ាងដូចម្តេចក្នុងស្ថានភាពសង្គមមានចលាចល ឬប្រទេសមានសង្គ្រាម?
និយាយអំពីចំណុចនេះ ខ្ញុំនៅចាំបានថានៅក្រោយពេលបញ្ចប់ការបោះឆ្នោតសកលនៅកម្ពុជាឆ្នាំ ១៩៩៣ ដែលរៀបចំចាត់ចែងដោយអាជ្ញាធរបណ្តោះអាសន្ន អ.ស.ប (អ៊ុនតាក់) ពួកអ្នកកាសែតនិងអ្នកសង្កេតការណ៍បរទេសមានការចាប់អារម្មណ៍ទៅលើអត្រាខ្ពស់នៃអ្នកចេញទៅបោះឆ្នោត (the voter turnout) នៅពេលនោះមានរហូតដល់ ៨៩,៥៦% នៃចំនួនពលរដ្ឋខ្មែរជាង ៤ លាន ៧ សែននាក់ ដែលបានចុះឈ្មោះបោះឆ្នោត។
ភ្លាមៗដោយគ្រាន់តែពិនិត្យលើចំណង់ និងសម្ទុះទឹកចិត្ត (the eagerness and enthusiasm) ក្នុងការចូលរួមបោះឆ្នោតនាពេលនោះ ពួកគេសន្និដ្ឋានថា ពលរដ្ឋខ្មែរច្រើនលើសលប់គាំទ្រ និងស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។
ខ្ញុំមិនសូវស្របតាមពួកគេប៉ុន្មានទេព្រោះខ្ញុំយល់ថាបើពិនិត្យអំពីបរិយាកាសក្នុងបរិបទនៃការបោះឆ្នោតនៅឆ្នាំ ១៩៩៣ តើអ្វីទៅដែលជំរុញចំណង់ និងសម្ទុះទឹកចិត្តអ្នកបោះឆ្នោតឱ្យពុះកញ្ជ្រោលទៅបោះឆ្នោតក្នុងអត្រាខ្ពស់បែបនេះ?
បើខ្ញុំយល់មិនច្រឡំទេពលរដ្ឋខ្មែរទាំងអស់ដែលបានទម្លាក់សន្លឹកឆ្នោតទៅក្នុងហិបឆ្នោតគឺសុទ្ធតែមានក្តីរំពឹងដែលរង់ចាំយូរយារមកហើយនោះ គឺសុខសន្តិភាព។ ព្រោះថា ក្រោយរយៈពេលសង្គ្រាមរ៉ាំរ៉ៃជិត ៣ ទសវត្សរ៍អ្វីដែលយើងស្រេកឃ្លានជាបន្ទាន់មុនបង្អស់គឺសុខសន្តិភាព។
ចំណែកឯលទ្ធិប្រជាធិបតេយ្យនៅពេលនោះ ពិតមែនជាក្តីរំពឹងយូរអង្វែងសម្រាប់យើងប៉ុន្តែវាហាក់ដូចជាវិញ្ញាសាថ្មីក្នុងក្តីស្រមៃនៅឡើយទេ។ និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា ពេលនោះយើងមិនទាន់ស្រឡាញ់ប្រជាធិបតេយ្យទេ។
ហេតុនេះហើយ បានជាសភាធម្មនុញ្ញដែលប្រសូតចេញពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣ បានចងក្រងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី ២ របស់កម្ពុជាដោយប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។
និយាយមកដល់ត្រឹមនេះ ខ្ញុំសុំបញ្ជាក់ដោយស្មោះត្រង់ថា ខ្លួនខ្ញុំក៏ជាអ្នកស្រឡាញ់ប្រជាធិបតេយ្យម្នាក់ផងដែរ ហើយក៏មិនហ៊ានតាំងខ្លួនថាជាអ្នកចេះដឹងពីប្រជាធិបតេយ្យលើសគេឯងនោះទេ។
សូមមេត្តាចាត់ទុកគំនិតយោបល់ដែលខ្ញុំបង្ហាញដ៏ស្តួចស្តើងនៅពេលនេះជាចំណែកតូចមួយដែលសន្សំបានពីពិសោធជីវិតនិងការរៀនសូត្រពីការជាក់ស្តែងក្នុងប្រទេសនិងនៅក្រៅប្រទេសខ្លះ។
ដោយសារលទ្ធិប្រជាធិបតេយ្យបានក្លាយទៅជានិន្នាការនៃយុគសម័យបច្ចុប្បន្ន មកទល់សព្វថ្ងៃប្រទេសភាគច្រើនលើពិភពលោកនេះបានរៀបចំឱ្យមានការបោះឆ្នោត ហើយប្រទេសនីមួយៗសុទ្ធតែអះអាងថាមានតំណាងស្របច្បាប់ (legitimate representation) របស់ពលរដ្ឋដែលត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ឬដោយប្រយោលពីប្រជាពលរដ្ឋ។
សម្រាប់កម្ពុជាប្រសិនបើយល់ថា លទ្ធិប្រជាធិបតេយ្យត្រូវបាននាំចូលមកពីក្រៅនិងត្រូវបានអនុវត្តចាប់ពីឆ្នាំ ១៩៩៣ គេត្រូវទទួលស្គាល់នូវរាល់ការខិតខំប្រឹងប្រែងដោយកម្ពុជាខ្លួនឯងក្នុងការបញ្ចប់សង្គ្រាមស៊ីវិលដើម្បីបណ្តុះពូនជ្រំនិងថែទាំគ្រាប់ពូជប្រជាធិបតេយ្យនេះឱ្យបានរីកធំធាត់តាមរយៈការរៀបចំ ចាត់ចែងការបោះឆ្នោតដោយខ្លួនឯងរួមទាំងការកសាងពង្រឹងស្ថាប័នប្រជាធិបតេយ្យ ការពង្រីកយន្តការអភិវឌ្ឍសង្គមលើគ្រប់វិស័យក្នុងក្របខ័ណ្ឌនីតិរដ្ឋចាប់ពីឆ្នាំ ១៩៩៨ រហូតមកទល់ពេលនេះ។
ពោលគឺរយៈពេលជាង ២០ ឆ្នាំមកនេះ ស្ថិតក្នុងសុខសន្តិភាព ប្រជាជនកម្ពុជាខិតខំប្រឹងប្រែងកសាងបានលទ្ធិប្រជាធិបតេយ្យមួយសម្រាប់កម្ពុជា។
ទោះបីជានៅតែមានមតិទិតៀនអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងណាក៏ដោយចុះប៉ុន្តែអ្វីដែលគេមិនអាចមើលរំលងបានគឺការពិតដែលថាកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងសុខសន្តិភាពនិងមានការអភិវឌ្ឍក្នុងល្បឿនគួរឱ្យកត់សម្គាល់លើផ្លូវប្រជាធិបតេយ្យមួយដែលប្រជាជនកម្ពុជាបានជ្រើសរើសដោយខ្លួនឯង។
និយាយបែបនេះពុំមែនមានន័យថាប្រជាធិបតេយ្យនៅកម្ពុជាគឺសម្រាប់តែប្រជាជនកម្ពុជាហើយពុំអាចយកទៅប្រៀបផ្ទឹមបានជាមួយនឹងកម្រិតលំដាប់ថ្នាក់ សិទ្ធិ សេរីភាពប្រជាធិបតេយ្យនៃប្រទេសដទៃទៀតលើសកលលោកនោះបានឡើយ។
យើងអាចធ្វើការប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងយើងនិងប្រទេសដទៃទៀតក្នុងតំបន់លើចំណុចខ្លះនៃន្ទស្សន៍ប្រជាធិបតេយ្យ (democracy index) ជាអាទិ៍៖ ការបោះឆ្នោត ការដឹកនាំរបស់រដ្ឋាភិបាលការចូលរួមនយោបាយនិងសេរីភាពស៊ីវិល (civil liberties) រួមទាំងសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន។ល។
តើមានប្រទេសណាខ្លះ? ចំណុចណាខ្លះ? ដែលកម្ពុជាពុំអាចប្រៀបស្មើនឹងគេបានគ្រាន់តែខុសពីគេត្រង់លក្ខណៈដោយឡែករបស់ខ្លួនដែលកម្ពុជាត្រូវកសាង អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យចេញពីមរតកនិងផលវិបាកនៃសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។
ទន្ទឹមនោះ ចាប់តាំងពីឆ្នាំ១៩៩៣ មក តាមរយៈការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាបានរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យតាមបែបបស្ចិមប្រទេសដោយបានខិតខំដកពិសោធដើម្បីអនុវត្តឱ្យស្របទៅតាមស្ថានភាពនិងបរិបទជាក់ស្តែងរបស់កម្ពុជា។
ប្រការសំខាន់គឺយើងមិនចង់ឱ្យគេបង្ខំកម្ពុជាឱ្យចម្លងនូវពុម្ពគំរូប្រជាធិបតេយ្យដែលនាំចូលពីខាងក្រៅមកអនុវត្តទាំងដុលនៅក្នុងប្រទេសខ្លួន។
អ្នកជំនាញអំពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទាំងឡាយបានលើកឡើងថា៖ «គេពុំអាចធ្វើនិប្រវេសន៍ឬនាំចេញ (emigrate) លទ្ធិប្រជាធិបតេយ្យពីប្រទេសមួយទៅប្រទេសមួយបានឡើយ» ពោលគឺលទ្ធិប្រជាធិបតេយ្យស្ថិតស្ថេរ គង់វង្ស និងអភិវឌ្ឍស្របតាមលក្ខណៈដោយឡែកអំពីប្រវត្តិសាស្ត្រ នយោបាយ សង្គម សេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយ។
ក្នុងកម្មវិធីផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ជុំវិញប្រធានបទ «អាហារនិងប្រជាធិបតេយ្យ» (Traçabilité de la démocratie) លោក ឆាយ ហុកផេង បានប្រៀបប្រដូចលទ្ធិប្រជាធិបតេយ្យទៅនឹងម្ហូបអាហារដែលជាតិសាសន៍នៃប្រទេសនីមួយៗមានចំណង់ចំណូលចិត្តខាងរសជាតិប្លែកៗគ្នា។
គាត់បាននិយាយថា៖ «លទ្ធិប្រជាធិបតេយ្យប្រៀបបាននឹងម្ហូបទិព្វមួយដែលបង្កើតឡើងដោយពពួកទេវតានៅឯបស្ចិមប្រទេស។ រីឯក្រុមទេវតានៃប្រទេសក្រីក្រក៏ធ្វើតាមគ្នាតៗរៀងរហូតមក។ ព្រះសមណគោតម ទ្រង់បានត្រាស់ប្រដៅថា ការស្រេកឃ្លានរបស់បុគ្គល ជារោគា ដ៏ធំមួយ ជិឃច្ឆាបរមំរោគាសង្ខារាបរមាទុក្ខា ឯតំ ពាត្វា យថា ភូតំ និព្វានំ បរមំសុខំ។ ដរាបណាគ្មានអាហារនៅក្នុងពោះ ទោះបីស្តាប់ធម្មទេសនាក៏មិនអាចធ្វើឱ្យចម្រើនបញ្ញាបានដែរ។ រីឯភាពចម្រុងចម្រើននៃរបបប្រជាធិបតេយ្យក៏មិនខុសគ្នាដែរ...»។
មុនស្តាប់ការធ្វើអត្ថាធិប្បាយខាងលើនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ធ្វើការប្រៀបប្រដូចលទ្ធិប្រជាធិបតេយ្យបែបបស្ចិមប្រទេសទៅនឹង Fromage ឬ Cheese (ប្រហុកបារាំង) ឯលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាប្រហុកខ្មែរ។ ម្យ៉ាងវិញទៀត គេមិនត្រូវស្រមើស្រមៃពីប្រជាធិបតេយ្យហួសពីភាពប្រាកដនិយមនៃតថភាពសង្គមបានឡើយហើយពិតណាស់គេមិនអាចរកឃើញលទ្ធិប្រជាធិបតេយ្យមួយដែលល្អឥតខ្ចោះ (aflawlessdemocracy) នោះបានទេ ទោះជានៅបណ្តាប្រទេសលោកខាងលិចដែលជាកំណើតនៃលទ្ធិប្រជាធិបតេយ្យក៏ដោយចុះ។ សូមក្រឡេកទៅមើលអ្វីដែលកំពុងតែកើតឡើងសព្វថ្ងៃនេះចំពោះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លះនៅអឺរ៉ុបដូចជា អង់គ្លេស បារាំង អេស្ប៉ាញ ហុងគ្រី ប៉ូឡូញ។ល។
ចុងក្រោយនេះ សង្គមវិទូនិងអ្នកវិទ្យាសាស្ត្រនយោបាយបានទាញអារម្មណ៍ពីភាពមិនប្រក្រតីនៃករណី «ប្រេចស៊ីត» (BREXIT) របស់ចក្រភពអង់គ្លេស និងករណីជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ដោយបានចាត់ទុកថានេះជាវិបត្តិនៃលទ្ធិប្រជាធិបតេយ្យ (democracy and its crisis)។
ហេតុនេះក្នុងបរិបទរបស់កម្ពុជា តើគេត្រូវសំអាងការយល់ឃើញបែបចម្រុះមិនដូចគ្នា (diversified perceptions) ពីលទ្ធិប្រជាធិបតេយ្យធ្វើជាមធ្យោបាយតស៊ូយ៉ាងស្រួចស្រាល់ដើម្បីដណ្តើមសាធារណមតិតាមរបៀបនៃការលើកឡើងច្រំដែលៗ (rhetoric) បំភ្លៃតថភាព (reality) ក្នុងសង្គមជាតិយើងបន្តទៅទៀតឬយ៉ាងណា?
ឧទាហរណ៍ដូចជា៖ ការទម្លាក់កំហុសពីការចាត់វិធានការផ្លូវច្បាប់របស់តុលាការចំពោះអំពើល្មើសបំពានច្បាប់របស់បុគ្គលម្នាក់ឬរបស់គណបក្សនយោបាយមួយទៅលើលំហនៃលទ្ធិប្រជាធិបតេយ្យ ឬករណីយុវតីខ្មែរម្នាក់អាយុស្របាលជាង ២០ ឆ្នាំ ដែលបានកើតធំដឹងក្តីនិងកំពុងរស់នៅប្រទេស បារាំង ហើយតាំងខ្លួនជាតំណាងឱ្យយុវជនកម្ពុជា កំពុងឃោសនាបញ្ចុះបញ្ចូលយុវជននិងមនុស្សដទៃទៀតនៅឯនាយសមុទ្រឱ្យគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលនៃប្រទេសកំណើតឪពុកម្តាយរបស់ខ្លួនក្រោមលេសថា ដើម្បីនាំកម្ពុជាមកកាន់គន្លងនៃលទ្ធិប្រជាធិបតេយ្យវិញ ឬមួយករណីដែលអ្នកនយោបាយជ្រុលនិយមខ្មែរមួយក្តាប់តូចកំពុងឃោសនាយ៉ាងងងើលនៅឯបរទេសបំផ្លើសការពិតពីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសខ្លួន ដោយអំពាវនាវឱ្យមានអន្តរាគមន៍ពីខាងក្រៅចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងអធិបតេយ្យជាតិកម្ពុជា រួមទាំងការជំរុញឱ្យសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាឬមួយករណីដែលកាន់តែធ្ងន់ធ្ងរថែមទៀតនោះគឺការដែលពួកគេអំពាវនាវឱ្យប្រជាជនកម្ពុជាក្រោកឈរឡើងដើម្បីផ្តួលរំលំរបបដឹកនាំរបស់រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌ដោយយកតាមលំនាំចលនាបដិវត្តន៍ពណ៌នៅតាមប្រទេសខ្លះនៅមជ្ឈិមបូព៌ា អតីតអឺរ៉ុបខាងកើត អ៊ុយក្រែនជាដើម...។ល។
តើទាំងនេះជាចលនាស្នេហាជាតិ ស្រឡាញ់ប្រជាជន ឬស្រឡាញ់លទ្ធិប្រជាធិបតេយ្យមែនឬទេ?
ខ្ញុំជឿថា អ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាជន អ្នកប្រជាធិបតេយ្យពិតប្រាកដ អាចឆ្លើយបំភ្លឺបញ្ហានេះបាន ហើយពួកគេទាំងអស់នោះច្បាស់ជាផ្តល់សច្ចភាពដល់ការខិតខំរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ របស់ប្រជាជនកម្ពុជាយើងក្នុងការកសាងអភិវឌ្ឍសង្គមប្រជាធិបតេយ្យមួយក្នុងភាពប្រាកដនិយមដូចបច្ចុប្បន្ន។
គេមិនត្រូវភ្លេចទាល់តែសោះនូវប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ព្រោះគ្រានោះក្នុងពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពស្រាប់តែមានហេតុការណ៍ដ៏សែនអកុសលកើតដោយសារនយោបាយរវើរវាយអំពីសេរីភាពប្រជាធិបតេយ្យជ្រុលហួសហេតុរបស់ពួកអ្នកដែលធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយមដែលបើកផ្លូវភ្លាមឱ្យមានអន្តរាគមន៍យោធាបរទេសចូលមកកម្ពុជាក្លាយជាឆ្នួនបញ្ឆេះភ្លើងសង្គ្រាមសន្ធោសន្ធៅ រួចបន្តឱកាសឱ្យពួកខ្មែរក្រហមចូលកាន់អំណាចនិងអនុវត្តនយោបាយឆ្កួតលេលារបស់ពួកគេដែលចង់កសាងប្រទេស «កម្ពុជាប្រជាធិបតេយ្យ» មួយឯករាជ្យម្ចាស់ការ គ្មានវណ្ណៈជិះជាន់ហើយដែលទីបំផុតគឺគ្មានអ្វីក្រៅពីការជ្រមុជមាតុភូមិជាទីស្នេហានៃយើងទៅក្នុងមហាសោកនាដកម្ម វិនាសកម្មនៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍។ នេះជាមេរៀនដ៏សែនឈឺចាប់ខ្លោចផ្សាដែលជាមរតកបន្សល់ទុកសម្រាប់យើងគ្រប់គ្នាមកដល់ថ្ងៃនេះ។
ជាសរុប ខ្ញុំយល់ថា មកដល់បច្ចុប្បន្ននេះក្នុងពេលដែលស្ថានការណ៍ពិភពលោកកំពុងវិវដ្តប្រែប្រួលយ៉ាងឆាប់រហ័សហើយសណ្តាប់ធ្នាប់សកល (the world order) នៅតែបន្តប្រឈមជាមួយនឹងភាពមិនប្រាកដប្រជា (uncertainties) ខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច (geopolitics/geoeconomics) ប្រទេសនីមួយៗសុទ្ធតែខិតខំដណ្តើមអំណាចខាងការប្រកួតប្រជែងដើម្បីប្រយោជន៍រៀងៗខ្លួនតាមនិន្នាការនៃគោលការណ៍កំណត់មួយដែលថា៖ «ក្នុងទំនាក់ទំនងអន្តរជាតិ គ្មានទេមិត្ត គ្មានទេសត្រូវពិតប្រាកដគឺមានតែប្រយោជន៍»។
ហេតុនេះ កម្ពុជាទន្ទឹមនឹងខិតខំសម្របខ្លួនទៅតាមនិន្នាការសកលយើងក៏ត្រូវប្រឹងប្រែងបន្តទៀតដើម្បីអាចឈរដោយខ្លួនឯងបានយ៉ាងស្វាហាប់សំដៅធានាជំហានរឹងមាំនៃដំណើរជាតិកម្ពុជាលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅកាន់អនាគតរុងរឿង ថ្កុំថ្កើង។ ចង់បានយ៉ាងដូច្នេះ វាល្មមដល់ពេលដែលកូនខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ត្រូវតម្កល់ផលប្រយោជន៍ជាតិជាចម្បងដោយត្រូវផ្អែកលើកម្លាំងសាមគ្គីជាតិទាំងមូលបន្តរក្សាការពារសេចក្តីសុខសន្តិភាពនិងជំរុញការអភិវឌ្ឍដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជយលាភីណូបែលសេដ្ឋកិច្ច Douglass C.North បានកំណត់ថា «ក្នុងសង្គមនីមួយៗ ស្ថាប័នគឺជាវិធាននៃល្បែង (institutions are the rule of the gamein a society)»។
ហេតុនេះ ក្នុងដំណើរការពង្រឹងស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា គេមិនគប្បីលេងល្បែងប្រជាធិបតេយ្យដែលគ្មានវិធានអ្វីនោះសោះឡើយ ពិសេសវិធានផ្លូវច្បាប់និងសីលធម៌។ ពោលគឺលទ្ធិប្រជាធិបតេយ្យត្រូវផ្សារភ្ជាប់ជិតស្និទ្ធជាមួយនីតិរដ្ឋ (rule of law) និងផលប្រយោជន៍ប្រជាជនហើយច្បាស់ណាស់ គេមិនត្រូវប្រើប្រាស់ប្រជាធិបតេយ្យធ្វើជាឧបករណ៍សម្រាប់គ្រាន់តែដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួនសោះឡើយ។
ធ្វើបានយ៉ាងដូច្នេះ ទើបពិតជាការជំរុញដំណើរជាតិកម្ពុជាយើងឱ្យស្ថិតនៅលើផ្លូវប្រជាធិបតេយ្យឆ្ពោះទៅកាន់អនាគតដែលជាបំណងប្រាថ្នារួមគឺសេចក្តីសុខក្សេមក្សាន្ត រុងរឿង ថ្កុំថ្កើងរបស់មាតុភូមិនិងប្រជាជនយើងសម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយបន្តទៅទៀត៕
ដោយៈ ទេស ទុំ