ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំនេះ ជាមួយនឹងប្រធានបទ “សុខភាពផ្លូវចិត្តគឺជាសិទ្ធិមនុស្សសកល” យើងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់កុមារក្មេងជំទង់និងយុវជននៅកម្ពុជា។ ជំងឺរាតត្បាតជាសកលកូវីដ ១៩ បានធ្វើឱ្យសុខភាពផ្លូវចិត្តក្លាយជាបញ្ហាសកលមួយ ដោយបង្ហាញពីវិបត្តិមួយដែលពិភពលោកមិនធ្លាប់មានពីមុនមក។
ជំងឺរាតត្បាតជាសកលនេះគឺគ្រាន់តែជាដុំតូចមួយនៃផ្ទាំងទឹកកកតែប៉ុណ្ណោះ។ យោងតាមយូនីសេហ្វ ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧ នាក់ ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំទទួលរងវិបត្តិផ្លូវចិត្ត។ នៅទូទាំងសកលលោក អត្តឃាតគឺជាមូលហេតុនាំមុខគេទី៤ នៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ ឆ្នាំ។
យូនីសេហ្វនិង UNFPA ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលប្តេជ្ញាយ៉ាងពេញលេញដើម្បីផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ដល់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិផ្លូវចិត្ត ឬការថប់បារម្ភ មិនគួរជាបញ្ហាសុខភាពសាធារណៈតែមួយនោះទេ ប៉ុន្តែគួរតែត្រូវបានគេទទួលស្គាល់ថាជាក្តីបារម្ភរបស់សង្គមមួយផងដែរ។
វិបត្តិនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងបំផុតមកលើកុមារ ក្មេងជំទង់ និងយុវជន ដែលគេមិនធ្លាប់បានជួបប្រទះនាពេលកន្លងមក។ នៅក្នុងឆ្នាំ ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់បានស្លាប់ដោយសារការធ្វើអត្តឃាត ដែលភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ។ ប្រជាជនកម្ពុជាប្រមាណកន្លះលាននាក់ទទួលរងផលប៉ះពាល់ដោយវិបត្តិបាក់ទឹកចិត្ត ឬការថប់បារម្ភ ដែលជាកត្តារួមចំណែកដ៏ធំចំពោះការធ្វើអត្តឃាត។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ ប្រមាណ ៥៨ ភាគរយនៃសិស្សនៅថ្នាក់មធ្យមសិក្សាបានរាយការណ៍ឱ្យដឹងថាបានទទួលរងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់ចំនួនមួយករណីបន្ទាប់ពីមានការបិទសាលាយ៉ាងយូរដោយសារតែជំងឺកូវីដ ១៩។
ជំងឺរាតត្បាតជាសកលនេះបានធ្វើឱ្យគ្រួសារជិតកន្លះលានធ្លាក់ខ្លួនក្នុងភាពក្រីក្រដោយធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះហើយករណីរំលោភបំពាន និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រកើនឡើងកាន់តែច្រើន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺកុមារ និងក្មេងជំទង់ប្រមាណ ៤០% បានទទួលរងអំពើហិង្សា និងការបំពានផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការរំលោភបំពានផ្លូវភេទ និងការគំរាមកំហែងផងដែរ។
ដូចកុមារជាច្រើនក្នុងពិភពលោកដែរ ក្មេងជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃក៏ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ផងដែរ ដោយសារតែវិបត្តិអាកាសធាតុដែលមនុស្សជំនាន់មុនបន្សល់ទុកឱ្យពួកគេ ដែលអាចធ្វើឱ្យពួកគេគ្មានទីពឹង ឬងាយរងគ្រោះ។ ជំងឺរាតត្បាតជាសកលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត ប៉ុន្តែក៏បានជួយបំបែកភាពស្ងៀមស្ងាត់ផងដែរយើងបានចូលរួមក្នុងកិច្ចសន្ទនានេះ។
កាលពីឆ្នាំកន្លងទៅយូនីសេហ្វនិង UNFPA បានវិនិយោគលើវេទិកាឌីជីថលនិងទូរស័ព្ទចល័ត ដើម្បីបង្កើតកាលានុវត្តភាពបន្ថែមទៀតសម្រាប់កិច្ចសន្ទនានិងផ្តល់ព័ត៌មានអំពីសុខភាពផ្លូវចិត្ត ក៏ដូចជាមធ្យោបាយសម្រាប់ស្វែងរកការគាំទ្រ។
UNFPA រួមជាមួយនឹងអាជ្ញាធរជាតិ បានដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទចល័តសុខភាពយុវជន (Youth Health mobile App) ដើម្បីផ្សារភ្ជាប់ក្មេងវ័យជំទង់និងយុវជនទៅនឹងការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ ដោយអនុញ្ញាតឱ្យពួកគេទទួលបានព័ត៌មាននិងសេវាប្រឹក្សាតាមបណ្តាញទូរស័ព្ទជំនួយ ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ។
យូនីសេហ្វបានចាប់ផ្តើមធ្វើយុទ្ធនាការ #IFeelBetterWhen ដោយបានគ្របដណ្តប់លើយុវជន និងក្មេងជំទង់ប្រមាណ ១,៤ លាននាក់ ជាមួយនឹងការណែនាំតាមប្រព័ន្ធអនឡាញដើម្បីជួយដោះស្រាយបញ្ហាថប់អារម្ភរណ៍។
យើងបានចាត់វិធានការ។ នៅតាមសាលារៀនយូនីសេហ្វ និង UNFPA បានចូលរួមយ៉ាងសកម្មក្នុងការអប់រំបំណិនជីវិតដែលជួយសិស្សទទួលបានសុខភាពផ្លូវចិត្តវិជ្ជមាន បង្កើតបន្ទប់សុខភាពនៅក្នុងសាលាដែលអាចផ្តល់សេវាថែទាំនិងបណ្តុះបណ្តាលអ្នកអប់រំដែលជាយុវជន។ លើសពីនេះទៀតយើងសហការជាមួយស្ថាប័នជាតិដើម្បីផ្តល់ការគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម (MHPSS) នៅក្នុងសេវាសាធារណៈ និងគំនិតផ្តួចផ្តើមស្តីពីការចិញ្ចឹមកូន ដែលគាំទ្រសេវាសាធារណៈតាមរយៈការផ្តល់ប្រឹក្សាដល់ឪពុកម្តាយ និងអ្នកថែទាំ។
កម្ពុជាកំពុងតែជំរុញធនធានមនុស្ស និងការអភិវឌ្ឍរបស់ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៤-២០២៨) ដែលផ្តល់ទិសដៅដល់ក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDCF ២០២៤-២០២៨)។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចបានគោលដៅប្រកបដោយមហិច្ឆតាជាច្រើនរបស់ប្រទេសនេះនឹងមានការពិបាកប្រសិនបើមិនមានការសម្រេចបានសិទ្ធិកុមារ និងយុវជន រួមទាំងការវិនិយោគលើការពង្រីកសេវាថែទាំសុខភាពផ្លូវចិត្តដែលចាំបាច់នៅទូទាំងប្រទេសទេនោះ។ ជំនាន់មួយដែលមិនអាចទទួលបានការគាំទ្រដែលចាំបាច់នឹងក្លាយជាជំនាន់ដែលបាត់បង់សក្តានុពល។
ការវិភាគនាពេលថ្មីៗនេះបានរកឃើញថា អត្ថប្រយោជន៍សេដ្ឋកិច្ចនៃការវិនិយោគនៅក្នុងអន្តរាគមន៍គាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម (MHPSS) គឺលើសពីការចំណាយលើការអនុវត្ត។ សម្រាប់រាល់ប្រាក់ ១ ដុល្លារអាមេរិកដែលវិនិយោគលើការអប់រំជំនាញសង្គមនិងផ្លូវអារម្មណ៍ គេអាចបញ្ចៀសបាននូវការខាតបង់ប្រាក់ចំណូលពេញ ១ ជីវិតចំនួន ២២៥ ដុល្លារអាមេរិក។
មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ
យើងសូមអំពាវនាវដល់រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូវិស័យសាធារណៈ និងឯកជន ឱ្យប្តេជ្ញាចិត្តផ្សព្វផ្សាយនិងចាត់វិធានការរួមគ្នាដើម្បីគាំទ្រសុខភាពផ្លូវចិត្តឱ្យកាន់តែប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក្មេងជំទង់និងអ្នកថែទាំទាំងអស់។
យើងត្រូវរួមគ្នាចាត់វិធានការចំនួន ៥ ជាបន្ទាន់៖ ១. បំបែកភាពស្ងៀមស្ងាត់ជុំវិញបញ្ហាសុខភាពផ្លូវចិត្ត, ប្រយុទ្ធប្រឆាំងការមាក់ងាយ និងផ្តល់អំណាចដល់សហគមន៍ដែលមានការយល់ដឹងនិងសមត្ថភាពកាន់តែប្រសើរក្នុងការនិយាយអំពីសុខភាពផ្លូវចិត្តនៅផ្ទះ នៅសាលារៀន នៅកន្លែងធ្វើការ និងនៅគ្រប់វេទិកា និងការពិភាក្សាទាំងអស់។ យើងត្រូវលើកកម្ពស់សុខភាពផ្លូវចិត្តតាមរយៈការអប់រំ និងក្រុមគាំទ្រមិត្ត គាំទ្រយុទ្ធនាការផ្សព្វផ្សាយនៅសហគមន៍ប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមនិងប្រព័ន្ធផ្សព្វផ្សាយធំៗ ដើម្បីផ្តួចផ្តើមកិច្ចសន្ទនា និងផ្តល់ព័ត៌មាន និងការណែនាំល្អៗអំពីរបៀបដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនិងវិធីស្វែងរកការគាំទ្រ។
២. ផ្តល់ឱ្យកុមារ ក្មេងជំទង់ យុវជន និងអ្នកថែទាំទទួលបានការគាំទ្រប្រកបដោយគុណភាពនិងទាន់ពេលវេលានៅគ្រប់ពេលនិងគ្រប់ទីកន្លែងដែលពួកគេត្រូវការ តាមរយៈការវិនិយោគសាធារណៈ និងឯកជនជាបន្ទាន់ក្នុងសេវាគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម និងបុគ្គលិកនៅគ្រប់វិស័យ ជាពិសេសសុខាភិបាល អប់រំ កិច្ចការពារកុមារ និងកិច្ចគាំពារសង្គម។
កម្មវិធី និងសេវាកម្មដែលមានស្រាប់សម្រាប់សុខភាពផ្លូវចិត្ត ចាំបាច់ត្រូវតែពង្រីកដោយមានការសម្របសម្រួលល្អរវាងវិស័យសាធារណៈ និងឯកជន។ សេវាគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម ត្រូវរួមបញ្ចូលទៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានារួមទាំងសេវាថែទាំសុខភាពមាតានិងទារកទូទាំងប្រទេស និងតំបន់ដាច់ស្រយាលនិងជនបទដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោលឡើយ។ សេវាកម្មគាំទ្រតាមតម្រូវការ និងគ្រប់ជ្រុងជ្រោយគួរតែមានសម្រាប់ក្រុមងាយរងគ្រោះនានា រួមទាំងជនមានពិការភាពជនជាតិភាគតិច ជនចំណាកស្រុក ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) និងជនរងគ្រោះដោយការរំលោភបំពាន និងអំពើហិង្សា ផងដែរ។
៣. លើកទឹកចិត្តសហគមន៍ និងក្រុមគ្រួសារឱ្យចូលរួមក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពផ្លូវចិត្ត តាមរយៈកម្មវិធីចិញ្ចឹមកូនដែលផ្តល់ដល់អ្នកថែទាំនូវឧបករណ៍ដែលពួកគេត្រូវការដើម្បីគាំទ្រខ្លួនឯងនិងកូនរបស់ពួកគេ ការអប់រំបំណិនជីវិតដែលជួយក្មេងជំទង់កសាងភាពធន់ផ្នែកផ្លូវអារម្មណ៍ និងមធ្យោបាយសម្រាប់ការចូលរួមយ៉ាងសកម្ម និងប្រកបដោយអត្ថន័យនៅក្នុងការគាំទ្រផ្លូវចិត្តនិងចិត្តសង្គម។
៤. បង្កើតទិន្នន័យបន្ថែម និងធ្វើការស្រាវជ្រាវបន្ថែមទៀតលើការគាំទ្រផ្លូវចិត្តនិងចិត្តសង្គមដើម្បីជំរុញការអភិវឌ្ឍគោលនយោបាយជាបន្ត និងការសម្រេចចិត្តវិនិយោគ។
៥. ពង្រីកការទទួលបានការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ព័ត៌មានដល់យុវជនកាន់តែច្រើនថែមទៀត អំពីធនធានអប់រំនិងសេវាសុខភាពផ្លូវចិត្ត។ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះទេ យើងបំផ្លាញឱកាសរបស់មនុស្សជំនាន់ក្រោយក្នុងការសិក្សា អភិវឌ្ឍ កសាងទំនាក់ទំនងប្រកបដោយអត្ថន័យ និងរួមចំណែកដល់ពិភពលោក។ ហើយនៅពេលយើងមិនយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ឪពុកម្តាយ និងអ្នកថែទាំទេនោះមានន័យថា យើងមិនបានជួយពួកគេក្នុងការចិញ្ចឹមបីបាច់ និងថែទាំកូនរបស់ពួកគេឱ្យអស់ពីសមត្ថភាពរបស់ពួកគេឡើយ។
សុខភាពផ្លូវចិត្ត គឺជាសិទ្ធិមនុស្សសកលមួយហើយវាក៏ជាសិទ្ធិរបស់កុមារសកលផងដែរ ដែលគាំទ្រដល់ការគោរពតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ។ ចូរយើងស្រមៃមើលប្រទេសកម្ពុជា ដែលក្នុងនោះសុខភាពផ្លូវចិត្តគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងអនាគតដ៏ត្រចះត្រចង់មួយ។
ការបញ្ចេញសក្ដានុពលរបស់យុវជនកម្ពុជាមានន័យថាជាការលើកស្ទួយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេ ហើយកាលណាចិត្តយើងរីកចម្រើន ប្រទេសជាតិយើងក៏រីកចម្រើនដែរ។ ពេលវេលាដែលត្រូវចាត់វិធានការរួមគ្នាគឺឥឡូវនេះ៕
ទស្សនៈរបស់យូនីសេហ្វ (UNICEF) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅក្នុងប្រទេសកម្ពុជា