ភ្លៀងធ្លាក់នាពេលថ្មីៗនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅកម្ពុជាមានសេចក្តីសោមនស្សរីករាយលើសពីធម្មតា។ រលកកម្តៅក្នុងរយៈពេលដ៏យូរកន្លងមកនេះបានបង្កឲ្យមានភាពក្ដៅខ្លាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ សីតុណ្ហភាពខ្ពស់ដែលមិនធ្លាប់មានបានហក់ឡើងដល់ជិត ៥០អង្សារសេនៅតំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស នៅទីក្រុងនិងទីប្រជុំជនដែលមានសំណង់អគារច្រើនកកកុញ។
បម្រែបម្រួលអាកាសធាតុ គឺជាមូលហេតុចម្បងនៃស្ថានភាពអាក្រក់នេះ។ វាជារឿងអកុសលមួយដែលកត្តានេះបានធ្វើឲ្យផែនដីរបស់យើងឡើងកម្តៅ ហើយសីតុណ្ហភាពទាំងនេះទំនងជានឹងឡើងបន្តទៀតនៅឆ្នាំខាងមុខ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា គួរត្រៀមខ្លួនសម្រាប់កំណើនសីតុណ្ហភាពនៅកម្រិតបន្ទាប់ទៀត។
ដោយសារប្រជាជនកម្ពុជាភាគច្រើនពឹងផ្អែកលើម៉ាស៊ីនត្រជាក់ឬកង្ហារអគ្គិសនីដើម្បីធ្វើឱ្យត្រជាក់ និងសម្របខ្លួនទៅនឹងអាកាសធាតុក្តៅ ការទទួលបានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ មានភាពចាំបាច់ណាស់ក្នុងអំឡុងពេលដែលមានរលកកម្តៅនេះ។
លើសពីនេះ ការទទួលបានថាមពលអគ្គិសនីគ្រប់គ្រាន់ ក៏ជាកត្តាដែលញុំាងឲ្យមានការទទួលបានទឹកប្រើប្រាស់ដែលចាំបាច់បំផុតក្នុងការបំពេញតាមតម្រូវការនារដូវក្តៅនេះផងដែរ។ ថ្វីបើតម្រូវការថាមពលអគ្គិសនីក្នុងអំឡុងពេលមានរលកកម្តៅ បានស្ទុះឡើងខ្ពស់យ៉ាងណាក្តី ក៏យើងសង្កេតឃើញថាបណ្ដាញអគ្គិសនីកម្ពុជានៅតែមានភាពធន់ និង ស្ថិរភាព ជាមួយនិងផលរំខានតិចតួចបំផុតទៅលើប្រព័ន្ធគ្រប់គ្រងនិងប្រតិបត្តិការ ហើយនៅតែមានសមត្ថភាពផ្គត់ផ្គង់តាមកំណើនតម្រូវការបានដដែល។
កត្តាចម្បងដែលបានបង្កើនភាពធន់ និងស្ថិរភាពនៅក្នុងប្រព័ន្ធថាមពលអគ្គិសនីនៅកម្ពុជា គឺការវិនិយោគនៅក្នុងទំហំដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងប្រទេសនេះទៅលើថាមពលកកើតឡើងវិញក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមក។
តើប្រទេសកម្ពុជាសម្រេចបាន សមិទ្ធផល នេះដោយរបៀបណា?
បន្ទាប់ពីសង្រ្គាមស៊ីវិលរយៈពេលបីទសវត្សរ៍កន្លងមក ប្រទេសនេះបានបោះជំហានដំបូងរបស់ខ្លួន តាមរយៈការកសាង និងជួសជុលឡើងវិញ នូវប្រព័ន្ធអគ្គិសនី របស់ខ្លួនដែលបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ។ ក្រោយមក ជំហានដ៏ធំជាលើកទីពីរ គឺការផ្តោតលើវិស័យថាមពល ដែលប្រទេសនេះបានកាត់បន្ថយការពឹងផ្អែក និងការប្រើប្រាស់ប្រេងឥន្ធនៈដែលហៅថា Heavy Fuel Oil (ដែលជាធម្មតាមានតម្លៃខ្ពស់) ដោយបានបង្កើនទំហំផលិតកម្មថាមពលអគ្គិសនីតាមរយ:ថាមពលកកើតឡើងវិញរបស់ខ្លួន។
ថាមពលកកើតឡើងវិញចម្បងៗនៅកម្ពុជារួមមាន ថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យឬថាមពលសូឡា។ សព្វថ្ងៃនេះ ថាមពលវារីអគ្គិសនីបានរួមចំណែកយ៉ាងសកម្ម ដែលមានសមត្ថភាពស្មើនឹង ៤៥% នៃថាមពលអគ្គិសនីសរុប ដែលផលិតនៅក្នុងស្រុក។
ប្រព័ន្ធថាមពលអគ្គិសនីរបស់កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហានដ៏ធំបន្ទាប់ទៀត តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញចម្រុះឬហៅថា Variable Renewable Energy (VRE) និងប្រើប្រាស់បន្ថែមទៀតនូវសក្ដានុពលថាមពលខ្យល់ និងថាមពលសូឡាដ៏ច្រើនលើសលុបរបស់ខ្លួន។ តាមរយៈការធ្វើបែបនេះ វានឹងធ្វើឲ្យប្រព័ន្ធថាមពលអគ្គិសនីនៅកម្ពុជានឹងកាន់តែធន់នឹងបម្រែបម្រួលអាកាសធាតុ និងអាចមានសមត្ថភាព បំពេញតម្រូវការកំណើនថាមពលនៅពេលអនាគត។
ដំបូងឡើយ គេយល់ថា ការធ្វើឲ្យប្រព័ន្ធអគ្គិសនីនៅកម្ពុជាមានតុល្យភាព តាមរយៈការបង្កើនភាគរយនិងទំហំនៃការផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ និងខ្យល់ នឹងពុំអាចទៅរួចដូចការរំពឹងទុកឡើយ ពីព្រោះប្រភពថាមពលទាំងពីរនេះ ប្រែប្រួលទៅតាមពេលវេលាប្រចាំថ្ងៃ និងពឹងផ្អែកខ្លាំងលើអំណោយផលនៃអាកាសធាតុ។ ដោយសារតែបម្រែបម្រួល និងភាពមិនទៀងទាត់ទាំងនេះហើយ ទើបគេសន្មតថា ថាមពលកកើតឡើងវិញចម្រុះ VRE ជាប្រភពថាមពលដែលមិនអាចជឿទុកចិត្តបាន និងអាចជាមូលហេតុដែលធ្វើឲ្យប្រព័ន្ធអគ្គិសនីគ្មានស្ថិរភាពឬជានិច្ចកាលបណ្តាលឲ្យមានករណីដាច់ភ្លើង នៅពេលមានកំណើនអ្នកប្រើប្រាស់ច្រើន។ ដំណឹងល្អ គឺថា ការសន្មតបែបនេះលែងជាការពិតទៀតហើយ។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំក្នុងវិស័យថាមពលនៅកម្ពុជាមានការយល់ដឹងកាន់តែខ្លាំងអំពីរបៀបគ្រប់គ្រងភាពប្រែប្រួលនៃថាមពលកកើតឡើងវិញ របៀបរៀបចំផែនការ របៀបធ្វើការច្របាច់បញ្ចូលគ្នា និងវិធីគ្រប់គ្រងនិងប្រតិបត្តិប្រព័ន្ធថាមពលកកើតឡើងវិញចម្រុះ VRE។ ការយល់ដឹងនេះជាហេតុញុំាងឲ្យ បរិមាណថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យសព្វថ្ងៃកើន និងមានចំនួនស្មើនឹងប្រមាណ ៦% នៃផលិតកម្មថាមពលក្នុងស្រុករបស់កម្ពុជា។ ពួកគាត់បានរៀនសូត្រយ៉ាងច្រើនពីបណ្ដាប្រទេសនានា ដូចជា អូស្រ្តាលី ដែលជាប្រទេសទទួលបានជោគជ័យក្នុងការប្រើប្រាស់ និងពង្រីកប្រព័ន្ធថាមពលកកើតឡើងវិញចម្រុះ VRE តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាថាមពលកកើតឡើងវិញបន្ថែមទៅក្នុងប្រព័ន្ធ VRE ទាំងនេះ ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីដែលអាចជឿជាក់បាន និងទាន់ពេលវេលា ជាពិសេស នៅពេលតម្រូវការកើនឡើងខ្លាំង។
ជាឧទាហរណ៍ ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យនិងខ្យល់ដែលសេសសល់ពីតម្រូវការ អាចត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធស្តុកថាមពល (ឬ Energy Storage System) ហើយយកមកបំពេញតម្រូវការប្រើប្រាស់វិញ ជំនួសពេលដែលសមត្ថភាពផលិតថាមពលរបស់វារីអគ្គិសនីថយចុះ។ លើសពីនេះ បច្ចេកវិទ្យាស្តុកថាមពលថ្មីៗ ដូចជា ប្រព័ន្ធស្តុកថាមពលដោយការបូមទឹកទុកនៅទីខ្ពស់ (ឬ Pumped Hydro Energy Storage System: PHES) បានបន្ថែមគុណសម្បត្តិនិងភាពបត់បែនមួយកម្រិតទៀតដល់ថាមពលកកើតឡើងវិញ ដែលជាហេតុធ្វើឲ្យប្រព័ន្ធថាមពលទាំងមូលកាន់តែមានភាពធន់និងសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបចំពោះហេតុការណ៍នានាដែលមិនអាចព្យាករណ៍ទុកមុនបាន។
ថ្នាក់ដឹកនាំក្នុងវិស័យថាមពលកម្ពុជាបានយល់ច្បាស់ពីចំណុចសំខាន់ៗមួយចំនួន ដូចជាគុណវិបត្តិនៃ ការវិនិយោគទៅលើឥន្ធនៈផូស៊ីល ដែលនឹងបង្កើនភាពងាយរងគ្រោះដល់ប្រព័ន្ធថាមពលអគ្គិសនីសព្វថ្ងៃ។ ម្យ៉ាងវិញទៀត ការឡើងថ្លៃឥតព្រៀងទុកនៃធ្យូងថ្មដែលកម្ពុជានាំចូលពីបរទេស នឹងធ្វើឱ្យប្រទេសនេះប្រឈមនឹងទីផ្សារដែលគ្មានតម្លៃឋិតឋេរ និងជាហេតុបណ្តាលឲ្យតម្លៃថាមពលអគ្គិសនីក្នុងមួយគីឡូវ៉ាត់ម៉ោងកាន់តែខ្ពស់បើធៀបទៅនិងថាមពលកកើតឡើងវិញ។ ទិដ្ឋភាពដដែលនេះ ក៏នឹងអាចកើតឡើងដែរប្រសិនការវិនិយោគនានានៅពេលអនាគតផ្តោតចក្ខុវិស័យទៅលើឧស្ម័នធម្មជាតិរាវ (ឬ Liquified Natural Gas)។
បន្ថែមពីនេះ ភាពមិនទៀងទាត់ក្នុងការទទួលបានហិរញ្ញប្បទានក្នុងការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នឹងធ្វើឱ្យកម្រិតនៃភាពមិនច្បាស់លាស់កាន់តែអាក្រក់ធ្ងន់ធ្ងរជាងមុន។ តើវាសមហេតុផលដែរទេដែលយើងគួរផលិតថាមពលអគ្គិសនីពីធ្យូងថ្មឬឧស្ម័នធម្មជាតិសម្រាប់បំពេញតម្រូវការនិងការពារប្រជាជនកម្ពុជាពីរលកកម្តៅ ទាំងដែលដើមចមនៃការឡើងកម្តៅលើភពផែនដីគឺជាការប្រើប្រាស់ឥន្ធនៈផូស៊ីល?
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានកំណត់មាគ៌ាបៃតងមួយសម្រាប់ប្រទេសកម្ពុជាតាមរយៈការបង្កើនការវិនិយោគទៅលើថាមពលកកើតឡើងវិញចម្រុះ VRE និងប្រព័ន្ធវារីអគ្គិសនីថ្មីៗ ព្រមទាំងងាកចេញពីឥន្ធនៈផូស៊ីល។ សេចក្ដីប្រកាសរបស់គាត់សុទ្ធសឹងផ្តោតលើការពង្រឹងគុណភាពនិងបង្កើនសមត្ថភាពរបស់ប្រព័ន្ធអគ្គិសនីកម្ពុជា ដើម្បីសម្រេចបានគោលដៅថាមពលកកើតឡើងវិញចំនួន ៧០% នៃថាមពលផលិតក្នុងស្រុក នៅត្រឹមឆ្នាំ ២០៣០។
សេចក្តីប្រកាសទាំងនោះរួមមាន ការបង្កើនសមត្ថភាពផលិតអគ្គិសនីពីថាមពលសូឡាពីរដង (រហូតទៅដល់ ២ជីហ្កាវ៉ាត់) ការសាងសង់ប្រព័ន្ធស្តុកថាមពលដោយការបូមទឹកទុកនៅទីខ្ពស់ (PHES) ដែលមានសមត្ថភាពស្តុកឬផលិតថាមពលអគ្គិសនីបាន ១ជីហ្កាវ៉ាត់ ការតម្លើងប្រព័ន្ធផលិតភ្លើងអគ្គិសនីពីថាមពលខ្យល់ឲ្យបាននៅត្រឹមឆ្នាំ ២០៣០ ព្រមទាំងការនាំចូលថាមពលវារីអគ្គិសនី ឬពីខ្យល់បន្ថែមទៀតពីប្រទេសឡាវ ។
ប្រទេសកម្ពុជាកំពុងដឹកនាំមាគ៌ានិងធ្វើជាគម្រូល្អមួយក្នុងបណ្ដាប្រទេសអាស៊ាន ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ជំហានដ៏សំខាន់បន្ទាប់ទៀតក្នុងវិស័យថាមពលរបស់កម្ពុជា គឺត្រូវកៀរគរប្រភពហិរញ្ញវត្ថុ ជំនាញបច្ចេកទេស និងផ្ដួចផ្ដើមគម្រោងទាំងឡាយ ដើម្បីសម្រេចបានគោលដៅថាមពលទាំងនេះ រួមទាំងគោលការណ៍យុទ្ធសាស្រ្ត CARE (Clean ស្អាត; Affordability តម្លៃសមរម្យ; Reliability ប្រកបដោយទំនុកចិត្ត; Equity មានសមធម៌) របស់រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។ ការស្វែងរកវិធីសាស្ត្រដើម្បីអនុវត្តគោលនយោបាយសំខាន់ៗដែលពាក់ព័ន្ធថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល (Rooftop Solar) និងការបង្កើនប្រសិទ្ធភាពថាមពល (Energy Efficiency) នឹងលើកទឹកចិត្តឲ្យមានការវិនិយោគលើថាមពលស្អាតបន្ថែមទៀត ព្រមទាំងជួយពង្រឹងការប្រកួតប្រជែងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕
ណត្តារុណ ង៉ោ សឺន
នាយកប្រចាំប្រទេសនៃអង្គការ អេននឺជីឡេប