
កសិករម្នាក់កំពុងច្រូតស្រូវចំប៉ីស៧០ កាលពីឆ្នាំ២០២៣។ ភ្នំពេញប៉ុស្តិ៍
កសិកម្មគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ បើទោះបីចំណែកនៃវិស័យនេះក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស. ឬ GDP) បានបន្តធ្លាក់ចុះពីប្រមាណ ៣៥,៥% នៃ ផ.ស.ស. ក្នុងឆ្នាំ ២០០០ មកត្រឹមប្រមាណ ១៦,៥% នៃ ផ.ស.ស. ក្នុងឆ្នាំ ២០២២ ក៏វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ, គំាពារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ច។ ប្រជាជនប្រមាណជាង ៥ លាននាក់ (ឬប្រមាណ ៣៥% នៃប្រជាជនកម្ពុជាសរុប) ពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ចិញ្ចឹមជីវិត។
ក្នុងចំណោមដំណាំអាទិភាពសំខាន់ៗ ស្រូវគឺជាដំណាំដែលលេចធ្លោ និងសំខាន់ជាងគេសម្រាប់ប្រទេសជាតិ ក្នុងន័យថាស្រូវមិនត្រឹមតែជាដំណាំដែលទ្រទ្រង់ជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេគ្រប់គ្នាយល់ឃើញថាវាគឺជាមោទកភាពជាតិនៃប្រទេសកម្ពុជា ជារួម។
ស្រូវគឺជាអាហារគោលសម្រាប់គ្រួសារខ្មែរគ្រប់ស្រទាប់ ដែលផ្តល់នូវប្រភពថាមពល និងសារធាតុចិញ្ចឹមសំខាន់ៗ ហើយក៏ជាផ្នែកមួយដ៏សំខាន់នៃសន្តិសុខស្បៀងផងដែរ។
ដូច្នេះ តម្លៃ សមរម្យ និងការផ្គត់ផ្គង់គ្រប់គ្រាន់របស់ស្រូវ-អង្ករ មិនត្រឹមតែជាកត្តាប្រកបដោយសារវន្ត ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាហារគ្រប់-គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវគេមើលឃើញថាជាទម្រង់នៃសន្តិសុខសង្គមផងដែរ។
ដំណាំស្រូវមានចំណែកប្រមាណ ៦០% នៃផលិតកម្មកសិកម្មសរុប និងត្រូវបានប្រើប្រាស់ ប្រមាណ ១ ភាគ ៣ នៃផ្ទៃដីដាំដុះសរុប (ទំហំដីក្នុងឆ្នាំ ២០២៣/២០២៤)។
ជាមួយគ្នានេះ, ដំណាំដ៏សំខាន់នេះក៏នាំមកនូវរូបិយប័ណ្ណបរទេស ការវិនិយោគទុនដោយផ្ទាល់ និងកិត្យានុភាពអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ផលិតកម្មស្រូវបានកើនឡើងពីប្រហែល ៩ លានតោនក្នុងឆ្នាំ ២០១២ ដល់ ១៣ លានតោនក្នុងឆ្នាំ ២០២៤ ដោយសារភាពល្អប្រសើរនៃផលិតភាព, ការបន្តរៀបចំឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការបន្តធ្វើពាណិជ្ជភាវូបនីយកម្ម និងការពង្រីកវិសាលភាពដាំដុះ។
ជាលទ្ធផល ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានប្រមាណជាង ៥ ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញកសិផល (ឬប្រមាណ ២២% នៃ ផ.ស.ស.) ដែលក្នុងនោះប្រមាណជិតពាក់កណ្តាល គឺជាការនាំចេញស្រូវ-អង្ករ។
ក្រៅពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ច ស្រូវក៏បានពាំនាំនូវពានរង្វាន់ដល់ជាតិជាច្រើន ហើយក៏ធ្វើឱ្យទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាបានផុសអណ្តែតលើឆាកអន្តរជាតិជាច្រើនដងផងដែរ។
ជាក់ស្តែង អង្ករផ្កាម្លិះក្រអូបរបស់កម្ពុជា (ឧ. ផ្ការំដួល និងម្លិះអង្គរ) បានឈ្នះពានរង្វាន់ «អង្ករល្អបំផុតលើពិភពលោក» ដ៏មានកិត្យានុភាពជាច្រើន ក្នុងឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៨, ២០២២ និង ២០២៤។ ការទទួលស្គាល់ជាអន្តរជាតិនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីជំនាញនៃការផលិតរបស់ប្រជាកសិករ គួបផ្សំនឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។
ថ្វីត្បិតតែស្រូវទទួលបាននូវភាពជោគជ័យគួរឱ្យកោតស្ញប់ស្ញែងយ៉ាងនេះក្តី ក៏ឧស្សាហកម្មស្រូវ-អង្ករបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមសំខាន់ៗ ដែលបណ្តាលមកពីការបន្តកើនឡើងនៃការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ។
តួយ៉ាង ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles និងនៅរដ្ឋ Hawaii ក្នុងសហរដ្ឋអាមេរិក និងទឹកជំនន់ដ៏ធំ និងអូសបន្លាយយូរក្នុងប្រទេសប៉ាគីស្ថាន រវ៉ាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបំផ្លិចបំផ្លាញដល់សហគមន៍ និងសេដ្ឋកិច្ចរបស់ពួកគេ។
មនុស្សម្នាជាច្រើនបានចាត់ទុកគ្រោះមហន្តរាយទាំងនេះ បង្កឡើងដោយសារការកើនឡើងនៃសីតុណ្ហ-ភាពសកល ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្ស រួមទាំងការដុតប្រេងឥន្ធនៈហ្វូស៊ីល និងការកាប់បំផ្លាញព្រៃឈើ ជាដើម។
មិនខុសពីបណ្តាប្រទេសនានាទេនៅក្នុងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បាននិងកំពុងប្រឈមទៅនឹងនឹងការប៉ះពាល់ខ្លាំងបំផុតមួយក្នុងពិភពលោក ដោយសារទឹកជំនន់ ការកើនឡើងកំដៅ និងគ្រោះរាំងស្ងួត។
បញ្ហាប្រឈមទាំងនេះ គួបផ្សំនឹងការបែកខ្ញែក និងការមិនទាន់មានភាពប្រទាក់ក្រឡាក្នុងឧស្សាហកម្មស្រូវ-អង្ករ បានធ្វើប្រជាកសិករដាំដុះស្រូវ ងាយរងគ្រោះទៅនឹងបញ្ហាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសប្រជាកសិករខ្នាតតូចដែលមិនមានធនធាន និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីដោះស្រាយគ្រោះមហន្តរាយទាំងនេះដោយខ្លួនឯង។
ភ្នំពេញប៉ុស្តិ៍ បានរាយការណ៍ថ្មីៗនេះថា នៅឆ្នាំ ២០២៤ ក្នុងអំឡុងពេលរដូវប្រាំង, ការអូសបន្លាយនៃគ្រោះរាំងស្ងួត និងរដូវវស្សាកាន់តែខ្លីទៅៗ ដែលបណ្តាលមកពីបាតុភូត El Nino បានធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីស្រែប្រមាណ ១២ ម៉ឺនហិកតា ក្នុងខេត្តចំនួន ១៧ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ ២៥% នៃផ្ទៃដីស្រែត្រូវបានខូតខាត ខណៈដែលប្រមាណ ៧៥% ត្រូវបានរួចផុតពីផលប៉ះពាល់ ដោយសារវិធានការអន្តរាគមន៍ភ្លាមៗរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងអំឡុងពេលរដូវវស្សា ឆ្នាំ២០២៤ ទឹកជំនន់បានប៉ះពាល់ដល់ផ្ទៃដីស្រែជាង ៥០,០០០ ហិកតា ដែលប្រមាណជាង ៦០% នៃផ្ទៃដីទាំងនោះត្រូវបានខូចខាតទាំងស្រុង និងបង្កប៉ះពាល់ដល់ប្រមាណជាង ៦ ម៉ឺនគ្រួសារ និងប្រមាណ ២ ម៉ឺនលំនៅឋាន, ហើយក៏បានបង្កសោកនាដកម្មផងដែរ ដោយប្រមាណ ២៧ នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយទឹកជំនន់។
ក្រៅពីការគំរាមកំហែងពីកត្តាអាកាសធាតុ ឧស្សាហកម្មស្រូវ-អង្ករក៏ប្រឈមទៅនឹងបញ្ហាទីផ្សារនាំចេញ និងការប្រកួតប្រជែងខ្លាំងផងដែរ។ ជាក់ស្តែង ចាប់តាំងពីចុងឆ្នាំ ២០២៤ មក ប្រជាកសិករដែលបានដាំដុះស្រូវ OM មានការខកចិត្តយ៉ាងខ្លាំងដោយសារតែការធ្លាក់ចុះថ្លៃស្រូវច្រើនពេក ដែលបង្កឡើងដោយការដាំដុះ និងផ្គត់ផ្គង់លើទីផ្សារក្នុងបរិមាណដ៏ច្រើនលើសលប់។
គួរបញ្ជាក់ថា ប្រជាកសិករបានងាកទៅធ្វើការដាំដុះប្រភេទស្រូវ OM ដោយសារកត្តាសំខាន់ៗមួយចំនួន តួយ៉ាងដូចជា ភាពធន់នៃប្រភេទស្រូវនេះទៅនឹងជំងឺ, សត្វល្អិត និងការផ្តល់ទិន្នផលខ្ពស់ ជាដើម។ ជាមួយគ្នានេះ ការត្រៀមចាកចេញពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក៏ត្រូវបានមើលឃើញថាជាបញ្ហាប្រឈមសម្រាប់កម្ពុជាផងដែរ ក្នុងន័យថាកម្ពុជាអាចនឹងប្រឈមទៅនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដែលជាលទ្ធផលធ្វើឱ្យមានការកើនឡើងនូវពន្ធនាំចូលទៅកាន់ប្រទេសគេ និងបាត់បង់ភាពប្រកួតប្រជែងក្នុងទីផ្សារស្រូវ-អង្ករអន្តរជាតិ។
ក្នុងចំណោមហានិភ័យ និងបញ្ហាប្រឈមដែលបានរៀបរាប់ខាងលើ គ្រោះធម្មជាតិត្រូវបានមើលឃើញថាជាបញ្ហាប្រឈមខ្លាំងជាងគេ ដែលធ្វើឱ្យឧស្សាហកម្មស្រូវ-អង្ករកម្ពុជាគឺជាឧស្សាហកម្មដែលងាយរងគ្រោះខ្លាំងជាគេបំផុត ដោយសារការកើនឡើងកំដៅផែនដី។
បើផ្អែកតាមរបាយការណ៍អភិវឌ្ឍន៍អាកាសធាតុប្រចាំប្រទេស (CCDR) ក្នុងឆ្នាំ ២០២៣ បោះផ្សាយដោយធនាគារពិភពលោក បានបង្ហាញថា នៅក្នុងសេណារីយ៉ូអាជីវកម្មប្រព្រឹតិ្តទៅធម្មតា (business-as-usual) ដែលថាកម្ពុជាមិនមានការដាក់ចេញនូវយុទ្ធសាស្រ្តពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុនោះ សេចក្តីប៉ងប្រាថ្នា និងទស្សនវិស័យប្រកបដោយមហ្ឆិចតា ដើម្បីប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ ទំនងនឹងពិបាកសម្រេចបាន។
គួរបញ្ជាក់ដែរថា ការលើកឡើងពីសេណារីយ៉ូប្រព្រឹត្តិទៅធម្មតានេះ គឺគ្រាន់តែទាញជាមូលដ្ឋានសម្មតិកម្មដើម្បីធ្វើការវិភាគ និងប្រៀបធៀបតែប៉ុណ្ណោះ។
ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានរៀបចំ និងអនុវត្តនូវផែនការយុទ្ធសាស្រ្តដើម្បីគាំពារ និងជំរុញវិស័យនេះ និងវិស័យពាក់ព័ន្ធផ្សេងទៀត។
ជាក់ស្តែង ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្រកម្ពុជាក្នុងការដោះស្រាយនូវការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យកសិកម្ម ឧទាហរណ៍ ប្រព័ន្ធធារាសាស្រ្ត, ការផ្តល់និងបណ្តុះពូជស្រូវ និងសកម្មភាពក្រោយប្រមូលផល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងអនុវត្តនូវកម្មវិធី «ធានាស្ថិរភាពថ្លៃកសិផល» តាមរយៈការរៀបចំកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារ ក្រោមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
ដូចបានចង្អុលបង្ហាញក្នុងវេទិកានយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តនូវ កម្មវិធីថ្មី «ការដាក់ពង្រាយមន្រ្តីជំនាញកសិកម្មនៅឃុំ-សង្កាត់ គ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា» ចាប់តាំងពីឆ្នាំ ២០២៤។
កម្មវិធីនេះ មានគោលបំណងលើកកម្ពស់បច្ចេកទេសកសិកម្មរបស់ប្រជាកសិករ ដើម្បីជំរុញផលិតភាពកសិកម្ម។
ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្តួចផ្តើម ហើយបាននិងកំពុងជំរុញ «សហគមន៍កសិកម្មទំនើប» ដើម្បីជំរុញសហថាមពលតាមរយៈ ការប្រមូលផ្តុំប្រជាកសិករ ក្នុងគោលដៅស្វែងរកទីផ្សារ។ ស្របពេលដែលហានិភ័យកំពុងកើនឡើង ក៏តែងតែមានកាលានុវត្តភាពនៅលាយឡំផងដែរ។
បើទោះបីយើងមិនអាចទស្សន៍ទាយថានឹងមានអ្វីកើតឡើង និងនាំមកឱ្យយើងក្នុងពេលអនាគត, ប៉ុន្តែយើងអាចសិក្សារៀនសូត្រពីមេរៀនទាំងឡាយដែលបានកើតឡើងក្នុងអតីតកាល និងនិន្នាការក្នុងពេលបច្ចុប្បន្ន ដើម្បីកសាងសង្គមមួយដែលមានភាពរឹងមាំនិងធន់ ពោលគឺសង្គមដែលមានលក្ខណៈសម្បត្តិ និងមានសមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងបរិយាកាសដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ដោយប្រកាន់ខ្ជាប់ទៅនឹងអាកប្បកិរិយាបែបនេះរួមជាមួយនិងការប្តេជ្ញាចិត្ត យើងអាចប្រែក្លាយហានិភ័យដែលបណ្តាលមកពីកត្តាអាកាសធាតុទាំងនេះ ឱ្យទៅជាកាលានុវត្តភាព តាមរយៈការតម្រែតម្រង់សេដ្ឋកិច្ចដែលមានភាពធន់, បរិយាប័ន្ន និងចីរភាព ដូចបានរៀបរាប់ក្នុងរបាយការណ៍អភិវឌ្ឍន៍អាកាសធាតុប្រចាំប្រទេស (CCDR) ក្នុងឆ្នាំ ២០២៣។
ការតម្រែតម្រង់សេដ្ឋកិច្ចបែបនេះនកាន់តែធ្វើឱ្យដំណាំជាទីមោទនរបស់យើង (ស្រូវ-អង្ករ) បន្តលូតលាស់ទៅមុខកាន់តែប្រសើរ៕
បណ្ឌិត ខេង វាសនា បេក្ខជនបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី
បណ្ឌិត ម៉ៅ សុណារិទ្ធ មន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លោក ស៊ាន មនោរិទ្ធ មន្ត្រី និង អ្នកសេដ្ឋកិច្ចនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ទស្សនៈដែលបានលើកឡើងក្នុងអត្ថបទនេះគឺជាទស្សនៈរបស់អ្នកនិពន្ធផ្ទាល់។