កំណើន​​ចំនួន​សមាជិក​ប.ស.ស.​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ការ​ចុះ​ឈ្មោះ​សមាជិក​ថ្មី ដែល​បង្ហាញ​ពី​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ និង​ទំនុក​ចិត្ត​​របស់​ពលរដ្ឋ​លើ​សេវា​សុខាភិបាល​នៅ​កម្ពុជា។ ប៉ុន្តែ កំណើន​នេះ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ ឬ​​អ្នក​ទៅ​ពិនិត្យ​ជំងឺ​ត្រូវ​រង់ចាំ​យូរ​នៅ​មន្ទីរ​ពេទ្យ​ពេញ​និយម​ខ្លះ។

គិត​ត្រឹម​ថ្ងៃ​ទី៧ ខែ​មីនា​ ឆ្នាំ​២០២៥ សមាជិក​ប.ស.ស. មាន​ចំនួន​ ២ ៧៧៦ ១៩២​នាក់ ​ហើយ​ក្នុង​មួយ​ខែៗ​ មាន​ការ​ប្រើ​ប្រាស់​សេវា​ជា​មធ្យម​ចំនួន ៦៥​ម៉ឺន​ដង។

សមាជិក​ទាំង​អស់​មាន​​មក​ពី​វិស័យ​សាធារណៈ​ចំនួន ៤៩៩ ៩៧៩នាក់, បុគ្គល​ដែល​ស្ថិត​ក្រោម​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​​ចំនួន ១ ៥៧០ ៦៦២នាក់, បុគ្គល​ស្វ័យ​និយោជន៍​​ចំនួន ៥៣១ ១៣៦នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប.ស.ស. ​ចំនួន ១៧៤ ៤១៥នាក់។

នៅ​ក្នុង​ឆ្នាំ​២០២៤ ​កន្លង​ទៅ គិត​ជា​មធ្យម​ក្នុង​១​ខែៗ​ មាន​សមាជិក​ទៅ​ប្រើ​ប្រាស់​សេវា​នៅ​មន្ទីរ​ពេទ្យ​ដៃគូ​ប្រមាណ ៦៥​ម៉ឺន​ដង ដោយ ​ប.ស.ស.​ បាន​ទូទាត់​ជូន​មូលដ្ឋាន​សុខាភិបាល​អស់​ថវិកា​ប្រមាណ​​១៣,៥លាន​ដុល្លា​ក្នុង​មួយ​ខែ។

នៅ​ឆ្នាំ​២០២៥​នេះ គិត​ពី​ដើម​ឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី៧ ខែ​មីនា មាន​សមាជិក​ចូល​ទៅ​ប្រើ​ប្រាស់​សេវា​សរុប​ជាង ១លាន​ ៣៣​ម៉ឺន​ដង​រួច​ទៅ​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី ប.ស.ស.។

យ៉ាង​ណា​ក៏​ដោយ ជា​ទូទៅ ​អ្នក​ជំងឺ​តែង​ទៅ​មន្ទីរពេទ្យ​ធំៗ​របស់​រដ្ឋ នៅ​ពេល​ពួក​គេ​មាន​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន​នៅ​តាម​មណ្ឌល​សុខភាព​ក្នុង​សហគមន៍ ដូចជា​មន្ទីរពេទ្យ​រុស្ស៊ី មន្ទីរពេទ្យ​អង្គឌួង និង​​មន្ទីរពេទ្យ​ជាតិ​សន្តិភាព​តេជោ​ ជា​ដើម។

ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ប័ណ្ណ​ ប.ស.ស. កាល​ពី​ឆ្នាំ​២០២៣។ ប.ស.ស.

ការ​ដែលទៅ​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​ល្បីៗ​ទាំង​នេះ ​អាច​មាន​ចន្លោះ​ពី​១​ម៉ោង ទៅ​២​ម៉ោង​ ពេល​ខ្លះ​​មួយ​ព្រឹក​ពេញ ហើយ​បើ​ទៅ​យឺត​បន្តិច​ អាច​ត្រូវ​ចាំ​ដល់​ពេល​រសៀល អាស្រ័យ​លើ​ចំនួន​អ្នក​មក​ទទួល​សេវា។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​សរសើរ​សេវា​ប.ស.ស.​ ដោយ​សារ​សរសេរ​ថា៖ «បសស ទទួល​ស្គាល់​ថា​រាង​យួរ​ជាង​យើង​ចាយ​លុយ​ តែ​ក៏​មិន​ណាស់​ណា​ដែរ ឣាច​រង់ចាំ​បាន​សំរាប់​ខ្ញុំ ដូច​ពេល​ប្រើ​លុយ​ផ្ទាល់​ដែរ​ គ្រាន់​តែ​រាង​ច្រើន​ដំណាក់​កាល តែ​អត់​ទ្រាំ​តិច​ទៅ​ព្រោះ​លុយ​ក៏​ពិបាក​រក​ដែរ បង់​ទៅ​១ខែ 4$​ បង់ ១០​ឆ្នាំ អស់​480$ ប្រសិន​បើ​១០​ឆ្នាំ​មិន​ឈឺ​ចូល​ពេទ្យ​សោះ​ចោល​ទៅ។ តែ​បើ​ឈឺ​ញឹក​ដូច​ខ្ញុំ​ ពឹង​បសស​ ហើយ​​ ព្រោះ​ ប្រើ​បាន​តែ​ 2-3ដង​ចំណេញ​ហើយ​នឹង​មិន​រាប់​ ចូល​ការ​វះ​កាត់​ធំៗ ទេ!»។

កំណើន​ចំនួន​សមាជិក​ប.ស.ស. គឺ​ជា​ចំណុច​វិជ្ជមាន​ដែល​បង្ហាញ​ថា ពលរដ្ឋ​កាន់​តែ​ច្រើន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ ការ​មិន​មាន​ការ​រើស​អើង​នៅ​ពេល​ប្រើ និង​ភាព​ជឿ​ជាក់​ទៅ​លើ​វិស័យ​សុខាភិបាល​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដូច្នេះ​ថា៖ «មូលហេតុ​នៃ​ការ​កក​ស្ទះ​នេះ​មិន​មែន​ដោយសារ​តែ​ប.ស.ស. ឬ​មន្ទីរពេទ្យ​ទេ។ ជាទូទៅ​ប្រជាពលរដ្ឋ​ធម្មតា ឬ សមាជិក​ប.ស.ស. លំហូរ​គឺ​តែ​មួយ​ទេ មាន​ន័យ​ថា​អ្នក​បង់​លុយ​ក៏​ចូល​ទៅ​ច្រក​ហ្នឹង អ្នក​មិន​បង់​លុយ​ក៏​ចូល​ទៅ​ច្រក​ហ្នឹង។ ពេល​ចូល​ទៅ ត្រូវ​ចាប់​លេខ​រៀង​ដើម្បី​ប្រើ​ប្រាស់»។

តើ​អ្វី​ជា​ដំណោះ​ស្រាយ​ក្នុង​ការ​កាត់​បន្ថយ​ការរង់ចាំ?

លោក​ សុផាន់ណារិទ្ធ បញ្ជាក់​ថា៖ «ក្រុម​គ្រូពេទ្យ​មាន​គ្រប់​គ្រាន់​សម្រាប់​ការ​ព្យាបាល​ ប៉ុន្តែ​ដោយសារ​សមាជិក​ច្រើន​ពេក ធ្វើ​ឲ្យ​កក​ស្ទះ​នៅ​កន្លែង​រង់ចាំ។ យើង​បាន​ពិភាក្សា​ជាមួយ​នឹង​មន្ទីរ​ពេទ្យ​ផ្សេងៗ​ដែល​ជា​ដៃគូ​ ដូចជា​តាម​រយៈ​ការ​រៀបចំ​បញ្ជរ​ឲ្យ​បាន​ច្រើន​ជាង​មុន រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​ច្រើន​ជាង​មុន ក៏​ដូចជា​មាន​កៅអី​អង្គុយ​រង់ចាំ​សមរម្យ និង​មាន​អ្នក​សម្រប​សម្រួល។ យើង​បាន​ពិភាក្សា​គ្នា​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​ច្រើន​លើក​ច្រើន​សារ»។

លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ ជីវសាស្ត្រ​ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ​យល់​ឃើញ​ថា ការ​កើន​ឡើង​នៃ​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប័ណ្ណ​ប.ស.ស. នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប​ដណ្ដប់​នៃ​សុខាភិបាល​ប្រសើរ​ជាង​មុន និង​ជា​មោទនភាព​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​សុខាភិបាល។

លោក​ថ្លែង​ថា៖ «ជា​ធម្មតា គាត់​ជឿជាក់​កន្លែង​ណា គាត់​នាំ​គ្នា​សម្រុក​ទៅ​កន្លែង​ហ្នឹង។​ កន្លែង​ណា​ក៏​ដូច​កន្លែង​ណា មន្ទីរពេទ្យ​តែង​តែ​មាន​កំណត់​សម្រាប់​ចំនួន​មនុស្ស គឺ​មិន​អាច​លើស​ពី​សមត្ថភាព​និង​បរិមាណ​ដែល​គ្រូ​ពេទ្យ​អាច​ទទួល​បាន​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃៗ​ទេ។ ឧទាហរណ៍​មួយ​ថ្ងៃ​ត្រូវ​ព្យាបាល​ ២០ ទៅ​៣០​នាក់ បើ​ឡើង​ដល់ ២០០​ឬ​៣០០​នាក់ ក៏​អត់​បាន​ដែរ»។

ជា​ដំណោះ​ស្រាយ លោក​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទៅ​ទទួល​សេវា​ស្វែង​រក​មន្ទីរពេទ្យ​ដៃគូ​របស់​ប.ស.ស. ផ្សេង​ទៀត​ក្រៅ​ពី​មន្ទីរពេទ្យ​ធំៗ​ល្បី​ឈ្មោះ​ ហើយ​​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ពេទ្យ​ដៃគូ​របស់​ប.ស.ស. ដើម្បី​ចែក​រំលែក​បន្ទុក​ទទួល​មនុស្ស​ក្នុង​ចំនួន​ច្រើន។

លោក​បញ្ជាក់​ថា៖ «ជួន​កាល​គាត់​ដឹង​ថា ប.ស.ស. ទៅ​បាន​តែ​ពេទ្យ​រដ្ឋ ដូច្នេះ​ត្រូវ​ពន្យល់​គាត់​ឲ្យ​បាន​ដឹង។ មួយ​ទៀត​ត្រូវ​កំណត់​ចំនួន​មនុស្ស​ដែល​មន្ទីរ​ពេទ្យ​អាច​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​នៅ​រង់ចាំ ហើយ​រអ៊ូ»។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ការកក​ស្ទះ​នេះ​ទេ៕