អ្នកស្រី ញឹម ច័ន្ទនី ដែលជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយភាពរីកចម្រើនរបស់ក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ក្នុងខេត្តបាត់ដំបង គឺជាតឹកតាងប្រត្សក្យនៃស្មារតីតស៊ូ មោះមុត សម្រាប់ភាពជោគជ័យរបស់ស្ត្រី ដែលយើងចង់ចែករំលែក នាឱកាស ទិវានារីអន្តរជាតិឆ្នាំ២០២៥ នេះ។

ដំណើរអាជីវកម្មរបស់អ្នកស្រី ជាឧទាហរណ៍នៃការបង្កើតអាជីវកម្មដែលផ្តើមចេញពីទំនៀមទំលាប់គ្រួសាររួមផ្សំជាមួយនឹងគំនិតច្នៃប្រឌិត​ ឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់សហគ្រិនស្រ្តី។ 

ក្នុងឆ្នាំ២០១៧ អ្នកស្រី ច័ន្ទនី បានបង្កើតអាជីវកម្មកែច្នៃម្អូបអាហាររបស់អ្នកស្រីឡើងដោយផ្អែកលើការចងចាំរបស់អ្នកស្រីអំពីជំនាញល្អឯករបស់ម្តាយអ្នកស្រីក្នុងការចម្អិននិងថែរក្សាទុកម្ហូបឱ្យបានយូរ និងការប្រើប្រាស់នវានុវត្តន៍បែបសម័យ។​

ក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស មានផលិតផលជលផល និងកសិផលចម្រុះប្រកបដោយគុណភាពខ្ពស់។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនលើផ្នែកសុវត្ថិភាព និងគុណភាព ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផល ផលិតផលកម្ពុជា (CQS)។​ 

សមិទ្ធផលនេះ ប្រាកដណាស់អាចកើតឡើងក្រោមកិច្ចគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)​ ដែលអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និង អង្គការ UNIDO ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU)។

បច្ចុប្បន្ននេះ លោកអ្នកអាចរកជាវផលិតផលរបស់ក្រុមហ៊ុន ហេង​ ច័ន្ទនី អង្គរមាស បាននៅតាមផ្សារទំនើបធំៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន Lucky Macro និង AEON។ 

ប៉ុន្តែ អ្នកស្រី​ មានបំណងធ្វើឲ្យផលិផលរបស់គាត់មានវត្តមាននៅក្រៅប្រទេសផងដែរ។ គាត់បានប្រឹងប្រែងស្វែងរកទីផ្សារអន្តរជាតិនានា ដូចជាតាមរយៈការធ្វើការជាមួយក្រុមប្រឹក្សាធុរកិច្ចព្រះរាជាណាក្រថៃប្រចាំនៅកម្ពុជា ដើម្បីដាក់លក់ផលិតផលក្រុមហ៊ុនអ្នកស្រីតាមហាង Big C និង 7-Eleven ក្នុងព្រះរាជាណាចក្រថៃផងដែរ។ 

ក្រុមហ៊ុនអ្នកស្រីក៏មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាំចូលចែកចាយក្នុងប្រទេសកូរ៉េមួយ ហើយក្រុមហ៊ុនក៏កំពុងស្ថិតក្នុងដំណើរការចរចាចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំចូលរបស់ប្រទេសកូរ៉េមួយផ្សេងទៀត ដែលនេះជាការពង្រឹងវត្តមានបន្ថែមទៀតនៅលើឆាកអន្តរជាតិ។

សម្លឹងមើលទៅអនាគត អ្នកស្រី មើលឃើញពីសារៈសំខាន់នៃការចាប់យកទីផ្សារឌីជីថល។ អ្នកស្រីកំពុងពិនិត្យមើលឱកាសទីផ្សារ​ថ្មីៗបន្ថែមទៀត រួមមានដូចជាការដាក់លក់ផលិតផលរបស់ក្រុមហ៊ុនហេង ច័ន្ទនី អង្គរមាស នៅលើទីផ្សារឌីជីថល Alibaba ជាដើម។ នៅពេលនោះ វាជាជំហានដ៏ជោគជ័យឆ្ពោះទៅកាន់ទីផ្សារកម្រិតពិភពលោកថ្មី និងពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបានកាន់តែខ្លាំង។ 

អតិថិជន និងក្រុមហ៊ុនចែកចាយជាច្រើន បានបង្ហាញនូវចំណាប់អារម្មណ៍ និងការស្ងើចសសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន​ ហេង ច័ន្ទនី អង្គរមាស ដែលជាក្រុមហ៊ុនដែលដឹកនាំដោយសហគ្រិនស្ត្រីក្នុងការផ្សព្វផ្សាយលើកកម្ពស់ផលិតផលក្នុងស្រុកដែលផលិតដោយផ្អែកលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)​ បង្កើតការងារសម្រាប់សហគមន៍ ជាពិសេសសម្រាប់ស្ត្រី​ រួមទាំងផ្តល់ឱកាសសិក្សាស្វែងយល់ជាក់ស្តែងសម្រាប់សិស្សនិស្សិត ដែលការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អ្នកស្រី ច័ន្ទនី ក្នុងការអភិវឌ្ឍទាំងអាជីវកម្ម និងសហគមន៍។

ប៉ុន្តែ ភាពជោគជ័យរបស់អ្នកស្រី ច័ន្ទនី មិនមែនត្រឹមតែលើមុខជំនួញប៉ុណ្ណោះទេ។ វាជាការផ្តល់ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំជំនាន់ក្រោយផងដែរ។​ អ្នកស្រីបានតែងតាំងកូនស្រី ជានាយកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ហើយបានបង្ហាត់បង្រៀនផ្ទាល់​ និងផ្តល់រាល់ឱកាសនានាសម្រាប់ការអភិវឌ្ឍខ្លួន។ 

អ្នកស្រីនិយាយថា «ការដឹកនាំមនុស្ស តម្រូវឱ្យយើងធ្វើជាឪពុកផងម្តាយផង ជាបងប្រុសបងស្រីផង និងមិត្តភក្តិរបស់ពួកគេផង» ដែលនេះសង្កត់ធ្ងន់លើភាពជាសារវ័ន្តនៃកិច្ចសហការយ៉ាងជិតស្និទ្ធ ភាពស្មោះត្រង់ និងការរៀបចំផែនការយុទ្ធសាស្រ្ត។

កូនស្រីរបស់អ្នកស្រី កញ្ញា វាសនា វេជ្ជរ៉ាវ៉ា បានលើកឡើងពីចក្ខុវិស័យឆ្ពោះទៅមុខរបស់ម្តាយខ្លួន ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតួនាទីដ៏សំខាន់របស់នវានុវត្តន៍នៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ដោយបានពន្យល់ថា​ «នៅក្នុងពិភពសហសម័យនេះ យើងត្រូវការជំនួយផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍បន្ថែមទៀត ដើម្បីធ្វើឱ្យផលិតផលរបស់យើងកាន់តែមានលេចធ្លោរ និងទាក់ទាញការចាប់អារម្មណ៍»។ 

ចក្ខុវិស័យនេះ គឺស្របទៅនឹងមូលបទនៃ ទិវានារីអន្តរជាតិឆ្នាំ២០២៥​ ដែលផ្តោតលើការបង្កើតអនាគតមួយដែលស្រ្តី កុមារី​ និងជនគ្រប់រូបមានសិទ្ធិសេរីភាព និងមានឱកាសដើម្បីរីកចម្រើនដូចៗគ្នា។

តាមរយៈស្មារតីអាជីវកម្មដ៏មុតស្រួច និងការលះបង់ឥតងាករេក្នុងការផ្តល់ភាពអង់អាចដល់មនុស្សជំនាន់ក្រោយ អ្នកស្រី ច័ន្ទនី គឺស្ត្រីឆ្នើមពិតប្រាកដសម្រាប់លើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចសម្រាប់ស្ត្រី និងកុមារីគ្រប់រូប។​

ការប្ដេជ្ញាចិត្តរបស់អ្នកស្រី ក្នុងការពាំនាំ និងបង្ហាញមុខផលិតផលកម្ពុជានៅលើឆាកពិភពលោក  តាមរយៈការបណ្តុះបណ្តាល ចូលរួមគាំទ្រ និងសហការពីកូនស្រីខ្លួន គឺជាគំរូដ៏ល្អបំផុតក្នុងការបំផុសគំនិត និងបង្ហាញពីសមត្ថភាពដែលស្ត្រីអាចសម្រេចបាន នៅពេលដែលពួកគេរួមសាមគ្គី ធ្វើការរួមគ្នា ដើម្បីកសាងអនាគតមួយប្រកបដោយសមធម៌ និងវិបុលភាពសម្រាប់មនុស្សជាតិគ្រប់រូប។

ដំណើររឿងរបស់អ្នកស្រី ច័ន្ទនី ជាសក្ខីកម្មមួយនៃភាពខ្លាំងនៃស្ត្រីក្នុងសហគ្រិនភាព និងការដឹកនាំក្នុងការធ្វើឲ្យពិភពលោកកាន់តែមានភាពប្រសើរឡើង ហើយវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអត្ថន័យនៃ ទិវានារីអន្តរជាតិឆ្នាំ២០២៥ នេះ។​

បណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO សម្រាប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)  
លោកអឹម សំរួល ជំនាញការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយរបស់អង្គការ UNIDO សម្រាប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)
ទស្សនៈ​ដែល​បាន​លើកឡើង​ក្នុង​អត្ថបទ​នេះ​គឺ​ជា​ទស្សនៈ​របស់​អ្នក​និពន្ធ​ផ្ទាល់។