
លោក Stéphane Bigorre នាយកគ្រប់គ្រងក្រុមហ៊ុន LBL International
លោក Stéphane Bigorre នាយកគ្រប់គ្រងក្រុមហ៊ុន LBL International បង្ហាញពីចំណុចសំខាន់ៗនៅក្នុងដំណើរការរយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនសាងសង់សំណង់ឈានមុខគេនៅកម្ពុជា!
តើអ្វីជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ក្រុមហ៊ុន LBL ក្នុងរយៈពេល ៣ ទសវត្សរ៍មកនេះ?
ក្រុមហ៊ុន LBL បានខិតខំប្រឹងប្រែងផ្តល់នូវផលិតផលដែលមានគុណភាពដល់អតិថិជនរបស់ខ្លួន ហើយកេរ្តិ៍ឈ្មោះសាជីវកម្មរបស់យើង តែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក្យស្លោក «ខិតខំប្រឹងប្រែងដើម្បីភាពល្អឥតខ្ចោះ» ចាប់តាំងពីថ្ងៃដំបូង។
សម្រាប់រូបខ្ញុំផ្ទាល់ បានចូលរួមជាមួយ LBL ក្នុងឆ្នាំ ២០១៤ ហើយខ្ញុំបានចូលរួមជាមួយនឹងសកម្មភាពជាច្រើន ចាប់តាំងពីក្រុមហ៊ុនបាន ចាប់ផ្តើម នៅចុងឆ្នាំ ១៩៩១។
សម្រាប់រូបខ្ញុំ ការប្រកាន់ខ្ជាប់នូវបាវចនានេះ គឺជាអ្វីដែលខ្ញុំកំពុងចែករំលែកនូវចក្ខុវិស័យ និងគោលបំណងដូចគ្នា។ ទោះបីការអនុវត្តជាក់ស្តែងមិនអាចសម្រេចបាន តាមការចង់បានទាំងស្រុង ប៉ុន្តែយើងតែងព្យាយាមសម្រេចឱ្យបានតាមគោលដៅ។
ទាំងនេះមិនមែនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែវាកំណត់របៀបនៃការប្រតិបត្តិអាជីវកម្មរបស់យើង និងការប្រាស្រ័យទាក់ទងជាមួយអតិថិជន ដែលទាក់ទងនឹងសុចរិតភាព និងភាពជឿជាក់ ជាតម្លៃស្នូលចំនួន ២ ដែលយើងកំពុងការពារជាប្រចាំ និងបង្ហាញជាប្រព័ន្ធ។
តើ LBL ធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុននៅអាស៊ីផ្សេងទៀតនៅលើទីផ្សារយ៉ាងដូចម្តេច?
ភាពគង់វង្សយូរអង្វែងរបស់យើង គឺភ្ជាប់មកជាមួយរឿងរ៉ាវ និងកំណត់ត្រាជាច្រើន ក៏ដូចជាចំណេះដឹង និងការយល់ដឹងអំពីទីផ្សារក្នុងស្រុក និងបរិបទរបស់វា ដែលជាទ្រព្យសម្បត្តិ
ដ៏សំខាន់បំផុតរបស់យើង សម្រាប់ទីផ្សារប្រកួតប្រជែង។
គម្រោងប្រមាណ ៤០០ ត្រូវបានបញ្ចប់ វាគឺជាទំនុកចិត្តរបស់យើងនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៃគម្រោងនោះ គឺជារបស់អតិថិជនធំៗ ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីជួយណែនាំពីយើង។ វាជាការផ្សព្វផ្សាយ និងជាឧបករណ៍ពាណិជ្ជកម្មដ៏ល្អបំផុតរបស់យើង សម្រាប់វិធីសាស្ត្រក្នុងការទាក់ទង និងចរចាកិច្ចសន្យាជាមួយអតិថិជនថ្មី និងឱ្យពួកគេមកមើលទាំងគម្រោងដែលបានបញ្ចប់ និងគម្រោងដែលកំពុងសាងសង់។
ប្រាកដណាស់ វិស័យសំណង់រីកចម្រើន ប៉ុន្តែការប្រកួតប្រជែងក៏មានកាន់តែខ្លាំងដែរ។ មានដៃគូប្រកួតប្រជែងក្នុងស្រុកជាច្រើន ហើយក៏មានការប្រកួតប្រជែងមួយចំនួនមកពីក្រៅប្រទេសផងដែរ។
មានបញ្ហាប្រឈមជាច្រើន ចាប់តាំងពីការផ្ទុះជំងឺកូវីដ ១៩ សម្រាប់វិស័យជាច្រើន តើ LBL ដោះស្រាយបញ្ហាទាំងនេះដូចម្តេច?
យើងមានសំណាងណាស់ ដែលសម្រេចបានការងារមួយចំនួនធំ មុនពេលមានជំងឺរាតត្បាត ហើយវាបានជួយយើងយ៉ាងច្រើនក្នុងការទ្រទ្រង់ប្រតិបត្តិការ ក្នុងអំឡុងពេលជំងឺរាតត្បាត។
ការដែលយើងមានការងារមួយ ចំនួននៅក្នុងដៃជាបន្តបន្ទាប់ គឺជាអត្ថប្រយោជន៍មួយ ដោយសារយើងអាចផ្តោតទៅលើវិធីដោះស្រាយ និងប្រតិបត្តិការនៅក្រោមបរិបទ និងកាលៈទេសៈទាំងនោះ។
អត្ថប្រយោជន៍ចម្បងរបស់កម្ពុជា បើធៀបនឹងប្រទេសផ្សេងៗទៀត (ដូចជានៅអឺរ៉ុប) គឺថា កម្ពុជាមានពេលមួយរយៈ ខណៈប្រទេសផ្សេងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ ពេលនោះយើងមានពេលខ្លះដើម្បីស្វែងយល់ និងសិក្សាពីផលវិបាកនៃការគ្រប់គ្រងវិបត្តិនេះ និងការអនុវត្តវិធានការផ្សេងៗ។ ក្នុងន័យនេះ យើងបានរៀបចំខ្លួនបានកាន់តែច្រើន យ៉ាងហោចណាស់ក៏ត្រៀមខាងផ្លូវចិត្ត នៅពេលដែលរឿងស្រដៀងគ្នានេះបានចាប់ផ្តើមកើតឡើងនៅកម្ពុជា។
យើងបានគិតគូរអំពីបញ្ហាជំងឺកូវីដ ១៩ នេះយ៉ាងយកចិត្តទុកដាក់ តាំងពីដំបូងមកម្លេះ ហើយកាន់តែសកម្មជាងមុនក្នុងការអនុវត្តវិធានការបង្ការនៅគ្រប់ការដ្ឋានសាងសង់ និងគោលនយោបាយផ្ទៃក្នុងរបស់យើង។
ក្នុងវិបត្តិរ៉ាំរ៉ៃ ដូចជំងឺកូវីដ ១៩ នេះ វាតែងតែមានព្រឹត្តិការណ៍ជាច្រើនបានរងផលប៉ះពាល់។ ការឆ្លើយតបចំពោះផលវិបាកទាំងនេះ គឺយើងត្រូវធ្វើឱ្យបានច្រើនបំផុតតាមតែអាចធ្វើបាន និងត្រៀមខ្លួនឱ្យបានល្អបំផុត សម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលអាចកើតមាន។ មុនពេលមានករណីដំបូងប៉ះពាល់ដល់ក្រុមហ៊ុនរបស់យើង គឺយើងបានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់ ហើយយើងមិនចាំបាច់ធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់ទេ។
យើងដឹងយ៉ាងប្រាកដថា យើងត្រូវតែការពារបុគ្គលិក និងកម្លាំងការងាររបស់យើង ដែលជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់យើង ខណៈពួកគេធ្វើការនៅការដ្ឋាន ដែលមានមនុស្សច្រើន។ ក្នុងអំឡុងពេលបិទខ្ទប់ និងការបញ្ឈប់ជាបន្តបន្ទាប់នៃការដ្ឋានរបស់យើងដោយសារករណីវិជ្ជមានជំងឺកូវីដ ១៩ យើងតែងតែជួយដល់បុគ្គលិករបស់យើង ហើយមិនបានបញ្ឈប់នរណាម្នាក់ទេ ហើយក៏មិនកែប្រែប្រាក់ខែរបស់ពួកគេដែរ។
តើការរាតត្បាតជំងឺកូវីដ ១៩ បានផ្លាស់ប្តូរទិសដៅរបស់វិស័យសំណង់ដែរឬទេ?
ជំងឺកូវីដ ១៩ នៅតែបន្តអូសបន្លាយ និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការរបស់យើង បើទោះបីជាយើងសង្ឃឹមថាអ្វីៗ អាចនឹងប្រសើរឡើងក៏ដោយ។ រឿងមួយដ៏ប្រាកដគឺថា ជំងឺរាតត្បាតនេះបានជះឥទ្ធិពលអាក្រក់ដល់វិស័យសំណង់ និងបង្អាក់សម្ទុះរបស់វិស័យនេះ។
វិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយសញ្ញាកំពុងចង្អុលបង្ហាញពីការកើនឡើងតិចជាងកាលពី ២ ឆ្នាំមុន។ ប៉ុន្តែការពិត គឺថាចំនួនគម្រោងនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពី ខែកុម្ភៈ ឆ្នាំ ២០២០ ដែលជាកំណត់ត្រាមួយដ៏ទាប ធៀបកាលពីប៉ុន្មានឆ្នាំមុន។
វិនិយោគិនជាច្រើន បានពន្យារពេលគម្រោងរបស់ពួកគេ ឬបញ្ឈប់គម្រោងរបស់ពួកគេ ដោយរង់ចាំភាពប្រាកដប្រជា និងច្បាស់លាស់បន្ថែមទៀត អំពីផលវិបាកនៃវិបត្តិដែលធ្វើឱ្យប៉ះពាល់ដល់ផែនការ និងការរំពឹងទុករបស់ពួកគេ ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ យើងសង្ឃឹមថា វានឹងមិនចំណាយពេលច្រើនពេកទេ មុនពេលកម្រិតនៃទំនុកចិត្តសមហេតុផលត្រូវបានស្ដារឡើងវិញ ដូច្នេះអាជីវកម្មអាចដំណើរការឡើងវិញតាមរបៀបធម្មតា។
ចំពោះខាងយើង យើងសង្កេតឃើញថា ខណៈតម្រូវការឱ្យធ្វើចត្តាឡីស័កចំពោះអ្នកចូលមកប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ គ្រប់ដូស ត្រូវបានលើកលែង នៅក្នុងខែវិច្ឆិកា ភ្លាមៗយើងក៏បានទទួលការសួរនាំបន្ថែម ដូច្នេះយើងសង្ឃឹមថា គម្រោងមួយចំនួននឹងកើតឡើងក្នុងពេលឆាប់ៗ។
តើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះដូចម្តេចដែរ? តើវាទាមទារឱ្យមានបុគ្គលិកជំនាញបន្ថែម ឬយ៉ាងណា?
កង្វះបុគ្គលិកជំនាញ និងការរក្សាបុគ្គលិក គឺជាបញ្ហាប្រឈមពិតប្រាកដមួយ។ នៅក្នុងបរិបទតម្រូវការលើសការផ្គត់ផ្គង់ នៅក្នុងន័យធនធានមនុស្ស, បុគ្គលិកដែលមានសមត្ថភាព (ដូចជា វិស្វករ ប្រធាន និងអ្នកគ្រប់គ្រង) គឺមានតម្រូវការខ្ពស់ និងមានឱកាសការងារច្រើន។
សម្រាប់កម្លាំងពលកម្មក៏ដូចគ្នាដែរ ក្រុមហ៊ុនមួយចំនួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ប្រាក់ឈ្នួលខ្ពស់ ដើម្បីទាក់ទាញកម្លាំងពលកម្ម ដើម្បីធ្វើឱ្យប្រាកដថាពួកគេអាចបញ្ចប់គម្រោងរបស់ពួកគេបានទាន់ពេលវេលា។ ការដំឡើងប្រាក់ខែ អាចជួយបានក្នុងកម្រិតមួយ ប៉ុន្តែវាមិនអាចដោះស្រាយឫសគល់នៃបញ្ហាបានទេ ពីព្រោះវាមិនមានផលចំណេញខាងសេដ្ឋកិច្ច ហើយអ្នកផ្សេងអាចនឹងទាមទារបន្ថែម។
យើងមិនអាចធ្វើអ្វីបានច្រើនទេនៅក្នុងបរិបទនេះ ប៉ុន្តែយើងប្រាប់បុគ្គលិកថា យើងតែងតែមានភាពយុត្តិធម៌ ហើយយើងត្រូវបានគេស្គាល់ និងគោរពនៅក្នុងទីផ្សារ និងអាចផ្តល់ឱកាស និងផែនការអាជីពជាច្រើននៅក្នុងក្រុមហ៊ុន។
យើងមានការគាំទ្រពីបុគ្គលិកជាន់ខ្ពស់របស់យើង ដែលអ្នកខ្លះបានធ្វើការជាង ២០ ឆ្នាំ មកហើយ ហើយអ្នកខ្លះបានទទួលតំណែងកំពូល គឺដោយសារតែការលះបង់ និងភាពស្មោះត្រង់ គឺជាជំនួយដ៏ល្អក្នុងកាលៈទេសៈបែបនេះ។

ក្រុមហ៊ុន LBL កាន់តែមានភាពរឹងមាំនៅក្នុងដំណើរការរយៈពេល ៣០ ឆ្នាំមកនេះ។
តើ LBL បានចូលរួមចំណែកយ៉ាងដូចម្ដេចចំពោះកំណើនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា?
ដោយបានដំណើរការអស់រយៈពេល ៣០ ឆ្នាំ មកហើយនោះ ក្រុមហ៊ុន LBL ទទួលបានទាំងផលប្រយោជន៍ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងបានចូលរួមនៅក្នុងការរីកចម្រើន តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលពាក់ព័ន្ធនឹងការងារហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដំបូង ដូចជាផ្លូវថ្នល់ ស្ពាន និងបន្ទាយជាដើម។
យើងបានចូលរួមនៅក្នុងវិស័យមួយចំនួនដូចជា ទូរគមនាគមន៍ (ការដំឡើងខ្សែកាបអុបទិកសម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍/ALCATEL ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត), ការងារផ្លូវថ្នល់ (ផ្នែកផ្លូវ និងស្ពានតូចៗ សម្រាប់ USAID), មន្ទីរពេទ្យ (មហាវិទ្យាល័យ ឱសថស្ថានសម្រាប់ក្រសួងសុខាភិបាល/Foundation Fabre-Merieux), សាលារៀន (ការជួសជុលទាំងស្រុងនៃវិទ្យាស្ថានបច្ចេកវិទ្យា, ជួសជុលសាលាភូមិន្ទរដ្ឋបាលកម្ពុជា)។ ហើយនៅក្នុងវិស័យវប្បធម៍មាន (ស្ថាបត្យកម្មនិងការជួសជុល «សារមន្ទីរតូច» វត្តភ្នំ), ការសាងសង់បរិវេណយោធា/ជួសជុលសម្រាប់ក្រសួងការពារជាតិ និងមានជាច្រើនទៀត។
យើងក៏បានចូលរួមនៅក្នុងវិស័យថាមពលផងដែរ គឺគម្រោងផ្គត់ផ្គង់ថាមពល ដែលបានធ្វើនៅខេត្តកំពតក្នុងឆ្នាំ ២០០៤ និងគម្រោងរោងចក្រថាមពលក្រុងព្រះសីហនុ។
ប៉ុន្តែខ្ញុំអាចនិយាយបានថា ការចូលរួមចំណែកដ៏ធំបំផុតរបស់យើង គឺសម្រាប់ការដឹកជញ្ជូនដ៏ច្រើន តាមរយៈការចូលរួមយ៉ាងស៊ីជម្រៅរបស់យើងក្នុងការសាងសង់ និងបន្តធ្វើឱ្យប្រសើរឡើងនូវស្ថានីយអាកាសយានដ្ឋានសំខាន់ៗ ចំនួន ៣ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងខេត្តព្រះសីហនុ។
យើងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍព្រលានយន្តហោះទាំងនោះ មិនថាជាអ្នកម៉ៅការបន្តពីគម្រោង Vinci Construction Grand Projets ឬជាអ្នកម៉ៅការផ្ទាល់ពីក្រុមហ៊ុន Société Concessionaire des Aéroports នោះទេ គឺទាំងការរចនា និងសាងសង់ ឬសាងសង់គម្រោង។
LBL បានបញ្ចប់ដោយជោគជ័យនូវគម្រោងជាង ៤០០។ តើវាបានបង្ហាញអំពីអ្វី?
តួរលេខនេះបង្ហាញថា យើងកំពុងរឹងមាំបន្តិចម្តងៗ ហើយកេរ្តិ៍ដំណែលរបស់យើង គឺទទួលគម្រោងជាបន្តបន្ទាប់ ជាមួយការតាំងចិត្ត និងការព្យាយាម ដែលយើងកំពុងប្រើប្រាស់ជាប្រចាំនៅក្នុងសកម្មភាពសាងសង់របស់យើង។
ប៉ុន្តែវាទាក់ទងរឿងរ៉ាវដ៏វែងឆ្ងាយ និងសំខាន់បំផុតអំពីភាគីពាក់ព័ន្ធនានា។ ទាំងនេះគឺទាក់ទង និងធនធានមនុស្ស ដែលបានធ្វើឱ្យសមិទ្ធផលដ៏អស្ចារ្យនេះអាចសម្រេចបាន ហើយខ្ញុំសូមប្រើឱកាសនេះ ដើម្បីបង្ហាញពីការដឹងគុណដ៏ស្មោះ ចំពោះពួកគេទាំងអស់គ្នា។
ចំពោះអតិថិជនរបស់យើង ខ្ញុំសូមថ្លែងអំណរគុណចំពោះការជឿជាក់របស់ពួកគេមកលើយើងអស់ រយៈពេលជាច្រើនឆ្នាំមកនេះ និងធ្វើឱ្យយើងឈានមុខគេនៅក្នុងឧស្សាហកម្មរបស់យើង។
យើងមានកិត្តិយសណាស់ ដែលទទួលបានការជឿជាក់ពីលោកអ្នកហើយយើងនឹងប្តេជ្ញាខិតខំប្រឹងប្រែងបន្តការងាររបស់យើងដោយមិនខ្លាយនឿយហត់។
ចំពោះបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណ ដែលខ្ញុំមានឱកាសធ្វើការប្រចាំថ្ងៃជាមួយអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាគឺជាមិត្តរួមការងារដែលមានទេពកោសល្យ មានការលះបង់ខ្ពស់ និងមានភាពមោះមុតក្នុងការងារ និងការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នាចំពោះអតិថិជនជាអទិភាពចម្បងរបស់ក៏ដូចជាប្រកាន់ខ្ជាប់ចំពោះតម្លៃសាជីវកម្មរបស់យើង ដែលជាវឌ្ឍនភាព និងភាពជោគជ័យរបស់ LBL នាពេលកន្លងមក។
ចំពោះដៃគូរបស់យើង ដោយស្ថិតនៅក្នុងអាជីវកម្មអស់រយៈពេល ៣០ ឆ្នាំមកនេះ យើងទទួលស្គាល់ពីសារៈសំខាន់នៃការបង្កើតភាពជាដៃគូ ដែលសហការគ្នាប្រកបដោយផ្លែផ្កា ដែលអាចនាំមកនូវគុណតម្លៃដ៏អស្ទារ្យដល់ LBL និងអតិថិជនរបស់យើង។ យើងខ្ញុំសូមអរគុណដល់ដៃគូទាំងអស់ ចំពោះការប្តេជ្ញាចិត្ត ការប្រើប្រាស់ទេពកោល្យ និងជំនាញ ដើម្បីជួយយើងក្នុងការបម្រើអតិថិជន និងបញ្ចប់គម្រោងទាំងអស់ជាមួយគ្នាដោយជោគជ័យ៕