
ផ្សារមូលបត្រកម្ពុជា (CSX) បានផ្លាស់ទៅអគារទីស្នាក់ការថ្មីកម្ពស់៣ជាន់របស់ខ្លួន ដោយការរចនាដោយស្ថាបត្យកម្មខ្មែរដ៏ស្រស់ស្អាត ក្នុងឆ្នាំ២០១៥ ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះទីផ្សារមូលបត្រ ដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការថ្មីនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់របស់ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលស្ថិតនៅផ្លូវលេខ១០៦ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
ពិធីដ៏មានសារៈសំខាន់នេះ ក៏ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាល CSX ព្រមទាំងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា (ន.ម.ក.) និងលោកបណ្ឌិត ហុង សុហួរ អគ្គនាយក CSX ក៏ដូចជាវត្តមានរបស់ភាគីពាក់ព័ន្ធនៅក្នុងវិស័យនេះជាច្រើនរូបទៀត។
ឯកឧត្តម គាត ឈន់ បានមានប្រសាសន៍ថា៖«អគារនេះគឺជាហេដ្ឋារចនាសម្ព័ន្ធរឹងមួយ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ជាច្រើននៅក្នុងវិស័យមូលបត្រ ដែលត្រូវបានបង្កើត និងអភិវឌ្ឍកន្លងមក ស្របតាមការចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា»៕






