ភ្នំ​ពេញៈ ជា​ប្រទេស​មួយ​ដែល​បាន​ទទួលរង​នូវ​ការ​ដាក់​អាណានិគម​ពី​បរទេស​រួច​កើតមាន​សង្រ្គាម​រ៉ាំរ៉ៃ​ក្នុង​ស្រុក​ជាបន្តបន្ទាប់​គ្នា​អស់​ជាច្រើន​សម័យកាល​នោះ ​កម្ពុជា​បាន​ខំប្រឹង​រើបម្រះ​ពី​របប​សម័យកាល​ដ៏​ជូរចត់​និង​ខ្មៅ​ងងឹត​ទាំងនោះ​រហូត​អាច​វិវឌ្ឍ​ខ្លួន​ក្លាយជា​រដ្ឋ​មួយ​ដែល​ទទួល​បាន​សេរីភាព​ពេញលេញ​ និង​មាន​សុខ​សន្តិភាព​ដូច​បច្ចុប្បន្ន។

ជាមួយគ្នា​នេះ​វិស័យ​កីឡា​ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​បាន​ជា​សហព័ន្ធ​កីឡា​ជាតិ​ជាបន្តបន្ទាប់​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​នូវ​ធនធាន​កីឡា​ទាំង​ក្រុម​អត្តពលិក​និង​មន្រ្តី​បច្ចេកទេស​ហើយ​ក្នុងរយៈពេល​ជិត៤០ឆ្នាំ​ចុងក្រោយ​មកនេះ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កីឡា​ចេញទៅ​ប្រកួតប្រជែង​នៅ​លើឆាកអន្តរជាតិ​ជាបន្តបន្ទាប់​និង​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ជាហូរហែ​ជាពិសេស​នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​ដែល​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ប្រចាំ​នៅ​តំបន់​អាស៊ាន។

យ៉ាងណាក៏ដោយចាប់តាំងពី​ការប្រកួត​ស៊ី​ហ្គេមត្រូវ​បាន​បង្កើត​ឱ្យ​មានការ​ប្រកួត​ជាលើកដំបូងនៅ​ទីក្រុង​បាងកកប្រទេស​ថៃឆ្នាំ១៩៥៩ រហូតមកដល់​ពេលនេះកម្ពុជាមិនធ្លាប់​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅឡើយ​ទេខណៈ​ថៃនិង​ម៉ាឡេស៊ីធ្លាប់ធ្វើ​ម្ចាស់ផ្ទះ៦ដង​ដូចគ្នាហើយ​ឥណ្ឌូ​នេ​ស៊ីសិង្ហបុរីនិង​ហ្វីលីពីនបាន៤ដង​ដូចគ្នារីឯមីយ៉ាន់ម៉ាបាន៣ដងវៀតណាមបាន២ដងហើយ​ប្រ៊ុយណេនិង​ឡាវបាន​ធ្វើម្ចាស់ផ្ទះ១ដង​ដូចគ្នាតែ​ទី​ម័រខាងកើតនៅ​មិនទាន់​ធ្លាប់​បាន​ធ្វើ​ដូច​កម្ពុជា​ដែរ។

តែ​ទោះបីជា​យ៉ាងណា​ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​និង​សក្តា​នុ​ពល​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ដែល​អាច​ដណ្តើម​បាន​មេដាយ​គ្រប់​កម្រិត​ទាំង​ការប្រកួត​ជើងឯក​ពិភពលោក​អាស៊ី និង​អាស៊ាន​ជាពិសេស​ការ​បំបែក​កំណត់ត្រា​នៃ​ការ​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ជាបន្តបន្ទាប់​គ្នា​របស់​អត្តពលិក​កម្ពុជា​និង​ការ​កើនឡើង​នៃ​ការ​ប្រមាញ់​បាន​មេដាយមាស​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ស្រប​ពេល​កម្ពុជា​មាន​សុខ​សន្តិភាព​ផង​នោះ​បាន​ជំរុញ​ឱ្យ​ប្រមុខ​ដឹកនាំ​ប្រទេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ជា​ប្រវត្តិ​សាស្រ្ត​លើកដំបូង​នៅ​ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ​ចំពោះ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រុម​មន្រ្តី​ជំនាញ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​កន្លងមក​ថា៖ «យើង​ត្រូវ​ចងចាំ​ឱ្យ​ច្បាស់​ថា​យើង​មាន​តួនាទី​ជា​ម្ចាស់ផ្ទះ​ដូច្នេះ​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ដែល​មានការ​ទទួលខុសត្រូវ​ហើយ​ការប្រកួត​ត្រូវ​ប្រព្រឹត្តទៅ​ឱ្យ​រលូន​ពីដើម​ដល់​ចប់ មិន​ធ្វើ​ឱ្យ​កីឡាករ​កីឡាការិនី​និង​អ្នកដឹកនាំ​នៃ​ប្រទេស​នានា​ដែល​ចូលរួម​ប្រកួត​បាក់ទឹកចិត្ត​ហើយ​ធ្វើ​ឱ្យ​ខូច​នូវ​មុខមាត់​ប្រទេស​យើង​នោះ​ទេ»។

ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ថា៖ «ការ​ដណ្តើម​មេដាយ​ជា​រឿង​ទី២ទេ​ប៉ុន្តែ​រឿង​ធានារ៉ាប់រង​ក្នុងឋានៈជា​សមាជិក​អាស៊ាន​ដែល​មានការ​ទទួលខុសត្រូវ​គឺ​ត្រូវ​ធ្វើការងារ​នេះ​ឱ្យ​ច្បាស់ ដោយ​មិន​ត្រូវ​ធ្វើ​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​នានា​បាក់ទឹកចិត្ត​ហើយ​ត្រឡប់ទៅវិញ​និយាយដើម​ពី​កម្ពុជា​ថា​ទទួល​មិនបាន​ល្អ​ដេក​មិនបាន​គ្រប់គ្រាន់​ក្តៅ​នោះ​ទេ​ព្រោះ​ពេល​បើក​យើង​បើក​ចំ​ពេល​ក្តៅ​ទៅទៀត ដោយ​យើង​កំណត់​យក​ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣»។

ជាមួយ​ការសម្រេច​ឱ្យ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ជាលើកដំបូង​នេះ​កម្ពុជា​បាន​ឈាន​ដល់​ការបង្កើត​ឱ្យ​មាន​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពី​ឆ្នាំ២០១៦ ដើម្បី​ទទួលខុសត្រូវ​រួម និង​រៀបចំផែនការ​មេ​ឆ្ពោះទៅ​ស៊ី​ហ្គេម​នេះ។

ជាមួយគ្នា​នោះ​កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ទីលាន​ព្រមទាំង​ជួសជុល​ទីលាន​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ដើម្បី​បម្រើ​ដល់​ការរៀបចំ​ស៊ី​ហ្គេម​នេះ​ហើយ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​អស់​ប្រមាណ១៥០លាន​ដុល្លារ​ជា​ជំនួយឥតសំណង​របស់​មិត្ត​ចិន​នោះ​ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​ការប្រកួត​នេះ​ព្រមទាំង​សម្រាប់​រៀបចំ​ពិធី​បើក​បិទ​ស៊ី​ហ្គេម​ឆ្នាំ២០២៣នេះ​តែម្តង។

ទន្ទឹម​នឹង​នេះ​ធនធាន​អត្តពលិក​និង​មន្រ្តី​បច្ចេកទេស​នៅ​លើ​ប្រភេទ​កីឡា​នី​មួយៗក៏​ត្រូវ​បាន​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​មានគុណ​ភាព​ផង​ដែរ​ដើម្បី​សម្រេច​ទិសដៅ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣ដែល​ព្រឹត្តិ​ការណ៍​នេះ​កម្ពុជា​បាន​រង់ចាំ​អស់​រយៈពេល៦៤ឆ្នាំ​ហើយ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន CAMSOC បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ថា៖ «ពេលនេះ ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ដែល​ខ្ញុំ​សូម​រំឭក​ឡើងវិញ​ថា​កម្ពុជា​បាន​រង់ចាំ​រយៈពេល៦៤ឆ្នាំ​ទើប​អាច​មានលទ្ធភាព​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ដ៏​ធំ​នេះ​ក្រោម​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​និង​ប៉ិនប្រសប់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រស់នៅ​ក្នុង​ដំបូល​សន្តិភាព​និង​កិច្ចប្រឹងប្រែង​ស្តារ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​និង​លើកស្ទួយ​នូវ​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ១៩»។

លោក​បាន​បន្ថែម​ថា៖ «បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​និង​ចលនា​អូឡាំពិក​ក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣ឱ្យ​ទទួល​បាន​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​និង​ជោគជ័យ។ រាជរដ្ឋាភិបាល​បាន​វិនិយោគ​ធនធាន​ថវិកា​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ទីលាន​ប្រកួត​កីឡា​ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​បម្រើ​ឱ្យ​ការប្រកួត​ជា​អន្តរជាតិ​ផង​និង​សម្រាប់​ការ​ហ្វឹកហ្វឺន​ជំនាញ​កីឡា​គ្រប់​ប្រភេទ​ផង»។

ប្រធាន CAMSOC រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាញ​កីឡា​គឺ​កីឡាករ​កីឡាការិនី​គ្រូបង្វឹក​មន្រ្តី​បច្ចេកទេស​កីឡា​ក៏​ត្រូវ​បាន​ដាក់ចេញ​នូវ​ការឧបត្ថម្ភ​គាំទ្រ​និង​ផ្គត់ផ្គង់​ដល់​ក្រុមជម្រើសជាតិ​ដើម្បី​បំប៉ន​ការហាត់​ហ្វឹកហ្វឺន​ឈាន​ទៅ​រក​គុណ​ផល​កីឡា​កម្រិតខ្ពស់​និង​ស្វែងរក​កម្រិត​ស្តង់​ដា​បច្ចេកទេស​កីឡា​ក្នុង​តំបន់​និង​លើឆាកអន្តរជាតិ។

ជាមួយគ្នា​នេះ​កម្ពុជា​ក៏បាន​ទទួលជោគជ័យ​ផង​ដែរ​ក្នុង​ការ​ដាក់​ប្រភេទ​កីឡា​ប្រពៃណី «គុនល្បុក្កតោ» ទៅ​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣នេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​កាលពី​ខែមេសា​ឆ្នាំ២០២២ហើយ​អង្គប្រជុំ​ក៏បាន​ឯកភាព​ដាក់​ប្រភេទ​កីឡា​ចំនួន៣៩ទៀតផង​ដែរ​ដែល​ធ្វើ​ឱ្យ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣នៅ​កម្ពុជា​មាន​ចំនួន​ប្រភេទ​កីឡា​ច្រើន​បំផុត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា៖ «ការ​ដាក់​គុនល្បុក្កតោ​ចូល​ទៅ​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣វា​ជាគោល​បំណង​របស់​យើង​យូរ​មក​ហើយ​ហើយ​វា​ជា​កិត្តិយស​របស់​យើង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ដែល​បាន​ដាក់​ក្បាច់គុន​ជា​ប្រពៃណី​វប្បធម៌​របស់​យើង​ចូល​ទៅ​ក្នុង​ស៊ី​ហ្គេម​អ៊ីចឹង​ផែនការ​របស់​យើង​ទទួល​បាន​ជោគជ័យ​ដោយសារ​ប្រទេស​ទាំងអស់​បាន​គាំទ្រ​ដាក់​ឱ្យ​បញ្ចូល​ជា​ផ្លូវការ​កាលពី​ព្រឹកមិញ​នេះ​ហេតុនេះ​វា​ជាម​ហា​កិត្តិយស​មួយ​ហើយ​សម្រាប់​យើង»។

ទន្ទឹម​នឹង​នេះ​ថ្នាក់ដឹកនាំ CAMSOC ក៏បាន​ប្រកាសប្រាប់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ពី​ការ​ឈាន​មកដល់​របស់​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផង​ដែរ​នៅពេល​ប្រតិភូ​កីឡា​កម្ពុជា​ដឹកនាំ​ដោយ​លោក ទៀ បាញ់ ផ្ទាល់​បាន​រៀបចំ​ដង្ហែ​ទង់​ស៊ី​ហ្គេម​និង​ម្ចាស់​ជយលាភី​មេដាយមាស​ពី​ការប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​មកដល់​មាតុប្រទេស​កាលពី​ថ្ងៃទី២៤ ខែឧសភា កន្លងមក​នេះ។

នៅក្នុង​ឱកាស​នោះ​លោក ទៀ បាញ់ បាន​ថ្លែង​ថា៖«ថ្ងៃនេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ពិតជា​មាន​សោមនស្ស​រីករាយ​និង​មោទនភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ទស្សនទាន​ការទូត​កីឡា​និង​កិត្យានុភាព​ជាតិ​ក្នុង​ការ​នាំមក​នូវ​ទង់​សហព័ន្ធ​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២នៅ​កម្ពុជា។ ហេតុនេះ​សូម​បងប្អូន​ជនរួមជាតិ​ដែល​រស់នៅ​ក្នុង​និង​ក្រៅប្រទេស​សូម​ត្រៀម​រៀបចំ​គ្រប់​លក្ខណ​សម្បត្តិ​ក្នុងនាម​ម្ចាស់ផ្ទះ​ដោយ​រង់ចាំ​ទទួលស្វាគមន៍​ប្រតិភូ​កីឡា​អាស៊ី​អាគ្នេយ៍​និង​ភ្ញៀវ​អន្តរជាតិ​មក​ពីគ្រប់ទិស​ទី​ជុំវិញ​ពិភពលោក​ដើម្បី​ទទួលយក​នូវ​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ជាមួយនឹង​ឥរិយាបថ​ស្លូតបូត​សុភាព​រាបសា​ថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​យើង​ដែល​កំពុង​រស់នៅ​ក្នុង​សន្តិភាព​ពេញលេញ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ»៕