
កសិករកំពុងលើកកសិផលរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញនៅទឹកដីនៃខេត្តព្រះវិហារនាពេលកន្លងមក។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញ: កំណើននៃតម្លៃបន្ថែមសរុបរបស់វិស័យកសិកម្មបានកើនឡើងពី ១៥ ៩៣៨ ពាន់លានរៀល ឬស្មើនឹង ជាង ៣ ៩០៩ លានដុល្លារ នៅឆ្នាំ ២០១០ ដល់ ២២ ៧៨៦ ពាន់លានរៀល ឬស្មើនឹង ៥ ៥៨៣ លានដុល្លារ នៅឆ្នាំ ២០១៩ មុនពេលមានវិបត្តិកូវីដ ១៩ ដោយបានកើនក្នុងអត្រាប្រមាណ ៤% ក្នុង ១ ឆ្នាំនៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ។
របាយការណ៍ស្តីពីការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានៅក្នុងរយៈពេល១០ឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា កំណើននៃវិស័យកសិកម្មមានប្រមាណ១,៧% នៅឆ្នាំ២០១៧ និង ១,១% នៅឆ្នាំ២០១៨។ ចាប់ពីដើមឆ្នាំ២០២០ ដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច រីឯកំណើននៃវិស័យកសិកម្មស្ថិតក្នុងរង្វង់ ០,៦% តែប៉ុណ្ណោះ ហើយកំណើននេះត្រូវបានប៉ាន់ស្មានថានឹងកើនប្រហែល ១,១% នៅឆ្នាំ២០២១។ ចំពោះការចូលរួមចំណែកនៃអនុវិស័យក្នុងវិស័យនេះបង្ហាញឱ្យឃើញថា ផលិតកម្មដំណាំបានរួមចំណែកធំជាងគេ គឺប្រមាណពី៥៧%ទៅ៥៩% នៃផលិតផលកសិកម្មសរុប ខណៈដែលផលិតផលជលផលមានប្រមាណពី២២% ទៅ២៤% ផលិតផលសត្វមានក្នុងរង្វង់ជាង ១១% និងព្រៃឈើមានក្នុងចន្លោះពី៦,៧% ទៅ៧% ប៉ុណ្ណោះ។
ចំពោះអនុវិស័យដំណាំ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ផលិតផលស្រូវបានកើនឡើងពី ៨,២លានតោននៅឆ្នាំ២០១០ ដល់១០,៨លានតោននៅឆ្នាំ២០១៩ (មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៣,១%) ហើយនៅឆ្នាំ២០២១ សម្រេចបាន ១២,២១លានតោន។ នៅក្នុងនោះអតិរេកស្រូវបានកើនពី ៣,៩លានតោននៅឆ្នាំ២០១០ ដល់ ៥,៧៥លានតោននៅឆ្នាំ២០១៩ និង៦,៩លានតោននៅឆ្នាំ២០២១នេះ។ដោយឡែកផលិតផលដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មបានកើនពី ៦,១៤លានតោននៅឆ្នាំ២០១០ និងនៅឆ្នាំ២០២១ សម្រេចបានជាង១៩លានតោន។ចំពោះផលិតផលកៅស៊ូសម្រេចបានជាង ៤២ពាន់តោននៅឆ្នាំ២០១០ និងកើនដល់ ២៨៧ពាន់តោននៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២១ សម្រេចបានជាង ៣៦៨ ពាន់តោន។ ការនាំចេញផលិតផលកៅស៊ូមានការកើនឡើងពី ៤២ពាន់តោន នៅឆ្នាំ២០១០ ដល់ ៣៦៦ពាន់តោន នៅឆ្នាំ២០២១។
សម្រាប់អនុវិស័យផលិតកម្មសត្វ(លក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្ម) មានកំណើន៥,៥៣% ជាមធ្យមប្រចាំឆ្នាំ។នៅឆ្នាំ២០១០ ការចិញ្ចឹមសត្វមានចំនួន ២៧លានក្បាល និងកើនដល់ជាង៤៥លានក្បាលនៅឆ្នាំ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ហេង ជីវ័ន
២០១៩ (បើគិតជាតម្លៃគឺកើនពី១ ៤៥៨លានដុល្លារអាមេរិក ដល់ ១ ៨២៧លានដុល្លារអាមេរិក) ហើយនៅឆ្នាំ២០២១ ចិញ្ចឹមបានជាង ៥៩លានក្បាល។ ផ្នែកជលផលវិញ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ បរិមាណផលនេសាទសរុប (ទឹកសាប សមុទ្រនិងវារីវប្បកម្ម) បានកើនឡើងប្រមាណ ៥,៧% ជាមធ្យមក្នុង១ឆ្នាំៗគឺ ៥៥០ពាន់តោននៅឆ្នាំ២០១០ ដល់ ៨៥៦ពាន់តោននៅឆ្នាំ២០២១។ ផលនេសាទទឹកសាប កើនពី៤០៥ពាន់តោននៅឆ្នាំ២០១០ ដល់៤៧៩ពាន់តោននៅឆ្នាំ២០១៩ (ប្រមាណ ១,៩% ជាមធ្យមប្រចាំឆ្នាំ) និង ៣៨៣ពាន់តោននៅឆ្នាំ២០២១។បរិមាណផលនេសាទសមុទ្របានកើនឡើងដូចគ្នាពី ៨៥ពាន់តោននៅឆ្នាំ២០១០ ដល់ជាង១២២ពាន់តោននៅឆ្នាំ២០១៩ (ប្រមាណ៤,១%ជាមធ្យមប្រចាំឆ្នាំ) និងនៅឆ្នាំ២០២១ មានចំនួន ១២៥ពាន់តោន។ ចំណែកផលវារីវប្បកម្មបានកើនឡើងពី ៦០ពាន់តោន ដល់ជាង ៣០៧ពាន់តោន ក្នុងចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១៩ (ប្រមាណ១៩,៩%ជាមធ្យមប្រចាំឆ្នាំ) និងនៅឆ្នាំ២០២១នេះ សម្រេចបាន ៣៤៨ពាន់តោន។
ចំពោះវិស័យព្រៃឈើវិញក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការដាំឈើឡើងវិញ ទាំងរដ្ឋ និងវិស័យឯកជនសម្រេចបានសរុបចំនួន ៤០៨ពាន់ហិកតា និងការបង្កើតសហគមន៍ព្រៃឈើគិតត្រឹមឆ្នាំ២០១៩ មានសរុបចំនួន ៦៣៦សហគមន៍ និងកើនដល់ ៦៤៣សហគមន៍ត្រឹមឆ្នាំ២០២១នេះ។ទន្ទឹមនឹងភាពរីកចម្រើនដូចដែលមាននៅក្នុងរបាយការណ៍នេះ វិស័យកសិកម្មក៏នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងផ្នែកវារីវប្បកម្ម ផ្នែកដំណាំ ទីផ្សារ ដែលធ្វើឱ្យការនាំចេញផលិតកម្មរបស់កម្ពុជានៅមានកម្រិត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក សាខុន បានបន្ថែមថា ផលិតភាពកសិកម្មនៅកម្ពុជាមានកម្រិតទាបបើធៀបជាមួយប្រទេសដទៃទៀតក្នុងតំបន់ ដោយហេតុថា ការធ្វើទំនើបកម្មប្រព័ន្ធផលិតកម្មទើបតែចាប់ផ្តើម និងក្នុងល្បឿនយឺត, យន្ដកម្មកសិកម្ម និងការប្រើប្រាស់ធាតុចូលកសិកម្មសមស្រប ដែលតម្រូវឱ្យមានការលើកកម្ពស់ការយល់ដឹងបន្ថែមទៀត និងសមត្ថភាពក្នុងការផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបនៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ។
លោកបានបញ្ជាក់ថា៖«កម្ពុជាពិបាកក្នុងការប្រកួតប្រជែងតម្លៃនៅលើទីផ្សារ ដោយសារតែប្រទេសជិតខាងកម្ពុជា ចំណាយថ្លៃដើមលើផលិតផលកសិកម្មនេះតិចជាងយើង ដូចនេះគេអាចលក់បានក្នុងតម្លៃទាបជាងយើង»។
លោកបានបន្តថា ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប ក្រៅពីស្រូវអង្ករកម្ពុជាអាចនាំទៅបានត្រឹម១៥០តោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ដោយសារតែជួបការលំបាកច្រើនរឿងបញ្ហាដឹកជញ្ជូន ប៉ុន្តែបើនាំមកកាន់ប្រទេសជិតខាងវិញ ពិបាកក្នុងការ-ប្រកួតប្រជែងជាមួយផលិតផលក្នុង ស្រុករបស់គេ។ ម្យ៉ាងវិញទៀត បើសិនជានាំចេញទៅចិន ជប៉ុន កូរ៉េ ក៏មានការលំបាកច្រើនដែរ ដោយសារតែនៅមានរបាំងភូតគាមអនាម័យ ដោយត្រូវចំណាយច្រើន និងចំណេញតិច ជាពិសេសផលិតផលផ្លែឈើ ដែលមានសក្តានុពលដូច ស្វាយ និងចេកជាដើម កំពុងជួបបញ្ហាច្រើនក្នុងការនាំចេញទៅកាន់ប្រទេសចិន។
ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យកសិកម្មវិញ ត្រូវបានលោករដ្ឋមន្ត្រីគូសបញ្ជាក់ថា បានជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មច្រើន ទទួលបានផល និងគុណភាពល្អប្រសើរជាងមុន ខណៈកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្មមានកាន់តែច្រើនពី១ឆ្នាំ
ទៅ១ឆ្នាំ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានមាន ប្រសាសន៍ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ តាមរយៈការដាក់ចេញនូវគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១០។ លោកថា កម្ពុជាពីប្រទេសដែលសម្រាប់តែធ្វើផលិតកម្មស្រូវសម្រាប់សន្តិសុខស្បៀងក្នុងស្រុក រហូតដល់ការនាំចេញស្រូវបានជាង ៣,៥ លានតោនស្រូវនៅក្នុងឆ្នាំ២០២១ ហើយបានចាប់ផ្តើមនាំចេញអង្ករត្រឹមចំនួន ប្រមាណជាង ១ ម៉ឺនតោន នៅឆ្នាំ២០០៩ និងកើនដល់ជាង ៦១ម៉ឺនតោននៅឆ្នាំ២០២១។
អ្នកជំនាញផ្នែកកសិកម្មនៅកម្ពុជា លោក យ៉ង សាំងកុមារ បានមើលឃើញថា ការវិវឌ្ឍនៃវិស័យកសិកម្មកម្ពុជាមានតិចតួចប៉ុណ្ណោះ ខណៈដែលការកង្វះទីផ្សារ និងទុន នៅតែជាកង្វល់ និងបញ្ហាសម្រាប់កសិករ មិនទាន់មានការដោះស្រាយឱ្យបានល្អប្រសើរនៅឡើយ។
លោកបានថ្លែងបញ្ជាក់ថា៖«យើងសង្កេតឃើញថា មិនមានការវិវឌ្ឍជាវិជ្ជមានច្រើនទេ សម្រាប់វិស័យកសិកម្ម-កម្ពុជា ដោយសារតែបញ្ហាបំណុលរបស់កសិករនៅតែមានច្រើន ការប្រែក្លាយដីកសិកម្មទៅជាដីឡូត៍ និងការស្រាវជ្រាវលើបច្ចេកទេសកសិកម្មទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៅមានកម្រិតនៅឡើយ។ ទោះជាយ៉ាងណាយើងក៏ឃើញមានការវិវឌ្ឍល្អប្រសើរខ្លះដែរ គឺផ្ទៃដីដាំដំឡូងមី និងស្វាយចន្ទីមានការកើនឡើងគួរសម ប៉ុន្តែនៅតែមានបញ្ហាទីផ្សារដដែល»។
ដើម្បីជំរុញកំណើនផលិតភាពកសិកម្មកម្ពុជា រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មបានរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឆ្នាំ២០២២-២០៣០ ដើម្បីប្រែក្លាយ កសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕