The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - និស្សិត​អាហារូបករណ៍​វិលត្រឡប់​ទៅ​សិក្សា​នៅ​ចិន​វិញ​ បន្ទាប់ពី​បញ្ហា​កូ​វី​ដបាន​ធូរស្រាល

និស្សិត​អាហារូបករណ៍​វិលត្រឡប់​ទៅ​សិក្សា​នៅ​ចិន​វិញ​ បន្ទាប់ពី​បញ្ហា​កូ​វី​ដបាន​ធូរស្រាល

Content image - Phnom Penh Post
ក្រុមនិស្សិត​អាហារូបករណ៍ដែលនឹងត្រូវ​វិលត្រឡប់​ទៅ​សិក្សា​នៅ​ចិន​វិញ​។

និស្សិត​អាហារូបករណ៍​វិលត្រឡប់​ទៅ​សិក្សា​នៅ​ចិន​វិញ​ បន្ទាប់ពី​បញ្ហា​កូ​វី​ដបាន​ធូរស្រាល

ស្ថានទូត​ចិន​ប្រចាំ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២២ ខែកញ្ញា បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​មុន​ពេល​ធ្វើដំណើរ​ត្រឡប់ទៅ​សិក្សា​នៅ​ប្រទេស​ចិន​វិញ ក្រោម​អធិបតីភាព​ឯកឧត្តម Wang Wentian ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និងកីឡា ព្រមទាំង​មន្ត្រី​ស្ថានទូត និង​និស្សិត​ជាច្រើន​រូប​ទៀត។

និស្សិត និង​មន្ត្រី​រាជការ​កម្ពុជា​ប្រមាណ ៣៥០ នាក់ មក​ពី​ទូទាំង​ប្រទេស​នឹង​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​នៅ​ចុងខែ​កញ្ញា​នេះ ដែល​តប​តាម​ការ​ឆ្លើយតប​នឹង​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូនចំពោះ​ឯកឧត្តម ស៊ី ជីន ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​អនុញ្ញាត​ឱ្យ​និស្សិត​ទៅ​បន្ត​ការសិក្សា ក្រោយ​បញ្ហា​កូ​វីដ១៩ ហាក់​បាន​ធូរស្រាល។

ឯកឧត្តម Wang Wentian មានប្រសាសន៍​ថា ៖ «ប៉ុន្មាន​ឆ្នាំ​មកនេះ សិស្ស​និស្សិត​កម្ពុជា​ជាច្រើន​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ចិន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​កសាង​ប្រទេសជាតិ ខិតខំ​ធ្វើជា​អ្នក​បន្តម​រត​កនៃ​ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា។ រដ្ឋាភិបាល​ចិន​និង​កម្ពុជា​តែង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ ការ​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិន វិញ​ដើម្បី​បន្ត​ការសិក្សា»។

យុវជន ហ៊ុន ប៊ុ​នរ័​ត្ន អាយុ ១៩ ឆ្នាំ​មក​ពី​ខេត្តកំពត​បាន​និយាយ​ថា គាត់​សប្បាយរីករាយ​ណាស់​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ដែល​នឹង​ទទួល​បានការ​អប់រំ​ស្តង់​ដា​អន្តរជាតិ ហើយ​គាត់​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ រយៈពេល ៦ ឆ្នាំ នៅ​ទីក្រុង​ប៉េកាំង។

យុវជន ហ៊ុន ប៊ុ​នរ័​ត្ន និយាយ​ថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ក៏​ដូច​ក្រសួង​អប់រំ ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ជួយ​សម្រួល​ដល់​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ» ។

កញ្ញា ចាន់ ស៊ីវ​លី អាយុ ១៩ ឆ្នាំ មក ពី​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គាត់​រីករាយ​ដែល​បាន​ទទួល​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ថ្នាក់​បរិញ្ញាបត្រ​ហិរញ្ញវត្ថុ រយៈពេល ៤ ឆ្នាំ។

កញ្ញា ស៊ីវ​លី ថ្លែង​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ចិន រដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ ក្រសួងសុខាភិបាល និង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត-ចិន ដែល​ពួក​គាត់​បាន​ជួយ​សម្របសម្រួល​ទាំង​ការ​ធ្វើ​ទិដ្ឋ​ការ ក៏​ដូច​ជា​សម្រូ​លការ​រៀបចំ​ឯក​សារ​ផ្សេងៗ។

ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍​ថា ចាប់តាំងពី​ប្រទេស​ទាំង២បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៥៨ មក ទំនាក់ទំនង​ទ្វេភាគី​បាន​អភិវឌ្ឍ​ជាបន្តបន្ទាប់ បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និង​ជា​បងប្អូន​ដែកថែប​ដែល​មិន​អាច​បំបែក​បាន។

ឯកឧត្តម ពិត ចំណាន មានប្រសាសន៍​ថា៖ «ចាប់តាំងពី​ឆ្នាំ ១៩៩៨ មកដល់​ឆ្នាំ ២០២១ មាន​សិស្ស និស្សិត និង​មន្ត្រី​រាជការ​កម្ពុជា ចំនួន ១ ៩១៣ នាក់ ស្រី ៤៩២ នាក់ បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​រយៈពេល​វែង និង​រយៈពេល​ខ្លី» ។

សូម​បញ្ជាក់​ថា គិត​ចាប់តាំងពី​ដើមខែ​សីហា​មក ស្ថានទូត​ចិន​បាន​ជួយ​សម្រួល​ដល់​សិស្ស​និស្សិត​កម្ពុជា​ជាង ៤០០ នាក់​ដើម្បី​អាច​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ​បន្ត​ការសិក្សា ទទួល​បានការ​កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សិស្ស​និស្សិត​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍