
ដើម្បីជំរុញរបៀបវារៈសមាហរណកម្មក្នុងតំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោយឆ្នាំ ២០១៥ វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ដែលជាក្រុមជាន់ខ្ពស់នៃនិយ័តករទីផ្សារមូលធនអាស៊ានបានដាក់ចេញចក្ខុវិស័យ ACMF ឆ្នាំ ២០២៥ ដើម្បីជំរុញការភ្ជាប់ទំនាក់ទំនង បរិយាបន្ន និងភាពធន់នៃទីផ្សារមូលធនអាស៊ាន។
ចក្ខុវិស័យ ACMF ឆ្នាំ ២០២៥ កំណត់នូវគោលដៅយុទ្ធសាស្ត្រចំនួន ៣៖
១ ជំរុញ និងសម្របសម្រួលការតភ្ជាប់អាស៊ាន ឱ្យកាន់តែប្រសើរឡើង ដើម្បីពង្រីកសក្តានុពលនៃទីផ្សារមូលធនរបស់ខ្លួន
២ ជំរុញ និងទ្រទ្រង់បរិយាបន្ននៃទីផ្សារមូលធននៅក្នុងតំបន់ប្រកបដោយនិរន្តរភាព និង
៣ ពង្រឹង និងរក្សាសណ្តាប់ធ្នាប់ និងភាពធន់នៃទីផ្សារមូលធនអាស៊ាន
គោលដៅយុទ្ធសាស្ត្រនៃចក្ខុវិស័យទីផ្សារមូលធនអាស៊ាន (ACMF) ឆ្នាំ ២០២៥ ត្រូវបានដាក់ចេញជា ២ ដំណាក់កាល។ ដំណាក់កាលទីមួយ ត្រូវបានអនុវត្តតាមរយៈផែនការសកម្មភាពរបស់ ACMF ២០១៦-២០២០ (“AP 2016-2020”) រួមជាមួយនឹងគំនិតផ្តួចផ្តើមជាក់លាក់ក្នុងការជំរុញការងាររបស់ ACMF ដែលផ្តោតលើការងារអាទិភាពសំខាន់ៗចំនួន ៦ ចំណុច ដូចខាងក្រោម៖
១ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីផ្សារក្នុងតំបន់ និងការតភ្ជាប់
២ ជំរុញឱ្យមានការធ្វើសុខុដុមនីយកម្មបទប្បញ្ញត្តិ និងការអនុវត្ត
៣ លើកកម្ពស់កម្រិតទ្រព្យសកម្មអាស៊ាន
៤ ជំរុញចល័តភាពអ្នកជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរ
៥ ទាក់ទាញការចូលរួមពីសំណាក់វិនិយោគិនឱ្យកាន់តែច្រើន
៦ លើកកម្ពស់ការចូលរួមកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង
AP ២០១៦-២០២០ គឺជាដំណាក់កាលដំបូងឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យ ACMF ឆ្នាំ ២០២៥ ដែលគោលដៅសំខាន់បំផុត គឺគាំទ្រ និងសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) គឺជា «សេដ្ឋកិច្ចតំបន់ដែលមានសមាហរណកម្មខ្ពស់ និងមានភាពស្អិតរមួត, សហគមនដែលមានថានុវត្តន៍ និងថាមវន្ត ដើម្បីជំរុញកំណើនផលិតភាពឱ្យកាន់តែប្រសើរជាមួយនឹងការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការតាមវិស័យ ដើម្បីឱ្យមានភាពប្រសើរនៅក្នុងក្របខណ្ឌតំបន់ ជាពិសេសឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងការចូលរួមរបស់ប្រជាជន សហគមន៍ និងអាស៊ានជាសាកល» (ចក្ខុវិស័យ នេះត្រូវបានគេហៅថា «ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥»)។
ក្នុងការដាក់ចេញផែនការសកម្មភាព AP ២០២១-២០២៥ ACMF បានធ្វើការស្ទង់មតិ និងបានពិភាក្សាជាមួយនឹងអ្នកចូលរួមមកពីវិស័យទីផ្សារមូលធន និងភាគីពាក់ព័ន្ធផ្សេងទៀតចំនួន ១៧ លើក ដើម្បីចែករំលែកទស្សនៈ និងយោបល់របស់ពួកគេ។ ការស្ទង់មតិដែលធ្វើឡើងដោយ ACMF បានប្រមូលនូវមតិយោបល់របស់ភាគីពាក់ព័ន្ធចំពោះការអនុវត្តផែនការដែលត្រូវយកមកពិចារណា សម្រាប់ការរៀបចំផែនការសកម្មភាព AP ២០២១-២០២៥ ជាលទ្ធផល កម្មវិធីនេះបានប្រមូលផ្តុំទស្សនៈរបស់អ្នកចូលរួមនៅក្នុងឧស្សាហកម្មនេះលើឱកាស និងបញ្ហាប្រឈមក្រោមបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន និងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ តាមរយៈធាតុចូលទាំងនេះ ACMF បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៣ សម្រាប់ AP ២០២១- ២០២៥ ដែលមានដូចជា៖
១ ជំរុញកំណើន និងការងើបឡើងវិញប្រកបដោយនិរន្តភាព
២ លើកកម្ពស់ និងជំរុញការចូលរួម
៣ ពង្រឹង និងរក្សាឱ្យបានភាពធន់ និងសណ្តាប់ធ្នាប់
ដើម្បីគាំទ្រដល់គោលដៅយុទ្ធសាស្ត្រក្រោមផែនការសកម្មភាព AP ២០២១-២០២៥ ACMF ក៏បានដាក់ចេញនូវអាទិភាពសំខាន់ៗ ចំនួន ៥ ចំណុច ដូចជា៖
១ ជំរុញឱ្យមានតម្លាភាព និងការបង្ហាញព័ត៌មានឱ្យកាន់តែប្រសើរជាងមុន
២ បន្តធ្វើសុខុដុមនីយកម្មបទប្បញ្ញត្តិ
៣ ពង្រឹងការកសាងសមត្ថភាព
៤ ពង្រីកការផ្សព្វផ្សាយ និងការយល់ដឹង
៥ ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ
ទន្ទឹមនឹងនោះ សារៈសំខាន់នៃនិរន្តរភាពត្រូវបានកំណត់ និងដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព ខណៈគោលដៅយុទ្ធសាស្ត្រនៃការលើកកម្ពស់ និងសម្រួលដល់កំណើន និងការចូលរួមត្រូវបានបង្កើន ដើម្បីជំរុញនិរន្តរភាព។ ដោយមើលឃើញពីទិដ្ឋភាពបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងសកល ការជំរុញកំណើនប្រកបដោយនិរន្តរភាព គឺជាភាពចាំបាច់។
កំណើនចាំបាច់ត្រូវជំរុញដោយមូលធន និងហិរញ្ញវត្ថុផ្អែកលើទីផ្សារ ដែលជាច្រកមួយប្រកបដោយប្រសិទ្ធភាពជាមួយនឹងហានិភ័យតិច។ ទោះជាយ៉ាងណា បច្ចុប្បន្នត្រូវតែមានការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង ស្របតាមកំណើនប្រកបដោយនិរន្តរភាព ដើម្បីធានាអនាគតយូរអង្វែងរបស់អាស៊ាន។
កំណើននៃការយល់ដឹង និងតម្រូវការសម្រាប់និរន្តរភាពនៅក្នុងអាជីវកម្មពីភាគីពាក់ព័ន្ធ មានន័យថា នៅក្នុងរយៈពេលវែង អាជីវកម្មណាមួយដែលមិនប្រកាន់យកការអនុវត្តនិរន្តរភាព នឹងមិនអាចដំណើរការអាជីវកម្មបាននោះទេ។
វិនិយោគិនក៏ទាមទារឱ្យការវិនិយោគរបស់ពួកគេស្របតាមស្តង់ដានិរន្តរភាព មួយផ្នែក ដោយសារតែពួកគេយល់ថាវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ និងមួយផ្នែកដោយសារតែពួកគេដឹងពីហានិភ័យសេដ្ឋកិច្ចដែលកើតឡើងពីអាជីវកម្មដែលមិនគិតគួរអំពីនិរន្តរភាព។
ឥទ្ធិពលនៃជំងឺរាតត្បាតលើតំបន់អាស៊ាន នឹងធ្វើឱ្យមានវិសមភាពនៅក្នុងចំណោមពលរដ្ឋរបស់ខ្លួនកាន់តែធ្ងន់ធ្ងរ។ ទន្ទឹមនឹងនោះ ឥទ្ធិពលសេដ្ឋកិច្ចផ្សេងគ្នាលើ AMS ក៏នឹងបង្កើតឱ្យមានភាពខុសគ្នាកាន់តែខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ហេតុដូចនេះ វាមានសារៈសំខាន់ណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ACMF ក្នុងការចូលរួមឱ្យកាន់តែច្រើន ដើម្បីនាំ AMS និងពលរដ្ឋអាស៊ានឱ្យកាន់តែចូលជិតស្និទ្ធគ្នា និងទប់ស្កាត់ការបែកបាក់។ ដូច្នេះ ការលើកកម្ពស់និរន្តរភាពសមាហរណកម្មទីផ្សារមូលធនអាស៊ាន នៅតែជាគោលដៅយុទ្ធសាស្ត្រសម្រាប់ AP ២០២១-២០២៥។
ការធ្លាក់ចុះសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងដំណាក់កាលផ្សេងៗ អំឡុងពេលនៃជំងឺរាតត្បាត បង្ហាញពីសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ និងភាពធន់នៃទីផ្សារមូលធន។ សណ្តាប់ធ្នាប់ និងភាពធន់នៃទីផ្សារមូលធន គឺចាំបាច់ដើម្បីទាក់ទាញលំហូរមូលនិធិ និងកាត់បន្ថយថ្លៃដើមទុន ទន្ទឹមនឹងនោះក៏ការពារ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនផងដែរ។
លើសពីនេះ ទីផ្សារមូលធនដែលមានភាពធន់នឹងផ្តល់ការគាំទ្រដល់សេដ្ឋកិច្ចពិតប្រាកដ ដោយផ្តល់នូវដើមទុនដែលត្រូវការដើម្បីជួយដល់ការងើបឡើងវិញពីព្រឹត្តិការណ៍មិនល្អណាមួយ។ ដោយទទួលបានបទពិសោធន៍ថ្មីៗ ការពង្រឹង និងរក្សាសណ្តាប់ធ្នាប់ និងភាពធន់នៃទីផ្សារមូលធនអាស៊ាន គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយ។
សមិទ្ធផលនៃគោលដៅយុទ្ធសាស្ត្រនឹងតម្រូវឱ្យមានការតភ្ជាប់ដែលទៅ ហើយការតភ្ជាប់នេះគឺជាមូលដ្ឋានគ្រឹះនៃគោលដៅយុទ្ធសាស្ត្រទាំងអស់តាមរបៀបផ្សេងៗគ្នា។ ក្នុងការជំរុញកំណើន និងការងើបឡើងវិញប្រកបដោយនិរន្តរភាព ការតភ្ជាប់អាចធ្វើឱ្យមូលធនដែលត្រូវការជួយជំរុញកំណើន និងក្នុងតំបន់ ពោលគឺនៅគ្រប់ទីកន្លែងដែលត្រូវការ។
ការតភ្ជាប់ក៏អាចជួយលើកកម្ពស់ការចូលរួម តាមរយៈការកសាងសមត្ថភាព ការពង្រឹងឥទ្ធិពល និងការតំរង់ទិសធនធានឡើងវិញ និងមូលធនទៅកាន់កន្លែងដែលមានតម្រូវការ។ ទីផ្សារមូលធនដែលត្រូវបានតភ្ជាប់យ៉ាងត្រឹមត្រូវអាចជួយឱ្យមានភាពធន់ តាមរយៈអត្ថប្រយោជន៍នៃទំហំព័ត៌មាន និង/ឬសកម្មភាពសម្របសម្រួល។
ក្រោមការធ្វើជាប្រធានរបស់និយ័តករមូលបត្រកម្ពុជានៅឆ្នាំ ២០២២, ACMF បានអនុវត្តនូវគំនិតផ្តួចផ្តើម ក្រោមផែនការសកម្មភាព AP ២០២១-២០២៥។ គំនិតផ្តួចផ្តើមទាំងនេះរួមមាន៖
១ ការដាក់ឱ្យដំណើរការឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន (ASEAN CIS Digital Repository)
២ ការដាក់ឱ្យដំណើរការស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន (ASEAN SRFS);
៣ ការដាក់ឱ្យដំណើរការស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាន (ASEAN Sustainability-Linked Bond) និង
៤ ការបោះផ្សាយឯកសារផ្លូវច្បាប់ SDG Bond Toolkit legal wrappers ។
ជាមួយនឹងគំនិតផ្តួចផ្តើមខាងលើ ដំណាក់កាលទី ២ នៃដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ACMF ឆ្នាំ ២០២៥ បានចាប់ផ្តើមដំណើរការយ៉ាងល្អ និងពិតប្រាកដ៕