The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​សម្រាប់ ន.ម.ក នៅ​​ក្នុង​អាណត្តិ​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន

ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​សម្រាប់ ន.ម.ក នៅ​​ក្នុង​អាណត្តិ​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន

Content image - Phnom Penh Post
ឯកឧត្តម រស់ សីលវ៉ា​។ រូបថត Supplied

ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​សម្រាប់ ន.ម.ក នៅ​​ក្នុង​អាណត្តិ​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន

សារ​អបអរសាទរ​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ.ស.ហ.)

ឆ្នាំនេះ គឺជា​កំណត់ត្រា​នៃ​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​សម្រាប់​និយ័តករ​មូលបត្រ​កម្ពុជា (​ន.ម.ក​.) ក្នុង​អាណត្តិ​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF) ឆ្នាំ​ ២០២២ ​។ ក្នុងនាម​ជា​អនុប្រធាន​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ.ស.ហ​.) នៃ​ប្រទេស​កម្ពុជា ខ្ញុំ​សូម​កោតសរសើរ និង​ធ្វើជា​សាក្សី​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ន.ម.ក ក្នុង​នាម​ជា​ប្រធាន ACMF ឆ្នាំ​ ២០២២ ដើម្បី​ធានាថា​សមាជិក​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​ពី​វេទិកា​ជាន់ខ្ពស់​នេះ និង​ធានាថា ផែនការ​សកម្មភាព​របស់ ACMF ឆ្នាំ​ ២០២១-២០២៥ អាច​សម្រេច​បាន​។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ កម្ពុជា បាននិង​កំពុង​ផ្តោត​លើ​ប្រធានបទ «​អាស៊ាន​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយគ្នា - ASEAN A.C.T: Address Challenges Together» ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​មេ​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​ ២០២៥ ​។ យើង​បាន​កំណត់​ជា​គោលដៅ​អាទិភាព​លើ​ការធានា​ប្រសិទ្ធភាព​របស់​អាស៊ាន​ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា និង​ហានិភ័យ ជាពិសេស​ការពន្លឿន​ការងើបឡើង​វិញ និង​ការលើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព បរិយាបន្ន និង​ភាពធន់​។ ក្នុង​នាម​ជា​ប្រធាន ACMF ន.ម.ក. បាន​ផ្តោតលើ​កិច្ចការ​អាទិភាព​ចំនួន​ ៣ គឺ ការលើក​កម្ពស់​ការងើបឡើង​វិញ បរិយាបន្ន និង​ភាពធន់ ដែល​ស្រប​តាម​បរិបទ​របស់​អាស៊ាន​ឆ្នាំ​ ២០២២ និង​ផែនការ​សកម្មភាព ACMF ឆ្នាំ​ ២០២១-២០២៥ ​។

ក្នុង​ដំណើរ​នៃ​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការលើក​កម្ពស់​ការងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ ការគាំទ្រ​ផ្នែក​ថវិកា​គឺជា​តម្រូវ​ការចាំបាច់​។ ដូច្នេះ តួនាទី​របស់​ទីផ្សារ​មូលធន​មាន​សារៈសំខាន់​ណាស់ ហើយ​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត និង​សមូហភាព​របស់ ACMF និង​ការប្តេជ្ញាចិត្ត​របស់ ADB ក្នុង​ការ​គាំទ្រ​បេសកកម្ម​នេះ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុង​ការរក្សា​ការកើនឡើង​នៃ​សីតុណ្ហភាព​ពិភពលោក មធ្យម​ឱ្យ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន គឺ​ក្នុង​កម្រិត ១,៥ អង្សាសេ ប្រៀបធៀប​នឹង​កម្រិត​មុន​បដិវត្តន៍​ឧស្សាហកម្ម​។

ការសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន ស្តង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ និង​និរន្តរភាព​អាស៊ាន ឃ្លាំង​ឌីជីថល​នៃ​គម្រោង​វិនិយោគ​រួម​អាស៊ាន និង​ឯកសារ​ផ្លូវច្បាប់ Toolkit សញ្ញា​បណ្ណ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នឹង​បង្រួម​គម្លាត​នៃ​សេដ្ឋកិច្ច​អាស៊ាន ក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​បៃតង​។

ហេតុនេះ​ហើយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យមាន​សកម្មភាព និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ចូលរួម​ជាមួយ ACMF និង ADB ក្នុង​ការលើក​កម្ពស់​ទីផ្សារ​មូលធន​អាស៊ាន​ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព​នៃ​ភពផែនដី​យើង និង​មនុស្ស​ជំនាន់​ក្រោយ ព្រោះនេះ​មិនមែន​ជា​បេសកកម្ម​របស់​នរណាម្នាក់​នោះទេ ប៉ុន្តែ​ជា​បេសកកម្ម​របស់​យើង​ទាំងអស់​គ្នា​។

ជាថ្មី​ម្តងទៀត សូម​ចូលរួម​អបអរសាទរ​ដល់ ន.ម.ក សម្រាប់​ភាពជោគជ័យ​ក្នុង​ការបំពេញ​តួនាទី​ជា​ប្រធាន ACMF ឆ្នាំ​ ២០២២ ក៏ដូចជា ភាពជោគជ័យ​ក្នុង​ការដាក់​សម្ភោធ​ឱ្យ​ដំណើរការ​នូវ​ស្តង់ដា និង​គំនិត​ផ្តួចផ្តើម​របស់ ACMF​។

ន.ម.ក បាន​បង្កើត​មោទនភាព​សម្រាប់​កម្ពុជា​។ សូម​អបអរសាទរ​ផងដែរ​ដល់ ADB សម្រាប់​ការគាំទ្រ និង​ការធ្វើជា​ដៃគូ​ដ៏សំខាន់​របស់ ACMF ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​៕

អត្ថបទគួរចាប់អារម្មណ៍