វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) បានសម្រេចជោគជ័យស្របតាមការប្តេជ្ញារបស់ខ្លួនក្នុងឆ្នាំ ២០២២ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ បើទោះជាបានទទួលរងនូវផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ កិច្ចប្រជុំប្រធាន ACMF លើកទី ៣៧ នេះត្រូវបានរៀបចំធ្វើជាម្ចាស់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
កិច្ចប្រជុំបានសម្រេចអនុម័តនូវស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ និងដាក់សម្ពោធឱ្យប្រើប្រាស់នូវស្តង់ដានេះនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ដែលស្តង់ដានេះជាសមិទ្ធផលសេដ្ឋកិច្ចអាទិភាពនៃវិស័យហិរញ្ញវត្ថុ ក្រោមអាណត្តិរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ ។ លើសពីនេះ ACMF ក៏បានអនុម័តស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពរបស់អាស៊ាន នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ និងដាក់ឱ្យដំណើរការនូវស្តង់ដានេះនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ផងដែរ (ព័ត៌មានអំពីស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពរបស់អាស៊ាន និងស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ានអាចរកបាននៅលើគេហទំព័រ ACMF៖ www.theacmf.org ហើយព័ត៌មានលម្អិតនៃស្តង់ដាទាំង ២ នេះនឹងត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ ភ្នំពេញ ប៉ុស្តិ៍ នៅខែធ្នូ)។
ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្តង់ដាទាំង ២ នេះនឹងជួយកាត់បន្ថយគម្លាតរបស់អាស៊ានឆ្ពោះទៅរបៀបវារៈឆ្នាំ ២០៣០ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ការអនុម័តដាក់ឱ្យប្រើប្រាស់ស្តង់ដាទាំង ២ នេះបានបង្ហាញពីគោលជំហ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាជិក ACMF ក្នុងការសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនៃផែនការសកម្មភាពឆ្នាំ ២០២១-២០២៥ របស់ ACMF។
ACMF តែងតែដាក់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាបេសកកម្មការងារអាទិភាពចម្បងមួយ។ ក្នុងដំណើរនៃការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ACMF មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃ ២១ ខែតុលា ឆ្នាំ ២០២២ ការបោះផ្សាយសញ្ញាបណ្ណមានទំហំទឹកប្រាក់ ២៩,៨២ ពាន់លានដុល្លារអាមេរិកត្រូវបានបោះផ្សាយក្រោមក្របខណ្ឌនៃស្តង់ដាសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាពអាស៊ាន ដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០១៧ និង ២០១៨ ។
ការដាក់ឱ្យប្រើប្រាស់នូវស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់ដោយនិរន្តរភាពអាស៊ាន និងស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពរបស់អាស៊ាននឹងពង្រីកវិសាលភាពនៃការវិនិយោគប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ាន និងពន្លឿនការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់។ ក្រោមការជួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាក៏នឹងមានសញ្ញាបណ្ណបៃតងដំបូងបំផុតនៅក្នុងទីផ្សាររបស់ខ្លួន ដែលនេះជាជំហានដ៏សំខាន់មួយទៀតសម្រាប់ទីផ្សារវ័យក្មេងដូចកម្ពុជា ហើយក៏ជាតំណាងការបង្ហាញគោលជំហ និងការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ។
ACMF បានផ្តល់ការគាំទ្រយ៉ាងរឹងមាំ និងសកម្មដល់ការអភិវឌ្ឍនៃវត្តិករសាស្ត្រអាស៊ានសម្រាប់ហិរញ្ញវត្ថុដំណាក់កាលទី ២ ។ វត្តិករសាស្ត្រអាស៊ានដំណាក់កាលទី ១ ត្រូវបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ។ វតិ្តករសាស្ត្រអាស៊ាននឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរប្រកបដោយសណ្តាប់ធ្នាប់ និងជំរុញការអនុម័តហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដោយរដ្ឋសមាជិកអាស៊ាន ហើយនឹងបម្រើជាភាសារួមមួយសម្រាប់ប្រើប្រាស់នៅតាមដែនសមត្ថកិច្ចផ្សេងៗគ្នា ដើម្បីទំនាក់ទំនង និងសម្របសម្រួលលើការដាក់ស្លាកសម្រាប់សកម្មភាពសេដ្ឋកិច្ច និងឧបករណ៍ហិរញ្ញវត្ថុ។
វតិ្តករសាស្ត្រអាស៊ានបានកកើតឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី ៦ (AFMGM) កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ ដោយកិច្ចប្រជុំនេះបានប្តេជ្ញាពង្រឹងភាពស្អិតរមួតនៃផ្លូវហិរញ្ញវត្ថុសម្រាប់ហិរញ្ញវត្ថុនិរន្តរភាព ដោយបានបញ្ជាក់ថា៖ «យើងប្តេជ្ញាបន្តនូវរបៀបវារៈហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដ៏ស្អិតរមួតមួយ តាមរយៈវិស័យធនាគារ ទីផ្សារមូលធន និងធានារ៉ាប់រង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន (AFMM) និង AFMGM ជាមួយការសម្របសម្រួលក្នុងចំណោមគណៈកម្មាធិការការងារអាស៊ានដែលពាក់ព័ន្ធ»។
ដូច្នេះ បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមប្រឹក្សាវតិ្តករសាស្ត្រអាស៊ាន ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០២១ ដែលរួមមានសមាសភាពដូចជា៖ ACMF កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន (AIRM) គណៈកម្មាធិការជាន់ខ្ពស់អាស៊ានស្តីពីសមាហរណកម្មហិរញ្ញវត្ថុ (SLC) និងគណៈកម្មការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD)។ ធាតុចូលដែលទទួលបានរបស់ក្រុមប្រឹក្សាវតិ្តករសាស្ត្រអាស៊ានពីភាគីពាក់ព័ន្ធ បន្ទាប់ពីកិច្ចពិគ្រោះលើវត្តិករសាស្ត្រអាស៊ានដំណាក់កាលទី ១ ដោយមានការចូលរួមពីស្ថាប័នមកពីវិស័យសាធារណៈ និងឯកជន ក៏ដូចជាអ្នកកំណត់ស្តង់ដាអន្តរជាតិនឹងត្រូវបានប្រើប្រាស់ដោយក្រុមប្រឹក្សាវតិ្តករសាស្ត្រអាស៊ានក្នុងការអភិវឌ្ឍវតិ្តករសាស្ត្រអាស៊ានដំណាក់កាលបន្ទាប់។ វតិ្តករសាស្ត្រអាស៊ានដំណាក់កាលទី ២ ត្រូវបានរំពឹងថានឹងបោះពុម្ពនៅដើមឆ្នាំ ២០២៣ ។
ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈការជំរុញការបង្ហាញព័ត៌មាន និរន្តរភាពនៅទូទាំងអាស៊ាន និងដើម្បីបង្កើនសំឡេងរបស់អាស៊ានក្នុងស្តង់ដាអន្តរជាតិ ACMF បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមប្រឹក្សាស្តង់ដានិរន្តរភាពអន្តរជាតិ (ISSB) ដើម្បីពិភាក្សា និងបង្ហាញអំពីទស្សនៈអាស៊ានលើសេចក្តីព្រាងស្តង់ដា ISSB ដែលផ្តោតលើផ្នែកអន្តរប្រតិបត្តិការ សមាមាត្រក្នុងការអនុវត្ត និងដំណាក់កាលនៃការវាស់វែងភាពជាក់លាក់នៃឧស្សាហកម្ម (industry-specific metrics)។ ការភ្ជាប់ទំនាក់ទំនងជាមួយ ISSB នេះបានបង្កើតនូវមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ហើយនឹងជួយ ACMF ដើម្បីវាយតម្លៃពិនិត្យលទ្ធភាពអនុវត្តស្តង់ដា ISSB ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិនៃយុត្តាធិការរៀងៗខ្លួនក្នុងគោលដៅលើកកម្ពស់ការបង្ហាញព័ត៌មានអំពីនិរន្តរភាពដែលសមស្រប និងអាចប្រៀបធៀបបាននៅទូទាំងអាស៊ាន។
ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីការបោះផ្សាយឆ្លងដែននៃមូលនិធិ គម្រោងវិនិយោគរួមក្នុងតំបន់អាស៊ាន ACMF បានអនុម័ត និងដាក់ឱ្យប្រើប្រាស់ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន (ASEAN CIS)។
ដើម្បីសម្របសម្រួលកម្មវិធីកសាងសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពធនធាន និងជៀសវាងការត្រួតគ្នាក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ACMF បានបង្កើតកម្មវិធីអភិវឌ្ឍន៍ទីផ្សារ ACMF (A-MDP) ដែលបច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់សហប្រធាន ន.ម.ក. និងគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC)។ A-MDP នឹងឆ្លើយតបទៅនឹងតម្រូវការកសាងសមត្ថភាពដ៏សំខាន់ដោយផ្អែកលើអាទិភាពក្នុងតំបន់ ក៏ដូចជាប្រទេសជាសមាជិក ឬក្រុមនៃប្រទេសនានាដោយផ្អែកលើតម្រូវការ។ ជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីនេះ សមាជិក ACMF បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមហ្វឹកហាត់ការងារដល់ទីកន្លែង (On-the-Job Training) និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វគ្គហ្វឹកហាត់ការងារដល់ទីកន្លែងត្រូវបានពន្យារពេល អំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។
ដោយមានការគាំទ្រពី ADB ACMF បានសហការជាមួយកម្មវិធីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ (PIFS) នៃសាលាច្បាប់ Harvard ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់សមាជិក ACMF នៅចុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ ។ ក្នុងកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិជាប្រធាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានមានប្រសាសន៍ថា៖ «បរិយាបន្ន គឺជាគោលដៅចម្បងនៃអាណិត្តជាប្រធាន ACMF របស់ ន.ម.ក. »។ ក្នុងនោះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានបញ្ជាក់ទៀតថា៖ «យើងធានាថា រដ្ឋសមាជិកអាស៊ានទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនៅក្នុងទីផ្សារមូលធនតាមរយៈការកសាងសមត្ថភាព ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន»។ ដូច្នេះហើយ ទោះបីជាវាស្ថិតនៅក្រោមបរិបទនៃការរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ ACMF នៅតែអាចបន្តដំណើរការបានយ៉ាងល្អក្នុងការកសាងសមត្ថភាពសម្រាប់និយ័តករវ័យក្មេង។
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់តម្លាភាព ទំនុកចិត្ត និងអភិបាលកិច្ចក្នុងតំបន់អាស៊ាន ACMF បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើនរួមមាន ADB និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ ACMF តែងតែរៀបចំពិធីប្រគល់ពានរង្វាន់អភិបាលកិច្ចសាជីវកម្មអាស៊ាន ដែលមានប្រទេសចំនួន ៦ ចូលរួមក្នុងកម្មវិធីនេះ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប៉ុន្តែដោយសារជំងឺរាតត្បាតជំងឺកូវីដ-១៩ ពិធីប្រគល់រង្វាន់នៅឆ្នាំ ២០២១ ត្រូវបានពន្យារពេល ហើយរំពឹងថានឹងប្រារព្ធឡើងនៅខែធ្នូ ឆ្នាំ ២០២២ ខណៈពេលដែល ន.ម.ក. មានគម្រោងចាត់តាំងក្រុមហ៊ុនចុះបញ្ជីពីប្រទេសកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីប្រកួតពានរង្វាន់អភិបាលកិច្ចសាជីវកម្មអាស៊ាននៅឆ្នាំបន្ទាប់ ដោយជឿជាក់ថាការចូលរួមកម្មវិធីនេះនឹងនាំទីផ្សារមូលធននៅក្នុងប្រទេសឆ្ពោះទៅកាន់កម្រិតមួយទៀត។
នៅក្នុងដំណើររបស់ ACMF, ADB គឺជាដៃគូអភិវឌ្ឍន៍សំខាន់បំផុតមួយ ដែលផ្តល់ជំនួយបច្ចេកទេសសំខាន់ៗជាច្រើន ដើម្បីធានាថា គោលបំណង និងបេសកកម្មរបស់ ACMF អាចសម្រេចបាន។
សរុបមក ACMF មានការរីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០២២ ក្រោមអាណត្តិរបស់ ន.ម.ក. ជាប្រធាន ACMF។ សម្រាប់ឆ្នាំ ២០២៣ តំណែងប្រធាន ACMF គឺអាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី និងមានគណៈកម្មការមូលបត្រឡាវ (LSCO) ជាអនុប្រធាន៕