ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​អាស៊ាន វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF) បានដាក់​ចេញ​នូវ​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង សង្គម និង​និរន្តរភាព​អាស៊ាន ដែល​អនុវត្តតាម​គោលការណ៍​សញ្ញា​បណ្ណ​បៃតង សង្គម និង​គោលការណ៍​ណែនាំ​សញ្ញា​បណ្ណ​និរន្តរភាព​របស់​សមាគម​ទីផ្សារ​មូលធន​អន្តរជាតិ (ICMA)​។

ដើម្បី​ជំរុញ​ការបោះ​ផ្សាយ​សញ្ញា​​បណ្ណ​ដែល​កំណត់​ជាក់លាក់​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែលជា​ផ្នែក​មួយ​នៃ​របៀបវារៈ​និរន្តរភាព​ក្នុង​តំបន់ ក្នុង​ឆ្នាំ​ ២០២១ ACMF បានដាក់​ចេញ​នូវ "Toolkit សញ្ញា​បណ្ណ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) អាស៊ាន​៖ ម​គ្គុ​ទេសន៍​អនុវត្ត​សម្រាប់​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ SDG នៅក្នុង​តំបន់​អាស៊ាន​" ក្នុង​គោលបំណង​ផ្តល់នូវ​មូល​​ដ្ឋា​ន​គ្រឹះ​សម្រាប់​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ SDG នៅក្នុង​តំបន់​អាស៊ាន​។ ដោយ​ទទួលស្គាល់ថា ​ទីផ្សារ​សញ្ញា​បណ្ណ SDG នៅ​អាស៊ាន​ទើប​ចាប់បដិសន្ធិ​ឡើង ហើយ​ការអនុវត្ត​ទីផ្សារ​កំពុងតែ​វិ​វ​ឌ្ឍ​ទៅមុខ Toolkit បានកំណត់​នូវ​ការណែនាំ​បឋម​លើ​គោលការណ៍ និង​ដំណើរការ​គន្លឹះ ដែល​ក្រុមហ៊ុន​បោះផ្សាយ​អាច​ប្រកាន់ខ្ជាប់​នៅពេល​បោះផ្សាយ​សញ្ញា​បណ្ណ SDG​។

គោលការណ៍ និង​ដំណើរការ​ទាំងនេះ ត្រូវបាន​រៀបចំឡើង​ផ្អែកទៅលើ​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ការអនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ និង​បទពិសោធន៍​នៃ​ឧទាហរណ៍​ជោគជ័យ​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ SDG ក្នុង​តំបន់​អាស៊ាន និង​តំបន់​ផ្សេងទៀត ក៏ដូចជា​តម្រូវការ​រ​បស់​វិនិយោគិន​ផងដែរ​។ តាមរយៈ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ACMF បាន​អភិវឌ្ឍ Toolkit សញ្ញា​បណ្ណ SDG អាស៊ាន​សម្រាប់​ជា​ធនធាន​គន្លឹះ​សម្រាប់​ការកសាង​សមត្ថភាព និង​ការអប់រំ​ទីផ្សារ​។

Toolkit គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់ ACMF ដើម្បី​ពង្រីក​ចំណេះដឹង និង​ការ​យល់ដឹង​របស់​អ្នកចូលរួម​ទីផ្សារ​អាស៊ាន​ពី​នីតិវិធី​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ដែល​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​។

ជាការ​បំពេញបន្ថែម Toolkit សញ្ញា​បណ្ណ SDG អាស៊ាន និង​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ SDG និង​វិនិយោគិន​សក្តានុពល ដោយមាន​ការគាំទ្រ​ពី​វិស័យ​ឯកជន "​ធាតុ​បំពេញបន្ថែម Toolkit នៃ​សញ្ញា​​បណ្ណ SDG អាស៊ាន​៖ ទិដ្ឋភាព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​"​ ត្រូវបាន​អភិវឌ្ឍ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​សន្និសីទ​អន្តរជាតិ ACMF ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ក្នុងនាម​ជា​ប្រធាន ACMF ឆ្នាំ ​២០២២ ក្រោម​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​-​អាស៊ី (ADB)​។ Toolkit នៃ​បណ្តា​ប្រទេស​ទាំង ១០ អាច​ទាញ​យកបាន​តាមរយៈ​តំណ​ភ្ជាប់​៖ https://www.theacmf.org/initiatives/sustainable-finance/asean-sdg-bond-toolkit-supplement-legal-and-regulatory-aspects--for-asean-countries​។​

​ធាតុ​បំពេញបន្ថែម​នៃ Toolkit ផ្តល់នូវ​ព័ត៌មាន​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​លក្ខខណ្ឌ​តម្រូវ​ក្នុង​​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ SDG ដោយ​សាជីវកម្ម និង​រដ្ឋាភិបាល ក្របខណ្ឌ​បទ​ប្បញ្ញត្តិ​ដែល​សាជីវកម្ម និង​រដ្ឋាភិបាល​ត្រូវ​អនុវត្តតាម ក៏ដូចជា​ការលើកទឹកចិត្ត​សម្រាប់​ការបោះ​ផ្សាយ ​SDG​។ សម្រាប់​វិនិយោគិន ធាតុ​បំពេញបន្ថែម​នៃ ​Toolkit ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ដូចជា​សញ្ញា​បណ្ណ​ត្រូវបាន​បោះផ្សាយ​លក់​ជា​សាធារណ ឬ​ជា​ឯកជន និង​ការលើកទឹកចិត្ត​សម្រាប់​ការវិនិយោគ​លើ​សញ្ញា​បណ្ណ SDG​។

យោងតាម​ធាតុ​បំពេញបន្ថែម​នៃ Toolkit ប្រទេស​ទាំង ១០ យើង​ពិនិត្យឃើញថា ការបោះ​ផ្សាយ​សញ្ញា​បណ្ណ SDG ត្រូវបាន​លើកទឹកចិត្ត ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ត្រូវបំពេញ​តាម​ក្របខណ្ឌ​បទ​ប្បញ្ញត្តិ​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ធម្មតា និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ស្តង់ដា​អាស៊ាន ដើម្បី​ទទួលបាន​នូវ​ស្លាក (Labelled) ជា​សញ្ញា​បណ្ណ​អាស៊ាន​។

ចាប់តាំងពី​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​តំបន់​អាស៊ាន រដ្ឋាភិបាល និង​និយ័ត​ករ​ផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុងការ​បោះផ្សាយ​សញ្ញា​បណ្ណ SDG​។ លើសពីនេះទៅទៀត សញ្ញា​បណ្ណ​បៃតង សង្គម និង​និរន្តរភាព ដែល​បង្ហាញ​ពី SDG តែ​ក៏​អាច​នឹងមិន​ពាក់ព័ន្ធ​នឹង SDG ផងដែរ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ាន​។

ក្នុង​រយៈពេល ៥ ​ឆ្នាំ ទំហំ​ទឹកប្រាក់​នៃ​ការបោះ​ផ្សាយ​សរុប​ឈានដល់ ៣១,០៥​ ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ ​២០២២ ដែល​ក្នុងនោះ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​មាន​ ៣០% ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​មាន ៦៤% និង​សញ្ញា​បណ្ណ​សង្គម​មាន ៦% នៃ​ទំហំ​បោះ​ផ្សាយ​សរុប ដោយ​ក្នុងនោះ​ប្រទេស​ថៃ​គឺជា​ប្រទេស​ឈានមុខ​គេ​ក្នុងការ​បោះផ្សាយ​សញ្ញា​បណ្ណ GSS ក្នុងចំណោម​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី​។ យើង​រំពឹងថា​ចំនួន​នេះ​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ឆ្នាំ​បន្ទាប់ ក្រោយ​​ការដាក់ឱ្យ​ដំណើរការ​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារ​ភ្ជាប់​និរន្តរភាព​អាស៊ាន និង​ស្តង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ និង​និរន្តរភាព​អាស៊ាន​។​

​ក្នុងនាម​ជា​ប្រធាន ACMF ឆ្នាំ​២០២២ និង​ជា​សមាជិក​នៃ ACMF ន​.​ម​.​ក​. តែង​គាំទ្រ​យ៉ាង​មោះមុត​ក្នុងការ​លើកកម្ពស់​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ដើម្បី​គាំទ្រ​ដល់​របៀបវារៈ​និរន្តរភាព​។ ដើម្បី​អាច​បោះផ្សាយ​សញ្ញា​បណ្ណ SDG នៅ​កម្ពុជា សាជីវកម្ម​អាច​បោះផ្សាយ​ជា​សាធារណៈ និង​ឯកជន ដោយ​ត្រូវ​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ក្នុង​តារាង និង​អនុវត្តតាម​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង សង្គម និរន្តរភាព និង​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន​៖ ​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ SDG នៅ​កម្ពុជា​ក៏​នឹង​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ជាពិសេស​បន្ថែម​លើ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​ការបោះ​ផ្សាយ​សញ្ញា​បណ្ណធម្ម​តា​ដែល​កំពុង​អនុវត្ត​ដែល​រួមមាន​៖ ការកាត់បន្ថយ​ពន្ធ​​លើ​ប្រាក់ចំណេញ ៥០% សម្រាប់​ក្រុមហ៊ុន​ដែល​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ក្នុង​ទំហំ​លើសពី ២០% នៃ​ទ្រព្យសកម្ម​សរុប ឬ ៨ ​ប៊ី​លាន​រៀល (​ឬ​ប្រហែល ២​ លាន​ដុល្លារ​អាមេរិក​)​ សម្រាប់​ក្រុមហ៊ុន​ដែល​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ក្នុង​ចំនួន​ទឹកប្រាក់​ស្មើនឹង ឬ​តិចជាង ២០% នៃ​ទ្រព្យសកម្ម​សរុប​សម្រាប់​រយៈពេល ៣​ ឆ្នាំ និង​ការលើកលែង​បំណុល​ពន្ធ (​សម្រាប់ N-3 ដល់ N-10 ឆ្នាំ​សម្រាប់​សហគ្រាស​ដែល​ចុះបញ្ជី​នៅ​ទីផ្សារ​គោល​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​សម្រាប់ N-2 ដល់ N-10 ឆ្នាំ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​កំណើន​នៅ​​ផ្សា​រមូល​ប​ត្រ​កម្ពុជា​)​។​

​លើសពីនេះទៅទៀត ដៃគូ​អភិវឌ្ឍ​អន្តរជាតិ ដូចជា ADB ក៏មាន​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ដល់​ស្ថាប័ន​ដែលមាន​ចំណាប់អារម្មណ៍​បោះ​​ផ្សាយ​សញ្ញា​បណ្ណ SDG ឬ​សញ្ញា​បណ្ណ​ដែល​ដាក់​ស្លាក​និរន្តរភាព (Sustainable-labeled)​។

​ន​.​ម​.​ក រីករាយ​ក្នុងការ​ភ្ជាប់​ស្ថាប័ន​ដែលមាន​ចំណាប់អារម្មណ៍​បោះផ្សាយ ជាមួយនឹង ADB ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ជំនួយ​បច្ចេកទេស​​នេះ​។ ម្យ៉ាងវិញទៀត ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅ​កម្ពុជា​ក៏​នឹង​ត្រូវដាក់​ស្លាក​ជាស​ញ្ញា​បណ្ណ​បៃតង​អាស៊ាន ដែល​មានន័យថា​ យើង​អនុវត្តតាម​ស្តង់ដា​អាស៊ាន ដូច្នេះ​វិនិយោគិន​អាច​វិនិយោគ​លើ​សញ្ញា​បណ្ណ​បៃតង​នៅក្នុង​ប្រទេស​កម្ពុជា ​ប្រកបដោយ​ទំនុកចិត្ត​។​

​ការវិនិយោគ​លើ​សញ្ញា​បណ្ណ​បៃតង​នៅ​កម្ពុជា វិនិយោគិន​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ពី​រដ្ឋាភិបាល​កម្ពុជា​រយៈ​ពេល ៣ ​ឆ្នាំ ដែល​រាប់បញ្ចូល​ការកាត់បន្ថយ​ពន្ធ​កាត់​ទុក ៥០% និង​ការលើកលែង​ពន្ធ​លើ​ចំណេញ​មូលធន​៕