​គិត​មកដល់ពេលនេះ​ គឺមាន​រយៈ​ពេល ៥ ​ឆ្នាំ​ហើយ​ដែល​និយ័ត​ករ​មូល​ប​ត្រ​អាស៊ាន​បាន​ខិតខំ​ជំរុញ​នូវ​ការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​និរន្តរភាព​នៅក្នុង​តំបន់​។ ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង​​នៃ​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន ​(ACMF) បានរៀបចំ​សេចក្តីព្រាង​ និង​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ហិរញ្ញ​​វត្ថុ​និរន្តរភាព​ដំបូង​របស់ខ្លួន​ គឺ​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​ក្នុង​រយៈពេល​តិចជាង​មួយឆ្នាំ​។ ក្នុង​ឆ្នាំ​ ២០១៨ ស្តង់ដា​សញ្ញា​បណ្ណ​សង្គម​អាស៊ាន និង​ស្តង់ដា​សញ្ញា​បណ្ណ​និរន្តរភាព​អាស៊ាន ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់ បន្ទាប់ពី​ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​។​

​នាពេល​បច្ចុប្បន្ននេះ ប្រទេស​អាស៊ាន​ចំនួន​ ៥ ​រួមមាន​៖ ប្រទេស​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​ កំពុង​គ្រប់គ្រង​ទីផ្សារ​សញ្ញា​បណ្ណ​​បៃតង​សង្គម និង​និរន្តរភាព​អាស៊ាន (GSS)​។ យោងតាម​ទិន្នន័យ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ខែកញ្ញា ឆ្នាំ​ ២០២២ ប្រទេស​សិង្ហ​បុរី​ ជា​ប្រទេស​ដែលមាន​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​សង្គម និង​និរន្តរភាព​អាស៊ាន​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្នុង​តំបន់​ច្រើនជាងគេ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជា ១០,៧ ប៊ី​លាន​ដុល្លារ​អាមេរិក​។

ខណៈដែល​ប្រទេស​ឥណ្ឌូនេស៊ី​ ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​នៅក្នុង​ការបោះ​ផ្សាយ​លក់ GSS ដែលមាន​ទឹកប្រាក់​ប្រមាណ​ជា ៩,១​ ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​ការបោះ​ផ្សាយ​លក់ GSS នៅក្នុង​ប្រទេស​ថៃ​ មាន​ចំនួន​ទឹកប្រាក់ ៦,៥ ​ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​ជា​ប្រទេស​ដែលមាន​ទីផ្សារ​សញ្ញា​បណ្ណ​និរន្តរភាព​រូបិយ​បណ្ណ​ក្នុងស្រុក​ដ៏​ធំ​បំផុត​ដែលមាន​ទំហំ​ទឹកប្រាក់ ២,៦​ ប៊ី​លាន​ដុល្លារ​នៃ​សញ្ញា​បណ្ណ GSS​។

ប្រទេស​ម៉ាឡេស៊ី មាន​សញ្ញា​បណ្ណ GSS ដែលមាន​តម្លៃ​ជិត ៦​ ប៊ី​លាន​ដុល្លារ​ ដែល​បាន​បោះផ្សាយ​ជា​រូបិយ​បណ្ណ​បរទេស​ និង​ក្នុងស្រុក​ដោយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ប្រទេស​ហ្វីលីពីន ​មាន​សញ្ញា​បណ្ណ​និរន្តរភាព​ដែលមាន​តម្លៃ ៦,៩៤​ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​បាន​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ឯកជន​ជាច្រើន​ក្នុងចំណោម​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត រួមមាន​ធនាគារ សហគ្រាស​ថាមពល​កកើត​ឡើងវិញ (Renewable Energy Firms)​។​

​កំណើន​ទីផ្សារ​បំណុល​និរន្តរភាព​អាស៊ាន​ដ៏​គួរឱ្យកត់សម្គាល់​ក្នុង​រយៈ​ពេល ៥ ​ឆ្នាំ​ចុង​ក្រោយនេះ បង្ហាញ​យ៉ាងច្បាស់​ថា​ទោះជា​អាស៊ាន​ជា​តួអង្គ​ដ៏​តូច​មួយ​នៅក្នុង​ទីផ្សារ​ហិរញ្ញ​​វត្ថុ​និរន្តរភាព​សកល ក៏​មូលដ្ឋានគ្រឹះ​សំខាន់ៗ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​បំណុល​បៃតង និង​និរន្តរភាព​ត្រូវបាន​បង្កើតឡើង​រួចរាល់​។

​ខណៈពេលដែល​រដ្ឋាភិបាល​ជំរុញ​កំណើន​នេះ​តាមរយៈ​ការពង្រឹង​ការ​​គាំទ្រ​ផ្នែក​ច្បាប់ និង​និន្នាការ​តំបន់​បង្ហាញថា​ក្រុមហ៊ុន​កាន់តែច្រើន​ទទួលស្គាល់​ពី​សារៈសំខាន់​និង​អត្ថ​ប្រយោជន៍​នៃ​ហិរញ្ញវត្ថុ​និរន្តរភាព និង​រៀបចំ​នូវ​យុទ្ធសាស្ត្រ​អាជីវកម្ម​ដែល​ឆ្លើយតប​នឹង​ហានិភ័យ​អាកាសធាតុ​។​

​ក្នុង​ខែតុលា ឆ្នាំ ​២០២២ ACMF បាន​បង្កើត និង​ដាក់ចេញ​នូវ​ស្តង់ដា​ហិរញ្ញវត្ថុ​និរន្តរភាព​ចំនួន​ ២​៖ ស្តង់ដា​​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន និង​ស្តង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ និង​និរន្តរភាព​អាស៊ាន ដែល​នឹង​ពង្រីក​វិសាលភាព​នៃ​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់ និង​ជួយ​ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅ​ទូទាំង​អាស៊ាន​៕

​ការបោះ​ផ្សាយ GSS នៅ​អាស៊ាន​

ប្រទេស​ឥណ្ឌូនេស៊ី​

​កាលពី​ខែមីនា ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បោះផ្សាយ​សញ្ញា​បណ្ណ Sukuk ​បៃតង​ជា​លើកដំបូង ដែល​នេះ​ក៏​ជា​សញ្ញា​បណ្ណ​ Sukuk បៃតង​ដំបូង​គេ​បំផុត​បាន​បោះផ្សាយ​នៅលើ​ពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់ ១,២៥ ​ប៊ី​លាន​ដុល្លារ​អាមេរិក ដែលមាន​ឥណប្រតិទាន​រយៈពេល ៥​ ឆ្នាំ​។ យោងតាម​ក្របខណ្ឌ​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ប្រាក់​ដែល​បាន​ពី​ការបោះ​ផ្សាយ​នេះ​នឹង​ប្រើប្រាស់​សម្រាប់តែ​គម្រោង​បៃតង​ផ្នែក​ថាមពល​កកើត​ឡើងវិញ​តែប៉ុណ្ណោះ​។ ចាប់តាំងពី​ការបោះ​ផ្សាយ​ឆ្នាំ​ ២០១៨ ​ឥណ្ឌូនេស៊ី​បាន​បោះផ្សាយ​សញ្ញា​បណ្ណ​និរន្តរ​​ភាពជា​រៀងរាល់ឆ្នាំ ដោយបាន​បោះផ្សាយ​នូវ​សញ្ញា​បណ្ណ Sukuk បៃតង​ចំនួន ៧៥០ ​លាន​ដុល្លារ​ ក្នុង​ ឆ្នាំ ១ ចាប់ពី​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ​ ២០២១ និង ១,៥​ ប៊ី​លាន​ដុល្លារ​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២២​។​

ប្រទេស​ម៉ាឡេស៊ី​

​ប្រទេស​ម៉ាឡេស៊ី​ បាន​នាំមុខ​ទីផ្សារ​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​ក្នុង​ឆ្នាំ​ ២០១៧ ជាមួយនឹង​ការ​​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​ដំបូង​ដោយ​ក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd និង​សញ្ញា​បណ្ណ Sukuk និរន្តរភាព​ដែល​បោះផ្សាយ​ដោយ​រដ្ឋាភិបាល​ជា​ប្រាក់​ដុ​លា្ល​រ​អាមេរិក ដំបូងបង្អស់​របស់​ពិភពលោក​។ កាលពី​ខែមេសា ឆ្នាំ​ ២០២១ ម៉ាឡេស៊ី​បានដាក់​តម្លៃ​ដោយ​ជោគជ័យ​នូវ​សញ្ញា​បណ្ណ Sukuk និរន្តរភាព​របស់ខ្លួន​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ ៨០០ លាន​ដុល្លារ​អាមេរិក​នៃ​វិញ្ញាបនបត្រ​បរ​​ធន​បាល​កិច្ច​រយៈពេល ១០ ​ឆ្នាំ​។​

ប្រទេស​ហ្វីលីពីន​

​សាជីវកម្ម​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល AC (AC Energy and Infrastructure Corporation) ដែល​ពីមុន​ជា AC Energy, Inc. គឺជា​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដ៏​ធំ​បំផុត​មួយ​របស់​ហ្វីលីពីន​។ ក្នុង​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​នេះ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ទីផ្សារ​បំណុល​ជាមួយនឹង​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដែល​កំណត់​ជា​ប្រាក់​ដុល្លារ​អាមេរិក (USD) សរុប​ជា​ទឹកប្រាក់​ចំនួន ៤១០​ លាន​ដុល្លារ​អាមេរិក ដែលជា​សញ្ញា​បណ្ណ​បៃតង​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដំបូង​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បញ្ជាក់​ដោយ​គំនិត​ផ្តួចផ្តើម​សញ្ញា​បណ្ណ​អាកាសធាតុ​ (Climate Bonds Initiative) ដែល​ក្រោយមក​ការបោះ​ផ្សាយ​នេះ​បាន​កើន​ឡើងដល់ ៤៧០​ លាន​ដុល្លារ​អាមេរិក​។ នៅក្នុង​ឆ្នាំ​ដដែល ក្រុមហ៊ុន​នេះ​បាន​បោះផ្សាយ​បណ្ណ​បៃតង​អចិន្ត្រៃយ៍​ដែល​កំណត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដំបូង​គេ​របស់​ពិភពលោក​ក្នុង​ចំនួន​ទឹកប្រាក់​ដើម​សរុប​ចំនួន ៤០០​ លាន​ដុល្លារ​អាមេរិក​។

​ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន​បាន​បន្ត​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​ប្រើប្រាស់​សម្រាប់​ផ្តល់​ហិរញ្ញ​ប្ប​​ទាន​ថាមពល​កកើត​ឡើងវិញ (renewable energy) ដែល​ថ្មីៗ​នេះ ​គឺជា​សញ្ញា​បណ្ណ​បៃតង​ដែលមាន​អត្រា​ថេរ​រយៈពេល ៥ ​ឆ្នាំមាន​ទំហំ​ទឹកប្រាក់ ១០ ប៊ី​លាន​ប៉េ​សូ​ហ្វីលីពីន (PHP) (១៧៦ លាន​ដុល្លារ​អាមេរិក​) ត្រូវបាន​បោះ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២២​។​

​ប្រទេស​សិង្ហ​បុរី​

​កាលពី​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន Sindicatum Renewable Energy Company Pte Ltd បាន​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ពហុ​រូបិយ​បណ្ណ​បី​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​ទីក្រុង​ឡុង​ដ៍ (LSE)​។ នៅ​ខែមករា ​ឆ្នាំ​ ២០១៨ សញ្ញា​បណ្ណ​ដែល​ចារឹក​ជា​ប្រាក់​រ៉ូ​ពី​ឥណ្ឌា (IDR) មាន​ទំហំ​ទឹកប្រាក់​ចំនួន ៩៥១,១ ​លាន​រ៉ូ​ពី និង​ ១.៥៨៥,៣ លាន​រ៉ូ​ពី ដែល​ដល់​ឥណប្រតិទាន​ឆ្នាំ​ ២០២៣ និង​ ២០២៥ រៀង​គ្នា​ត្រូវបាន​បោះផ្សាយ ដែល​បានធ្វើឱ្យ Sindicatum Renewables ជា​សាជីវកម្ម​ឯកជន​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដែល​ចារឹក​ជា​រូបិយ​បណ្ណ​រ៉ូ​ពី​ឆ្លងដែន ដែលមាន​ឥណប្រតិទាន​រយៈពេល​ ៧ ឆ្នាំ​។ លើសពីនេះ កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​នេះ​ក៏បាន​បោះផ្សាយ​សញ្ញា​បណ្ណ​ដែល​ចារឹក​ជា​រូបិយ​បណ្ណ​ប៉េ​សូ​ហ្វីលីពីន (PHP) មាន​ទំហំ​ទឹកប្រាក់​ ១.០៦០,២ លាន​ប៉េ​សូ​ហ្វីលីពីន ដែល​នឹង​ដល់​ឥណប្រតិទាន​នៅ​ឆ្នាំ​ ២០២៨ ហើយ​នេះ​ជា​សញ្ញា​បណ្ណ​បៃតង​ដែល​ចារឹក​ជា​ប្រាក់​ប៉េ​សូ​​ហី្វ​លី​ពី​ន (PHP) ដំបូង​ដែល​បាន​ចុះបញ្ជី​នៅ LSE។​

ប្រទេស​ថៃ​

​កាលពី​ខែសីហា ឆ្នាំ​២០២០ ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​ក្លាយជា​រដ្ឋ​អធិបតេយ្យ​មួយ​ក្នុង​ពិភពលោក និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​ប្រមូល​មូលនិធិ​តាមរយៈ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​​និរន្តរភាព​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២២ ក្រសួង​បាន​បោះផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៦ ​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​វិនិយោគ​ក្នុង​គម្រោង Mass Rapid Transit Orange East Line និង​គម្រោង​ផលប៉ះពាល់​សង្គម ក្នុងចំណោម​គម្រោង​ផ្សេងៗ​ទៀត​។ ការ​បោះផ្សាយ​នេះ​បានធ្វើឱ្យ​ព្រះរាជាណាចក្រ​ថៃ​ក្លាយជា​ស្ថាប័ន​ថៃ​ដំបូង​គេ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន Luxembourg​។ សញ្ញា​បណ្ណ​ទាំងនេះ​ក៏​ទទួលបាន​ពានរង្វាន់​ពី​អង្គភាព​ផ្សេងៗ​គ្នា​សរុប​ចំនួន ៦​ ផងដែរ​៕