ដោយមូលធនភាគច្រើនត្រូវបានតម្រង់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ជាសកល និងគោលដៅអាកាសធាតុ ទើបមូលនិធិនិរន្តរភាពសកល បាននិងកំពុងពង្រីកខ្លួនយ៉ាងខ្លាំង។ ទំហំនៃមូលនិធិនិរន្តរភាពជាសកល បានឈានដល់ ២,៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងពី ១៩៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១០ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ២៧%។ មូលនិធិចំនួន ១.៣០៤ ក្នុងឆ្នាំ ២០១០ បានកើនដល់ ៥.៩៣២ ក្នុងឆ្នាំ ២០២១ ហើយចំនួនសរុបនៃមូលនិធិនិរន្តរភាពបានកើនឡើង CAGR ចំនួន ១៥% ក្នុងរយៈពេលដូចគ្នានេះ។
ជាមួយគ្នានេះដែរ ដោយការវិនិយោគ ប្រកបដោយនិរន្តរភាពបានទទួលនូវការចាប់អាម្មណ៍កាន់តែច្រើននៅក្នុងតំបន់អាស៊ាន និងដោយស្របតាមអនុសាសន៍អំពីផលិតផលកាតាលីករ និងការអនុញ្ញាតឱ្យចូលទៅកាន់តំបន់/ផ្នែកដែលមិនទាន់បានផ្គត់ផ្គង់គ្រប់គ្រាន់នៃផែនទីបង្ហាញផ្លូវទីផ្សារមូលធននិរន្តរភាពអាស៊ាន ASEAN SRFS ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ ACMF ដើម្បីពង្រីកវិសាលភាពនៃការវិនិយោគប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ាន។
ASEAN SRFS មានគោលបំណងផ្តល់នូវលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន និងការរាយការណ៍ជាអប្បបរមា ដែលតម្រូវឱ្យអនុវត្តជាប់លាប់សម្រាប់គម្រោងវិនិយោគរួម (Collective Investment Schemes - CIS) ដែលស្នើសុំជា ASEAN SRFS ដោយសារតែមានការកើនឡើងនៃ CIS ដែលផ្តោតលើការវិនិយោគ ESG និងតម្រូវការសម្រាប់ការប្រៀបធៀប, ភាពរួមតែមួយ និងការបង្ហាញព័ត៌មាន ប្រកបដោយតម្លាភាព ដើម្បីកាត់បន្ថយហានិភ័យនៃការក្លែងបន្លំភាពបៃតង (greenwashing) ព្រមទាំងជួយវិនិយោគិនក្នុងការសម្រេចចិត្តលើការវិនិយោគឱ្យបានត្រឹមត្រូវ។
ក្នុងន័យនេះ CIS ឬប្រតិបត្តិករ CIS ត្រូវតែអនុលោមតាម ASEAN SRFS ដែលផ្តល់នូវការបង្ហាញព័ត៌មានបន្ថែមនៃ CIS ដែលមានលក្ខណៈគុណវឌ្ឍិគ្រប់គ្រាន់។
លក្ខណៈសំខាន់នៃ ASEAN SRFS
ក) ការដាក់ឈ្មោះ
ឈ្មោះរបស់ CIS ដែលមានលក្ខណៈ គុណវឌ្ឍិគ្រប់គ្រាន់គួរតែមានភាពត្រឹមត្រូវ ឆ្លុះបញ្ចាំងពីធាតុប្រកបដោយនិរន្តរភាពរបស់ CIS ដោយមិនបញ្ជាក់ ឬសង្កត់ធ្ងន់លើសពីធាតុប្រកបដោយនិរន្តរភាព ឬធ្វើឱ្យមានការយល់ច្រឡំ។
(ខ) យុទ្ធសាស្ត្រ និងគោលបំណងវិនិយោគប្រកបដោយនិរន្តរភាព
CIS គួរតែវិនិយោគជាចម្បងលើមូលបត្រដោយអនុលោមតាមយុទ្ធសាស្ត្រ និងគោលបំណងវិនិយោគប្រកបដោយនិរន្តរភាព ជាមួយនឹងការបែងចែកទ្រព្យសកម្មអប្បបរមាយ៉ាងហោចណាស់ពីរភាគបី (២/៣) នៃតម្លៃទ្រព្យសកម្មសុទ្ធ។ ឧទាហរណ៍៖ គោលការណ៍ និងយុទ្ធសាស្ត្រវិនិយោគនិរន្តរភាព ត្រូវបានបញ្ចូលនៅក្នុង ASEAN SRFS ជាការណែនាំ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ CIS ដែលគ្រាន់តែអនុវត្ដនូវយុទ្ធសាស្ត្រសមាហរណកម្ម ESG ឬយុទ្ធសាស្ត្រត្រួតពិនិត្យលើភាព អវិជ្ជមាន ដើម្បីស្វែងរកប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុដោយមិនមានគោលបំណងវិនិយោគប្រកបដោយនិរន្តរភាព នោះទេ គឺមិនមានគុណវឌ្ឍិគ្រប់គ្រាន់ជា ASEAN SRFS។
(គ) នីតិវិធី និងគោលនយោបាយដើម្បីធានាបាននូវអនុលោមភាព
ASEAN SRFS តម្រូវឱ្យបង្ហាញព័ត៌មានអំពីដំណើរការ ដើម្បីធានាបាននូវអនុលោមភាពនៃ ASEAN SRFS របស់ CIS ពេញមួយវដ្តនៃ CIS។
(ឃ) ការផ្ទៀងផ្ទាត់ដោយភាគីទីបី
ការផ្ទៀងផ្ទាត់ដោយភាគីទីបីអាចធ្វើឡើងតាមការស្ម័គ្រចិត្ត ដើម្បីផ្ទៀងផ្ទាត់ថាការវិនិយោគរបស់ CIS ស្របតាមយុទ្ធសាស្ត្រ និងគោលបំណងវិនិយោគប្រកបដោយនិរន្តរភាពរបស់ខ្លួន។
(ង) របាយការណ៍សមាយិក
CIS ឬប្រតិបត្តិករ CIS ត្រូវបានតម្រូវឱ្យផ្តល់ព័ត៌មានទាក់ទងនឹងយុទ្ធសាស្ត្រ និងគោលបំណងវិនិយោគ ប្រកបដោយនិរន្តរភាពរបស់ CIS ក៏ដូចជាការពិនិត្យឡើងវិញលើការពិចារណានិរន្តរភាព នៅក្នុងរបាយការណ៍សមាយិក ឬរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន តាមដែលអាចអនុវត្តបាន ហើយអាចផ្សព្វផ្សាយបាននៅលើគេហទំព័រ។ បន្ថែមលើនេះទៀត ឥទ្ធិពលនៃយុទ្ធសាស្ត្រវិនិយោគរបស់ CIS ក៏ត្រូវបានតម្រូវឱ្យចេញផ្សាយរបាយការណ៍ផលប៉ះពាល់ប្រចាំឆ្នាំផងដែរ។
(ច) ការដកហូតគុណវុឌ្ឍិ
CIS ឬប្រតិបត្តិករ CIS ត្រូវតែផ្តល់ព័ត៌មានពាក់ព័ន្ធ ជាពិសេសព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ដែលធ្វើ ឱ្យប៉ះពាល់ដល់អនុលោមភាពតាម ASEAN SRFS និងអនុលោមភាពតាមបទប្បញ្ញត្តិរបស់និយ័តករមូលបត្រនៅក្នុងយុត្តាធិការអាស៊ាន។ នៅពេលដែល CIS ត្រូវបានរក ឃើញថាមិនបានអនុលោមតាម ASEAN SRFS និយ័តករមូលបត្រអាចដកហូតគុណវុឌ្ឍិរបស់ CIS បាន។
ការប្រើប្រាស់និរន្តរភាពសម្រាប់កំណើននាពេលអនាគតការវិនិយោគប្រកបដោយនិរន្តរភាព មានសារៈសំខាន់ក្នុងការពន្លឿនដំណើរឆ្ពោះទៅ រកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យ (net zero) ជាសកល។ ទីផ្សារវិនិយោគប្រកបដោយនិរន្តរភាពពិភពលោក ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៦០ ទ្រីលាន ដុល្លារអាមេរិក ត្រឹមឆ្នាំ ២០៣៦។ ទីផ្សារគ្រប់គ្រងមូលនិធិ និងទ្រព្យសកម្មនៅក្នុងតំបន់អាស៊ាន ត្រូវតែទាញយកប្រយោជន៍ពីនិន្នាការទាំងនេះ ហើយត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យវិនិយោគិនទទួលបាននូវជម្រើសកាន់តែច្រើនសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព។ ករណីនេះតម្រូវឱ្យមានការបង្កើតឡើងនូវផលិតផលមូលនិធិប្រកបដោយនិរន្តរភាពប្រកបដោយនវានុវត្តន៍បន្ថែមទៀតដើម្បីបំពេញតម្រូវការ និងផលប្រយោជន៍របស់វិនិយោគិន។
នៅពេលដែលមូលនិធិប្រកបដោយនិរន្តរភាពសកលលោកមានការវិវត្តន៍កាន់តែលឿន នោះតម្រូវការនៃការបង្ហាញព័ត៌មានលម្អិត និងទៀងទាត់ ក៏ដូចជាការរៀបចំវិធានការដើម្បីកាត់បន្ថយបញ្ហាការក្លែងបន្លំភាពបៃតង ក៏មានការកើនឡើងផងដែរ។
អាស្រ័យហេតុនេះ ASEAN SRFS មានគោលបំណងផ្តល់នូវមូលដ្ឋានជាអប្បបរមាអំពីលក្ខខណ្ឌតម្រូវនៃការរាយការណ៍ និងការបង្ហាញព័ត៌មានរបស់មូលនិធិប្រកបដោយនិរន្តរភាពដែលត្រូវបោះផ្សាយលក់នៅក្នុងតំបន់អាស៊ាន ដែលវាជួយបង្កើននូវតម្លាភាព និងភាពស៊ីសង្វាក់គ្នានៃព័ត៌មានដល់វិនិយោគិន។
ស្តង់ដាមូលនិធិនិរន្តរភាព និងទំនួលខុសត្រូវអាស៊ាន អាចទាញយកបានតាមរយៈ https://www.theacmf.org/initiatives/sustainable-finance/asean-sustainable-and-responsible-fund-standards.