នៅ​ថ្ងៃទី ​២៨ ខែតុលា ឆ្នាំ​ ២០២២ វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF) ក្រោម​ភាពជា​ប្រធាន​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​​ប្រាស់​នូវ​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន (ASEAN SLB Standards) ដើម្បី​ជួយ​សម្រួល​ដល់​ការប្រមូល​សាច់ប្រាក់​របស់​ក្រុមហ៊ុន​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ខណៈពេលដែល ACMF បន្ត​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ហិរញ្ញវត្ថុ​និរន្តរភាព​នៅក្នុង​តំបន់​។​

​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​ភាព អាស៊ាន​គឺជា​ការអនុម័ត​ចុងក្រោយ​បំផុត​នៃ​ស្តង់ដា​សញ្ញា​បណ្ណ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ដែល​រួមមាន​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន ស្តង់ដា សញ្ញា​បណ្ណ​សង្គម​អាស៊ាន និង​ស្តង់ដា​សញ្ញា​បណ្ណ​និរន្តរភាព​អាស៊ាន​ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​​ឆ្នាំ​​​ ២០១៧ និង ២០១៨​។

​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែតុលា ឆ្នាំ​ ២០២២ សញ្ញា​បណ្ណ និង Sukuk មាន​ទឹកប្រាក់​ទំហំ ២៩,៨២ ​ប៊ី​លាន​ដុល្លារ​អាមេរិក ​ត្រូវបាន​បោះផ្សាយ​ក្រោម​ស្តង់ដា និង​ស្លាក​សញ្ញា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន សញ្ញា​បណ្ណ​សង្គម​អាស៊ាន និង​សញ្ញា​បណ្ណ​និរន្តរភាព​អាស៊ាន ដែល​នេះ​សរ​ឱ្យឃើញថា​សញ្ញា​បណ្ណ​ប្រភេទ​នេះ បាននិងកំពុង​ទទួល​បានការ​ចាប់អារម្មណ៍​គួរឱ្យ កត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

តើ​អ្វី​ទៅជា​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារ​​ភ្ជាប់​និរន្តរភាព​អាស៊ាន​?

​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​​ភាព​អាស៊ាន គឺជា​ប្រភេទ​ឧបករណ៍ ហិរញ្ញវត្ថុ​មួយ​ដែលមាន​លក្ខណៈ ហិរញ្ញវត្ថុ​និង​/​ឬ​រចនាសម្ព័ន្ធ​អាច​ប្រែប្រួល​អាស្រ័យ​លើ​ថា ​តើ​ក្រុមហ៊ុន​​បោះផ្សាយ​សម្រេចបាន​នូវ​គោល​បំណង​និរន្តរភាព ដែល​បានកំណត់​ទុកជាមុន ដែរឬទេ​? ឧទាហរណ៍​អត្រា​គូ​ប៉ុង​អាច​កើនឡើង​បន្ទាប់ពី​រយៈពេល​កំណត់​ជាក់លាក់​ណាមួយ ប្រសិនបើ​គោលដៅ​និរន្តរភាព​ដែល​កំណត់ដោយ​ក្រុមហ៊ុន​បោះផ្សាយ​មិនអាច​សម្រេចបាន​។ គោលដៅ​នេះ​ត្រូវបាន​វាស់វែង​តាមរយៈ​សូចនាករ​គន្លឹះ (KPIs) និង​ត្រូវបាន​វាយតម្លៃ​ដោយ​ធៀប​នឹង​គោលដៅ​នៃ​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព (SPTs)​។​

​ផ្ទុយ​ពី​សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និងសញ្ញា​បណ្ណ​និរន្តរភាព ចំពោះ​សាច់ប្រាក់​ដែល​ប្រមូលបាន​​ពី​ការបោះ​ផ្សាយ ត្រូវតែ​ប្រើប្រាស់​សម្រាប់​គម្រោង​បៃតង សង្គម និង​និរន្តរភាព ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាច​ប្រើប្រាស់​ក្នុង​គោលបំណង​ទូទៅ​បាន​។ សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព អាចជួយ​ដល់​ក្រុមហ៊ុន​ដែល​កំពុង​ស្វែងរក​ការផ្លាស់​-​ប្តូរ​ឆ្ពោះទៅរក​និរន្តរភាព​។​

​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​​ភាព​អាស៊ាន​ត្រូវបាន​អភិវឌ្ឍ​ដោយ​ផ្អែកលើ​គោលការណ៍​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព (SLBP) របស់​សមាគម​ទីផ្សារ​មូលធន​អន្តរជាតិ (ICMA) ដោយសារតែ​គោលការណ៍​នេះ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។ SLBP ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​លើកដំបូង​នៅក្នុង​ខែមិថុនា ឆ្នាំ​ ២០២០ គឺជា​សំណុំ​នៃ​គោលការណ៍​ណែនាំ​ដោយ​ស្ម័គ្រចិត្ត ដែល​អភិវឌ្ឍន៍​ដោយ​អ្នកចូលរួម​ក្នុង​ទីផ្សារ​សំខាន់ៗ​ក្រោម​ការសម្របសម្រួល​របស់ ICMA ជា​លេខាធិការដ្ឋាន​។​

​ខណៈពេលដែល SLBP កំណត់​នូវ​គោលការណ៍​ទូលំទូលាយ​ចំពោះ​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន​មាន​គោលបំណង​ផ្តល់នូវ​ការណែនាំ​ជាក់​លាក់​បន្ថែមទៀត​អំពី​របៀប​ដែល SLBP ត្រូវអនុវត្ត​នៅ​ទូទាំង​អាស៊ាន​។ ក្នុងន័យនេះ ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ ដែលមាន​បំណង​បោះ​​ផ្សាយ និង​ដាក់​ស្លាក​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន ត្រូវតែ​អនុលោម​តាម​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន​។

​ដូច្នេះ ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន​នឹង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ដោយហេតុថា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព ដែល​ត្រូវ​បានដាក់​ស្លាក​ជា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន បាន​បំពេញ​តាម​ស្តង់ដា​រួមមួយ ខណៈដែល​ស្តង់ដា​នេះ​នឹង​ផ្តល់​ដល់​ក្រុមហ៊ុន​បោះផ្សាយ នូវ​ការអនុវត្ត​ល្អ​បំផុត​ក្នុង​ទីផ្សារ​សម្រាប់ សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​។​

​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​ភាព​អាស៊ាន រួមបញ្ចូល​នូវ​ធាតុ​ផ្សំ​ស្នូល​ទាំង​ប្រាំ​នៃ SLBP មានដូចជា ការ​​ជ្រើសរើស KPIs ការកំណត់ SPTs​លក្ខណៈសម្បត្តិ​របស់​ស​ញ្ញាប​ណ្ណ ការ​រាយការណ៍ និង​ការផ្ទៀងផ្ទាត់ ជាមួយនឹង​លក្ខណៈពិសេស​បន្ថែម​សំខាន់ៗ​។​

​នៅ​ទូទាំង​ពិភពលោក ទីផ្សារ​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ការដាក់ឱ្យ អនុវត្ត​នូវ SLBP​។ ក្នុង​របាយការណ៍​ឆមាស​ទី​១ ឆ្នាំ​ ២០២២ របស់​គំនិត​ផ្តួចផ្តើម​សញ្ញា​បណ្ណ​អាកាសធាតុ ​(Climate Bonds Initiative) បាន​កត់ត្រា​ទំហំ​ទឹកប្រាក់​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​ចំនួន ​១៧៦,៦ ប៊ី​លាន​ដុល្លា​អាមេរិក​។ សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​ដែល​មិនមាន​គម្រោង​ដែល​អាច​កំណត់​បាន​ពី​និរន្តរភាព សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​-​ភាព​គឺជា​ច្រក​ក្នុង​ការប្រមូល​ហិរញ្ញ​ប្ប​ទាន​សម្រាប់​គោលបំណង​ទូទៅ​ ខណៈដែល​គម្រោង​នេះ​ក៏​រួមចំណែក​ឆ្ពោះទៅរក​គោលដៅ​និរន្តរភាព​។​

​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​ភាព​អាស៊ាន​មាន​គោលបំណង​ពង្រឹង តម្លាភាព ស្ថិរភាព និង​ភាព​រួមមួយ​នៃ​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ចំណាត់​ថ្នាក់​ទ្រព្យសកម្ម​ថ្មី កាត់បន្ថយ​ការ ចំណាយ​លើ​ការវាយតម្លៃ និង​ជួយ​វិនិយោគិន​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ប្រកបដោយ​ការយល់ដឹង​ខ្ពស់​។

​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរ​​ភាព​អាស៊ាន អាច​ទាញ​យកបាន​តាមរយៈ៖ https://www.theacmf.org/initiatives/sustainable-finance/asean-sustainability-linked-bond-standards៕