
លោកស្រី កាមេយ ហារូកុ ប្រធាន JICA នៅកម្ពុជា។ រូបថត Supplied
ខណៈឆ្នាំ ២០២៣ គឺជាខួបលើកទី៧០ ឆ្នាំនៃការចាប់ផ្តើមទំនាក់ទំនងមិត្តភាពផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ដោយចំណងការទូតផ្លូវការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៣ ហើយជាឆ្នាំនៃការិយាល័យ JICA ប្រចាំកម្ពុជាក៏គម្រប់ខួប ៣០ ឆ្នាំនៃការបង្កើតឡើងផងដែរ។
ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មានតួនាទីជាភ្នាក់ងារអនុវត្តជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន (ODA) បានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ ១៩៩៣។
អស់រយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងដែលមានរហូតមកដល់សព្វថ្ងៃ គឺរាប់ចាប់ពីដំណើរការកសាងសន្តិភាព និងស្តារនីតិសម្បទានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
គម្រោងដ៏សំខាន់បំផុតមួយពីទសវត្សរ៍ឆ្នាំ ១៩៩០ គឺការស្ថាបនាឡើងវិញនូវស្ពានជ្រោយចង្វារ ដែលសាងសង់ដំបូងក្នុងឆ្នាំ ១៩៦៣ ឆ្លងកាត់ទន្លេសាប គឺជានិមិត្តរូបនៃការចាប់ផ្តើមឡើងវិញនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
វាគឺជាស្ពានដែលភ្ជាប់ទីក្រុងភ្នំពេញជាមួយខេត្តភាគខាងជើង និងភាគខាងកើតនៃប្រទេសកម្ពុជា ហើយត្រូវបានរងខូចខាតយ៉ាងធ្ងន់ធ្ងរក្នុង អំឡុងសង្គ្រាមស៊ីវិល ដូច្នេះការបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៩៦ នៃស្ពាន Nihon Bashi ជាភាសាជប៉ុន គឺតំណាងឱ្យការងើបឡើងវិញបន្ទាប់ពីកម្ពុជាមានជម្លោះអូសបន្លាយជាច្រើនទសវត្សរ៍។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានអនុវត្តជាបន្តបន្ទាប់ រួមទាំងផ្លូវជាតិលេខ ១, ៦, ៧ និងលេខ ៥, កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ពានគីហ្សូណានៅខេត្តកំពង់ចាម ស្ពានអ្នកលឿងតភ្ជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង និងមានជាច្រើនទៀត។
ទាំងនេះបានជួយលើកកម្ពស់ ការចល័ត និងការតភ្ជាប់ក្នុងប្រទេស, ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ច។
JICA ក៏បានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍសង្គម និងវិស័យអភិបាលកិច្ច ព្រមទាំងផ្នែកទឹក និងអនាម័យផងដែរ។ ទាំងនេះរួមមានការសាងសង់សាលារៀន និងមន្ទីរពេទ្យ និងការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី គម្រោងបណ្តុះបណ្តាលគ្រូ, សេវាសុខភាពមាតា ការបោសសម្អាតមីន ការផ្គត់ផ្គង់ទឹក និងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកជាដើម។
ប្រាក់កម្ចីសម្បទានសរុបមានចំនួន ២៧៥ ពាន់លានយ៉េន (ជាង ២ ពាន់លានដុល្លារ) សម្រាប់គម្រោងចំនួន ៣០ ជាមួយនឹងជំនួយឥតសំណងចំនួន ១៧៧,៨ ពាន់លានយ៉េន សម្រាប់គម្រោងចំនួន ១៥៨។ ខណៈមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជប៉ុនជាមួយកម្ពុជាមានអាយុ កាលជិត ៧០ ឆ្នាំហើយ។
រដ្ឋាភិបាលជប៉ុនបានបង្កើតមូលនិធិសហប្រតិបត្តិការអាស៊ីនៅឆ្នាំ ១៩៥៤ ជាឆ្នាំតែមួយដែលប្រទេសជប៉ុន បានចូលរួមក្នុងផែនការកូឡុំបូ (Colombo Plan) សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅអាស៊ី និងប៉ាស៊ីហ្វិក។
មូលនិធិសហប្រតិបត្តិការអាស៊ី ដែលមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន នៅទីបំផុតបានផ្ទេរមុខងាររបស់ខ្លួនទៅឱ្យទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស (OC-TA) ក្នុងឆ្នាំ ១៩៦២ ហើយបន្ទាប់មកឱ្យទៅ JICA នៅឆ្នាំ ១៩៧៤។
មូលនិធិបានចាប់ផ្តើមទទួលសិក្ខាកាមពីប្រទេសកម្ពុជាភ្លាមៗ បន្ទាប់ពីការបង្កើតឡើងនៅឆ្នាំ ១៩៥៤ ពោលគឺមានចំនួន ២៣០ នាក់ នៅប្រទេសជប៉ុន ក្នុងរយៈពេល ១២ ឆ្នាំដំបូង និងកើនឡើងដល់ ១៤ ៩៨៨ នាក់គិតត្រឹមឆ្នាំ ២០២១។
អ្នកជំនាញជប៉ុន ៤ នាក់ដំបូង ត្រូវបានបញ្ជូនមកនៅឆ្នាំ ១៩៥៥ ដោយចំនួននេះបានកើនឡើងដល់ ៦ ៦៨៩ នាក់ គិតត្រឹមឆ្នាំ ២០២១។ គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសដំបូងបានចាប់ផ្តើមនៅដើមឆ្នាំ ១៩៥៩ លើផ្នែកផលិតកម្មស្រូវ ការគ្រប់គ្រងបសុសត្វ និងសេវាវេជ្ជសាស្ត្រ។
លោក Muneo Ogata ដែលបានមកប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៦០ ក្នុងនាមជាអ្នកជំនាញត្រួសត្រាយ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសជប៉ុនដំបូងគេលើផ្នែកបសុសត្វក្នុងខេត្ត កំពង់ចាម បានពិពណ៌នាបទពិសោធន៍របស់លោកនៅក្នុងអត្ថបទខ្លីមួយ។
លោករៀបរាប់ថា៖ «ខ្ញុំត្រូវស្នាក់នៅក្នុងផ្ទះមួយដែលគ្មានទូទឹកកក ឬម៉ាស៊ីនត្រជាក់ ប៉ុន្តែមានមុងចងដេក»។
លោកថ្លែងថា៖ «ជីវិតនៅទីនោះ គឺដូចជាការនិរទេសខ្លួន ប៉ុន្តែអ្នកជំនាញជប៉ុនទាំងអស់បានផ្តោតលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយ៉ាងយកចិត្ត ទុកដាក់ និងធ្វើការយ៉ាងសកម្មទាំងថ្ងៃទាំងយប់ ដែលជារឿងមិនអាចបំភ្លេចបាន»។
បន្ទាប់ពីការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ អ្នកស្ម័គ្រចិត្ត JOCV ៤ នាក់ ដំបូងត្រូវបានបញ្ជូនមកកម្ពុជាក្នុងឆ្នាំ ១៩៦៦ ដើម្បីផ្តោតលើការផលិតស្រូវ, កីឡាយូដូ និង ហែលទឹក។ រហូតមកទល់ពេល នេះ អ្នកស្ម័គ្រចិត្តចំនួន ៧៩៧ នាក់ត្រូវបានបញ្ជូនមកកម្ពុជា។

អ្នកជំនាញជប៉ុនធ្វើការជាមួយកសិករនៅខេត្តបាត់ដំបង ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។
ជាការពិតណាស់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ គឺផ្តោតលើមនុស្សជួយមនុស្ស ហើយប្រទេសទាំង ២ បានកសាងទំនុកចិត្តគ្នា។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ ក្រសួងការបរទេសជប៉ុនក្នុងឆ្នាំ ២០១៩ បានឱ្យដឹងថា ជប៉ុនជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រទេសដែលគួរឱ្យទុកចិត្តបំផុតនៅកម្ពុជា ពោលគឺខ្ពស់ជាងប្រទេសដទៃទៀត។
ទំទុកចិត្តនេះត្រូវបានធ្វើ ឡើងនៅក្នុងប្រទេសជប៉ុន ដោយប្រជាជនកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំដោយមនុស្សជាច្រើនដែលធ្វើការនៅក្នុងប្រទេសទាំង ២។
JICA ប្ដេជ្ញាចិត្តបង្កើនភាពជឿជាក់ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ តាមរយៈការអនុវត្តគម្រោងរបស់ខ្លួនប្រកបដោយជោគជ័យក្នុងប្រទេសកម្ពុជា គ្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
បន្ទាប់ពី ៧០ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនៅក្នុងជំនួយ ODA, ភាពជាដៃគូឥឡូវនេះមិនត្រឹមតែ «JICA ជួយដល់កម្ពុជា» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការដើម្បីដំណោះ ស្រាយចំពោះបញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅក្នុងប្រទេសផ្សេងទៀត និងជុំវិញពិភពលោកផងដែរ។ នៅថ្ងៃទី ២០ ខែមករាឆ្នាំនេះ អ្នកដោះមីនអ៊ុយក្រែនបាន បញ្ចប់វគ្គបណ្តុះបណ្តាល ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដោយមានការគាំទ្រពីទីភ្នាក់ងារ JICA។
JICA និង CMAC មានភាពជាដៃគូអស់រយៈពេលជិត ៣ ទសវត្សរ៍មកហើយ គឺស្ទើរតែស្មើនឹងការបង្កើតការិយាល័យ JICA នៅកម្ពុជាដែរ។
បច្ចុប្បន្ន ពិភពលោកប្រឈមនឹងបញ្ហាប្រឈមកាន់តែខ្លាំងពីវិបត្តិមួយចំនួន ដូចជាជំងឺរាតត្បាត ជម្លោះ អសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ទោះជាយ៉ាងណាក៏ដោយ នៅតែមានក្តីសង្ឃឹមក្នុងការបង្កើតអនាគតដ៏ល្អប្រសើរជាមួយប្រជាជនកម្ពុជា ហើយជប៉ុននឹងបន្តធ្វើការជាមួយគ្នាឆ្ពោះទៅរកការបញ្ជាក់តម្លៃជាសកលជាមួយនឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្អែកលើប្រវត្តិមិត្តភាពរយៈពេល ៧០ ឆ្នាំនេះ។ ក្នុងនោះរួមមាន ការលើកកម្ពស់នីតិរដ្ឋ អភិបាលកិច្ចល្អ ការវិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយនឹងចក្ខុវិស័យណែនាំរបស់ JICA ស្តីពី «ឆ្ពោះទៅរកពិភពលោកប្រកបដោយទំនុកចិត្ត» ការិយាល័យ JICA ប្រចាំកម្ពុជាបានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការងារបន្ថែម ទៀតជាមួយប្រជាជនកម្ពុជា៕