រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ថវិកា​សរុប​​ចំនួន​ ៨២៨ ៥៤៦ ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន ៣​ ក្រោម​គ្រោងការជំនួយ ឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​ តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​ ឥតសំណង​គូ​សាណូ​ណិ​)​។ កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ​ ឆ្នាំ​ ២០២៤ ដោយ​ឯកឧត្តម​អ៊ូ​អិ​ណុ​ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និងអ្នក​តំណាង​​ ស្ថាប័ន​ទទួល​ជំនួយ​ទាំង ៣ ​ដើម្បី​អនុវត្ត​គម្រោង​ខាងក្រោម​៖ 

១. គម្រោង​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន ៣​ ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​​ប្រទេស​កម្ពុជា (​ថវិកា​ចំនួន ៥១៥ ០៦០​ ដុល្លារ​អាមេរិក​)

ស្ថាប័ន​ទទួល​ជំនួយ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​៖ ថវិកា​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព​ន្លឿ​ន និង​បង្កើន​ប្រសិទ្ធភាព​នៃ​សកម្មភាព​បោសសម្អាត​មីន ដោយ​ដំឡើង​កម្មវិធី​សម្រាប់​ប្រព័ន្ធ​សកម្មភាព​មីន ផ្អែកលើ​បញ្ញា​សិប្បនិម្មិត (AI)​។ គ្រាប់មីន​នៅតែ​បន្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​កំពុងអភិវឌ្ឍន៍​សម្រាប់​កសិកម្ម កន្លែង​ទេសចរណ៍ និង​តំបន់​សម្រាប់រោងចក្រ ​ខ្នាតធំៗ​។ បច្ចុប្បន្ន គ្រាប់មីន​ត្រូវបាន​រកឃើញ​ដោយសារ​ការកើនឡើង​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​នៅក្នុង​ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និង​ខេត្ត​សៀមរាប​។ គម្រោង​នេះ​មាន​គោលបំណង​នាំមក​នូវ​សុវត្ថិភាព​សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ប្រមាណ ២០​ ពាន់​នាក់​ ក្នុង​ខេត្ត​ទាំង ៣ ​​ដោយ​ការលុបបំបាត់​គ្រាប់មីន​ក្នុង​ផ្ទៃដី​សរុប ០,៩៦ គីឡូម៉ែត្រ​ការ៉េ​។​

២. គម្រោង​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ពីងពង់ ស្រុកប​វេ​ល ក្នុង​ខេត្តបាត់ដំបង (​ថវិកា​ចំនួន ​៨៨​ ៩០០ ​ដុល្លារ​អាមេរិក​) ​

ស្ថាប័ន​ទទួល​ជំនួយមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង​៖ ក្នុង​គម្រោង​នេះ អគារសិក្សា១​ខ្នង ៥ បន្ទប់​ បំពាក់​ដោយ​គ្រឿង​សង្ហា​រិម នឹង​ត្រូវបាន​សាងសង់​នៅ​សាលា​បឋម​សិក្សា​ពីងពង់ ស្រុក​ប​វេ​ល ក្នុង​ខេត្ត​បាត់ដំបង​។ បច្ចុប្បន្ន សិស្ស​នៅ​សាលា​នេះ​មានការ​លំបាក​ក្នុងការ​សិក្សា ដោយសារ​អគារសិក្សា​ឈើ​បច្ចុប្បន្ន និង​គ្រឿង​សង្ហា​រិម​ធ្វើ​អំពី​ឈើ​មាន​សភាព​ទ្រុឌទ្រោម​។ គម្រោង​នេះ​មាន​គោលបំណង​នាំមក​នូវ​បរិស្ថាន​សិក្សា​ដែលមាន​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន ហើយ​យើង​រំពឹង​ថា​គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ចំនួន ១៦៦​ នាក់ តាម​រយៈ​​ការកែលម្អ​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​អប់រំ​។​

៣. គម្រោង​កែលម្អ​ប្រតិបត្តិការ​ក្រោយ​ការប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ក្នុង​ខេត្តរតនគិរី​ (​ថវិកា​ចំនួន​ ១៥ ០៦០ ដុល្លារ​អាមេរិក​)

ស្ថាប័ន​ទទួល​ជំនួយមន្ទីរ​កសិកម្ម រុក្ខា​ ប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​៖ ថវិកា​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​សាងសង់​ឃ្លាំង និង​កន្លែង​ស​ម្ងួ​ត ក៏ដូចជា​ដំឡើង​ឧបករណ៍​វាស់​សំណើម និង​ម៉ាស៊ីន​ចាត់ថ្នាក់​សម្រាប់​សហគម​ន៍កសិកម្ម​ចំនួន ​៤ ក្នុង​ខេត្តរតនគិរី​។ 

​បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទី​ស្រប​ច្បាប់​ត្រូវបាន​លក់​ក្នុងតម្លៃ​ទាប ក្នុង​រដូវ​​ប្រមូល​ផល​ដោយសារតែ​ពុំមាន​ឃ្លាំង និង​កន្លែង​ស​ម្ងួ​ត​។ បន្ថែម​ពីលើ​នេះ កសិករ​បាននិងកំពុង​មាន​ភាពលំបាក​ក្នុងការ​រក្សា​គុណភាព​នៃ​គ្រាប់ស្វាយចន្ទី​ឱ្យ​ខ្ពស់​ក្នុង​ដំណើរ​ការ​ផលិត ដោយសារតែ​ពួកគេ​មិនមាន​ឧបករណ៍​វាស់​សំណើម និង​ម៉ាស៊ីន​ចាត់ថ្នាក់​។ យើង​រំពឹងថា​ គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ប្រមាណ ២០០ នាក់ ​នៅក្នុង​សហគមន៍​កសិកម្ម​ចំនួន ​៤ ដោយ​ការពង្រឹង​ខ្សែច្រវាក់​​តម្លៃ​ក្នុង​ការផលិត​គ្រាប់ស្វាយចន្ទី ក៏ដូចជា​ការ​លើកកម្ពស់​ប្រាក់ចំណូល​របស់​កសិក​រ​។​

​សូមបញ្ជាក់ថា ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន​បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩១ ដើម្បី​​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ និង​ស្ថាបនា ​ប្រទេស​ឡើងវិញ​នៅ​កម្រិត​មូលដ្ឋាន​។ ជំនួយឥតសំណង​នេះ​មាន​ទិសដៅ​ការ​ពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយ​ចំនួន​ដូចជា ភាពក្រីក្រ​ និង​/​ឬ​ភាព​អកុសល​នានា​ដែល​អាច​គំរាម​កំហែង​​ដោយផ្ទាល់​ដល់​អាយុជីវិត​ជីវភាព​រស់នៅ ​និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ក៏ដូចជា​ជួយ​ជំរុញ​នូវ​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។ ចាប់តាំងពី​ឆ្នាំ​ ១៩៩១ រដ្ឋាភិបាលជប៉ុន​បានផ្តល់​ថវិកា​ជាង ៦៩ ​លាន​ដុល្លារ​អាមេរិក​ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន ៦៩១ គម្រោង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕