ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលអាចរៀបចំកម្មវិធីដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មព្រះករុណាព្រះចៅអធិរាជជប៉ុនជាមួយប្រជាជនកម្ពុជា។ អស់រយៈពេលជាង១ឆ្នាំបន្តិចហើយ ដែលខ្ញុំបានមកដល់រាជ ធានីភ្នំពេញ ក្នុងនាមជាឯកអគ្គរាជទូត ហើយខ្ញុំតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា មិនថាខ្ញុំទៅទីណា ឬជួបអ្នកណានោះទេ។ ក្នុង អំឡុងឆ្នាំស្នាក់នៅរបស់ខ្ញុំនៅទីនេះ ខ្ញុំបានដឹងច្បាស់ថា តើកម្ពុជាមានភាពរួសរាយរាក់ទាក់យ៉ាងណាចំពោះប្រទេសជប៉ុន។
ឆ្នាំ២០២៤ បានចាប់ផ្តើមជាមួយ នឹងព្រឹត្តិការណ៍សោកនាដកម្ម ២នៅ ក្នុងប្រទេសជប៉ុន គឺគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ និងគ្រោះថ្នាក់យន្តហោះប៉ះគ្នានៅអាកាសយានដ្ឋានហាណេដា។ នៅក្នុងករណីទាំង២នេះ ប្រជាជនជប៉ុនទទួលបានការលើកទឹកចិត្តយ៉ាង ខ្លាំងតាមរយៈការរំលែកទុក្ខដ៏ក្រៀមក្រំ និងពាក្យពេចន៍កក់ក្តៅនៃការ អាណិតអាសូរពីប្រជាជនកម្ពុជាជាច្រើន។ ខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។
ជាដំបូង សូមយើងក្រឡេកបកក្រោយទៅមើលទៅឆ្នាំ២០២៣ ជាពេល ដែលយើងបានប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់យើង។ ក្នុងឱកាសឆ្នាំខួបលើកទី៧០ នេះ គ្រាន់តែនៅក្នុងប្រទេសកម្ពុជាតែមួយយើងបានរៀបចំព្រឹត្តិការណ៍ជាង៧០ ដោយជោគជ័យ។
ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានប្រារព្ធឡើងយ៉ាងរលូនពេញ១ឆ្នាំ និងមានការចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឱ្យការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២ មានភាពស៊ីជម្រៅ និងបានធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។ ទំនាក់ទំនងទ្វេភាគីរបស់យើងត្រូវបាន ដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំមុន ហើយការផ្លាស់ប្តូរ និងទំនាក់ទំនងដ៏សកម្មដែលបានកើតឡើងពេញ១ឆ្នាំបានបញ្ជាក់ពីភាពជឿជាក់របស់យើងចំពោះភាពជាដៃគូថ្មីនេះ។
ឆ្នាំមុនក៏ជាឆ្នាំដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយមានការតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៣៨ឆ្នាំ និងការបង្កើតគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត។ រដ្ឋាភិបាលជប៉ុនបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយគណៈរដ្ឋមន្ត្រីថ្មីភ្លាមៗ បន្ទាប់ពីសម្តេចធិបតីចូលកាន់តំណែង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីកំណែ ទម្រង់ជាច្រើនទៀតផងដែរ។
កាលពីខែធ្នូឆ្នាំមុន សម្តេចធីបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសជប៉ុន ក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានជប៉ុន ដែល ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបទី៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហ ប្រតិបត្តិការអាស៊ានជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចធិបតីមានកាលវិភាគមមាញឹកយ៉ាង ខ្លាំងដូចពេលនៅកម្ពុជាដែរ។
ថែមនេះទៀត ខ្ញុំគិតថាលោកអ្នកប្រាកដជាបានឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា អំពីការដែលសម្តេចធិបតីបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគពីប្រទេសជប៉ុនមកកម្ពុជា។
ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន លើកនេះ សម្រេចបាននូវសមិទ្ធផលដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងជប៉ុនកម្ពុជាមួយកម្រិតទៀត ហើយក៏បានជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំងផង ដែរ។ ក្នុងកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រីគីស៊ីដា ហ្វូមិអូ និងសម្តេចធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែធ្នូ មេដឹកនាំទាំង២ បានបញ្ជាក់ពីផែនការរបស់ពួកគាត់សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ឌីជីថលនីយកម្ម ថាមពល និងការលើកកម្ពស់ការតភ្ជាប់។
រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ដែលនឹងដើរតួយ៉ាង សំខាន់ក្នុងការសម្រេចបានរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ គម្រោងនេះត្រូវបានចូលរួមជាសាក្សីពីសំណាក់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានបង្ហាញយ៉ាងច្បាស់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នាពេលខាងមុខ។
បន្ថែមពីនេះ យើងបានឈានដល់កិច្ចព្រមព្រៀងលើគម្រោងសហប្រតិបត្តិការជាច្រើនដែលពាក់ព័ន្ធនឹងវិស័យឯកជនជប៉ុន និងរដ្ឋាភិបាលកម្ពុជា ហើយនេះបានបង្ហាញឱ្យឃើញ ពីភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការទាំងបរិមាណ និងវិសាលភាព។ ស្ថានទូតជប៉ុន នឹងខិតខំប្រឹងប្រែងដើម្បីធានាថា គម្រោងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ទទួលបានផ្លែផ្កានៅឆ្នាំ២០២៤។
បច្ចុប្បន្នសហគមន៍អន្តរជាតិបាន និងកំពុងសាកល្បងការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋតាមវិធីជាច្រើន។ ក្រៅពីនេះ បញ្ហានានាដែលទាំងជប៉ុន និងកម្ពុជាកំពុងប្រឈមមុខក្នុងសហគមន៍អន្តរជាតិគឺកាន់តែមានភាពចម្រុះ និងស្មុគស្មាញ។ នេះគឺដោយសារតែកត្តាមួយចំនួនដូចជា ការអភិវឌ្ឍនៃសង្គមឌីជីថល និងតម្រូវការសម្រាប់ពួកយើងដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងដែលបង្កឡើងដោយជំងឺឆ្លង។
ខ្ញុំជឿថា ការដោះស្រាយបញ្ហាប្រឈមទាំងនេះ គឺជាការដែលតម្លៃ ពិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវបានសាកល្បង។ ខ្ញុំគិតថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» មានន័យថា ជប៉ុន និងកម្ពុជាធ្វើការរួមគ្នាជាដៃគូ ចាប់ដៃគ្នា ដើម្បីដោះស្រាយ មិនត្រឹមតែបញ្ហាប្រឈមទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិជាមួយគ្នាផងដែរ។ ការអនុវត្តការបណ្តុះបណ្តាលរួមគ្នារវាងជប៉ុននិងកម្ពុជាសម្រាប់មន្ត្រីដោះមីនរបស់ប្រទេសអ៊ុយក្រែនកាលពីខែមករា និងកក្កដាឆ្នាំមុន គឺជាឧទាហរណ៍ដ៏ល្អមួយនៃរឿងនេះ។ យើងសូមលើក- ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបែបនេះបន្ថែម ទៀតនាពេលអនាគត។
ប្រទេសជប៉ុនមានបំណងជំរុញកិច្ច-សហប្រតិបត្តិការលើវិស័យជាច្រើនដូចជា បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការតភ្ជាប់ដែលបច្ចុប្បន្ន កំពុងក្លាយជារបៀបវារៈអាទិភាពសម្រាប់ប្រទេសកម្ពុជា ក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល។ តាម រយៈកិច្ចការនេះ ខ្ញុំជឿជាក់ថាប្រទេសជប៉ុន និងកម្ពុជាអាចពង្រឹងភាពជាដៃគូក្នុងវិធីមួយដែលអាចជំរុញបន្ថែម ទៀតនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសហ គមន៍អន្តរជាតិ។ យើងអាចធ្វើបែបនេះក្នុងនាមជាដៃគូដែលចងភ្ជាប់ដោយចំណង នៃការជឿទុកចិត្តគ្នាដ៏រឹងមាំ។
ទន្ទឹមនឹងនោះ យើងក៏នឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈជំនួយ ODA។ ជាឧទាហរណ៍ ក្នុងវិស័យឌីជីថល មេដឹកនាំនៃប្រទេសរបស់យើងទាំង២ បានឯកភាពលើ «បញ្ជីរាយគម្រោងកិច្ចសហប្រតិបត្តិការបែបផ្តល់ជូនសម្រាប់គំនិតផ្តួចផ្តើមរបៀបវារៈរួមនៅក្នុងវិស័យឌីជីថលសម្រាប់ប្រទេសកម្ពុជា» នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែធ្នូឆ្នាំមុន។ នេះជាករណីដំបូងនៃកិច្ចសហប្រតិបត្តិការ «បែបផ្តល់ជូនសម្រាប់គំនិតផ្តួចផ្តើមរបៀបវារៈរួម» ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងធម្មនុញ្ញរបស់កិច្ចសហប្រតិបត្តិ-ការអភិវឌ្ឍន៍របស់ប្រទេសជប៉ុនដែលត្រូវបានកែសម្រួលកាលពីខែមិថុនាឆ្នាំមុន។
វាគឺជាកិច្ចសហប្រតិបត្តិការថ្មីមួយដែលរដ្ឋាភិបាលជប៉ុននឹងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើការរួមគ្នាជាមួយសមភាគីរបស់ខ្លួនដើម្បីស្វែងរក និងស្នើគំរូដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតមាន។ នៅឆ្នាំ នេះ យើងនឹងពន្លឿនការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេច បាននូវគម្រោងជាក់លាក់បន្ថែមទៀត ដោយផ្អែកលើកិច្ចសហប្រតិបត្តិការប្រភេទនេះ។ លើសពីនេះ យើងទទួលស្គាល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពមួយក្នុងចំណោម អាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ដូច្នេះយើងក៏នឹងបន្តការគាំទ្ររបស់យើងក្នុងវិស័យនេះផងដែរ។
ទាក់ទងនឹងវិស័យនយោបាយ និងសន្តិសុខ នាវាកងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន បច្ចុប្បន្នកំពុងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយក៏គ្រោងនឹងធ្វើសមយុទ្ធសុច្ឆន្ទៈជាមួយកងទ័ពជើងទឹកកម្ពុជា ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាមផងដែរ។
យើងមានសេចក្តីសោមនស្សរីករាយ ដែលឃើញការផ្លាស់ប្តូរទំនាក់ទំនងរវាងកងកម្លាំងជើងទឹករបស់យើងកំពុងអភិវឌ្ឍទន្ទឹមនឹងការផ្លាស់ប្តូរទំនាក់ទំនងរវាងកងកម្លាំងជើងគោករបស់យើង ដែលបានប្រព្រឹត្តទៅដោយ ជោគជ័យអស់រយៈពេលជាយូរមក ហើយ។ លើសពីនេះ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិជប៉ុនកម្ពុជាជុំទីមួយ ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលកាលពីខែធ្នូ ឆ្នាំមុន គ្រោងនឹងប្រារព្ធធ្វើនៅកម្ពុជានៅសប្តាហ៍ក្រោយ។
ប្រទេសជប៉ុនក៏នៅតែបន្តគាំទ្រដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ តាមរយៈទស្សនៈនេះ
រដ្ឋាភិបាលជប៉ុនក៏បានរៀបចំកម្មវិធី អញ្ជើញយុវជនកម្ពុជាពាក់ព័ន្ធនឹងនយោបាយទៅកាន់ប្រទេសជប៉ុនលើកទី៦ផងដែរ។ កម្មវិធីលើកនេះបានរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយតំណាងមកពីគណបក្សនយោបាយចំនួន៩ រួមទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានចូលរួម។
កម្មវិធីនេះបានផ្តល់ឱកាសមួយសម្រាប់អ្នក ចូលរួម ដើម្បីសង្កេតមើលពីរបៀបដែលប្រព័ន្ធប្រជាធិបតេយ្យ ដំណើរការនៅក្នុងប្រទេសជប៉ុន និងសិក្សាពីរបៀបទំនាក់ទំនងជាមួយបុគ្គលដែលជាសមាជិកនៃ គណបក្សនយោបាយផ្សេងៗ។ យើងនឹងបន្តគាំទ្រដល់ការអភិវឌ្ឍបរិយាកាសដែលមតិចម្រុះត្រូវបានទទួលការគោរពនៅកម្ពុជា។
ការផ្លាស់ប្តូរទំនាក់ទំនង និងការជឿទុកចិត្តគ្នារវាងប្រជាជន និងប្រជាជននឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ ទំនងទ្វេភាគីដ៏ល្អនាពេលអនាគត។ យើងសង្ឃឹមថាការផ្លាស់ប្តូរទ្វេភាគីរវាងជប៉ុន និងកម្ពុជានឹងត្រូវបានពន្លឿនបន្ថែមទៀត តាមរយៈទេសចរណ៍ គំនិតផ្តួចផ្តើមនៃការសិក្សា និងការងារ។ រដ្ឋាភិបាលជប៉ុននឹងលើកទឹកចិត្តដល់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការស្នាក់នៅប្រទេសជប៉ុន ដើម្បីធ្វើកិច្ចការទាំងនេះតាម រយៈអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរផ្សេងៗ។ ក្នុងបរិបទនៃការផ្លាស់ប្តូរវប្បធម៌ ខ្ញុំសូមជម្រាបថា មហោស្រពគីហ្សូណាជប៉ុនកម្ពុជាកំពុងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាពេលនេះ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ។ ខ្ញុំសង្ឃឹមថា លោកអ្នកទាំងអស់គ្នានឹងអញ្ជើញទៅរីករាយជាមួយការផ្លាស់ប្តូរវប្បធម៌ និងបទពិ សោធន៍ដែលរៀបចំឡើងនៅទីនោះ។
តាមរយៈគំនិតផ្តួចផ្តើមដែលខ្ញុំបាន លើកឡើងខាងលើ យើងអាចរំពឹងថានឹងឃើញការអភិវឌ្ឍនៅក្នុងទំនាក់ ទំនងទ្វេភាគីលើវិស័យជាច្រើន ប៉ុន្តែរដ្ឋាភិបាលតែឯងមិនអាចសម្រេចបាននោះទេ គឺទាមទារឱ្យមានការចូលរួមពាក់ព័ន្ធយ៉ាងទូលំទូលាយពីប្រជាជន។ យើងនឹងទាញយកអត្ថប្រយោជន៍ពីសម្ទុះដែលបង្កើតដោយខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន ដើម្បីពង្រឹងការផ្លាស់ប្តូររវាងប្រទេសទាំង២ ក្នុងកម្រិត ផ្សេងៗ និងក្នុងវិស័យផ្សេងៗ។
ដូច្នេះខ្ញុំសូមស្នើឱ្យមានការយោគយល់ និងការគាំទ្រជាបន្តបន្ទាប់ពីប្រជាជនកម្ពុជានៅក្នុងពង្រឹងទំនាក់ទំនងរបស់យើង។
ឆ្នាំនេះជាឆ្នាំរោង ហើយគេនិយាយ ថាឆ្នាំរោងនាំមកនូវការផ្លាស់ប្តូរដែលអាចមើលឃើញ។ ជាមួយនឹងការគិតនេះ ពួកយើងចង់សម្រេចបាននូវការ អភិវឌ្ឍសំខាន់ៗ និងអាចមើលឃើញនៅក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា ដែលត្រូវបានចងភ្ជាប់យ៉ាងរឹងមាំរួចមកហើយ ជាមួយនឹងការជឿទុកចិត្ត និងមិត្តភាព។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរលោកអ្នកទាំងអស់គ្នាសូមមានសុខភាពល្អ និងសូមរីករាយក្នុងឆ្នាំថ្មីខាងមុខ៕