ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ ដែលមានឈ្មោះថា ស្តេចប្រដាល់នៃសង្វៀនហង្សមាស បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយកីឡាករ ម៉ន សាម៉េត និង អេ អាំម៉ារីនភូថង ត្រូវតទល់គ្នា ដើម្បីដណ្តើមយកខ្សែក្រវាត់ ១ អមដោយទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
អ្នកប្រដាល់ទាំង ២ ដែលឆ្លងមកដល់វគ្គនេះ ឆ្លងកាត់ការប្រកួតក្នុងវគ្គជម្រុះកន្លងមក មិនទាន់ចាញ់សោះឡើយ ដោយក្នុងនោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉ន សាម៉េត ផ្ដួលកីឡាករ ថាសារុន ស្រួលៗ ចំណែក អេ អាំម៉ារីនភូថងយកឈ្នះលាភ រដ្ឋា ទាំងលំបាកលំបិន។
តាមរយៈការសម្ភាស កីឡាករ ម៉ន សាម៉េត រំពឹងទទួលបានជោគជ័យ ៦០ ភាគរយ ស្របពេលខាង អេ អាំម៉ារីនភូថង មានសង្ឃឹមឈ្នះត្រឹមពាក់កណ្ដាល ប៉ុន្តែពួកគេទាំង ២ សុំមិននិយាយពីស្នៀត ឬយុទ្ធសាស្ត្រសម្រាប់ការប្រកួតទេ ដោយទំនងដូចជាញញើតគ្នា ទើបប្រយ័ត្នប្រយែងបែបនេះ។
សាម៉េត ជាកីឡាករចាស់វស្សាមានបទពិសោធន៍ច្រើន ព្រមទាំងធ្លាប់ឈ្នះខ្សែក្រវាត់ចំណែកអាំម៉ារីនភូថង ដែលជាកូនពៅរបស់លោកអេភូថងនើ នៅខ្ចីបទពិសោធន៍ជាង តែមានប្រៀបផ្នែកកម្ពស់ខ្ពស់ជាង និងធ្លាប់ឈ្នះដោយពិន្ទុម្តង កាលពីប្រកួត ក្នុងលក្ខណៈមិត្តភាព នៅសង្វៀនបាយ័ន។
កីឡាករ សាម៉េត បាននិយាយថា៖ «ខ្ញុំសុំមិននិយាយពីលក្ខណៈបច្ចេកទេស នៃការប្រកួតទេ ពីព្រោះត្រូវតែលាក់កុំឱ្យដៃគូដឹង ប៉ុន្តែការហ្វឹកហាត់បានល្អណាស់ ដោយធានាថា វ៉ៃឲ្យល្អដើម្បីយកប្រាក់ចំនួន ១ ម៉ឺនដុល្លារនេះមកកាន់ក្នុងដៃឲ្យបាន។ យើងបានសិក្សាពីគ្នាទៅវិញទៅមក។ អេ អាំម៉ារីន គ្មានស្នៀតអ្វី ដែលលំបាកប្រកួតជាមួយនោះទេ។ បញ្ហាត្រង់គេខ្ពស់ជាងពេក ប៉ុន្តែរឿងនេះខ្ញុំដឹងថា ត្រូវធ្វើម៉េចហើយ។ ខ្ញុំរំពឹងឈ្នះ ៦០ ភាគរយ»។
តែចំណែកលោក ម៉ាង ម៉ន ដែលត្រូវជាឪពុក និងគ្រូបង្វឹកផ្ទាល់ដៃ បានពោលយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមឈ្នះតែម្តង តែយើងចាំមើលថា តើការផ្តល់ពិន្ទុមានលក្ខណៈយ៉ាងដូចម្តេច? ប្រសិនបើមិនផ្តួលគ្នាដោយសន្លប់ទេនោះ។ ទោះជាយ៉ាងណាការកាត់ក្តី នៅតែជាការបារម្ភ ប៉ុន្តែវីដេអូនៃការប្រកួតពិតជាមានសម្រាប់យើងទាំងអស់គ្នាទស្សនាមិនខាន»។
លោក អេ ភូថង មិនអាចសុំសម្ភាសបានទេ ប៉ុន្តែភរិយារបស់លោក គឺអ្នកស្រី សាំង សុម៉ាលី បានប្រាប់ថា៖ «កូនរបស់ខ្ញុំពិតជាខ្ចីវស្សាជាងគេមែន និងបទពិសោធន៍ក៍នៅតិច តែយើងហាត់ត្រៀមបានល្អក្នុងកម្មវិធីដ៍ធំមួយនេះ។ សម្រាប់ខ្ញុំគិតថា សង្ឃឹមឈ្នះត្រឹម ៥០ ភាគរយប៉ុណ្ណោះ ហើយអ្វីៗវាអាស្រ័យលើការប្រកួតជាក់ស្តែងលើសង្វៀនផ្ទាល់»។
យ៉ាងណាក៍ដោយ ប្រភពពីអ្នកនិយមតាមដានប្រដាល់ ភាគច្រើនមានជំនឿលើកីឡាករ ម៉ន សាម៉េត ច្រើនជាង ហើយមតិខ្លះ ហ៊ាននិយាយថា អេ អាំម៉ារីនភូថង អាចនឹងសន្លប់ ក្រោមស្នៀតចម្រុះរបស់ ម៉ន សាម៉េត ជាមិនខាន បើហ៊ានវាយតទល់ តែបើវាយរបៀបដកថយការដណ្តើមខ្សែក្រវាត់អាចចាញ់ពិន្ទុ ម៉ន សាម៉េត៕