ភ្នំពេញ៖ អ្នកលេងកណ្តាប់ដៃធ្ងន់ ដែលមានជំនាញទាំងប្រដាល់គុនខ្មែរ និងគុនចម្រុះ MMA ថៃ រិទ្ធី អាចនឹងប្រឈមទៅនឹងការខ្សត់ទីផ្សារប្រកួត ឬលំបាករកគូប្រកួត នៅក្នុងស្រុក បន្ទាប់ពីជើងខ្លាំងរូបនេះ បានផ្តួលកីឡាករលំដាប់កំពូលប្រចាំនៅស្រុកខ្មែរ ឡៅ ចន្ទ្រា និង ធឿន ធារ៉ា ឱ្យសន្លប់ធំ នៅក្នុងទឹកទី៣ ដូចគ្នានោះ។
កីឡាករ ថៃ រិទ្ធី នៅពេលនេះ មិនត្រឹមតែជាជើងខ្លាំង នៅក្នុងសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប៉ុណ្ណោះទេ ប៉ុន្តែរូបគេ ក៏ជាគ្រូបង្វឹកឆ្នើមម្នាក់របស់ក្លិបប្រដាល់មិស្ទ័រលី នៅខេត្តសៀមរាប ដែលមានតម្លៃខ្លួនខ្ពស់ ផងដែរ ហើយកេរ្តិ៍ឈ្មោះរបស់គេ ល្បីល្បាញកាន់តែខ្លាំង ព្រោះនៅចន្លោះខែមិថុនា និងខែកក្កដា នេះ រិទ្ធី បានផ្តួលជើងខ្លាំងៗឱ្យសន្លប់ជាប់ៗគ្នា មិនឱ្យឆ្លងផុតទឹកទី ៣ ឡើយ ពិសេសការផ្តួលជើងខ្លង ឡៅ ចន្ទ្រា និង ធឿន ធារ៉ា។
ថៃ រិទ្ធី ដែលមានឈ្មោះដើម ឈួន រិទ្ធី គឺមានស្រុកកំណើត នៅភូមិព្រែកក្របៅ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយពីមុន គេមានជំនាញជាអ្នកហាត់ និងឡើងប្រកួតភាគច្រើនជាគុនចម្រុះ MMA ទាំងក្នុងស្រុក និងក្រៅប្រទេស ដូចជានៅប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាដើម ហើយគេតែងទទួលបានលទ្ធផលល្អ ដោយទទួលបានលទ្ធផលឈ្នះច្រើន ជាងចាញ់។
ទោះយ៉ាងណា រិទ្ធី បានប្រាប់ថា៖ «ក្រោយពេលកម្ពុជា គ្មានគុនចម្រុះប្រកួតដូចមុនៗ ពិសេសបញ្ហាកូវីដ ១៩ រាលដាលឆ្លងខ្លាំង ខ្ញុំបានងាកមកប្រកួតគុនខ្មែរ ប្រកួតគុនម៉ាសហ្វៃ និងជាគ្រូបង្វឹកឱ្យក្លិបប្រដាល់គុនខ្មែរមិស្ទ័លី នៅខេត្តសៀមរាប។ បើរំឭកពី MMA វិញ ខ្ញុំប្រកួតបាន ៣៩ ដង ឈ្នះ ២៩ និងចាញ់ ១០ ដង ចំណែកការប្រកួត ប្រដាល់គុនខ្មែរ ខ្ញុំប្រកួតបាន ៦៩ ដង ឈ្នះ ៥៧ ចាញ់ ១១ និងស្មើ ១ ដង ហើយក្នុងនោះ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ២៩ ដង»។
សម្រាប់ការប្រកួតក្នុងស្រុក ៤ លើកចុងក្រោយនេះ ថៃ រិទ្ធី បានធ្វើអ្វីឱ្យមហាជន និងអ្នកទស្សនា មានការកោតសរសើរខ្លាំង ដោយរូបគេបានផ្តួលឱ្យគូប្រកួតសន្លប់ចំនួនទាំង ៤ លើកជាប់ៗគ្នា ដើម្បីសាងបានភាពល្បីល្បាញខ្លាំង ក្នុងទម្ងន់ ៧២ គីឡូកាម គឺក្នុងនោះ រិទ្ធី បានផ្តួលជើងចាស់ យ៉ាម ខេមរា ឱ្យសន្លប់ទឹក ២ ចំនួន ២ លើក។
អ្វីដែលកាន់តែពិសេសសម្រាប់ ថៃ រិទ្ធី ដែលសឹងតែគ្មាននរណាជឿនោះ គឺ រិទ្ធី បានផ្តួលអ្នកប្រដាល់ជើងខ្លាំង ឡៅ ចន្ទ្រា ឱ្យសន្លប់ធំ ក្នុងទឹកទី៣ តាមរយៈការម៉ាត់ចូលថ្គាម ក្នុងជំនួប កាលពីថ្ងៃសៅរ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២១ នៅសង្វៀនបាយ័ន ហើយលទ្ធផលនេះ សូម្បី ថៃ រិទ្ធី ខ្លួនឯង ក៏មិនចង់ជឿដែរ ព្រោះអ្នកប្រដាល់ក្នុងស្រុកខ្មែរ កម្រមានអ្នកណាឈ្នះ ឡៅ ចន្ទ្រា ណាស់។
កាន់តែអស្ចារ្យបន្ថែមទៀតនេះ សម្រាប់ការប្រកួតចុងក្រោយបំផុត នៅលើសង្វៀនបាយ័នដដែល កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ កក្កដា ឆ្នាំ ២០២១ នេះ កីឡាករ ថៃ រិទ្ធី បានផ្ដួលអ្នកលេងកែងពិឃាដ ធឿន ធារ៉ា ឱ្យសន្លប់ទឹកទី ៣ និងបែកលើផ្ទៃមុខរហូត ១៩ ថ្នេរឯណោះ ព្រោះការប្រកួតនេះ ធារ៉ា និង រិទ្ធី បានវាយប្តូរកែងគ្នាយ៉ាងសាហាវ ហើយត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏ល្អ និងជក់ចិត្តបំផុត ប្រចាំឆ្នាំ ២០២១ នេះ។
ភាពខ្លាំងរបស់អ្នកប្រដាល់កូន ៣ ថៃ រិទ្ធី ដែលមានលទ្ធភាពរហូតអាចផ្តួលជើងខ្លាំងលំដាប់កំពូលប្រចាំនៅកម្ពុជា ឡៅ ចន្ទ្រា និង ធឿន ធារ៉ា នេះ ត្រូវបានគេមើលឃើញថា រូបគេ អាចនឹងប្រឈមទៅនឹងការខ្សត់ទីផ្សារប្រកួត ព្រោះនៅក្នុងប្រភេទទម្ងន់ធ្ងន់ ៧២ គីឡូក្រាមនេះ គឺមានតែ ឡៅ ចន្ទ្រា និង ធឿន ធារ៉ា នេះហើយ កំពុងឡើងជើងខ្លាំងជាងគេ។
យ៉ាងណាក៏ដោយ ថៃ រិទ្ធី នៅមិនទាន់បានជួបខ្លាចាស់សម្បូរបទពិសោធ រឿង សោភ័ណ្ឌ និង ឡុង សុភី នៅឡើយទេ ហើយនៅពេលសួរថា តើហ៊ានប្រកួតជាមួយ ឡុង សុភី និង រឿង សោភ័ណ្ឌ ឬអត់? ថៃ រិទ្ធី បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ហ៊ានគិតដល់រឿងនេះទេ ព្រោះបើប្រកួតជាលក្ខណៈមិត្តភាព ខ្ញុំមិនចង់វ៉ៃគ្នាទេ ដោយសារស្រឡាញ់រាប់អាន ប៉ុន្តែបើក្នុងវគ្គផ្តាច់ព្រ័ត្រ ឬខ្សែក្រវាត់ ឬជើងឯក គឺវ៉ៃបាន ព្រោះគេចមិនផុត»។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក ថៃ រិទ្ធី និងជាជំនួយការគណៈកម្មការផ្គូផ្គង នៅសង្វៀនបាយ័ន បាននិយាយថា៖ «ដោយសារ ៤ ប្រកួតចុងក្រោយ ថៃ រិទ្ធី ល្អពេក អ៊ីចឹងខ្ញុំមិនដឹងថា ត្រូវរកដៃគូ ក្នុងស្រុករូបណា ឱ្យប្រកួតជាមួយគេបានទេ ព្រោះក្នុងទម្ងន់ជាង ៧០ គីឡូក្រាមនេះ កីឡាករមានចំនួនតិច លំបាករកអ្នកខ្លាំងបានណាស់។ យ៉ាងណាក៏ដោយ យើងអាចមានកីឡាករ ឡុង សុភី ឬ រឿង សោភ័ណ្ឌ ប៉ុន្តែមិនដឹងថា អាចមានឱកាសប៉ះគ្នា នៅពេលណា?៕