ក្រុងតូក្យូ៖ កីឡាការិនី​​ចោល​ដុំ​ដែក​របស់​សហរដ្ឋ​អាមេរិក Raven Saunders កំពុង​ប្រឈម​​នឹង​វិធានការ​​ផ្នែក​វិន័យ ក្រោយ​ពី​បាន​ធ្វើ​ការ​តវ៉ា​នៅ​លើ​វេទិកា​ ជាលើក​ដំបូង ក្នុង​​ព្រឹត្តិការណ៍​អូឡាំពិក​ នាទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​។

អត្តពលិក​កូន​កាត់​អាហ្វ្រិក-អាមេរិកវ័យ ២៥ ឆ្នាំ Saunders បាន​ធ្វើ​កាយ​វិការ​​ខ្វែង​ដៃ​ជា​អក្សរ «X» អំឡុង​កម្មវិធី​ប្រគល់​មេដាយ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ឯ​ពហុកីឡដ្ឋាន​អូឡាំពិក បន្ទាប់​ពី​​រូប​នាង​ដណ្ដើម​​បាន​មេដាយ​ប្រាក់​​នេះ នៅ​ព្រឹក​ថ្ងៃ​នោះ​។​

បណ្ដាញ​សារព័ត៌មាន នៅ​អាមេរិក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា Saunders ដែល​​ជា​ជន​ជាតិស្បែក​ខ្មៅ និង​ជា​អ្នក​គាំទ្រ​សិទ្ធិ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ (LGBT) បាន​និយាយ​ថា កាយ​វិការ​របស់​នាង​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ន័យ​សាមគ្គី​ជាមួយ​នឹង​ក្រុម​មនុស្ស​ ដែល​ត្រូវ​បាន​គេ​ជិះជាន់​។ Saunders ​និយាយ​ថា នាង​ចង់​បង្ហាញ​ឱ្យ​មនុស្ស នៅ​ជុំ​វិញ​ពិភពលោក​ទាំង​អស់ ដែល​កំពុង​ប្រឹងប្រែង​តស៊ូ​ និង​មិន​មាន​ប្លាតហ្វ៉ម ដើម្បី​និយាយ​​ការពារ​ខ្លូន​ឯង​បាន​។​

ការ​តវ៉ា​របស់​ Saunders គឺ​ជា​តេស្ត​សាកល្បង​លើក​ដំបូង ​ចំពោះ​​ច្បាប់​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ដែល​បាន​​ហាម​ឃាត់​ជា​ដាច់​ខាត ​មិន​ឱ្យ​មាន​​ការ​តវ៉ា​គ្រប់​យ៉ាង ​នៅ​លើ​វេទិកា​ប្រគល់​មេដាយ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឡើយ​​។

IOC បាន​កែ​សម្រួល​ច្បាប់​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​អត្តពលិក​នៅ​មុន​ហ្គេម​ដំណើរការ ដោយ​ចែង​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​មុន​ការ​ប្រកួត​ប្រជែង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ទៅ​បាន​។

តែ​យ៉ាង​ណា​ក៏​ដោយ​ ស្ថាប័ន​គ្រប់គ្រង​កីឡាអូឡាំពិក​បាន​បន្ត​រក្សា​ច្បាប់​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​តវ៉ា​ នៅ​លើ​វេទិកា​ប្រគល់​មេដាយ​ដដែល​ ហើយ​ពាក់ព័ន្ធ​នឹង​កាយវិការ​របស់​កីឡាការិនី Saunders នៅ​មិន​ទាន់​ច្បាស់​ថា តើ​នាង​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ណា​មួយ​នោះ​ឡើយ​។

គណៈ​កម្មាធិការ​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​របស់​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​នៅ​មុន​ហ្គេម​ចាប់​ផ្ដើម​ថា នឹង​មិន​មាន​ការ​ដាក់​ពិន័យ​ចំពោះ​អត្តពលិក​ខ្លួន ​សម្រាប់​​​ការ​តវ៉ា​នោះ​ឡើយ​៕AFP/VN