ភ្នំពេញ៖ សហព័ន្ធ​កីឡា បាល់​ទាត់​កម្ពុជា (FFC) តាម​រយៈ​គណៈកម្មការ​ប្រកួតបាល់​ទាត់​កម្ពុជា (CNCC) ​បាន​ឈាន​ដល់​ការ​សម្រេច​ពន្យារពេល​ ​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ និង​ពាន​រង្វាន់​សម្តេច ហ៊ុន សែន (ថ្នាក់​ខេត្ត) ឆ្នាំ ​២០២១ ដើម្បី​ចូល​រួម​បង្ការ​ និងទប់ស្កាត់​​ការ​ឆ្លងរីករាល​ដាលក្នុងសហគមន៍ នៃ​មេរោគ​កូវីដ ​១៩ បំប្លែង​ថ្មី ប្រភេទ​​ដែលតា (Delta)។

ការ​​ពន្យារ​ពេល​ព្រឹត្តិការណ៍បាល់ទាត់ទាំង​ ២​ ក្របខ័ណ្ឌ​នេះ គឺ​គណៈកម្មការ​ប្រកួតបាល់​ទាត់​កម្ពុជា ​បានជូនដំណឹង​​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​ឱ្យ​​ប្រធាន​មន្ទីរ​អប់រំ យុវជន និងកីឡា​រាជធានី-ខេត្ត ព្រម​ទាំង​អគ្គ​លេខាធិការ​​ក្លិប​បាល់​ទាត់ ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​​ទាំង ​២ ​​នេះ បាន​ដឹង និង​ត្រៀម​លក្ខណៈសម្បត្តិ​ចូល​រួមទាំង​អស់​គ្នា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

តាម​សេចក្តី​ប្រកាស​នោះ CNCC បាន​បញ្ជាក់ថា៖ ​«​យោងតាមសេចក្តី​សម្រេច​របស់រាជរដ្ឋាភិបាល​ និងសេចក្តី​សម្រេច​របស់​​របស់រដ្ឋ​បាល​រាជធានី​ភ្នំពេញ និងដើម្បី​ចូល​រួម​បង្ការ និងទប់ស្កាត់​​ការ​ឆ្លងរីករាល​ដាលក្នុងសហគមន៍ នៃ​មេរោគ​កូវីដ​ ១៩ ប្រភេទ​ដែលតា (Delta) CNCC សម្រេចពន្យារ​ពេល​ការ​ប្រកួត​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​ឆ្នាំ ​២០២១ (ថ្នាក់​ខេត្ត) និង​​ការ​ប្រកួត​លីគកំពូលកម្ពុជា ចាប់ពីពេល​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃទី​ ១២ ខែ សីហា ឆ្នាំ​ ២០២១ ជាបណ្តោះអាសន្ន។ ចំពោះ​កាល​បរិច្ឆេទ​ថ្មី ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ទាំង​ ២ ​នេះ CNCC នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ»។

គួរ​បញ្ជាក់ថា ការ​ប្រកួតលីគកំពូលកម្ពុជា ឆ្នាំ​ ២០២១ ទើបតែ បានចាប់​ដំណើរ​ការ​ប្រកួត​​វិញ ​និង​បាន​បញ្ចប់​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី ​១១ កាល​ពីថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ហើយ​តាម​រយៈការ​បកួត​​នេះ ក្រុម​វិសាខា ​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​ព្រៃវែង ៣-២ ដើម្បី​​សម្រេច​បំណង​ក្នុងការដណ្តើម​យក​​ទីតាំង​លេខ ​១ ពី​ក្រុមអង្គរ​ថាយហ្គឺរ ដោយ​ពួក​គេ​មាន​ ២២ ពិន្ទុ។

ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ ​របស់​ក្រុម​បឹងកេត បាន​​តែតបាល់​គេចចេញ​ពីការ​តាមបិទ​របស់​ក្រុមស្វាយរៀង។ រូប​ថត បឹងកេត​

ចំណែក​ក្រុមបឹងកេត បាន​យក​ឈ្នះ​ក្រុមព្រះខ័នរាជស្វាយរៀង ២-១ ដើម្បី​ឡើង​មក​ឈរ​នៅ​លេខ​រៀងទី ​២ មាន​ ២១ ពិន្ទុ លើ​ក្រុម​អង្គរ​ថាយហ្គឺរ ដែល​មាន​ ២០ ពិន្ទុ ដដែល ចំណែក​ក្រុមស្វាយរៀង បាន​ធ្លាក់​មក​ឈរ​នៅ​លេខ ​៤ មាន​ ១៩ ពិន្ទុ​ដដែល ជាមួយ​ការ​ប្រកួត​ចំនួន​ ១០ ​លើក​ដូច​គ្នា ហើយ​ក្រុម​ណាហ្គាវើលដ៍ និង​ភ្នំពេញ​ក្រោន ដែល​បានស្មើ​គ្នា ១-១ នោះ ​បាន​ឈរ​នៅ​លេខ ​៥ និង​លេខ​ ៦ ដោយ​ណាហ្គា មាន​ ១៩​ ពិន្ទុ ជាមួយការ​ប្រកួត​ ១០ លើក និង​ភ្នំពេញ​ក្រោន មាន ១៨ ពិន្ទុ ដោយ​ប្រកួត​បានត្រឹម​ ៨ ដង​ទេ។

ផ្ទុយ​ពី​​នេះ ​ការ​ប្រកួត​ថ្នាក់​ខេត្ត​ ពានរង្វាន់​សម្តេចហ៊ុនសែន ដែលបាន​ផ្អាក​ការ​ប្រកួតតាំង​ពី​ដើម​ខែ​មេសា​មក​នោះ គឺ​ CNCC ទើប​តែ​ប្រកាស​ពី​ការ​បើក​ឱ្យដំណើរ​ការ​វិញ ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃអង្គារ​នេះ ប៉ុន្តែ​មិនទាន់ទាំង​បាន​ប្រកួតផង ស្រាប់​តែ​ពេល​នេះ CNCC បាន​ប្រកាស​ពន្យារ​ពេល​​ទៀត​​ទៅហើយ។​

យ៉ាង​ណា​មិញ សម្រាប់​ការ​ត្រៀម​បើក​ការ​ប្រកួត​ឡើង​វិញ នេះ ​គឺ​មាន​ក្រុម​ចំនួន ​១០ ប៉ុណ្ណោះ ​បានចូល​រួម​ប្រកួត​បន្ត ក្នុង​នោះ​មាន​ក្រុម​សៀមរាបអេហ្វស៊ី កោះកុងអេហ្វស៊ី ភ្នំពេញ​ហ្គាឡាក់ស៊ី ខេត្ត​កំពង់ឆ្នាំង ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ ខេត្ត​កណ្ដាល ខេត្ត​កំពត និងក្រុម​ខេត្ត​ត្បូងឃ្មុំ ចំណែក​ក្រុមចំនួន ​១១ ​ទៀត ​មិនចូល​រួមការ​ប្រកួត​ទៀតឡើយ ដែល​ធ្វើ​ឱ្យការ​ប្រកួត​ថ្នាក់​ខេត្តពាន​រង្វាន់​សម្តេច ហ៊ុន សែន នេះ មានការ​កែ​ប្រែ​លក្ខខណ្ឌ និង​រូបមន្ត​នៃ​ការ​ប្រកួតបាន​ដែរ៕