ភ្នំពេញ៖ អនុប្រធានទី១ របស់សហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) បានចាត់ទុកការហ្វឹកហាត់តាមអនឡាញ ក្នុងបរិបទជំងឺកូវីដ ១៩ នេះ ថាជាបញ្ហាប្រឈមធំ ដែលមិនអាចជួយឱ្យក្រុមជម្រើសជាតិចំបាប់កម្ពុជា មានការរីកចម្រើនទៅលើបច្ចេកទេស ដើម្បីឆ្ពោះទៅរកការដណ្តើមបានមេដាយមាសក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម បាននោះទេ ព្រោះប្រទេសជាម្ចាស់ផ្ទះបានហ្វឹកហាត់ខ្លាំងណាស់។
សាស្រ្តាចារ្យផ្នែកគណនេយ្យមកពីសហរដ្ឋអាមេរិក លោក ខេស៊ី បានថ្លែងថា៖ «ការហ្វឹកហាត់តាមអនឡាញ វាជាបញ្ហាធំ ព្រោះឥឡូវនេះ យើងអត់បានហ្វឹកហាត់ជុំគ្នាទេ ហើយការហាត់តាមអនឡាញនេះ វាមិនមានប្រសិទ្ធភាពទៅលើភាពរីកចម្រើនផ្នែកបច្ចេកទេសមួយចំនួន ដូចការហ្វឹកហាត់ផ្ទាល់នោះទេ។ ចំណែកម្ចាស់ផ្ទះវៀតណាម គេមិនមែនហាត់តាមអនឡាញនោះឡើយ គឺគេខំប្រឹងហ្វឹកហាត់ខ្លាំងមែនទែន អ៊ីចឹងក្នុងខណៈគេខំប្រឹងហ្វឹកហាត់ខ្លាំង តែយើងហាត់តាមអនឡាញនេះ គឺវាមានការប៉ះពាល់យ៉ាងខ្លាំង»។
ទោះយ៉ាងណា ការពន្យារពេលការប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ ទៅធ្វើនៅអំឡុងខែមេសា ឆ្នាំ ២០២២ ត្រូវបានបុរសជនជាតិអាមេរិក ធ្លាប់ហាត់ចំបាប់ លោក Casey គិតថា ជាឱកាសសម្រាប់ក្រុមចំបាប់កម្ពុជាក្នុងការហ្វឹកហាត់ឡើងវិញ ដើម្បីពង្រឹងសមត្ថភាព ត្រៀមចេញទៅប្រកួតប្រជែងជាមួយគេ គឺយ៉ាងហោចណាស់ក៏ក្រុមចំបាប់កម្ពុជាអាចរក្សាចំនួនមេដាយសំរឹទ្ធចំនួន ៤ ដែលខ្លួនធ្លាប់ដណ្តើមបានក្នុងស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីនដែរ។
នាយកវិទ្យាស្ថានខេមអេដ លោក ខេស៊ី បាណេត បានបន្ថែមថា៖ «ដោយសារតែការប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ នេះ ត្រូវបានពន្យារពេល ហេតុនេះ វាបានផ្តល់ឱកាសឱ្យយើងបានហ្វឹកហាត់ឡើងវិញ ធ្វើឱ្យយើងមានសង្ឃឹម។ ជាមួយគ្នានេះ យើងទើបមានគ្រូបង្វឹកថ្មី មកពីអ៊ីរ៉ង់ ដែលគាត់នឹងចូលរួមបង្វឹកដល់ក្រុមអត្តពលិករបស់យើងនាពេលឆាប់ៗនេះផងដែរ»។
លោកបញ្ជាក់ថា៖ «លើសពីនេះ ក្រុមអត្តពលិករបស់យើង ១០ នាក់ តាមរយៈ CAMSOC ក៏នឹងត្រូវបញ្ជូនឱ្យទៅហ្វឹកហាត់នៅប្រទេសចិន ផងដែរ។ ហេតុនេះ សម្រាប់ស៊ីហ្គេមនៅវៀតណាម ខាងមុខនេះ ខ្ញុំគិតថា យើងនឹងនៅតែអាចរក្សាចំនួនមេដាយ ដែលយើងធ្លាប់ដណ្តើមបាន កាលស៊ីហ្គេម ឆ្នាំ ២០១៩ តែយើងមិនអាចឈានដល់ការឈ្នះបានមេដាយមាស ដូចស៊ីហ្គេម ឆ្នាំ ២០១៣ នោះទេ ប៉ុន្តែសម្រាប់យុទ្ធសាស្រ្តឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា គឺយើងនឹងកើនចំនួនមេដាយដូចស៊ីហ្គេម ឆ្នាំ ២០១៣ ឬកើនលើសពីនោះ ខណៈពេលនោះ ក្រុមចំបាប់កម្ពុជា ឈ្នះបានមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ៤»។
ការលើកឡើងបែបនេះរបស់លោក ខេស៊ី បាណេត ត្រូវបានធ្វើឡើង នៅពេលលោកបានប្រគល់ស្បែកជើងចំនួន ៣៧ គូ មានតម្លៃស្មើនឹង ៦ ០០០ ដុល្លារ ជូនទៅដល់លោក ធិន វិចិត្រ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា កាលពីថ្ងៃចន្ទ ដើម្បីយកទៅផ្តល់ជូនដល់ក្រុមអត្តពលិកចំបាប់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការហ្វឹកហាត់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅក្នុងប្រទេសវៀតណាម។
ចំពោះអំណោយនេះ លោក Casey បានថ្លែងថា៖ «ខ្ញុំរីករាយក្នុងការប្រគល់ស្បែកជើងទៅឱ្យក្រុមចំបាប់។ ស្បែកជើងទាំងនេះ ផលិតនៅប្រទេសអាមេរិក ជាម៉ាករបស់អាមេរិក គឺជាស្បែកជើងពិសេសទាំងសម្រាប់ការហ្វឹកហាត់ និងការប្រកួត ហើយផ្នែកកីឡាចំបាប់នេះ ចាំបាច់ត្រូវមានស្បែកជើងមានគុណភាពខ្ពស់បែបនេះ ទើបយើងអាចប្រើបច្ចេកទេសក្នុងការចូលចាប់ និងបោកត្រឡប់ដៃគូបាន ហេតុនេះយើងសង្ឃឹមថា ម៉ាកស្បែកជើង ដែលមានកីឡាករមួយចំនួនបានប្រើនៅអូឡាំពិក ទីក្រុងតូក្យូ នោះ នឹងជួយឱ្យក្រុមចំបាប់កម្ពុជាមានបច្ចេកទេសកាន់តែល្អ ដើម្បីឈានទៅទទួលបានជោគជ័យ សម្រាប់ការប្រកួតស៊ីហ្គេម ប្រទេសវៀតណាម»៕