ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានឈានដល់ការនាំយកម្ចាស់មេដាយមាសកីឡាអូឡាំពិក ជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi មកបង្វឹកក្រុមចំបាប់ជម្រើសជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាពត្រៀមទៅប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅវៀតណាម ដែលបានលើកពេលមកធ្វើនៅ ខែមេសា ឆ្នាំ ២០២២។
លោក Komeil Ghasemi បានធ្វើដំណើរមកដល់កម្ពុជា តាំងពីពាក់កណ្តាលខែកក្កដា ហើយលោកបានធ្វើចត្តាឡីស័ក គ្រប់ ១៤ ថ្ងៃ ទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលរបស់កម្ពុជាហើយ ហើយកាលពីថ្ងៃពុធម្សិលមិញ លោក Komeil Ghasemi ក៏បានជួបពិភាក្សាការងារខ្លះៗ ជាមួយអនុប្រធានទី១ លោក Casey Barnett និង លោក ធិន វិចិត្រ ជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ។
លោក ធិន វិចិត្រ បានប្រាប់ថា៖ «ការនាំយក លោក Komeil Ghasemi មកធ្វើជាគ្រូបង្វឹកក្រុមចំបាប់ជម្រើសជាតិ គឺយើងបានស្នើសុំគោលការណ៍ពី CAMSOC ដោយយើងបានចុះកុងត្រាជាមួយគាត់រយៈពេល ១ ឆ្នាំ ហើយនៅពេលនេះ យើងក៏កំពុងសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា CAMSOC ដើម្បីអនុញ្ញាតឱ្យមានការប្រមូលផ្តុំហ្វឹកហាត់ក្រុមចំបាប់ជម្រើសជាតិនៅពហុកីឡជាតិមរតកតេជោផងដែរ»។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា៖ «យើងចង់ឱ្យក្រុមចំបាប់របស់យើង បានប្រមូលផ្តុំ ដើម្បីហ្វឹកហាត់ជុំគ្នាជាមួយគ្រូបង្វឹក លោក Komeil Ghasemi ឱ្យបានឆាប់ ហើយបើអាចយើងនឹងឱ្យគាត់ចាប់ផ្តើមបង្វឹកពីពាក់កណ្តាលសប្តាហ៍ខាងមុខមួយទៀត ព្រោះការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម សល់ពេលមិនច្រើនទេ ចំណែកគុណភាពនៃការបង្វឹករបស់គ្រូបង្វឹកថ្មីនេះ យើងនៅមិនទាន់អាចវាយតម្លៃបានទេ ព្រោះយើងមិនទាន់បានជជែកលម្អិតពីការងារនេះនៅឡើយទេ គឺបានត្រឹមជុំគ្នាបាយថ្ងៃត្រង់ជាមួយគាត់ និងជជែកគ្នាពីបញ្ហាមួយចំនួនប៉ុណ្ណោះ»។
តាមប្រវត្តិដែលទទួលបានពី Wikipedia បង្ហាញថា បុរសវ័យ ៣៣ ឆ្នាំ លោក Komeil Ghasemi គឺជាអតីតអ្នកចំបាប់ដ៏ឆ្នើមម្នាក់របស់ប្រទេសអ៊ីរ៉ង់ ដែលធ្លាប់ដណ្តើមបានមេដាយជាច្រើននៅក្នុងការប្រកួតចំបាប់សម័យ ប្រភេទទម្ងន់ធ្ងន់ ១២០ ទៅ ១២៥ គីឡូក្រាម មុនពេលលោកសម្រេចចូលនិវត្តន៍ បន្ទាប់ពីឆ្នាំបានមេដាយប្រាក់ ក្នុងទម្ងន់ ១២៥ គីឡូក្រាមក្នុងការប្រកួតកីឡាអូឡាំពិក ក្រុងរីយោ ប្រទេសប្រេស៊ីល ឆ្នាំ ២០១៦។
ជ័យជម្នះដ៏ធំ នៅក្នុងអាជីពជាអ្នកចំបាប់ទម្ងន់ធ្ងន់របស់លោក Komeil Ghasemi គឺការឈ្នះបានមេដាយមាសក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឆ្នាំ ២០១២ លើប្រភេទទម្ងន់ ១២០ គីឡូក្រាម ហើយក្រៅពីនេះ លោក Komeil Ghasemi ក៏ធ្លាប់ឈ្នះមេដាយប្រាក់ ពីការប្រកួតចំបាប់ជើងឯកពិភពលោក ក្នុងប្រភេទទម្ងន់ ១២៥ គីឡូក្រាមដែរ។
ចំណែកការការបង្ហាញខ្លួននៅក្នុងការប្រកួតចំបាប់សម័យ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីវិញ អតីតកីឡាករកម្ពស់ ១,៨៣ ម៉ែត្រ លោក Komeil Ghasemi ធ្លាប់បានឈ្នះមេដាយមាស ១ នៅឆ្នាំ ២០១៤ បន្ទាប់ពីលោកបានឈ្នះមេដាយប្រាក់ ១ កាលពីឆ្នាំ ២០១១ ហើយនៅឆ្នាំ ២០១៥ បុរសខ្លាំងម្នាក់នេះ បានឈ្នះមេដាយប្រាក់ ក្នុងទម្ងន់ ១២៥ គីឡូក្រាម ប៉ុន្តែពេលនេះ លោកបានវិវឌ្ឍខ្លួនមកធ្វើជាគ្រូបង្វឹកហើយ ហើយក៏នឹងត្រូវចូលខ្លួនទៅបង្វឹកក្រុមចំបាប់ជម្រើសជាតិកម្ពុជាផងដែរ ជាមួយកុងត្រារយៈពេល ១ ឆ្នាំ៕