ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គឺនៅពេលនេះ បានបញ្ចប់សព្វគ្រប់ ១០០ ភាគរយហើយ ហើយពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃនេះ នឹងត្រូវប្រើប្រាស់ជាផ្លូវការ មិនមែនត្រឹមតែការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ មួយនោះទេ ប៉ុន្តែកីឡដ្ឋានថ្មីនេះក៏អាចនឹងប្រើសម្រាប់រៀបចំការប្រកួតកីឡាអាស៊ី អូឡាំពិក និង World Cup នាពេលអនាគតផងដែរ។
សម្រាប់ការដឹកនាំប្រតិភូ ចុះទៅត្រួតពិនិត្យដោយផ្ទាល់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក វ៉ាត់ ចំរើន បានថ្លែងថា តាមការដើរមើលពិនិត្យយ៉ាងលម្អិតនៅថ្ងៃនេះ យើងឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំនេះ មានលក្ខណៈបច្ចេកទេសនៃការរៀបចំទៅតាមលំដាប់លំដោយ គឺត្រូវនឹងស្តង់ដាពហុកីឡដ្ឋានអន្តរជាតិ អ៊ីចឹងពហុកីឡដ្ឋានថ្មីនេះ យើងអាចរៀបចំព្រឹត្តិការណ៍ធំៗ រៀបចំការប្រកួតកម្រិតអន្តរជាតិពីកម្រិតទាប ដល់កម្រិតខ្ពស់បំផុត ពីកម្រិតតូច ដល់កម្រិតធំ និងពិធីថ្នាក់ជាតិធំៗ ក៏អាចធ្វើបាននៅទីនេះដោយស្រួល។
លោក វ៉ាត់ ចំរើន បន្ថែមថា៖ «ពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡដ្ឋានមួយ ដែលថ្ងៃអនាគតយើងអាចរៀបចំការប្រកួតកម្រិតអន្តរជាតិធំៗ ដោយពេលនេះ យើងត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ និងត្រៀមសម្រាប់ការប្រកួតហ្គេមផ្សេងៗទៀត ដែលយើងអាចឈានដល់អាស៊ីហ្គេម អូឡាំពិកហ្គេម ហើយនៅថ្ងៃក្រោយទៀត យើងក៏អាចឈានធ្វើជាបេក្ខភាពការប្រកួតបាល់ទាត់ពិភពលោក (World Cup) អីដែរ ព្រោះយើងមានពហុកីឡដ្ឋានក្នុងកម្រិតស្តង់ដាអន្តរជាតិរួចហើយ»។
អ្នកជំនាញកីឡារូបនេះ បានរៀបរាប់ទៀតថា ពហុកីឡដ្ឋានជាតិមរតកតេជោនៅពេលនេះ បានចប់សព្វគ្រប់ ១០០ ភាគរយហើយ គឺនៅតែការតុបតែង និងកែលម្អ នៅចំណុចខ្វះខាតបន្តិចបន្តួចប៉ុណ្ណោះ ព្រោះនៅតាមសំណង់ទូទៅ ក៏ដូចជាទីលាន សាល បន្ទប់ និងកន្លែងផ្សេងៗទៀត គឺបានបំពាក់រួចរាល់ទាំងប្រព័ន្ធភ្លើង ប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹក។
ចំណែកភាគីចិន និងក្រុមហ៊ុនចិន ជាអ្នកសាងសង់ ក៏បានដកកម្មករជំនាញៗនៅតាមផ្នែកនីមួយៗឱ្យត្រឡប់ទៅវិញបណ្តើរៗហើយដែរ ហើយបានត្រៀមរៀបចំបណ្តុះបណ្តាលកម្មករខ្មែរ ជំនាញការខ្មែរ និងក្រុមជំនាញវិស្វករខ្មែរជាបណ្តើរៗ រហូតដល់ថ្ងៃ ប្រគល់ និងទទួលយកពហុកីឡដ្ឋានថ្មីនេះ ពីភាគីចិន ដោយតាមគម្រោងអាចនឹងធ្វើនៅក្នុងអំឡុងខែតុលា ឆ្នាំ ២០២១ នេះ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «ខាងគណៈកម្មការត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាខាងភាគីចិន ស្ថានទូត និង CAMSOC ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន គឺបានឯកភាពគ្នាអស់ហើយថា សំណង់ទាំងមូលមានលក្ខណៈគ្រប់គ្រាន់អស់ហើយ ហើយបច្ចេកទេសក៏គ្រប់គ្រាន់ដែរ គឺសូម្បីតែទីលានបាល់ទាត់ និងអត្តពលកម្ម គឺមានគ្រប់ទាំងអស់ និងតាមបែបស្តង់ដាទាំងអស់»។
«គ្រប់វិញ្ញាសានៃប្រភេទកីឡាអត្តពលកម្មទាំងអស់ អាចលេងបាននៅទីនេះ អ៊ីចឹង នេះជាសមិទ្ធផលដ៏ថ្មីមួយ ហើយយើងសង្ឃឹមថា នឹងទទួលបាននូវមោទនភាពទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីក្នុងសម័យតេជោ នាពេលនេះ»។
លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម ចំណែកស្ថានទូតចិនប្រចាំកម្ពុជាក៏បានប្រកាស កាលថ្ងៃពុធដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ៕