
កីឡាករវ័័យក្មេងរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ បានព្យាយាមជែងយកបាល់ ពីការរារាំងរបស់កីឡាកររបស់ក្រុមអាស៊ីអឺរ៉ុប កាលពីថ្ងៃសៅរ៍។ រូបថត ភ្នំពេញក្រោន
ភ្នំពេញ៖ ក្រុមវិសាខា និងភ្នំពេញក្រោន ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល នៅលីគកំពូលកម្ពុជា ឆ្នាំ ២០២១ នោះ នៅតែធ្វើបានយ៉ាងល្អ ដើម្បីរក្សាកំណត់ត្រា មិនធ្លាប់ចាញ់របស់ខ្លួន ជាបន្តទៀត និងកំពុងឈរនៅលើកំពូលតារាង ក្រោយក្រុមទាំង ២ នេះ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ និងអាស៊ីអឺរ៉ុប កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែកីឡាករជើងចាស់ ឈិន ឈឿន មានអារម្មណ៍សោកស្តាយខ្លាំង ខណៈរូបគេ បានក្លាយជាដើមចម ធ្វើឱ្យក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ចាញ់ក្រុងព្រះខ័នរាជស្វាយរៀង នៅចុងម៉ោងនោះ។
បើទោះបីជា ឈិន ឈឿន ធ្លាប់បានឆ្លងកាត់ភាពជូរចត់ច្រើន ហើយក៏ជាកីឡាករម្នាក់ដ៏មានបទពិសោធ ទាំងការប្រកួតនៅក្នុងស្រុក និងការលេងឱ្យក្រុមជម្រើសជាតិកម្ពុជា នៅលើឆាកអន្តរជាតិ ប៉ុន្តែរូបគេ បានសារភាពថា វាជាការសោកស្តាយខ្លាំងបំផុត នៅក្នុងអាជីពបាល់ទាត់របស់គេ បន្ទាប់រូបគេ បានក្លាយជាចំណែកដ៏សំខាន់មួយ ដែលធ្វើឱ្យក្រុមទ័ព បានចាញ់ក្រុមស្វាយរៀង ៣-២ កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធពាក់លេខ ១៧ ឈិន ឈឿន បានសរសេរបង្ហោះ នៅលើហ្វេសប៊ុករបស់ខ្លួន ក្រោយពេលក្រុមទ័ព ចាញ់ ស្វាយរៀង ថា៖ «លើកទីមួយ នៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់។ ថ្ងៃនេះយើងទាំងអស់គ្នា ប្រឹងប្រែងបានយ៉ាងល្អ ដើម្បីក្រុម (Sorry Sorry sorry)»។

ខ្សែប្រយុទ្ធ Ajayi បានព្យាយាមគ្រប់គ្រង់បាល់ ពេលរូបគេរកបាន១គ្រាប់ឱ្យក្រុមវិសាខា ដើម្បីយកឈ្នះ ក្រុមគិរីវង់សុខសែនជ័យ ៣-១។ រូប វិសាខា
ការបង្ហាញពីអារម្មណ៍ឈឺចាប់ និងសោកស្តាយនេះ ក៏ព្រោះតែ ឈិន ឈឿន ជាកីឡាករទី២ បន្ទាប់ពីអ្នកចាំទី គង់ រ៉ាហ្វាត់ ដែលបានបង្កើតកំហុស នៅមុខទីខ្លួនឯង រហូតធ្វើឱ្យលោកអាជ្ញាកណ្តាល ផ្តល់បាល់ ១១ ម៉ែត្រ ទៅឱ្យក្រុមស្វាយរៀង ស្របពេលក្រុមទ័ព កំពុងធ្វើការនាំមុខ ស្វាយរៀង ២-១ ទៅហើយនោះ។
តាមរយៈការប្រកួត នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យនោះ កីឡាករជប៉ុន Yuta Kikuchi និង ណារ៉ុង កក្កដា បានស៊ុតបាល់ទម្លុះសំណាញ់ទីបានម្នាក់ ១ គ្រាប់ នៅនាទីទី៥១ និងនាទីទី៦២ ដើម្បីជួយឱ្យក្រុមទ័ព នាំមុខ ស្វាយរៀង ២-០ មុនពេលខ្សែប្រយុទ្ធឆ្នើម Mika រកបាន ១ គ្រាប់វិញ ឱ្យក្រុមម្ចាស់ផ្ទះ នៅនាទីទី៧៦។
ប៉ុន្តែនៅនាទីទី៨១ អ្នកចាំទី គង់ រ៉ាហ្វាត់ បានស្លាយយកបាល់ជ្រុលជើង បណ្តាលឱ្យ ប្រាក់ មុន្នីឧត្តម ដួល ចំណែក ឈិន ឈឿន បានយកដៃទៅប៉ះបាល់ ពេលរូបគេដួល ចំពោះការរារាំង ពីការជែងយកបាល់ របស់ខ្សែប្រយុទ្ធ គីម សុខយុទ្ធ រហូតអស់ជំហរ នៅនាទីទី៩០+៣។ កំហុសទាំង ២ នេះ អាជ្ញាកណ្តាលបានផ្តល់បាល់ ១១ ម៉ែត្រឱ្យក្រុមស្វាយរៀង ដូចគ្នា ហើយ Mika ជាអ្នកស៊ុតបានសម្រេច មានន័យថា រូបគេរកបាន ៣ គ្រាប់តែម្នាក់ឯង ដើម្បីជួយឱ្យក្រុមស្វាយរៀង ទទួលបាន ៣ ពិន្ទុ យ៉ាងរំភើប សម្រាប់ការប្រកួតលើកទី១១ នេះ។

កីឡាករជប៉ុន Yuta Kikuchi (ស្តាំ) និង ណារ៉ុង កក្កដា បានស្រែកអបអរ ពេលពួកគេរកបាគ្រាប់បាល់នាំឱ្យក្រុមទ័ព ២-០ មុនពេលចាញ់វិញ ៣-២។ រូបថត ទ័ព
ចំណែកការប្រកួត កាលពីថ្ងៃសៅរ៍ ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ មិនអាចសម្រេចមហិច្ឆតា ក្នុងការបំផ្លាញកំណត់ត្រាដ៏ល្អរបស់ក្រុមវិសាខា បាននោះទេ។ បើទោះបីជា ខ្សែប្រយុទ្ធពាក់លេខ ៣១ Reiya រកបានគ្រាប់បាល់បើកឆាកឱ្យ គិរីវង់ បានមុន នៅនាទីទី៤៩ ប៉ុន្តែការរកបានម្នាក់ ១ គ្រាប់របស់ Ajayi ស៊ិន កក្កដា និង Haber Marcus នៅនាទីទី៥៩ ៦៥ និងនាទីទី៩០ វានៅតែធានាបាននូវជ័យជម្នះ សម្រាប់ក្រុមវិសាខា ដើម្បីបន្តឈរនៅលេខ ១ ដោយមាន ២៥ ពិន្ទុ។
ចំណែកក្រុមភ្នំពេញក្រោន ក៏អាចរក្សាបាននូកំណត់ត្រា មិនធ្លាប់ចាញ់សោះនេះ បានដូចគ្នា ដោយពួកគេបានលត់ក្រុមភ្ញៀវ អាស៊ីអឺរ៉ុប រហូតដល់ ៥-០ នៅកីឡដ្ឋាន RSN របស់ខ្លួន ហើយការរកបានម្នាក់ ១ គ្រាប់របស់ Nieto លឹម ពិសុទ្ធ Yadai Ogawa យ៉ើ ម៉ូស្លើម និង Valerii Hryshyn នេះ បានជួយឱ្យក្រុមសិង្ហក្រហម ហក់ពីលេខ ៥ ទៅឈរនៅលេខរៀងទី២ ដោយមាន ២២ ពិន្ទុ។
ផ្ទុយពីនេះ ក្រុមអង្គរថាយហ្គឺរ បានធ្លាក់ពីលេខ ៣ ទៅឈរនៅលេខ ៥ បន្ទាប់ពីពួកគេ បានស្មើ ០-០ ជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ជាមួយគ្នា គឺសូលទីឡូអង្គរ កាលពីថ្ងៃសៅរ៍ រីឯក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែង ក៏បានស្មើ ០-០ ជាមួយក្រុមនគរបាលជាតិ កាលពីថ្ងៃអាទិត្យ ផងដែរ៕

ឈិន ឈឿន បានបោះបាល់ ពីមុខ ប្រាក់ មន្នីឧត្តម ក្នុងជំនួប កាលពីយប់ថ្ងៃអាទិត្យ ហើយក៏ជាពេលដែលរូចគេ ជួបការសោកស្តាយខ្លាំងបំផុត ក្នុងអាជីពបាល់ទាត់។ រូបថតទ័ព