
ខ្សែប្រយុទ្ធ Matheus របស់ភ្នំពេញក្រោន បានលោតរំលងអ្នកចាំទីរបស់ក្រុមប៉ូលិស ដែលបានព្យាយាមចេញមកសង្រ្គោះបាល់។ រូបថត CNCC
ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន បានរុញច្រានក្រុមនគរបាលជាតិ (ប៉ូលិស) ឱ្យធ្លាក់ទៅក្នុងស្ថានភាពកាន់តែលំបាក ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ការយក៣ពិន្ទុ ទៅតាមទិសដៅ ដែលពួកគេ បានដាក់ចេញ ប៉ុន្តែការយកឈ្នះក្រុមប៉ូលិស ៤-១ លើកនេះ វាហាក់មិនមានអ្វីប្លែកនោះទេ ចំពោះក្រុមភ្នំពេញក្រោន។
តាមរយៈការប្រកួតនៅកីឡដ្ឋាន 7NG ដែលទើបបានបញ្ចប់ កាលពីល្ងាចថ្ងៃពុធ ទី ៨ ខែកញ្ញា នេះ ក្រុមភ្ញៀវ ភ្នំពេញក្រោន រកបានគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះ ប៉ូលិស ២-០ នៅក្នុងតង់ទី ១ តាមរយៈការបញ្ចប់ទីបានយ៉ាងល្អ របស់ខ្សែប្រយុទ្ធប្រេស៊ីល Matheus Souza E Silva នៅនាទីទី២៧ និងគ្រាប់បាល់របស់កីឡាករជប៉ុន Yudai Ogawa នៅនាទីទី២៩។
ឈានចូលតង់ទី២ ក្រុមភ្នំពេញក្រោន នៅតែបន្តដាក់សម្ពាធទៅលើក្រុមប៉ូលិស តាមរយៈការព្យាយាមវាយលុកជាបន្តបន្ទាប់របស់ពួកគេ ហើយនៅនាទីទី៥៨ ខ្សែបម្រើប្រយុទ្ធរបស់កូឡុំប៊ី Nieto បានបន្ថែម ១ គ្រាប់ទៀត នៅមុនពេលកីឡាករឆ្នើមរូបនេះ រកឃើញគ្រាប់ទី២ របស់ខ្លួន នៅនាទីទី៧១ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេច។

កីឡាករកូឡុំប៊ី Nieto បានអបអរ ក្រោយរកបានគ្រាប់បាល់ ខណៈជំនួបលើកនេះ គេរកបាន២គ្រាប់ ឱ្យភ្នំពេញក្រោន។ រូប CNCC
ប៉ុន្តែនៅនាទីទី៨២ ក្រុមភ្នំពេញក្រោន បានបង្កើតកំហុសវិញ នាំឱ្យអាជ្ញាកណ្តាល ផ្តល់បាល់ ១១ ម៉ែត្រ ទៅឱ្យក្រុមប៉ូលិស វិញម្តង ហើយកីឡាករ Otani Soma ជាអ្នកស៊ុតបានសម្រេច គឺនៅមុនពេល Yudai Ogawa របស់ភ្នំពេញក្រោន ត្រូវបានបណ្តេញចេញពីទលាន ជាមួយការទទួលបានកាត់លឿនជាលើកទី២ (ស្មើកាតក្រហម) នៅនាទីទី៨៦។
តាមរយៈការរកបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឱ្យក្រុមភ្នំពេញក្រោន មានឱកាសគ្រប់គ្រាន់ ក្នុងការប្រជែងគ្នាដោយប្រយោល ដើម្បីដណ្តើមយកទីតាំងលេខ ១ ដែលកំពុងគ្រប់គ្រងដោយ វិសាខា ព្រោះពេលនេះ ក្រុមទាំង ២ មាន ២៥ ពិន្ទុស្មើគ្នា និងសល់ ១ ប្រកួត ក្នុងដៃដូចគ្នា គ្រាន់តែ វិសាខា មានគ្រាប់បាល់ចំណេញច្រើនជាងក្រុមភ្នំពេញក្រោន ចំនួន ២ គ្រាប់។
ជាមួយគ្នានេះ សម្រាប់ការប្រកួតប្រជែងគ្នាយកលេខ ១ ដោយប្រយោល សម្រាប់ការប្រកួតលើកទី ១២ ចុងក្រោយ ក្នុងជើងទី ១ នេះ គឺក្រុមទាំង ២ នេះ នឹងត្រូវជួបការប្រកួតដ៏ធំ និងលំបាកដូចគ្នា ព្រោះ ភ្នំពេញក្រោន ត្រូវប៉ះអង្គរថាយហ្គឺរ ហើយ វិសាខា ត្រូវប្រឈមជាមួយក្រុមការពារតំណែងជើងឯក បឹងកេត។

លោកអាជ្ញាកណ្តាល បានពិន័យកាតក្រហម ទៅលើកីឡាករជប៉ុន Yudia Ogawa (រូបបាំង) របស់ភ្នំពេញក្រោន។ រូប CNCC
ទន្ទឹងជាមួយគ្នានេះ ឱកាសនៃការដណ្តើមយកលេខ ១ ក្នុងការប្រកួតបញ្ចប់ជើងទី១ នេះ ក៏អាចនឹងមានការប្រែប្រួលផងដែរ ព្រោះក្រុមកំពុងមាន ២៤ ពិន្ទុ បឹងកេត ក៏មានលទ្ធភាពដណ្តើមបានលេខ ១ នេះដូចគ្នា បើសិនជា ពួកគេ អាចយកឈ្នះក្រុមវិសាខា ស្របពេល ភ្នំពេញក្រោន ស្មើ ឬក៏ចាញ់ អង្គរថាយហ្គឺរ នោះ។
ដោយឡែកក្រុមនគរបាលជាតិ ដែលធ្លាប់ទទួលបានលទ្ធផលល្អគួរសម សម្រាប់ការប្រកួតរដូវកាលមុនៗនោះ គឺពេលនេះ កំពុងធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់ ហើយក៏ជាក្រុម មានភាគរយខ្ពស់ជាងគេ ដែលអាចនឹងត្រូវកាត់ចោល នៅចុងរដូវកាលនេះផងដែរ បើសិនជាពួកគេ នៅតែមិនអាចរកឃើញការឈ្នះទៀតនោះ ព្រោះពេលនេះ ប៉ូលិស ឈរនៅបាតតារាង ដោយមានត្រឹម ៣ ពិន្ទុ ជាមួយការស្មើ ៣ និងចាញ់ដល់ ៧ ប្រកួត៕