ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅទឹកដីខេត្តសៀមរាប ជាទីកន្លែង ដែលពួកគេត្រូវប្រកួតបញ្ចប់ជើងទី១ លីគកំពូលកម្ពុជា ជាមួយក្រុមអង្គរថាយហ្គឺរ តែភាពដាច់ស្រេច ក្នុងការកំណត់ពីចំណាត់ថ្នាក់នៅលើតំបន់កំពូលតារាង គឺនៅមិនទាន់អាចធ្វើទៅបាននោះទេ ព្រោះជំនួបរបស់គូផ្សេងៗទៀត ជាពិសេសហ្គេមរវាងក្រុមកំពុងឈរលេខ ១ វិសាខា និងក្រុមការពារតំណែងជើងឯក បឹងកេត កំពុងជាប់គាំង ដោយត្រូវរង់ចាំយកសំណាករបស់កីឡាករម្នាក់ និងមន្រ្តីក្លិប ១ រូប របស់បឹងកេតទៅធ្វើតេស្ត PCR បន្ទាប់ពីអ្នកទាំង ២ ទទួលបានលទ្ធផលវិជ្ជមានកូវីដ ១៩ ពីការធ្វើតេស្តរហ័ស កាលពីថ្ងៃពុធ។
បើទោះបីជាជំនួបរវាងក្រុមអង្គរថាយហ្គឺរ និងក្រុមភ្នំពេញក្រោន ព្រមទាំងជំនួបក្រុមផ្សេងទៀត អាចនឹងត្រូវធ្វើឡើង ទៅតាមកាលបរិច្ឆេទ និងកន្លែង ដែលបានកំណត់រួចហើយ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ប៉ុន្តែលទ្ធផលវិជ្ជមានរបស់មន្រ្តី និងកីឡាកររបស់ក្លិបបឹងកេត ទាំង ២ នាក់នេះ វាបានក្លាយជាភាពមន្ទិលថា តើការប្រកួតជើងទី១ លីគកំពូលកម្ពុជាអាចនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១៥ ខែកញ្ញា ដើម្បីបន្តចូលទៅប្រកួតជុំទី២ ដែលគ្រោងធ្វើពីថ្ងៃទី ១៨ ខែកញ្ញា តទៅនេះ ឬយ៉ាងណា?
តាមគម្រោង ជំនួបរវាងក្រុមបឹងកេត និងវិសាខា ត្រូវធ្វើនៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍ តែកាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានជូនដំណឹងថា៖ «តាមនីតិវិធីវិធានសុវត្ថិភាពក្លិបទាំងអស់ តម្រូវឱ្យធ្វើតេស្តរហ័សរាល់មុនគ្រប់ការប្រកួត ហើយកាលពីថ្ងៃទី ៨ ខែកញ្ញា ពេលក្លិបបឹងកេតធ្វើតេស្ត គឺរកឃើញកីឡាករ ១ រូប និងមន្រ្តីក្លិប ១ រូប មានលទ្ធផលវិជ្ជមានជំងឺកូវីដ ១៩»។
CNCC បានឱ្យដឹងទៀតថា៖ «ជាមួយគ្នានេះ សំណាករបស់កីឡាករ និងមន្រ្តីខាងលើនេះ ត្រូវបន្តយកទៅធ្វើតេស្ត PCR ដូច្នេះមន្ត្រី និងកីឡាករដទៃទៀត ដែលអវិជ្ជមាន និងការប្រកួត (រវាងក្រុមបឹកេត និងវិសាខា) នាថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ត្រូវរង់ចាំលទ្ធផលវិភាគបញ្ជាក់របស់កីឡាករ និងមន្រ្តីខាងលើនេះសិន»។
បន្ថែមទៅលើករណីនេះ ការប្រកួតរវាងក្រុមណាហ្គាវើលដ៍ និងក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដែលតាមកម្មវិធីត្រូវធ្វើនៅរសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យ ក៏អាចផ្អាកដែរ ព្រោះជំនួបរវាងក្រុមណាហ្គាវើលដ៍ និងក្រុមខេត្តព្រៃវែង ដែលត្រូវធ្វើកាលពីថ្ងៃពុធ ក៏ត្រូវពន្យារពេលភ្លាមៗដែរ បន្ទាប់ពីមន្រ្តីកីឡារបស់ណាហ្គាវើលដ៍ម្នាក់ ទទួលលទ្ធផលវិជ្ជមានកូវីដ ១៩ ក្នុងការធ្វើតេស្តរហ័ស ហើយសំណាករបស់មន្ត្រីរូបនេះ ត្រូវបន្តយកទៅធ្វើតេស្ត PCR ប៉ុន្តែគិតត្រឹមម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ CNCC នៅមិនទាន់ប្រកាសពីលទ្ធផលទេ។
យ៉ាងណាក្ដី ការជួបគ្នារវាងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងភ្នំពេញក្រោន អាចនឹងត្រូវធ្វើទៅតាមកំណត់នៅកីឡដ្ឋានអេសអយូ នារសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យ ហើយនេះ ជាការប្រកួតដ៏ធំ និងសំខាន់បំផុត ដែលភ្នំពេញក្រោន ដាក់គោលដៅយក ៣ ពិន្ទុ ដើម្បីប្រជែងយកលេខ ១ ជាមួយក្រុមវិសាខា ដ្បិតអីពេលនេះ ក្រុមទាំង ២ មាន ២៥ ពិន្ទុ ជាមួយការប្រកួត ១១ លើកដូចគ្នា គ្រាន់តែ វិសាខា មានគ្រាប់បាល់ចំណេញច្រើនជាង ២ គ្រាប់។
ការប្រកួតនេះ នឹងតានតឹងខ្លាំង ព្រោះអង្គរថាយហ្គឺរ ដែលឈរនៅលេខ ៥ មាន ២១ ពិន្ទុ កំពុងត្រូវការឈ្នះខ្លាំងដូចគ្នា។ ចំណែកក្រុមលេខ ៥ ព្រះខ័នរាជស្វាយរៀង ដែលមាន ២២ ពិន្ទុ អាចនឹងដណ្តើមបាន ៣ ពិន្ទុបន្ថែម ពីនគរបាលជាតិនៅថ្ងៃសៅរ៍ ហើយក្រុមទ័ពក៏អាចនឹងយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យដែរ៕