ក្រុងលីវើរភូល៖ ការស៊ុតសម្រេច ១ គ្រាប់ដ៏គួរឱ្យស្ងើចរបស់កីឡាករប្រធានក្រុម Jordan Henderson បានជួយដណ្ដើមជ័យជម្នះឱ្យក្រុមហង្សក្រហម Liverpool ពីក្រុម AC Milan ដោយលទ្ធផល ៣-២ ក្នុងការប្រកួត នៅទឹកដី Anfield កាលពីយប់ថ្ងៃពុធ ដែលលទ្ធផលនេះ ធ្វើឱ្យពួកគេចាប់ផ្ដើមយុទ្ធនាការនៅក្របខ័ណ្ឌ UEFA Champions League(UCL) ជាមួយនឹងជោគជ័យ។
ក្រុមហង្សក្រហម ទទួលបានភាពល្បីល្បាញខ្ទរខ្ទារខ្លាំង កាលពីពេលដែលពួកគេអាចតាមស្មើក្រុមយក្សអ៊ីតាលី Milan ពីការនាំមុខ ៣-០ មុននឹងយកឈ្នះ ក្នុងវគ្គប៉េណាល់ទីកាត់ក្ដី ដើម្បីលើកពាន UCL ក្នុងឆ្នាំ ២០០៥ នាក្រុងអ៊ីស្ដង់ប៊ូល (Istanbul) តែគួរតែមានការងារស្រួលជាងមុនឆ្ងាយ ក្នុងការផ្ដួលកូនក្រុមរបស់លោក Stefano Pioli ដែលទើបត្រឡប់មកកាន់វេទិកាប្រកួតប្រជែងរបស់ក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបវិញ។
ក្រុមជើងឯកអឺរ៉ុប ៧ សម័យ Milan បាន និងកំពុងធ្វើការប្រកួតនៅ UCL លើកទី១ របស់ខ្លួន ក្នុងរយៈពេល ៧ឆ្នាំ ហើយត្រូវបានផ្ដល់នូវការដាស់តឿនដ៏ឃោរឃៅមួយ ក្នុងការឈានជើងត្រឡប់មកកាន់ការប្រកួតកម្រិតកំពូលនេះ ដោយគ្រាប់បាល់នាំមុខរបស់ក្រុមម្ចាស់ផ្ទះ ដែលកើតឡើង ដោយការភ្លាត់ធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Fikayo Tomori។
តែក្នុងរយៈពេលប្រមាណជា ២-៣ នាទី មុនចប់វគ្គទី ១ ពួកគេបានគម្រាមយកជ័យជម្នះពីក្រុម Liverpool ជាមួយនឹងគ្រាប់បាល់ ២គ្រាប់បន្តបន្ទាប់គ្នា ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Ante Rebic និងខ្សែបម្រើ Brahim Diaz ដោយគ្រាប់បាល់នេះ កើតឡើងបន្ទាប់ពីស៊ុតបាល់ពិន័យ ១១ ម៉ែត្ ររបស់ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានរារាំង ដោយអ្នកចាំទី Mike Maignan។
យ៉ាងណាក្ដី ក្រុម Liverpool ដែលត្រូបានចាត់ទុកថា ជាក្រុម ១ ដ៏គួរឱ្យខ្លាចរអា នៅអឺរ៉ុបនេះ ក៏មានគ្រាប់បាល់តាមស្មើវិញ នៅនាទីទី៤៩ នៅពេលដែលកីឡាករ Salah មានឱកាសស៊ុតសម្រេច ១ គ្រាប់ ដើម្បីលុបលាងការទាត់ប៉េណាល់ទីមិនចូល កាលពីវគ្គទី១ មុននឹងមានការបញ្ចប់ទីយ៉ាងអស្ចារ្យពីកីឡាករ Henderson នៅនាទីទី៦៩ ដែលជាគ្រាប់ជួយឱ្យក្រុមម្ចាស់ផ្ទះ មាន ៣ពិន្ទុ។
អ្នកចាត់ការរបស់ក្រុម Liverpool លោក Jurgen Klopp បានថ្លែងថា៖ «វាជាហ្គេមដ៏ល្អអស្ចារ្យណាស់។ រំភើបណាស់ ល្អមើលណាស់ ប្រមាណជា ១០-១៥ នាទី ដែលពួកយើងបាត់បង់ម្ចាស់ការ»។
ជាមួយគ្នានេះ លទ្ធផលស្មើ ០-០ រវាងគូក្រុម Atletico Madrid និង Porto មានន័យថា ក្រុម Liverpool បញ្ចប់រាត្រីមួយ ដោយការឈរលេខ ១ ក្នុងពូល B ហើយលោក Klopp បានលើកបង្ហាញឱ្យមានការចាប់អារម្មណ៍ពីភាពសំខាន់ នៃការចាប់ផ្ដើម ដោយជ័យជម្នះ ក្នុងដំណាក់កាលដ៏លំបាកបែបនេះ។
«ក្រុម Milan ត្រូវបានចាប់ឆ្នោតចូលមកពូលនេះ ក្នុងនាមជាក្រុម នៅផត (Pot) ទី៤ នោះ គឺជាគុណភាព ក្នុងពូលនេះ ហើយយើងត្រូវយកពិន្ទុរាល់ការប្រកួតឱ្យបាន ដើម្បីឆ្លងផុតពីពូលនេះ»។ នេះជាការបន្ថែមរបស់អ្នកចាត់ការសញ្ជាត់អាល្លឺម៉ង់ លោក Klopp៕ AFP/VN