​ភ្នំពេញៈ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​ទុកពេល​ឱ្យ​ក្រុម​ទាំង​ ១៣ នៅ​លី​គ​កំពូល​កម្ពុជា ឱ្យ​ឈប់សម្រាក​នោះឡើយ គឺ​អង្គភាព​មួយ​នេះ បានសម្រេច​បន្ត​ការ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទៀត បើទោះបីជា ការ​​ប្រកួត​ជើង​ទី​១ ទើបបាន​បញ្ចប់ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​មានការ​ផ្អាក និង​ពន្យារពេល​ប្រកួត​ជាច្រើនលើក ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩​។

​វា​ហាក់ដូច​ជាមាន​ភាព​ទាន់ហន់​ផងដែរ សម្រាប់​ក្រុម​បឹងកេត ដែល​ត្រូវ​វិល​មកជួប​គូសត្រូវ​ចាស់ វិសាខា ក្នុងការ​ប្រកួត​រវាង​ក្រុម​មាន​សិទ្ធិ​ប្រជែង​យកពាន ឈរ​នៅ​កំពូល​តារាង​ទាំង ​៨ (Top8) នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​សៅរ៍ ព្រោះ​ការ​ចាញ់​ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង វិសាខា ៥-១ សម្រាប់​ការប្រកួត​ជើង​ទី​១ កាល​ពីថ្ងៃ​ទី ​១១ ខែកញ្ញា ថ្មីៗ​នេះ វា​មិនទាន់​បានធ្វើឱ្យ បឹងកេត ស្រួល​ចិត្ត​នៅឡើយ​ទេ​។​

​ជាមួយគ្នានេះ បឹងកេត ត្រូវបាន​គេ​មើលឃើញថា កំពុង​ជួប​បញ្ហា​ខ្លាំង ទៅលើ​តំបន់​ការពារ ខណៈ​ខ្សែការពារ​កណ្តាល ដ៏​រឹងមាំ​របស់ខ្លួន Anderson Zogbe មាន​របួស​ធ្ងន់ធ្ងរ ក្នុងពេល​ហ្វឹកហាត់ កាលពីពេល​ថ្មី​នេះ ហើយ​រូបគេ នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត រហូតដល់​ចប់​រដូវ​កាល​តែម្តង​។​

​ជុំវិញ​បញ្ហា​នេះ ក្លិប​បឹងកេត បានប្រកាស កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា ថា​៖ «​កីឡាករ​ខ្សែ​-​ការពារ​កណ្ដាល Anderson Zogbe របស់​យើង បាន​រងរបួស​ធ្ងន់ធ្ង​រ អំឡុងពេល​ហ្វឹកហាត់ ដោយ​ដាច់​សរសៃ​ជង្គង់ ACL (Anterior Cruciate Ligament) និង​បែក​ទ្រនាប់​ឆ្អឹង (Meniscus) ជង្គង់​ខាងស្តាំ​។ ដូចនេះ​រូបគេ នឹងត្រូវ​អវត្តមាន ពី​ទីលាន​រយ​:​ពេល​យូរ ដោយ​ត្រូវធ្វើ​ការវះកាត់ និង សម្រាក​រយៈពេល​ច​ម្លោះ​ពី ​៦ ដល់ ៨ ​ខែ​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​ក្រុមគ្រូពេទ្យ​របស់​យើង នៅ​ថ្ងៃ​ (​ចន្ទ​) នេះ​»​។​

​ជាមួយគ្នានេះ អតីត​ខ្សែការពារ​ដ៏​ល្អ​ម្នាក់ទៀត​របស់​បឹងកេត គឺ ទេស សម្បត្តិ ដែល​ទើបបាន​ចាក​ចេញពី​ក្រុម​នេះ ក៏​នឹង​ក្លាយជា​សមាជិក​ថ្មី ដែល​ត្រូវ​លេង​ឱ្យ វិសាខា ដើម្បី​ទប់ទល់​ជាមួយ​អតីត​មិត្ត​រួម នៅ​បឹងកេត នា​ជំនួប​នេះ ផងដែរ ហើយ​ការបង្ហាញ​ខ្លួន​របស់​កីឡាករ​បរទេស ​២ ​នាក់ របស់ វិសាខា កំពុង​ក្លាយជា​រឿង​ដែល​គ្រប់គ្នា​ចង់ឃើញថា ​តើ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ប្រេ​ស៊ី​ល Cristian Alex និង​កីឡាករ​កូរ៉េខាងត្បូង Lee Jae Gun មានគុណ​ភាព​លេង​ល្អ​បែបណា​! រីឯ​ខ្សែ​ប្រ​យ​ទ្ធ​ឆ្នើម Abee Ndjoo ដែល​ទើប​ចាក​ចេញពី​ក្រុម​អាស៊ី​អឺរ៉ុប ក៏​ជា​ក្តី​សង្ឃឹម​សម្រាប់​បឹងកេត ក្នុងជំនួប​នេះ​ផងដែរ​។​

​ចំណែក​ក្រុម​ម្ចាស់ផ្ទះ ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន នឹង​វិល​មកជួប​គ្នា នៅ​ល្ងាច​ម៉ោង ​៦ ថ្ងៃ​សៅរ៍ ដើម្បី​ជម្រះ​ភាព​មន្ទិល នៃ​ការ​ស្មើគ្នា ៣-៣ កាលពី​ជើង​ទី​១​។ ក្រុម​កំពុង​ឈរ​នៅ​លេខ​ ២ ភ្នំពេញ​ក្រោ​ន ដែលមាន​ ២៨ ​ពិន្ទុ ស្មើ​ក្រុម​វិសាខា មិនមាន​ការ​​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​បរទេស​នោះទេ ព្រោះ​កីឡាករ​បរទេស​ទាំង​ ៥ ​នាក់​របស់​ក្រុមនេះ ត្រូវបាន​គេ​មើលឃើញថា មានគុណ​ភាព​លេង​ល្អ​រួច​ទៅ​ហើយ​។​

​ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​​រៀងបាន​នាំយក​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Emmanuel Junior Mbarga Mkene មក​ជំនួស​កីឡាករ​ប្រេ​ស៊ី​ល Thiago ដែល​បាន​ចាកចេញ ហើយ​កីឡាករ​ចំណូល​ថ្មី​ម្នាក់នេះ ជា​ប្អូនបង្កើត​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Private តែម្តង ហើយ​ការ​បង្ហាញខ្លួន​រួមគ្នារ​បស់បង​ប្អូនបង្កើត​ទាំង ​២​ នេះ អាច​នឹងមាន​អ្វី​ប្លែក សម្រាប់​ក្រុម​ស្វាយរៀង ក៏​ថាបាន ដើម្បី​ទទួល ភ្នំពេញ​ក្រោ​ន លើក​នេះ​។

​ចំណែក​ក្រុម​ណាហ្គា​វើ​លដ៍ ត្រូវ​ស្វាគមន៍​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​ពួកគេ ធ្លាប់បាន​យកឈ្នះ ២-១ កាលពី​ជើង​ទី​១ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​សៅរ៍​នេះដែរ ចំណែក​ក្រុម​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) ត្រូវ​ជួប​ក្រុម​គិ​រិ​វង់​សុខ​សែន​​ជ័យ នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃអាទិត្យ ហើយ​វា​ក៏​ជា​ពេល ដែល​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង CHAN Young Ha និង​ខ្សែប្រយុទ្ធ​ធ្លាប់​លេង​ច្រើន​ក្លិប​នៅ​កម្ពុជា Timothy ចាប់ផ្តើម​បង្ហាញខ្លួន​ឱ្យ​ក្រុម​ទ័ព ផងដែរ ខណៈ​ការ​ជួបគ្នា កាលពី​ជើង​ទី​១ ទ័ព បាន​យកឈ្នះ​ក្រុម​គិរីវង់ ១-០៕