ក្រុង​មី​ឡាន​: កីឡាករ Rodrygo បានផ្ដល់​មេរៀន ដល់​ក្រុម​ម្ចាស់ផ្ទះ Inter Milan ដែល​បាន​ខ្ជះខ្ជាយ​ឱកាស​របស់ខ្លួន ដោយ​ការ​ស៊ុត​នូវ​គ្រាប់​បាល់​ជ័យជម្នះ នៅ​ចុង​​ម៉ោង សម្រាប់​ក្រុម​អធិរាជ​ស​ Real Madrid ដើម្បីឱ្យ ក្រុម​​យក្ស​អេ​ស្ប៉ា​ញ មាននូវ​ការ​ចាប់ផ្ដើម​ដ៏​ឥតខ្ចោះ ក្នុង​យុទ្ធ​នា​ការ​នៅ​ក្របខ័ណ្ឌ Champions League​។​

​ក្រុម​ជើងឯក​លី​គ​កំពូល​អ៊ី​តា​លី Inter កំពុង​ព្យាយាម​ប្រកួតប្រជែង​ឱ្យបាន​ឆ្លង​ផុត វគ្គ​ចែក​ពូ​ល​នេះ​ជា​លើកដំបូង គិត​តាំងពី​រដូវ​កាល ២០១១-២០១២ តែ​ពួកគេ​ត្រូវ​ដាក់ទោស សម្រាប់​ការ​បណ្ដោយឱ្យ​ឱកាសល្អ​ជាច្រើន​កន្លងទៅ​ឥត​ការ មុនពេល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ភ្ញៀវ Real មានជ័យ​ជម្នះនៅ​នាទីចុងក្រោយ នៃ​ការប្រកួត​ដ៏​ស្វិតស្វាញ ប្រចាំ​ពូ​ល D នា​កីឡដ្ឋាន San Siro នេះ​។​

​វា គឺជា​លទ្ធផល​ដ៏​អាក្រក់ សម្រាប់​ក្រុម Inter ក្នុងការ​លេង​ទល់នឹង​ក្រុម Real របស់លោក Carlo Ancelotti ដែល​ឡើង​មកដល់​ចំណុច​នោះ បានបង្ហាញ​ឱ្យឃើញ​នូវ​ថាមពល​តិចតួច​ប៉ុណ្ណោះ ក្នុង​តំបន់​ប្រយុទ្ធ បើ​ប្រៀប​នឹង​ការលេង នៅ​ក្របខ័ណ្ឌ La Liga ដែល​ពួកគេ​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ១៣ គ្រាប់​ពី​ការប្រកួត​ចំនួន ៤ លើកដំបូង នា​រដូវ​កាល​ថ្មី​នេះ​។​

«​យើង​ស័ក្ដិសម​ទទួលបាន​ល​ផល​ល្អ​ពី​ហ្គេម​មួយ​នេះ តែ​ប្រសិនបើ​អ្នក​មិនអាច​ស៊ុត​បញ្ចូល​ទី​បាន អ្នកនឹង​មិនអាច​ឈ្នះ​ការប្រកួត​បានទេ​។ យើង​សម​នឹង​បាន​លទ្ធផល​ល្អ​ជាង​នេះ យើង​លេង​ល្អ​ណាស់ ពិតមែន​ទល់នឹង​ក្រុម​ដ៏​ខ្លាំង​បែបនេះ ហើយ​យើង​មានឱកាស​ជាច្រើន ក្នុងការ​ឈ្នះ​ហ្គេម​នេះ​។ វា​ជា​រឿង​គួរឱ្យ​អាម៉ាស់ ខណៈដែល​អ្នក​មិនគួរ​ចាញ់​សោះ​»។ កីឡាករ Edin Dzeko បាន​និយាយប្រាប់​វេ​ប​សាយ Amazon​។​

​តែ​យ៉ាងណា ក្រុម Real Madrid មិនអាច​ឈរ​នៅ​លេខ ១ ក្នុង​ពូ​ល​ឡើយ ដោយសារ​តំណែង​មួយ​នេះ បាន​ក្លាយជា​របស់​ក្រុម Sheriff Tiraspol ដែល​ធ្វើឱ្យ​គ្រប់គ្នា​ភ្អា​ក់​ផ្អើល​យ៉ាងខ្លាំង ជាមួយនឹង​ការយក​ជ័យជម្នះ ២-០ លើ​ក្រុម Shakhtar Donetsk របស់​អ៊ុយ​​ក្រែ​ន ហើយ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​របស់​ប្រទេស​សា​.​ម៉ុ​ល​-​ដាវី​មួយ​នេះ ចាប់ផ្ដើម​ប្រឡូក​នៅ Champions League ជាមួយនឹង​ក្ដីសង្ឃឹម​យ៉ាង​ខ្ពស់​៕ AFP/VN