ភ្នំពេញ៖ ខ្សែប្រយុទ្ធ កែវ សុខផេង និង សុះ ស៊ូហាណា បានសហការគ្នាយ៉ាងល្អ ជាមួយមិត្តរួមក្រុម ដើម្បីវាយបកយកឈ្នះក្រុមជម្រើសជាតិហ្គាម ២-១ វិញ សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់ AFC Asian Cup 2023 នៅលើទឹកដីប្រទេសបារ៉ែន កាលពីយប់ថ្ងៃអង្គារ រំលងចូលថ្ងៃពុធនេះ គឺបន្ថែមទៅលើការឈ្នះ ១-០ កាលពីជើងទី១ ដើម្បីជួយឱ្យកម្ពុជា ឡើងទៅលេងនៅជុំទី៣ ជាបន្តទៀត។
បើទោះបីជា ក្រុមជម្រើសជាតិកម្ពុជា មានប្រៀបលើក្រុមជម្រើសជាតិហ្គាម តាមរយៈការរកបាន ១ គ្រាប់ របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅជើងទី១ ប៉ុន្តែការស៊ុតទម្លុះសំណាញ់ទីរបស់ខ្សែប្រយុទ្ធក្រុមហ្គាម Devan Mendiola នៅនាទីទី៣៦ សម្រាប់ការប្រកួតជើងទី២ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែននេះ បានលុបចោលឱកាសមានប្រៀបរបស់កម្ពុជា និងធ្វើឱ្យកម្ពុជា ធ្លាក់មកមានសម្ពាធជាថ្មី។
ជាមួយគ្នានេះ កីឡាករជម្រើស ១១ នាក់ដំបូង របស់កម្ពុជា ក៏លេងមិនសូវស៊ីចង្វាក់គ្នានោះដែរ សម្រាប់ទម្រង់ជាក្រុម នៅក្នុងតង់ទី១ ពិសេសការបញ្ចូនបាល់ឱ្យគ្នាតែម្តង ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែការពារ សឿយ វិសាល កីឡាករចាស់វស្សា គួច សុកុម្ភៈ និងអ្នកចាំទី កែវ សុខសិលា ដែលធ្លាប់ជាប់ជម្រើសដំបូង កាលពីជើងទី១ មិនត្រូវបានអ្នកចាត់ការទូទៅ លោក Keisuke Honda ដាក់ឱ្យលេងនៅក្នុងការប្រកួតជើងទី២ នេះទេ។
យ៉ាងណាក៏ដោយ ការដាក់ខ្សែប្រយុទ្ធ កែវ សុខផេង ឱ្យចូលលេង ជំនួយ ណារ៉ុង កក្កដា នៅនាទីទី៤៦ បានធ្វើឱ្យស្ថានភាពលេងរបស់កម្ពុជា មានការប្រែប្រួលមកល្អវិញ ហើយអារម្មណ៍សប្បាយរីករាយ ក៏បានកើតមានឡើងភ្លាមៗផងដែរ នៅពេល សេត រ៉ស៊ីប លើកបាល់ពីចម្ងាយទៅឱ្យ កែវ សុខផេង ហើយ សុខផេង បានតែត និងធាក់បាល់នោះ ទម្លាក់បន្តទៅឱ្យ សុះ ស៊ូហាណា ស៊ុតបំប៉ោងសំណាញ់ទី បានសម្រេច នៅនាទីទី៤៨ នោះ។
បន្ថែមទៅលើការជួយបង្កើតឱកាសឱ្យ សុះ ស៊ូហាណា រកបានគ្រាប់បាល់តាមស្មើនេះ កែវ សុខផេង ដដែល បានរត់យ៉ាងលឿន ទៅឆាបយកបាល់ចេញពីការចាប់ភ្លាត់ ធ្លាក់ពីដៃរបស់អ្នកចាំទី Dallas Jaye រួចស៊ុតបញ្ចូលទីយ៉ាងល្អ ដើម្បីជួយឱ្យកម្ពុជា នាំមុខ ២-១ នៅនាទីទី៥៥ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះចុងក្រោយ សម្រាប់ការប្រកួតនេះផងដែរ ដើម្បីជួយឱ្យកម្ពុជា ឈ្នះកៅអី បានទៅលើនៅជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 នេះ។
បន្ថែមលើនេះ សម្រាប់ការរកបានជ័យជម្នះដ៏សំខាន់នេះ ក្រុមជម្រើសជាតិកម្ពុជា ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដ៏ច្រើនពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ គឺមានចំនួនដល់ទៅ ១០ ម៉ឺនដុល្លារ ហើយថវិកានេះ នៅមិនទាន់គិតពីការចូលរួមឧបត្ថម្ភពីសប្បុរសជនជិតឆ្ងាយមួយចំនួនទៀតនៅឡើយទេ។
សម្រាប់ការចូលរួមឧបត្ថម្ភទឹកប្រាក់ ១០ ម៉ឺនដុល្លារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរបង្ហោះនៅផេចហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃពុធនេះថា៖«ខ្ញុំសូមអបអរសាទរ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាមរបស់អាមេរិក ក្នុងជំនួបជើងទី ២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះ ចំនួន ១០០ ០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត»។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ «ថវិកានេះ សូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរ ចំពោះ លោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យនេះ»៕