ក្រុង​សៀររ៉ាវ៉ែល​: កីឡាករ Harry Kane បាន​ពោល​សរសើរ​​នូវ​ទម្រង់​លេង​របស់​ក្រុម​តោ​កំណាច​អង់គ្លេស​ថា ពិត​ជា​អស្ចារ្យ​ណាស់ បន្ទាប់​ពី​ក្រុមជម្រើស​ជាតិ​របស់​ខ្លួន បាន​កក់​កៅអី​មួយ សម្រាប់​ព្រឹត្តិការណ៍ World Cup នា​ឆ្នាំ​ក្រោយ ដោយ​ការ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​សាំងម៉ារ៉ាំង ឥត​ប្រណី ១០-០ កាល​ពី​ថ្ងៃ​ចន្ទ​។

ក្នុង​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដីនេះ ប្រធាន​ក្រុម​អង់គ្លេស Kane ស៊ុត​បញ្ចូល​ទី​ម្នាក់​ឯង ៤ គ្រាប់ ក្នុង​វគ្គ​ទី១ បន្ទាប់​ពី​មាន​គ្រាប់​​បើក​ឆាក​របស់​ខ្សែ​ការ​ពារ Harry Maguire និង​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាក Filippo Fabbri​។

កីឡាករ Emile Smith Rowe, Tyrone Mings, Tammy Abraham និង Bukayo Saka បាន​មាន​សួន​រួម​សម្រាប់​ការ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​នេះ ខណៈ​ដែល​ក្រុម​អង់គ្លេស​បញ្ចប់​យុទ្ធនាការ​ក្នុង​នាម​ជាប្រធាន​ពូល I ដើម្បី​ធានា​កៅ​អី​ស្វ័យ​ប្រវត្តិ​របស់​ពួក​គេ នៅ​ឯ​ព្រឹត្តិការណ៍ ក្នុង​ប្រទេស​កាតា នា ១២ ​ខែខាង​មុខ​។

វា​គឺ​ជា​ជ័យ​ជម្នះជា​កំនត់​ត្រា​របស់​អង់គ្លេស ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ហើយ​ខ្សែ​ប្រយុទ្ធ Kane មាន​ក្ដី​រីក​រាយ​នឹង​វិធី​លេង​ដ៏​ទាន់​សម័យ ដែល​​ក្រុម​មិន​ទាន់ចាញ់​របស់​​លោក Gareth Southgate បាន​សម្រេច​គោល​ដៅ​របស់​ពួក​គេ​ ក្នុង​វគ្គ​ជម្រុះ​នេះ​។

កីឡាករ Kane បាន​និយាយ​ប្រាប់​ទូរទស្សន៍ ITV ថា៖ «ពួក​យើង​អស្ចារ្យ​ណាស់​។ វា​កើត​មាន​ចំពោះ​ហ្គេម​ចុង​ក្រោយ ហើយ​យើង​ត្រូវ​បាន​រំពឹង​ឈ្នះ តែ​យើង​សម្រេច​បាន​យ៉ាង​អស្ចារ្យ​ណាស់​​។ ពិត​ជា​អស្ចារ្យ​ណាស់ ដែល​បាន​ឡើង​​។ យើង​នៅ​តែ​ត្រូវ​បន្ត​ការ​ងារ​ទៀត​។ ខ្ញុំ​មាន​អារម្មណ៍ថា ពួក​យើង​មាន​ការ​អភិវឌ្ឍ​ល្អ​ឡើង​ៗ​ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ​។ យើង​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​ឱ្យ​មាន​តម្លៃ​ជាទី​បំផុត​ ពោល​គឺ​គ្រប់​​ពេល​ហ្វឹក​ហាត់ ដើម្បី​កែ​លម្អ​ចំណុច​តូច​តាច​នានា​ឱ្យ​ប្រសើរ​ឡើង​»​។​​

កីឡាករ Kane ដែល​ធ្វើ​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ក្នុង​ជ័យ​ជម្នះ ៥-០ លើ​ក្រុម​អាល់​បានី កាល​ពី​ថ្ងៃ​សុក្រ​ បាន​ឡើង​ទៅ​ស្មើ​នឹង​ចំនួន ៤៨ ​គ្រាប់​របស់​អតីត​កីឡាករ លោក Gary Lineker ដោយ​​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Tottenham Hotspur រូប​នេះ នៅ​ពី​ក្រោម​តែ​លោក​​ Bobby Charlton (៤៩គ្រាប់) និង​លោក Wayne Rooney (៥៣ គ្រាប់) ប៉ុណ្ណោះ ក្នុង​បញ្ជី​កំណត់​ត្រា​អ្នក​ស៊ុត​បាន​ច្រើន​ជាង​គេ ក្នុង​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​។​​

គ្រាប់​បាល់​ទាំង ១៦ ​គ្រាប់របស់​គេ ក្នុង​ឆ្នាំ​ ២០២១ គឺ​ជា​កំណត់​ត្រា​ប្រចាំ​ឆ្នាំ​របស់​ក្រុម​អង់គ្លេស ហើយ​កីឡាករ​វ័យ ២៨ ​ឆ្នាំ គឺ​ជា​កីឡាករ​របស់​ក្រុម​តោកំណាច​ដំបូង​គេ ដែល​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់ ឬ​ច្រើន​ជាង​ហ្នឹង ក្នុង​ហ្គេម​បន្ត​បន្ទាប់​គ្នា គិត​តាំង​ពី​លោក​ Tommy Taylor ធ្វើ​បាន ក្នុង​ឆ្នាំ ​១៩៥៧​។

«​ជា​ថ្មី​ម្ដង​ទៀត វា​ពិត​ជារឿង​ដ៏​ពិសេស​អស្ចារ្យ​នាស់​​។ គ្រប់​ពេល​ដែល​ខ្ញុំ​ពាក់​អាវ​ជម្រើស​ជាតិ​អង់គ្លេស ខ្ញុំ​មាន​មោទនភាព ហើយ​នៅ​ពេល​ខ្ញុំស៊ុត​បញ្ចូល​ទី​បាន​ វា​គឺ​ជា​អារម្មណ៍ល្អ​មួយ ក្នុង​ចំណោម​អារម្មណ៍​ល្អ​បំផុត​ ដែល​ខ្ញុំ​អាច​មាន ក្នុង​អាជីព​របស់​ខ្ញុំ​។ ជា​រឿង​ល្អ​ ដែល​ស្ថិត​ក្នុង​ចំណោម​ឈ្មោះ​អ្នក​ទាំង​នោះ​»​។ នេះ​ជាការ​បន្ថែម​របស់​កីឡាករ​ Kane​៕ AFP/VN