
Messi (ឆ្វេង) របស់ PSG កំពុងបណ្ដើរបាល់ អំឡុងការប្រកួត នៅ Ligue 1 ទល់នឹង Saint-Etienne កាលពីថ្ងៃអាទិត្យ។ AFP
ក្រុងប៉ារីស៖ ក្រុម Paris Saint-Germain (PSG) បានកែប្រែស្ថានការណ៍ពីការតាមពីក្រោយ រហូតអាចឈ្នះក្រុម Saint-Etienne ដែលសល់គ្នា ១០ នាក់ ក្នុងលទ្ធផល ៣-២ ពីការប្រកួត នៅក្រៅផ្ទះ នៃក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះស៊ុបភើស្តារ Lionel Messi ជាអ្នកបង្កើតឱកាសឱ្យមានគ្រាប់បាល់ទាំង ៣ គ្រាប់នោះតែម្នាក់ឯង។
ការប្រកួតនេះ ក៏បានបង្ហាញពីការទន្ទឹងរង់ចាំ ក្នុងរយៈពេលយ៉ាងយូរ ដើម្បីបានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុម PSG ពីខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ផងដែរ ក្នុងខណៈពេលដែលខ្សែប្រយុទ្ធ Neymar បានចាកចេញពីទីលានទាំងស្រក់ទឹកភ្នែក ជាមួយនឹងការឈឺចាប់ ក្នុងហ្គេមនេះ ដោយសាររបួសកជើង ។
ដោយស្ថិតក្នុងខែវិច្ឆិកា នៅឡើយ លទ្ធផលនេះ នាំឱ្យក្រុម PSG មាន ៤០ ពិន្ទុ ដោយនាំមុខដាច់ ១២ ពិន្ទុ លើក្រុម Rennes ដែលបានយកឈ្នះក្រុម Lorient ២-០ ដោយវាជាជ័យជម្នះលើកទី ៦ ក្នុងចំណោម ៧ ហ្គេមចុងក្រោយរបស់ក្រុមលេខ ២ មួយនេះ។
គ្រូបង្វឹករបស់ក្រុម PSG លោក Mauricio Pochettino បានថ្លែងថា៖ «ខ្ញុំរីករាយនឹងទម្រង់លេងរបស់ក្រុមទាំងមូល និងការប្រឹងប្រែងពីកីឡាករទាំងអស់ ជាពិសេសកីឡាករ Lionel Messi ដែលបានជួយពួកយើងឱ្យឈ្នះការប្រកួតនេះ»។
យ៉ាងណា ក្រុមម្ចាស់ផ្ទះ Saint-Etienne បានបង្កើតឱ្យមាននូវការនាំមុខដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលខ្សែបម្រើស្លាប Denis Bouanga លួចអកហ្ស៊ឺ រួចស៊ុតបាល់បញ្ចូលទី នៅនាទីទី ២៣។ អាជ្ញាកណ្ដាលខ្សែបន្ទាត់ បានលើកទង់ ដើម្បីបញ្ជាក់ពីការអកហ្ស៊ឺ តែក្រោយពិនិត្យ VAR (វីដេអូជំនួយការអាជ្ញាកណ្ដាល) គ្រាប់បាល់នោះ ក៏ចាត់ទុកជាផ្លូវការ។
ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ក្រោយពីមានការផ្ដល់កាតក្រហម ហើយម្ដងនេះ គ្មាន VAR ដើម្បីជួយសង្គ្រោះក្រុមម្ចាស់ទៀតនោះឡើយ ពេលខ្សែការពារ Timothee Kolodziejczak ត្រូវបានបណ្ដេញចេញ ក្រោយផ្ដួលខ្លួនស្កាត់បាល់ តែទាក់ជើងខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម PSG ដែលកំពុងបណ្ដើរបាល់ ក្នុងល្បឿនដ៏លឿននោះ។
ជាមួយឱកាសដ៏ល្អនេះ ក្រុមភ្ញៀវ PSG ក៏តាមស្មើ នៅនាទីចុងក្រោយនៃវគ្គទី ១ ដោយសារការតែតបាល់របស់ខ្សែការពារ Marquinhos ពេលកីឡាករ Messi ទាត់បាល់ហ្វ្រីឃិក ដោយការលើកសំដៅទៅតំបន់គ្រោះថ្នាក់។
ឈានចូលក្នុងវគ្គទី ២ ដំណើរនៃការប្រកួត ឆ្ពោះទៅកាន់ផ្លូវតែ ១ ដោយគ្រាប់បាល់ ២ គ្រាប់បន្ថែមទៀតរបស់ក្រុម PSG បានកើតឡើង ដែលគ្រាប់ដំបូង ធ្វើបានសម្រេចដោយ Angel Di Maria នៅនាទីទី៧៩ និងគ្រាប់ទី ២ ទម្លុះសំណាញ់ទីដោយកីឡាករ Marquinhos ដដែល នៅនាទីទី៩០+១ ខណៈដែលគ្រាប់បាល់ទាំង ២គ្រាប់នេះ សុទ្ធតែបង្កើតឱកាសដោយកីឡាករ Messi ដែរ។
តែយ៉ាងណាក្ដី ជាមួយនឹងជ័យជម្នះនេះ ក្រុម PSG ក៏មាននូវដំណឹងមិនល្អផងដែរ នៅចុងម៉ោង ដោយសារកីឡាករ Neymar បានដួលយ៉ាងពេញទំហឹង ក្រោយពីមានការផ្ដួលខ្លួនឈូសពីខ្សែបម្រើ Yvann Macon ហើយខ្សែប្រយុទ្ធអន្តរជាតិប្រស៊ីលរូបនេះ បានរមួលកជើង ដែលធ្វើឱ្យមិត្តរួមក្រុមរបស់គេ មានការស្រៀវឆ្អឹងខ្នងគ្រប់គ្នា៕ VN