ភ្នំពេញ៖ មន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា បាន​អះអាង​ថា ក្រុម​ជម្រើសជាតិ​កាយសម្ព័ន្ធ​កម្ពុជា មិន​បាន​បង្ហាញ​ភាព​ថមថយ​ផ្នែក​​គុណ​ផល​​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក្រុម​មួយ​នេះ កាន់តែមាន​ភាព​រីក​ចម្រើន និង​បាន​បង្ហាញ​ភាព​លេចធ្លោ នៅ​​ក្នុង​ការ​ប្រកួត​​កីឡា​​កាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ ២០២១ ដែល​ទើប​បានបិទបញ្ចប់ ដោយជោគជ័យ នៅសាលាបឋមសិក្សាសាលាលេខ ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃចន្ទ។

លោក ណយ ផាណា បាន​និយាយ​ថា៖​ «ផ្នែក​ទៅលើ​លទ្ធផល ​នៃ​​​ប្រកួត​ការប្រកួត​កីឡា​កាយសម្ព័ន្ធថ្នាក់ជាតិ និង​ពាន​រង្វាន់​ឯក​ឧត្តម​​​បណ្ឌិត ថោង ខុន ឆ្នាំ២០២១នេះ គឺ​ក្រុម​ជម្រើស​ជាតិ ទទួលបាន​លទ្ធផល​ល្អ ស្ទើរ​ទាំង​អស់ ដោយសារ​ការ​ហ្វឹក​ហាត់របស់ក្លិប មិនបាន​គ្រប់​គ្រាន់ ព្រោះ​មានការ​បិទខ្ទប់ ព្រោះ​បញ្ហា​ជំងឺកូវីដ ១៩ អ៊ីចឹងពួកគាត់ ពិតជា​​មានការពិបាក ក្នុងការ​​ប្រកួត​ប្រជែង​ជាមួយ​ក្រុមជម្រើសជាតិ ដ្បិតអី​ក្រុម​ជម្រើសជាតិ បានហ្វឹកហាត់រហូត អត់​មាន​រំសាយ​​នោះ​ទេ»។

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា បាន​បន្ថែម​ថា៖​«ក្រុមជម្រើសជាតិ​ មានគោលការណ៍មួយ ដោយឯក​ឧត្តម​បណ្ឌិត ថោង ខុន បានអនុញ្ញាតឱ្យ​បិទខ្ទប់​ហ្វឹក​ហាត់ អ៊ីចឹង​​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​អនុវត្ត​បច្ចេកទេស ​បាន​អនុវត្ត​តាម​អនុសាសន៍​របស់​ឯកឧត្តម​ប្រធានសហព័ន្ធ ដើម្បី​រៀបចំហ្វឹក​ហាត់​បិទ​ខ្ទប់រហូតមក គឺ​អត់មានរំសាយ​ទេ ហេតុ​នេះ​ក្រុម​ជម្រើស​ជាតិ​​របស់​​យើង នៅ​តែ​មាន​គុណផល​ល្អ គឺ​មានកម្រិត​បច្ចេក​ទេស​រីក​ចម្រើន​ជាង​ឆ្នាំ​មុន​​ទៅ​​ទៀត»។

សម្រាប់​ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ​នេះ គឺត្រូវបាន​ធ្វើ​ឡើង ជាគោលបំណងចម្បង ក្នុងការសម្រួចគុណផលកីឡាកាយសម្ព័ន្ធ ឆ្ពោះ​ទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី ៣១ នាខែឧសភា ឆ្នាំ២០២២ នៅ​ប្រទេស​វៀតណាម និងត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

អ្វីដែលពិសេស គឺផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិក ត្រូវបាន​ផ្តោត​សំខាន់​ខ្លាំង សម្រាប់​ឆ្ពោះ​ទៅ​ប្រកួត​ស៊ីហ្គេម ឆ្នាំ២០២២ ឱ្យ​មានលទ្ធផលដ៏គាប់ប្រសើរ ដើម្បីវាស់ស្ទង់ សម្រាប់ស៊ីហ្គេម ឆ្នាំ​២០២៣ ហើយការ​ប្រកួត​ថ្នាក់ជាតិ​នេះ ​ក៏ជា​ពេល​វេលា​ដ៏សំខាន់ ដែល​​​សហព័ន្ធ ត្រូវ​សម្រិត​សម្រាំង​​យក​​អ្នក​មាន​ទេពកោសល្យ និងសមត្ថ​ភាព​ដ៏ពិត​ប្រាកដ នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​​ត្រៀម​​​ចេញ​​ទៅ​​ហ្វឹក​​ហាត់​នៅប្រទេសចិនផងដែរ។

លោក ណយ ផាណា បានបញ្ជាក់​ថា៖ «ការ​ប្រកួត​ប្រចាំ​ឆ្នាំ​ដ៏ធំ​នេះ យើង​មាន​គោលបំណង​សម្រួច​គុណ​ផល​កីឡាករ កីឡាការិនី​ហ្នឹង​ឯង ជាពិសេស​យើង​ពិនិត្យ​ទៅ​លើការ​ប្រកួតនេះ ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២២ នៅ​វៀតណាម ដោយ​យើង​ផ្តោត​ខ្លាំង​មែន​ទែន​ទៅ​លើ​កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក​នេះ គឺ​ស្វែង​រក​ឱ្យ​មាន​​​លទ្ធផល​ល្អជាងមុនៗ សម្រាប់​ឆ្នាំ ​២០២២ ដើម្បី​វាស់ស្ទង់សមត្ថភាព ឆ្ពោះ​ទៅ​ស៊ីហ្គេម នៅ​វៀតណាម អ៊ីចឹង​ការ​ប្រកួតនេះ ជា​ព្រឹត្តិការណ៍​មួយ ដើម្បីសម្រួចស្វែង​រក​គុណ​ផល​ពិត​របស់​​ក្រុម​អត្តពលិក ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ចិន ក៏ដូចជា​ត្រៀម​ទៅ​ចូល​រួម​ប្រកួតស៊ីហ្គេម ដែល​​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់​ផ្ទះ»។

«​តាម​រយៈការ​ប្រកួត​ថ្នាក់ជាតិ​នេះ យើងពិនិត្យ​បានច្បាស់​ហើយ​ថា ​​ក្រុមអត្តពលិក​កាយ​សម្ព័ន្ធ​អាអេរ៉ូប៊ិក​ ចំនួន​ ៦ នាក់ ដែល​យើង​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២២ ​នោះ មាន​បច្ចេក​ទេស​ប្រសើរ​ច្រើន គឺ​វាអាច​នឹង​មានភាព​ប្រហាក់ប្រហែល​ទៅនឹង​​ក្រុម​កាយសម្ព័ន្ធ​អាអេរ៉ូប៊ិក នៅ​ក្នុង​តំបន់។ នេះជា​មោទនភាព​ដែរ ទោះបីជា​នៅ​ក្នុង​បរិបទពិបាក ក៏ប៉ុន្តែបន្ទាប់​ពី​ធូរ​ស្រាល​ឡើង​វិញ យើងបាន​ខិតខំ ហើយ​តាម​រយៈការ​ប្រកួត​ជើង​ឯក​នេះ យើង​​អាច​វាយតម្លៃ​បាន​​ថា ពួក​គាត់​មាន​លក្ខណៈ​បច្ចេកទេស​ប្រសើរជាង​ឆ្នាំមុនៗ​ទៅទៀត ចំណែក​កាយ​សម្ព័ន្ធ​អាទីស្ទីក ក៏​យើង​ត្រៀម​ ២ នាក់ដែរ តែត្រូវ​​ផ្នែក​ទៅ​លើ​បច្ចេក​ទេស​ទៅទៀត»។ លោក ណយ ផាណា បាន​បញ្ជាក់​បន្ថែម។

ជាមួយគ្នានោះ ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បាន​បង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍ឆ្នាំនេះ បានបញ្ចប់ដោយរលូន និងជោគជ័យ ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​របស់បណ្តា​ក្លិប​ទាំងអស់ និងក្រុម​មន្រ្តី​បញ្ចេក​ទេស ដោយ​បាន​រួមគ្នាបំពេញការងារ​នេះ ក្នុងបរិបទថ្មី គន្លងថ្មី ដែលធ្វើឱ្យ​គ្រប់វិស័យ រួមទាំងវិស័យកីឡា អាច​បន្ត​ដំណើរ​អភិវឌ្ឍឡើងវិញ ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ស្របពេលដែល ​ផ្នែក​ជំនាញ​របស់​កីឡា​កាយសម្ព័ន្ធកម្ពុជា ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ សម្ភារ​ហ្វឹកហាត់​ពី​បណ្តា​ប្រទេសជាមិត្ត ដូចជា ជប៉ុន រុស្ស៊ី ចិន ដែល​លោក​បណ្ឌិត ថោង ខុន ជាប្រធាន និងលោកឧកញ៉ា សុខ ហុង ជា​អនុ​ប្រធានសហព័ន្ធ តែងតែ​​ប្រឹង​ប្រែង​​អភិវឌ្ឍ​​ប្រភេទ​​កីឡា​កា​យសម្ព័ន្ធ ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត ហើយ​នៅ​ក្នុង​ពិធីប្រកួត​បិទ​ការ​ប្រកួត កាល​ពី​ថ្ងៃចន្ទនោះ លោកបណ្ឌិត ថោង ខុន តាមរយៈ​លោក ណយ ផាណា ក៏​បាន​ផ្តល់​ក្តាឈ្នាន់ធាក់​​ទៅ​ឱ្យ​ក្លិបសាលា​លេខ​៥ និង​ក្លិប​ខេត្តក្រសេះ ម្នាក់​១ផងដែរ។

យ៉ាង​ណា​មិញ ឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញ​របស់អត្តពលិក​សរុប​ចំនួន​ ៦៤​ នាក់ នៅ​លើ​គ្រប់វិញ្ញាសា ចំនួន​ ១១ គឺ​កាយ​សម្ព័ន្ធ​អាទីស្ទីក ៦ វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក ៥ វិញ្ញាសា នេះ ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួង​មហាផ្ទៃ ឈរ​នៅ​លេខ ​១ ដោយ​ដណ្តើមបាន​មេដាយ​ច្រើនជា​ងគេ គឺ​មេដាយ​មាស ៤ ប្រាក់​ ៣ សំរឹទ្ធ ២ តាមពី​ក្រោយ​ដោយ​ក្រុម​ខេត្ត​ក្រចេះ ដែល​​ឈ្នះ​បាន​មាស ៣ ប្រាក់ ៥ សំរឹទ្ធ ២ រីឯ​ក្រុមខេត្តកំពង់ឆ្នាំង ឈ្នះ​បាន​មេដាយមាស ៣ ប្រាក់ ៣ សំរឹទ្ធ ៤ និង​ក្រុម​ខេត្តតាកែវ ឈ្នះ​បាន​មេដាយមាស ១ សំរឹទ្ធ ៣៕