
លោក សៅ សុខា ប្រធាន FFC ពេលថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅស្ថានទូតជប៉ុន កន្លងមក។ រូប Ishikawa
ភ្នំពេញៈ ការខ្វែងគំនិតគ្នា ទៅលើការរៀបចំរបត់ថ្មី នៃលីគកំពូលកម្ពុជា ដែលបានប្តូរឈ្មោះមកជា Cambodian Premier League 2022 (CPL) នោះ បានរកឃើញដំណោះស្រាយហើយ បន្ទាប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក សៅ សុខា និងលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានបើកកិច្ចប្រជុំ ដោយផ្ទាល់ ជាមួយក្លិបទាំងអស់ កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ CPL បានឈានដល់ការសម្រេចជាផ្លូវការ ដោយកំណត់យកត្រឹម ៨ ក្រុម មានក្រុមភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គឺរ កងយោធពខេមរភូមិន្ទ និងក្រុមគិរីវង់សុខសែនជ័យ ឱ្យលេងនៅលីគកំពូលរដូវកាលថ្មី ឆ្នាំ ២០២២ នេះ ដោយក្រុមទាំង ៨ នេះ ត្រូវធ្វើការប្រកួតរហូតដល់ ៣ ជើង សរុបស្មើនឹង ១៦៨ ប្រកួត ដើម្បីរកក្រុមម្ចាស់ជើងឯក ខណៈការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី ៥ ខែមីនាតទៅ។
ចំណែកក្រុមអាស៊ីអឺរ៉ុប នគរបាលជាតិ អគ្គិសនីកម្ពុជា ខេត្តព្រៃវែង និងក្រុមសូលទីឡូអង្គរ ដែលធ្លាប់លេងនៅលីគកំពូលកម្ពុជា ឆ្នាំ ២០២១ ត្រូវដាក់ឱ្យមកលេងនៅលីគ២ ខណៈលីគ២ ឆ្នាំ២០២២ នេះ មានចំនួន ១២ ក្រុម។ តែទោះបីជាយ៉ាងណា លោក សៅ សុខា បានប្រាប់ឱ្យក្លិបទាំងអស់ ទាំងលេងនៅលីគកំពូល និងលីគ២ ត្រូវធ្វើការរួមគ្នា ដើម្បីអនាគតដ៏ប្រសើររបស់បាល់ទាត់កម្ពុជា។
លោក Satoshi Saito បានស្រង់យកប្រសាសន៍របស់លោក សៅ សុខា បាននិយាយទៅកាន់តំណាងក្លិបទាំងអស់នៅក្នុងកិច្ចប្រជុំ កន្លងមកនេះថា៖ «វាជាការសម្រេចចិត្តដ៏លំបាកមួយ (ការកាត់ក្រុមនៅលីគកំពូល ឱ្យទៅលេងនៅលីគ២) ប៉ុន្តែគ្មានកំណែទម្រង់ណា ដែលមិនមានការឈឺចាប់នោះទេ។ ប្រធាន FFC បានបញ្ជាក់យ៉ាងច្បាស់ថា ទំនួលខុសត្រូវទាំងអស់ ស្ថិតនៅលើខ្ញុំ ហើយបានប្រាប់ក្លិបទាំងអស់ឱ្យធ្វើការរួមគ្នា ដើម្បីបង្កើតអនាគត ដ៏ល្អប្រសើរជាមួយគ្នា»។
នាយកប្រតិបត្តិជនជាតិជប៉ុន លោក Satoshi បានបន្ថែមថា៖ «លោកប្រធានក៏បានលើកទឹកចិត្តដល់កីឡាករ ជាពិសេសក្លិបនៅលីគ២ ឱ្យរក្សាការលើកទឹកចិត្ត និងលេង ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ព្រោះកំណែទម្រង់នេះ ជាទំព័រថ្មីមួយ សម្រាប់លីគកម្ពុជា ហើយមានសារៈសំខាន់ ក្នុងការនាំយកលីគកម្ពុជា ឡើងតាមស្តង់ដាពិភពលោក ចំណែកខ្ញុំមានទំនុកចិត្តថា ការសម្រេចចិត្តនេះនឹងរួមចំណែកដល់ជោគជ័យនៃការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ចំពោះសារៈសំខាន់មួយទៀត ដែលបានលើកឡើង ក្នុងកិច្ចប្រជុំនោះ គឺលោក សៅ សុខា និងលោក Satoshi បានប្រាប់ទៅក្លិប ដែលត្រូវលីកនៅកំពូលកម្ពុជា ឆ្នាំ ២០២២ នេះ កុំឱ្យមើលរំលងកម្រិតលេងរបស់ក្រុមនៅលីគ២ ព្រោះ League 2 ជាផ្នែកមួយដ៏សំខាន់របស់ CPL ហើយគម្រោងរៀបចំ សម្រាប់ការប្រកួតរដូវកាលថ្មីនេះ ត្រូវបានយល់ព្រមដោយក្លិបទាំងអស់។
លោក Satoshi បានបញ្ជាក់ថា៖ «ខ្ញុំបានបញ្ចេញមតិយោបល់នៅក្នុងកិច្ចប្រជុំ ដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់ក្លិបនៅ League 2 ប៉ុន្តែ CPL ជឿថា League 2 គឺជាគ្រួសារតែមួយ ព្រោះក្រុមដែលមានលទ្ធភាពនៅលីគ២ នឹងត្រូវត្រឡប់មកលេងនៅលីគកំពូលវិញនារដូវកាលក្រោយ ហេតុនេះលោកប្រធាន FFC ជឿជាក់ថា រដូវកាលឆ្នាំ ២០២២ នឹងមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុន»៕