ភ្នំពេញៈ ថ្នាក់ដឹកនាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានដាក់គោលដៅយ៉ាងច្បាស់ថា ការចូលរួមប្រកួតប្រជែង នៅក្នុងវគ្គចែកពូល (Group Stage) នៃពានរង្វាន់ AFC Cup 2022 ប្រចាំតំបន់អាស៊ាន (ASEAN Zone) លើកនេះ ភ្នំពេញក្រោន ត្រូវធ្វើយ៉ាងណា ឆ្លងឱ្យផុតវគ្គនេះ ដើម្បីបង្កើតជាប្រវត្តិសាស្ត្រ សម្រាប់ក្លិបផ្ទាល់ ក៏ដូចជាក្លិបបាល់ទាត់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ការឈានជើងចូលទៅប្រកួតប្រជែង ក្នុងពានរង្វាន់លំដាប់ទី២ របស់អាស៊ី AFC Cup លើកនេះ ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ ២០២១ ភ្នំពេញក្រោន បានស្ថិតនៅក្នុង
ពូល I ជាមួយក្រុមលេខ ១ Viettel FC របស់វៀតណាម ព្រមទាំង Hougang United (Hougang United FC) របស់សិង្ហបុរី និងក្រុម Hantharwady United FC របស់មីយ៉ាន់ម៉ា។
តាមរយៈលទ្ធផលនៃការចាប់ឆ្នោត រវាងក្រុមទាំង ១២ នៅក្នុងតំបន់អាស៊ាន ដែលមានសិទ្ធិបានចូលរួមនៅក្នុងវគ្គ Group Stage នេះ កាលពីថ្ងៃចន្ទ លោក កែវ សុខង៉ន បានមើលឃើញថា ភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់ ព្រោះក្រុមទាំង៣នេះសុទ្ធតែមានបទពិសោធច្រើនឆ្នាំ ជាពិសេសក្រុមជើងឯកលីគកំពូលវៀតណាម Viettel FC ដែលមានអាទិភាពខ្ពស់ជាងគេ ក្នុងការឈ្នះបានកៅអីទៅវគ្គបន្ត។
អ្នកចាត់ការទូទៅរបស់ក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា៖ «សម្រាប់ភ្នំពេញក្រោន ឈរនៅក្នុងពូល I នេះ ខ្ញុំគិតថា សុទ្ធតែជាក្រុមខ្លាំងៗ ដែលមានការរៀបចំ និងមានបទពិសោធច្រើនឆ្នាំមកហើយ ជាពិសេស គឺក្រុមវៀតណាម ចំណែកក្រុមរបស់សិង្ហបុរី និងក្រុមមីយ៉ាន់ម៉ា ក៏ជាក្រុមដែលមានបទពិសោធ និងមានធនធានកីឡាករល្អៗផងដែរ»។
យ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅវ័យក្មេងរូបនេះ បានអះអាងថា៖ «ភ្នំពេញក្រោន របស់យើង ក៏បានត្រៀមខ្លួន រួចជាស្រេចដែរ ហើយស្មារតីក្រុម និងការរៀបចំរបស់យើង ឆ្នាំនេះពិតជាប្លែក និងអស្ចារ្យ ដោយយើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា។ ខ្ញុំគិតថា អ្វីដែលយើងធ្វើបាន យើងនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព ឆ្លងវគ្គ Group Stage នេះឱ្យបាន ដើម្បីជាប្រវត្តិសាស្ត្ររបស់ក្រុមផង និងប្រវត្តិសាស្ត្រក្លិបនៅស្រុកខ្មែរយើងផងដែរ»។
អតីតកីឡាករជម្រើសជាតិកម្ពុជា កែវ សុខង៉ន បានបញ្ជាក់ថា៖ «យើងបានដាក់គោលដៅច្បាស់ខ្លាំងមែនទែន ហើយប្រធានក្លិប (លោក ឧកញ៉ា ឫទ្ធី សំណាង) គាត់បានពង្រឹង និងដាក់គោលដៅថា យើងធ្វើម៉េចឆ្លងឱ្យផុត Group Stage ដើម្បីឈានទៅដល់ការវិវឌ្ឍមួយផ្នែកទៀត ព្រោះក្លិបបាល់ទាត់ភ្នំពេញក្រោន មិនត្រឹមតែចង់ឈ្នះបានពានរង្វាន់ក្នុងប្រទេសទេ តែយើងក៏តែងតែចង់បានឈ្នះពានរង្វាន់ អន្តរជាតិផងដែរ ដូចជាពាន AFC Cup ដែលយើងបានចូលរួម នៅពេលនេះ»។
គួររំឭកថា ក្រុមជើងឯក ៧ សម័យកាល ភ្នំពេញក្រោន ព្រមទាំងក្រុមបឹងកេត ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង ជាដើម សុទ្ធតែធ្លាប់បានចូលរួមការប្រកួត AFC Cup នេះ ប៉ុន្តែមិនទាន់មានក្លិបណាមួយរបស់ កម្ពុជាអាចឆ្លងផុតវគ្គ Group Stage នោះទេ។ ចំណែក ក្រុមវិសាខារបស់កម្ពុជា នឹងត្រូវប្រកួតជម្រុះ ជាមួយក្រុម Young Elephant របស់ឡាវ ហើយក្រុមដែលឈ្នះ នឹងត្រូវឡើងទៅលេងក្នុងពូល G ជាមួយក្រុម Kaya FC របស់ហ្វីលីពីន ក្រុម Bali United របស់ឥណ្ឌូនេស៊ី និងក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី នៅក្នុងវគ្គ Group Stage ពាន AFC Cup 2022 នេះដែរ៕