ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) លោក ជា ច័ន្ទបរិបូណ៍ បាននិយាយចំៗ ទៅកាន់ក្រុមកីឡាករ-កីឡាការិនីថា ទាំងសហព័ន្ធ និងក្រុមអត្តពលិក ត្រូវមានគោលដៅ និងមហិច្ឆតារួមគ្នា ក្នុងការសម្រួចឆន្ទៈ ប្រកួតដណ្តើមមេដាយយកមកជូនជាតិដូចគ្នា ទើបប្រភេទកីឡានេះ អាចមានវត្តមាន ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
លោកថ្លែងថា៖ «អ្វីដែលសំខាន់ក្នុងគោលដៅចំពោះមុខនេះ គឺយើងត្រូវមានមហិច្ឆតារួមគ្នា ដោយសហព័ន្ធមានគោលការណ៍ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេស គឺកីឡាករ ត្រូវតែមានមហិច្ឆតាដូចគ្នា ក្នុងការសម្រួចឆន្ទៈ ប្រកួតដណ្តើមមេដាយ យកមកជូនជាតិដូចគ្នា ដូច្នេះសហព័ន្ធ និងកីឡាករ ត្រូវខិតខំរួមគ្នា ដើម្បីឈានដល់លទ្ធផលដ៏គាប់ប្រសើរណាមួយ សម្រាប់ជាតិ! វាប្រៀបដូចជា គោ ១ នឹម ឬទូក ១ គឺអាចទៅមុខបាន អាស្រ័យដោយមានការប្រឹងប្រែង ឬអ្នកអុំទូក ត្រូវរួមកម្លាំងសាមគ្គីគ្នា»។
ការឱ្យក្រុមអត្តពលិកត្រូវមានមហិច្ឆតា និងខំប្រឹងរួមគ្នានេះ ក៏ព្រោះតែលោក ជា ច័ន្ទបរិបូណ៍ ចង់ឃើញក្រុមជម្រើសជាតិកម្ពុជា ទទួលបានលទ្ធផលល្អ ឬមានបច្ចេកទេសកើនឡើង សម្រាប់ការចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ ២០២២ នេះ ដ្បិតអីសមិទ្ធផល ដែលទទួលបានពីការប្រកួតនេះ វាជាការកំណត់ជោគវាសនា សម្រាប់ប្រភេទកីឡា E-Sports ថា តើត្រូវដាក់ឱ្យមានជាបន្ត ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាដែរ ឬយ៉ាងណា?
ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖ «ប្រសិនបើប្រភេទកីឡាអេឡិចត្រូនិក មិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេមនៅវៀតណាម នាខែឧសភា ឆ្នាំនេះទេ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នាថា តើគួររៀបចំធ្វើកីឡាអេឡិចត្រូនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ឬអត់?»។
«សម្រាប់ការត្រៀមស៊ីហ្គេមឆ្នាំនេះ ខ្ញុំមិនចង់និយាយអំពីថា តើប្រភេទកីឡា E-Sports កម្ពុជាមានក្តីសង្ឃឹមខ្ពស់ ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីក្រាហ្វិក កើនឡើងពីចន្លោះស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ឆ្នាំ ២០១៩ និងការចូល-រួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ ២០២២ នេះថា តើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល»។
លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា៖ «ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ខ្ញុំនឹងពិចារណាជាមួយគ្នាថា តើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬក៏អត់? ទោះបីយើងរៀបចំ ក៏អត់មានន័យអ្វីដែរ»។
ការលើកឡើងបែបនេះរបស់លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទកាសែត ស្តីពីការត្រៀមខ្លួនឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២២ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា នារសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal។
នៅក្នុងសន្និសីទកាសែតនោះ ក៏បានប្រកាសដែរថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិកម្ពុជាសម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី ២៧ ខែមករា ដល់ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ ចំណែកការចុះឈ្មោះ នឹងបញ្ចប់នៅថ្ងៃទី ២៥ ខែមករានេះ ហើយគោលបំណងនៃការប្រកួតនេះ គឺជ្រើសរើសអត្តពលិកមានសមត្ថភាព ឱ្យចូលរួមជាក្រុមជម្រើសជាតិ ដើម្បីដាក់ឱ្យទៅប្រកួតស៊ីហ្គេមនៅវៀតណាម ដោយតាមគម្រោងវិញ្ញាសា PUBG Mobile មាន ២ ក្រុម និងវិញ្ញាសា Mobile Legends មាន ១ ក្រុម៕