ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា លោក កែវ រ៉េមី បានអះអាងថា ក្រុមតេក្វាន់ដូ ITF កម្ពុជា នឹងអាចក្លាយជាបងធំ ឬជាអ្នកដែលដណ្តើមបានមេដាយមាសច្រើនជាងគេ នាការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅក្នុងខែសីហា ខាងមុខនេះ បើសិនជាប្រទេសជាម្ចាស់ក្បាច់គុននេះ គឺកូរ៉េខាងជើង មិនចូលរួមការប្រកួតកម្រិតអាស៊ី មួយនេះទេ។
លោក កែវ រ៉េមី បានថ្លែងនៅចំពោះក្រុមអត្តពលិកទាំងអស់ថា៖ «ការប្រកួតជើងឯកអាស៊ីលើកនេះ នៅឥណ្ឌា ខែ ៨ កូនឯងខំឱ្យខ្លាំងជាងនេះ ទៅទៀត និងបញ្ចុះទម្ងន់។ ពូជឿថា បើកូរ៉េខាងជើង អត់ទៅវ៉ៃនៅឥណ្ឌាទេ យើងធ្វើបងធំហើយ! ខ្ញុំដឹងច្បាស់តែម្តងថា យើងធ្វើបងធំ នៅអាស៊ីតែម្តង! មិនមែននិយាយលេងទេ អាហ្នឹង គឺច្បាស់តែម្តង»។
ការពោលពាក្យ និងការផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ដល់ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជាបែបនេះ ក៏ព្រោះតែប្រធានសហព័ន្ធ លោក កែវ រ៉េមី បានមើលឃើញពីភាពរីកចម្រើនខ្លាំងរបស់ក្រុម ITF តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២១ ដែលទើបបានបញ្ចប់ កាលពីថ្ងៃសៅរ៍ នៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយការប្រកួតនេះ មានអត្តពលិកចំនួន ១៣២ នាក់ (ស្រី ៤៦ នាក់) បានចូលរួម។
តាមរយៈការប្រកួតប្រជែង ទៅតាមជំនាញ និងកម្រិតខ្សែក្រវាត់ រយៈពេល ៣ ថ្ងៃ នៅលើវិញ្ញាសាចំនួន ២៣ នេះ ក្រុមកីឡាករ កីឡាការិនីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈ្នះមេដាយមាសច្រើនជាងគេ គឺមាស ៦ ប្រាក់ ២ និងសំរឹទ្ធ ៤ ហើយតាមពីក្រោយដោយក្រុមក្រសួងមហាផ្ទៃ ដែលឈ្នះមេដាយមាស ៥ ប្រាក់ ៦ និងក្រុមស.ស.យ.កខេត្តកំពង់ស្ពឺ ដែលឈ្នះបានមាស ៣ ប្រាក់ ២ សំរឹទ្ធ ១ ចំណែកក្លិបថ្មស ខេត្តកោះកុង អាចដណ្តើមបានមេដាយមាស ៣ និងសំរឹទ្ធ ១ ផងដែរ ដើម្បីឈរនៅលេខ ៤ ក្នុងចំណោមក្លិប និងសមាគមទាំង ១៨ ដែលបានចូលរួមការប្រកួតថ្នាក់ជាតិលើកនេះ។
ជាមួយគ្នានេះ លោក កែវ រ៉េមី បានជំរុញឱ្យក្រុមតេក្វាន់ដូ ITF ត្រូវប្តេជ្ញាចិត្ត ដើម្បីស្វែងរកមេដាយមាសឱ្យបានយ៉ាងតិច ១៥ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រលើកដំបូង ដើម្បីឆ្លើយតបទៅនឹងការដាក់សន្ទស្សន៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ (CAMSOC) ជាពិសេសឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសរសើរពីភាពខ្លាំងរបស់ក្រុម ITF កម្ពុជា កាលពីពេលថ្មីៗនេះ។
លោក កែវ រ៉េមី បញ្ជាក់ថា៖ «ក្មួយៗត្រូវមានការប្តេជ្ញាចិត្តឱ្យបានខ្ពស់បំផុត ដើម្បីឆ្លើយតបទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានសរសើរយើង គឺដូចឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍អ៊ីចឹង លោកបានសរសើរថា ITF ខ្លាំង ហេតុនេះកូនត្រូវប្តេជ្ញាចិត្តដាច់ខាត យកមេដាយមាសយ៉ាងតិច ១៥ ជូនប្រទេសជាតិ»។
«ត្រូវយក មេដាយមាសយ៉ាងតិច ១៥ អត់លេងសើចទេ គឺត្រូវខំប្រឹងហាត់ឱ្យមែនទែន ដើម្បីសម្រកទម្ងន់ អ៊ីចឹងអ៊ំសូមឱ្យកូនៗទាំងអស់ប្រឹងប្រែង ដើម្បីឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលោកមានទំនុកចិត្ត ចំពោះ ITF របស់យើង ហើយក្រសួងអប់រំ និង CAMSOC លោកបានរៀបចំថា នៅពេលស៊ីហ្គេម ឆ្នាំ ២០២៣ គឺដាក់ ITF យើងប្រកួតមុនគេបំផុត ដើម្បីនាំមុខយកមេដាយមាស»។ លោក រ៉េមី បានបញ្ជាក់បន្ថែម៕