ភ្នំពេញៈ ប្រធានក្លិបឃ្លាំងមឿនកីឡា លោកស្រី ម៉េង សុខា មានការជឿជាក់ខ្ពស់ថា ចៅរបស់គាត់ គឺអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន នឹងអាចយកឈ្នះលើ សេក ចៅជូត នៅថ្ងៃអាទិត្យនេះ ដើម្បីបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានមាស នៅលើសង្វៀនថោន ចំណែក អេលីត ចំរើន បានសន្យាថា រូបគេនឹងប្រឹងប្រែវ៉ៃឱ្យអស់ពីចិត្ត និងលទ្ធភាព ពេលជួប ឈុត សេរីវ៉ាន់ថង បើទោះបីជា នេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់គេក៏ដោយ។
តាមរយៈការប្រកួត២លើកកន្លងមកនេះ ទាំង វ៉ាន់ វឿន និង សេក ចៅជូត បានឈ្នះ ១ និងចាញ់ ១ ប្រកួត មាន ៤ ពិន្ទុដូចគ្នា ដោយក្នុងនោះ វ៉ាន់ វឿន បានចាញ់ ឈុត សេរីវ៉ាន់ថង តែបានឈ្នះពិន្ទុ អេលីត ចំរើន ចំណែក សេក ចៅជូត បានឈ្នះ អេលីត ចំរើន ដោយស្វ័យប្រវត្តិ តែបានមកចាញ់ ឈុត សេរីវ៉ាន់ថង ហើយតាមលទ្ធផលនេះ វ៉ាន់ថង និង ចៅជូត នឹងត្រូវប្រកួតកាត់សេចក្តីចុងក្រោយលើកនេះ ដើម្បីរកអ្នកឈ្នះ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំពូល B នេះ ជាមួយ ឈុត សេរីវ៉ាន់ថង។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងភាគីកីឡាករ សេក ចៅជូត ដើម្បីសម្ភាសបានទេ ប៉ុន្តែបើផ្អែកទៅលើសមត្ថភាព និងបទពិសោធប្រកួត នៅលើសង្វៀន គឺម្ចាស់មេដាយសំរឹទ្ធ វ៉ាន់ វឿន មានប្រៀបជាង ហើយក្បាច់សម្លាប់របស់ វ៉ាន់ វឿន ក៏មុតជាងផងដែរ។ តែទោះយ៉ាងណា ចៅជូត ក៏ជាកីឡាករម្នាក់មានភាពស៊ូខ្លាំង និងអាចវាយកែងបានល្អដូចគ្នា គឺមិនអាចមើលរំលងបាននោះទេ។
យ៉ាងណាក៏ដោយ អ្នកស្រី ម៉េង សុខា ដែលជាអ្នកគ្រប់គ្រង និងជាយាយរបស់ វ៉ាន់ វឿន ផងនោះ បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំជឿជាក់លើចៅរបស់ខ្ញុំ គឺគេនឹងអាចយកឈ្នះលើ សេក ចៅជូត នៅក្នុងការប្រកួតលើកនេះ ដើម្បីបានឡើងទៅកាន់ការប្រកួតវគ្គបន្ត ព្រោះវាខំប្រឹងហ្វឹកហាត់ខ្លាំងណាស់ ហើយវាតែងតែធ្វើបានល្អ និងទទួលបានជ័យជម្នះ ពេលប្រកួតសំខាន់ៗបែបនេះ»។
ប្រធានក្លិបឃ្លាំងមឿនកីឡា លោកស្រី ម៉េង សុខា បានបន្ថែមថា៖ «ខ្ញុំគិតថា វានឹងមិនមានបញ្ហាអ្វីនោះទេ សម្រាប់ការប្រកួតលើកនេះ ព្រោះ វ៉ាន់ វឿន ធ្លាប់បានឈ្នះ សេក ចៅជូត ២ ទៅ ៣ ដងហើយ។ តែទោះជាយ៉ាងណា ខ្ញុំបានប្រាប់វាថា មិនត្រូវមើលស្រាលទៅលើគូប្រកួតនោះទេ ដ្បិតអីការវ៉ៃគ្នា វាអាចមានករណីភ្លាត់ស្នៀតកើតឡើង ហេតុនេះយើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីទទួលបាន៣ពិន្ទុបន្ថែម នៅក្នុងការប្រកួតនេះ»។
ដោយឡែកការជួបគ្នារវាង ឈុត សេរីវ៉ាន់ថង និង អេលីត ចំរើន ត្រូវបានគេគិតថា នឹងអាចក្លាយជាការប្រកួត ដែលមិនទាក់ទាញ ព្រោះនេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់ អេលីត ចំរើន ដ្បិតអីការចាញ់២ លើកកន្លងមកនេះ វាបានធ្វើឱ្យ ចំរើន ធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិទៅហើយ ហេតុនេះគេអាចនឹងមិនសូវខំប្រឹង ចំណែក ឈុត សេរីវ៉ាន់ថង ក៏អាចនឹងមិនសូវខំប្រឹងផងដែរ ខណៈរូបគេបានឡើងទៅកាន់វគ្គខ្វែង ១/២ ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិទៅហើយនោះ។
តែទោះបីជាយ៉ាងណា លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករប្រចាំនៅសង្វៀនថោនបានប្រាប់ថា៖ «សម្រាប់ការជួបគ្នារវាង ឈុត សេរីវ៉ាន់ថង និង អេលីត ចំរើន នឹងប្រកួតគ្នាល្អមើល ដោយវ៉ៃគ្នាអស់ពីសមត្ថភាព ព្រោះ វ៉ាន់ថង ខ្លួនឯងផ្ទាល់ បើសិនជាគាត់ចាញ់ គាត់នឹងធ្លាក់មកលេខ២ នៅក្នុងពូលនេះ ទោះបីជាគាត់បានឡើងមែន ចំណែក អេលីត ចំរើន គាត់បានប្តេជ្ញាចិត្តជាមួយខ្ញុំថា គាត់នឹងធ្វើឱ្យអស់លទ្ធភាព ខណៈការជួបគ្នា២ដងកន្លងមក ឈុត សេរីវ៉ាន់ថង អត់ដែលឈ្នះ អេលីត ចំរើន ទេ ហើយ អេលីត ចំរើន នៅតែចង់ឈ្នះ ឈុត សេរីវ៉ាន់ថង ដដែល អ៊ីចឹងគូនេះ ជឿជាក់ថា ល្អមើល»។
បន្ថែមលើនេះកីឡាករមុខស្ងួត អេលីត ចំរើន និយាយថា៖ «បើទោះបីជាខ្ញុំចាញ់ បានធ្លាក់ហើយក៏ពិតមែន ប៉ុន្តែការប្រកួតនេះ ខ្ញុំនឹងខំប្រឹងវ៉ៃឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ព្រោះខ្ញុំចង់ឈ្នះដែរ ហើយខ្ញុំបានហ្វឹកហាត់ពេញមួយសប្តាហ៍ហើយ អ៊ីចឹងខ្ញុំសន្យាថា ទោះបីចាញ់ ឬឈ្នះ គឺខ្ញុំនឹងខំប្រឹងឱ្យអស់ពីលទ្ធភាព»៕