ភ្នំពេញៈ ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ចំនួន ៧ សម័យកាល ភ្នំពេញក្រោន នឹងបាត់កម្លាំងសំខាន់ម្នាក់ជាកីឡាករបរទេស ក្នុងរយៈពេលយូរ ហើយស្របពេលជាមួយគ្នានេះ ខ្សែការពារកណ្តាលដ៏ឆ្នើម កុក បូរីស ក៏ត្រូវបានផ្ទេរចេញ ឱ្យទៅលេងជាមួយក្លិបថ្មីមួយ នៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) នារដូវកាល ឆ្នាំ ២០២២ នេះ ផងដែរ។
តាមព័ត៌មានផ្លូវការដែលក្លិបភ្នំពេញក្រោនបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឱ្យដឹងថា កីឡាករជប៉ុន Yudai Ogawa ដែលទើបបានរួមចំណែកយ៉ាងសំខាន់ ឱ្យក្រុមសិង្ហក្រហម ឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំ ២០២១ នេះ គឺរូបគេនឹងត្រូវអវត្តមាននៅលើទីលានរយៈពេលយូរ ដោយសារតែរូបគេមានរបួស និងត្រូវធ្វើការវះកាត់។
«ក្លិបភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា កីឡាករ Yudai Ogawa បានមានបញ្ហារបួស Hernia ingrinial (ពោះវៀន) ដែលតម្រូវឱ្យរូបគេធ្វើការវះកាត់។ Yudai បានធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើការវះកាត់ និងសម្រាកព្យាបាល ដែលនាំឱ្យរូបគេនឹងមិនអាចមានវត្តមាននៅលើទីលានក្នុងរយៈពេលយូរ។ ក្លិបភ្នំពេញក្រោន សូមជូនពរកីឡាករ Yudai Ogawa វះកាត់ប្រកបដោយជោគជ័យ និងត្រឡប់មកវិញ ជាមួយភាពរឹងមាំ សម្រាប់ភ្នំពេញក្រោន»។
តាមរយៈការប្រកាសនេះ គឺមានន័យថា ក្រុមភ្នំពេញក្រោននៅសល់កម្លាំងបរទេសត្រឹម ៤ នាក់ប៉ុណ្ណោះ រួមមានខ្សែការពារជប៉ុន Ose Takaki ខ្សែបម្រើប្រយុទ្ធជនជាតិកូឡុំប៊ី Andre Nieto ខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn និងកីឡាករចំណូលថ្មីជានជាតិអាហ្វហ្គានីស្ថាន Fareed Sadat ដែលនឹងប្រើប្រាស់សម្រាប់ការប្រកួតលីគកំពូលកម្ពុជានារដូវកាល ឆ្នាំ ២០២២ នេះ។
ជាមួយគ្នានេះខ្សែការពារកូនខ្មែរ-បារាំង កុក បូរីស ដែលជាអ្នករា៉ប់រងតំបន់ការពារយ៉ាងសំខាន់ ហើយក៏ធ្លាប់បានរួមចំណែកជួយឱ្យក្លិបភ្នំពេញក្រោន ឈ្នះបានលីគកំពូលកម្ពុជា ចំនួន ៣លើកចុងក្រោយនេះ ត្រូវបានភ្នំពេញក្រោន ប្រកាសផ្ទេរឱ្យទៅលេងនៅ Sarawak United FC ដែលជាក្លិបលេងនៅក្របខណ្ខ Malaysia Super League ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន ១ រដូវកាលផងដែរ។
តាមរយៈការប្រកាសនេះ បានបញ្ជាក់ថា កុក បូរីស នឹងត្រូវចាកចេញពីទីក្រុងភ្នំពេញ ដែលរូបគេធ្លាប់បានរស់នៅជាច្រើនឆ្នាំមកនេះ ដើម្បីទៅប្រកបអាជីពបាល់ទាត់នៅលីគកំពូលម៉ាឡេស៊ីវិញម្តង ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន សុទ្ធតែធ្លាប់បានទៅនៅលីគកំពូលមួយនេះ ក្នុងនាមជាកីឡាករចេញពីលីគកំពូលកម្ពុជា ប៉ុន្តែនៅក្នុងចំណោមអ្នកទាំង ៤ នេះ គឺមានតែកីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន ម្នាក់ទេ ដែលទទួលបានជោគជ័យជាងគេ សម្រាប់ការទៅលើនៅលីគកំពូលម៉ាឡេស៊ី នៅមុនពេលរូបគេត្រឡប់មកលេងនៅលីគកំពូលកម្ពុជាវិញ ក្នុងនាមជាកីឡាកររបស់ក្លិបវិសាខា កាលពីឆ្នាំ ២០២១។
សម្រាប់ការរួមរស់ជាមួយក្លិបភ្នំពេញក្រោន អស់រយៈពេល ៧ ឆ្នាំ មកនេះ កុក បូរីស បានបង្ហាញពីមោទនភាពខ្លាំង ហើយបានចាត់ទុកខ្លួនឯង ជាកីឡាករដ៏ជោគជ័យម្នាក់ ដែលបានរួមចំណែកជួយឱ្យក្រុមសិង្ហក្រហម ឈ្នះបានតំណែងជើងឯកលីគកំពូលកម្ពុជា ចំនួន៣សម័យកាល កាលពីឆ្នាំ ២០១៤ ឆ្នាំ ២០១៥ និងឆ្នាំ ២០២១។
យ៉ាងណាមិញ សម្រាប់ក្រុមថ្មី Sarawak United FC ដែលកីឡាករ កុក បូរីស ត្រូវទៅចូលរួមនេះ គឺជាក្រុមដែលទើបទទួលបានកៅអី មកលេងនៅក្របខ័ណ្ខ Malaysia Super League នារដូវកាល ឆ្នាំ ២០២២ នេះ បន្ទាប់ពីក្រុមមួយនេះ ដណ្តើមបានតំណែងជើងឯករង នៅក្នុងការប្រកួតលីគទី២ របស់ម៉ាឡេស៊ី (Malaysia Premier League) កាលពីឆ្នាំ ២០២១ ដោយការប្រកួតចំនួន ២០ លើកនោះ ពួកគេបានយកឈ្នះ ១១ ប្រកួត ស្មើ ៥ ចាញ់ចំនួន ៤ ដង មាន ៣៨ ពិន្ទុ គឺតិចជាងក្រុមម្ចាស់ជើងឯក Negeri Sembilan ដែលមាន ៤១ ពិន្ទុ៕